ក្រសួងសុខាភិបាល ប្រកាសរកឃើញករណីស្លាប់ដោយសារជំងឺផ្ដាសាយបក្សីប្រភេទហាស់ ៥ អ៊ិន ១ (H5N1) លើកុមារាអាយុ ៩ ឆ្នាំ នៅខេត្តក្រចេះ ខណៈក្រសួងក្រើនរំឭកសាជាថ្មីដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សីជានិច្ច ពីព្រោះជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់សុខភាពប្រជាពលរដ្ឋ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០២៤ បានឱ្យដឹងថា មានអ្នកជំងឺផ្តាសាយបក្សី ចំនួន ១ករណីទៀត កើតលើក្មេងប្រុសអាយុ ៩ ឆ្នាំ និងត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ិន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០២៤ ដែលមានទីលំនៅក្នុងភូមិកាប៉ូ១ ឃុំអូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ។
ក្រសួងបញ្ជាក់ថា៖ «ទោះជាមានការយកចិត្ត ទុកដាក់ថែទាំនិងជួយសង្គ្រោះពីសំណាក់ក្រុមគ្រូពេទ្យក៏ដោយ ដោយសារស្ថានភាពកុមារមានសភាពធ្ងន់ធ្ងរ រួមមានគ្រុនក្តៅ ពិបាកដកដង្ហើម ហត់ ក្អក និងសន្លប់ កុមារបានស្លាប់នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤។ តាមការសាកសួរបង្ហាញថា នៅផ្ទះអ្នកជំងឺមានមាន់ ៥ក្បាល និងទា ៣ក្បាល បានងាប់ហើយបានយកមាន់ទា នោះមកធ្វើម្ហូបបរិភោគ»។
ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បាននិងកំពុងសហការ ជាមួយក្រុមការងារនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ធ្វើការអង្កេតស្រាវជ្រាវយ៉ាងសកម្មលើការកើតឡើងនូវជំងឺផ្តាសាយបក្សី និងធ្វើការឆ្លើយតបទៅតាមវិធីសាស្ត្រ និងពិធីសារបច្ចេកទេស បន្តការស្វែងរកប្រភពចម្លង ទាំងលើសត្វ និងមនុស្ស និង បន្តស្វែងរកករណីសង្ស័យនិងអ្នកប៉ះពាល់ដើម្បីទប់ស្កាត់ការឆ្លងបន្តទៅអ្នកដទៃទៀតក្នុងសហគមន៍ព្រមទាំងចែកជូនឱសថតាមីហ្លូ(Tamiflu)ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការអប់រំសុខភាព ប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតហេតុខាងលើ។
ក្រសួងសុខាភិបាល ក៏បានក្រើនរំឭកសាជាថ្មីម្តងទៀត ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សីជានិច្ច ពីព្រោះជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់សុខភាពប្រជាពលរដ្ឋ។
ក្រសួងណែនាំថា ប្រសិនបើមានអាការៈក្តៅខ្លួន ក្អក ហៀរសំបោរ ឬពិបាកដកដង្ហើម និងមានប្រវត្តិធ្លាប់បានប៉ះពាល់ជាមួយមាន់ទាឈឺឬស្លាប់ក្នុងអំឡុង១៤ថ្ងៃ មុនថ្ងៃចាប់ផ្តើមមានរោគសញ្ញា សូមកុំទៅជួបជុំ ឬទីប្រជុំជនដែលមានមនុស្សច្រើន និងត្រូវស្វែងរកការពិគ្រោះយោបល់ និងការពិនិត្យព្យាបាលនៅតាមមូលដ្ឋានសុខាភិបាល ដែលនៅជិតលោកអ្នកបំផុតឱ្យបានឆាប់ទាន់ពេលវេលា៕