លោកស្រី Devyani Khobragade ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា បានបង្ហាញ​ការប្ដេជ្ញាចិត្ត​ក្នុងការ​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​អនុវត្ត​ច្បាប់​ជាមួយ​ក្រសួងមហាផ្ទៃ​កម្ពុជា តាមរយៈ​ការបន្ត​ផ្ដល់​វគ្គ​បណ្ដុះបណ្ដាល និង​ជំនួយ​សម្ភារ​ផ្សេងៗ​ដល់​មន្ត្រី​នគរបាលជាតិ​កម្ពុជា​។


ការបង្ហាញ​ជំហរ​របស់​លោកស្រី Devyani Khobragade បានលើកឡើង​នៅក្នុង​ជំនួប​ពិ​ក្សា​ការងារ​ជាមួយ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី ​៩ ខែកុម្ភៈ ឆ្នាំ​ ២០២៤ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។ ​នេះ​បើតាម​ការផ្សព្វផ្សាយ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួងមហាផ្ទៃ​។

ក្នុងឱកាស​នោះ លោក ស សុខា បាន​សម្ដែង​ការអបអរសាទរ​ចំពោះ​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និទ្ធ​រវាង​ក្រសួងមហាផ្ទៃ និង​រដ្ឋាភិបាល​ឥណ្ឌា និង​ថ្លែងអំណរគុណ​ជ្រាលជ្រៅ​ចំពោះ​ភាគី​ឥណ្ឌា ដែល​តែងតែ​យកចិត្តទុកដាក់​ក្នុង​កិច្ចសហប្រតិបត្តិការ​បណ្ដុះ​បណ្ដាល តាមរយៈ​ការផ្ដល់​អាហារូបករណ៍​រយៈពេល​ខ្លី​-​វែង ទៅ​សិក្សា​ជំនាញ​ផ្សេងៗ​នៅ​ប្រទេស​ឥណ្ឌា​ជូន​មន្ត្រីនគរបាល​កម្ពុជា​។


លោក​ក៏បាន​ស្នើ​ភាគី​ឥណ្ឌា ពិនិត្យ​លទ្ធភាព​ក្នុងការ​បង្កើត​យន្តការ​ទំនាក់ទំនង​ផ្តល់ព័ត៌មាន​ទៅវិញទៅមក​ពាក់ព័ន្ធ​មុខសញ្ញា​សង្ស័យ ឬ​ខ្សែរយៈ​បណ្តាញ​ឱ្យបាន​ទាន់ពេលវេលា និង​ច្បាស់លាស់​ដើម្បី​ធានា​ដល់​ការចាត់វិធានការ​បង្ក្រាប​មាន​ប្រសិទ្ធភាព និង​ទាន់ពេលវេលា​។

លោក​រដ្ឋមន្ត្រី ក៏បាន​ជំរុញឱ្យមាន​ការលើកកម្ពស់​សមត្ថភាព​មន្ត្រីនគរបាល​ជាតិ​កម្ពុជា តាមរយៈ​ការផ្តល់​អាហារូបករណ៍​បញ្ជូនទៅ​បណ្តុះបណ្តាល​លើ​មុខជំនាញ​បច្ចេកវិទ្យា​ទំនើប ដើម្បី​ឆ្លើយតប​ទៅនឹង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ​។


ជាការ​ឆ្លើយតប លោកស្រី Devyani Khobragade បាន​ថ្លែង​កោតសរសើរ​ចំណាត់ការ​ប្រកបដោយ​ប្រសិទ្ធភាព​របស់​ក្រសួងមហាផ្ទៃ ក្នុងការ​បង្ក្រាប​បទល្មើស​ផ្សេងៗ រួមទាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន សំដៅ​ថែរក្សា​សន្តិសុខ សណ្ដាប់ធ្នាប់ ជាពិសេស​បង្កើន​ទំនុកចិត្ត​ដល់​អ្នកវិនិយោគទុន និង​ភ្ញៀវទេសចរ​មក​ប្រទេស​កម្ពុជា​។

បន្ថែម​ពីនេះ​លោកស្រី​ថា ឥណ្ឌា សន្យា​បន្ត​គាំទ្រ​ការបណ្ដុះបណ្ដាល​នគរបាល​ជាតិ និង​ផ្ដល់ជំនួយ​សម្ភារ​បន្ថែម​ទៀត​ដល់​ក្រសួងមហាផ្ទៃ​កម្ពុជា​។

ជាមួយគ្នា​នោះ លោកស្រី​ឯកអគ្គរដ្ឋទូត​ឥណ្ឌា បាន​សម្តែង​នូវ​ការកោតសរសើរ និង​ថ្លែងអំណរគុណ​ចំពោះ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដែល​បានផ្តល់​កិច្ចសហការ​បាន​យ៉ាង​ល្អ​ជាមួយនឹង​តំណាង​ស្ថានទូត​ឥណ្ឌា​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងការ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ឥណ្ឌា ដែល​រងគ្រោះ​ដោយ​អំពើ​ឆបោក​ជាច្រើន​នាក់​ក្នុងពេល​កន្លងមក​។

ជាពិសេស​លោកស្រីក៏បាន​ថ្លែងអំណរគុណ ដល់​រាជរដ្ឋាភិបាល​កម្ពុជា ក្រសួងមហាផ្ទៃ ក៏ដូចជា​អគ្គនាយកដ្ឋាន​ចំណុះ ដែល​បាន​ជួយ​សម្រួល​ដល់​ពលរដ្ឋ​ឥណ្ឌា​បានធ្វើ​មាតុភូមិនិវត្តន៍​ទៅកាន់​ប្រទេស​កំណើត​វិញ​ដោយ​គ្មាន​ការផាកពិន័យ ពាក់ព័ន្ធ​នឹង​ការ​ស្នាក់នៅ​លើស​ទិ​ដ្ឋ​ការ​៕​