ក្រសួងសុខាភិបាល បានប្រកាសរកឃើញជំងឺអឹមផក (Mpox) ចំនួន ៣ ករណីបន្ថែមដែលសរុបកម្ពុជា មានករណីជំងឺនេះចំនួន ៩ ករណី ហើយនៅកម្ពុជា និងបានក្រើនរំឭកដល់ប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នថែរក្សាសុខភាពផ្ទាល់ខ្លួនឱ្យបានខ្ជាប់ខ្ជួន ខណៈក្រសួងសង្កេតឃើញថានិន្នាការនៃការចម្លងជំងឺនេះមានការកើនឡើង។
មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាលបានបញ្ជាក់ថា វិធានការចំពោះមុខ ក្រុមការងារក្រសួងកំពុងធ្វើការងារលើរឿងនេះ តាមរយៈការផ្សព្វផ្សាយអប់រំពីវិធានការបង្ការជំងឺអឹមផក ដល់ក្រុមគោលដៅ ជាពិសេសអ្នកពាក់ព័ន្ធដោយផ្ទាល់ និងក្រុមអ្នករកសេវាកម្សាន្តជាដើម។
យោងតាមលទ្ធផល ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី៩ និងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ បានបញ្ជាក់ថា មានករណីជំងឺអឹមផក (Mpox) (ឈ្មោះដើម ជំងឺអុតស្វា) ចំនួន ៣ ករណីបន្ថែមទៀត មានទីលំនៅនៅខណ្ឌដង្កោ ខណ្ឌទួលគោក និងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងបានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យត្រឹមត្រូវហើយ។ ដូច្នេះជំងឺអឹមផក ដែលបានរកឃើញសរុបមានចំនួន ៩ ករណី។ នេះបើតាមសេចក្តីប្រកាសព័ត៌មានក្រសួងសុខាភិបាល ចុះថ្ងៃទី១១ ខែកុម្ភៈនេះ។
ក្រសួងសុខាភិបាលបន្តថា ៖«និន្នាការនៃការចម្លងជំងឺអឹមផក នៅព្រះរាជាណាចក្រកម្ពុជា យើងមានការកើនឡើងស្របគ្នានិងនិន្នាការនៅលើសកលលោក។ យោងតាមការផ្សព្វផ្សាយរបស់អង្គការ សុខភាពពិភពលោក នៅថ្ងៃទី២៥ ខែមករា ជំងឺអឹមផកបាននិងកំពុងផ្ទុះរាលដាល ក្នុងប្រទេសចំនួន ១១៧ ដែលក្នុងនោះមានករណីឆ្លងជំងឺអឹមផឹកសរុបចំនួន ៩៣ ០៣០ នាក់ និងករណីស្លាប់ចំនួន ១៧៦ នាក់ នៅលើពិភពលោក»។
ជាមួយគ្នានេះ ក្រសួងបានអំពាវនាវនិងក្រើនរំឭកដល់បងប្អូនប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នថែរក្សាសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដើម្បីបង្ការការរីករាលដាលជំងឺអឹមផកជាចង្កោម ឬទ្រង់ទ្រាយធំជាយថាហេតុ។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលលោក កុយ វ៉ាន់នី បានប្រាប់ឱ្យដឹងនៅថ្ងៃទី១១ ខែកុម្ភៈថា បើទោះបីជាវីរុសអុតស្វា ឬ Mpox ពុំមែនជាជំងឺរាតត្បាតឆ្លងធ្ងន់ធ្ងរដូចជំងឺកូវីដ១៩ ក្តី ប៉ុន្តែក្រសួងនៅតែអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូបការពារខ្លួនឱ្យបានខ្ជាប់ខ្ជួន ដោយត្រូវរក្សាអនាម័យ ដើម្បីបង្ការជំងឺនេះឆ្លងចូលសហគមន៍។
លោកបានបន្ថែមថា វិធានការចំពោះមុខ ក្រុមការងារកំពុងធ្វើការងារលើរឿងនេះ តាមរយៈការផ្សព្វផ្សាយអប់រំពីវិធានការបង្ការជំងឺអឹមផកដល់ក្រុមគោលដៅជាពិសេសអ្នកពាក់ព័ន្ធដោយផ្ទាល់ និងក្រុមអ្នករកសេវាកម្សាន្តជាដើម។
លោកបានថ្លែងថា៖«មែនទែនទៅអត់មានករណីស្លាប់ដោយសារជំងឺនេះនៅកម្ពុជាទេ យើងឃើញហើយនៅលើពិភពលោកអ្នកមានជំងឺនេះរាប់ម៉ឺនករណី ប៉ុន្តែអត្រាស្លាប់មានជាង១០០នាក់ បើប្រៀបធៀបទៅនឹងជំងឺផ្សេងៗ គឺនៅមានចំនួនតិច»។
លោក កុយ វ៉ាន់នី បានបន្តថា៖«យើងមិនចង់ឱ្យពលរដ្ឋឆ្លងជំងឺនេះទេ យើងនៅតែធ្វើគ្រប់មធ្យោ បាយតាមរយៈការផ្សព្វផ្សាយ អប់រំវិធានការបង្ការដល់គោលដៅ។ មែនទែនទៅក្រុមការងារយើងធ្វើការផ្ទាល់ទៅនឹងអ្នកពាក់ព័ន្ធ ក្រុមអ្នកមិនប្រយ័ត្ន អ្នកដើររកសេវាកម្សាន្ត ឬរកសេវាផ្លូវភេទ គឺក្រុមការងារយើងបានផ្សព្វផ្សាយដល់គាត់ តាមរយៈសារផ្សេងៗ ហើយសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល គឺជាវិធានការបន្ថែមដែលយើងកំពុងធ្វើ»។
បើតាមមន្ត្រីក្រសួងសុខាភិបាលដដែល ការព្យាបាលជំងឺអឹមផក ត្រូវការរយៈពេលប្រមាណ ២ សប្តាហ៍ទៅ៣សប្តាហ៍ ប៉ុន្តែអាស្រ័យទៅលើអ្នកជំងឺនោះចេះថែទាំខ្លួនឯងបានល្អផងដែរ។
ក្រសួងសុខាភិបាល បានឱ្យដឹងថា របៀបចម្លងវីរុសអុតស្វា ឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត តាមរយៈការរួមភេទគ្រប់ទម្រង់ជាមួយអ្នកជំងឺអឹមផក និងការប៉ះពាល់ដោយផ្ទាល់នឹងកន្លែងមានដំបៅ ទឹកសារពាង្គកាយ ទឹកមាត់ តំណក់តូចៗ តាមផ្លូវដង្ហើម និងសម្ភារប្រើប្រាស់ដែលប្រឡាក់ប្រឡូសជាមួយនឹងវីរុស រួមមាន សម្លៀកបំពាក់ ពូក កន្សែង ឬសម្ភារ ស្លាបព្រាចាន កែវទឹក។
វីរុសអុតស្វា ក៏ឆ្លងពីម្តាយទៅកូនតាមរយៈទងសុក ក្នុងអំឡុងពេល ឬក្រោយពេលសម្រាល និងការប៉ះផ្ទាល់ បើស្ត្រីមានផ្ទៃពោះឬឪពុកម្តាយមានជំងឺអឹមផក។
ក្រសួងសុខាភិបាលបញ្ជាក់ថា៖«ចំពោះវិធានការបង្ការការចម្លងជំងឺអឹមផកវិញ ចៀសវាងប៉ះពាល់ផ្ទាល់ ជាមួយអ្នកដែលមានចេញរោគសញ្ញាជំងឺអឹមផក និងត្រូវអនុវត្តអនាម័យដៃដោយលាងសម្អាតដៃជាមួយទឹក និងសាប៊ូ ឬអាល់កុលលាងដៃ»៕