លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានវាយតម្លៃខ្ពស់ចំពោះភាគីពាក់ព័ន្ធ ដែលបានខិតខំសហការគ្នា ក្នុងការរៀបចំសៀវភៅណែនាំបច្ចេកទេស និងការរៀបចំវគ្គបណ្តុះបណ្តាលអំពីសៀវភៅណែនាំនេះ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលជាអ្នកទទួលខុសត្រូវផ្ទាល់លើការគ្រប់គ្រង ការចាត់ចែង និងការអនុវត្តមុខងារអប់រំ យុវជន និងកីឡា ដែលបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ បានល្អប្រសើរ។
ការវាយតម្លៃរបស់លោក ហង់ជួន ណារ៉ុន ដែលជាប្រធានក្រុមការងារកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការប្រចាំក្រសួងអប់រំ យុវជន និង កីឡា បានធ្វើឡើងនៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលសៀវភៅណែនាំ ស្តីពីគោលការណ៍ បែបបទ និងនីតិវិធីអនុវត្តមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡាដែលបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ កាលពីរសៀលថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០២៤។
លោកបានលើកឡើងថា៖ «ការផ្ទេរមុខងារអប់រំ យុវជន និងកីឡាទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ គឺជាការបែងចែកឡើងវិញឱ្យបានច្បាស់លាស់នូវតួនាទី និងការទទួលខុសត្រូវរវាងក្រសួងអប់រំ យុវជន និងកីឡា និងរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលជារដ្ឋបាលមូលដ្ឋាននៅកៀកជិតប្រជាពលរដ្ឋ ដើម្បីចូលរួមក្នុងការគ្រប់គ្រង ការចាត់ចែង និងការផ្តល់សេវាអប់រំ យុវជន និងកីឡាជូនប្រជាជននៅក្នុង ដែនសមត្ថកិច្ចរបស់ខ្លួនឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាពបរិយាបន្ន និងសមធម៌សង្គម»។
ដើម្បីធានាឱ្យការអនុវត្តមុខងារក្នុងវិស័យអប់រំបានល្អប្រសើរប្រកបដោយប្រសិទ្ធភាពខ្ពស់ លោក ហង់ ជួន ណារ៉ុន បានផ្តល់នូវអនុសាសន៍ណែនាំ ដល់ថ្នាក់ដឹកនាំ រដ្ឋបាលក្រុង ស្រុក ខណ្ឌ ទាំងអស់ត្រូវផ្តោតការយកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់លើការដឹកនាំ ការគ្រប់គ្រង ការចាត់ចែង និងការអនុវត្តមុខងារអប់រំ យុវជន និងកីឡាដែលបានផ្ទេរឱ្យទាំងនេះឱ្យមានប្រសិទ្ធភាពខ្ពស់ស្របតាមគោលនយោបាយ គោលការណ៍ បែបបទ នីតិវិធី និងស្តង់ដាដែលបានកំណត់។
លោកណែនាំថា៖ «រដ្ឋបាលក្រុង ស្រុក ខណ្ឌនីមួយៗត្រូវរៀបចំកិច្ចប្រជុំផ្សព្វផ្សាយឱ្យបានទូលំទូលាយ អំពីគោលការណ៍ បែបបទ និងនីតិវិធីនៃការអនុវត្តមុខងារ និងការទទួល ខុសត្រូវក្នុងការអនុវត្តមុខងារអប់រំ យុវជន និងកីឡាដែលបានផ្ទេរឱ្យទាំងនេះ ដើម្បីឱ្យបានជ្រួតជ្រាបជូនដល់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ គណៈកម្មការគ្រប់គ្រងសាលា មន្ត្រីពាក់ព័ន្ធ ក្រុមប្រឹក្សាឃុំ សង្កាត់ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធនានា»។
ក្រសួងអប់រំ បានបញ្ជាក់ថា តាមរយៈវគ្គបណ្តុះបណ្តាលរយៈពេល ២ ថ្ងៃកន្លះនេះ ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធនៃរដ្ឋបាលក្រុង ស្រុកពិតជាបានស្វែងយល់អំពីគោលការណ៍ បែបបទ និងនីតិវិធីសម្រាប់គ្រប់គ្រង ចាត់ចែង និងអនុវត្តមុខងារអប់រំ យុវជន និងកីឡាដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ជាក់ស្តែង ការផ្ទេរមុខងារអប់រំយុវជន និងកីឡាទៅឱ្យរដ្ឋបាល ក្រុង ស្រុក ខណ្ឌ បានឆ្លងកាត់ការអនុវត្តសាកល្បងនៅតាមរដ្ឋបាលក្រុង ស្រុកទាំង ១៤ ក្នុងខេត្តបាត់ដំបងចាប់ពីឆ្នាំ ២០២០ កន្លងមក ហើយផ្អែកតាមការសិក្សាវាយតម្លៃដោយក្រុមការងារអន្តរក្រសួងក៏បានបង្ហាញនូវលទ្ធផលជាវិជ្ជមានផងដែរ៕