លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើងថា កម្ពុជា​ តាមរយៈ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ គ្រោង​នឹងដាក់​ស្នើសុំ​ចុះបញ្ជី «​សង្ក្រាន្ត​កម្ពុជា​» នៅក្នុង​បញ្ជី​បេ​តិក​ក​ភណ្ឌ​អរូបី​យ​មនុស្សជាតិ​អង្គការ​យូណេស្កូដូច​ប្រទេស​ថៃ​ដែរ។ ហើយ​លោក​ក៏បាន​ស្នើសុំ​កុំឱ្យ​មានការ​ឈ្លោះទាស់ទែង​គ្នា​រវាង​ប្រទេសជាតិ​ទាំង​ ២ និង​កុំ​បន្ត​យល់ច្រឡំ​បន្ថែមទៀត​រវាង​វប្បធម៌​នៃ​ប្រទេស​ទាំង​ ២ ​នេះ​។​


​លោក​ ហ៊ុន ម៉ា​ណែ​ត បានលើកឡើង​បែបនេះ នៅក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៣ និង​ទិសដៅ​ការងារ​ឆ្នាំ​២០២៤ និង​ពិធី​ប្រកាស​ដាក់ឱ្យអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ឆ្នាំ​២០២៤-២០២៨ របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ កាលពី​ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០២៤​។​

នាឱកាស​នោះ លោក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ឡើង​ថា​៖«​ឥឡូវ យើង​ជិត​ចូលឆ្នាំ​ហើយ ហើយ​ប្រទេស​យើង និង​ថៃ​ចូលឆ្នាំ​ដូចគ្នា​ទាំង​២​។​ ទាក់ទង​នឹង​រឿងនេះ​ដែរ កាលពី​ថ្ងៃមុន ថៃ បាន​សុំ​ចុះ​បេតិក ភណ្ឌ​ សង្ក្រាន្ត​ថៃ​ហើយ​ថៃ​មិនបាន​យក​របស់​ខ្មែរ​ចុះ​ទេ​។ សង្ក្រាន្ត​នេះ វា​មាននៅ​ប្រទេស​ដែល​កាន់​ព្រះពុទ្ធសាសនា ហើយ​គាត់​បាន​ចុះ​សង្ក្រាន្ត​នៅ​ថៃ​។ យើង​ក៏មានដែរ ក្រសួង​វប្បធម៌​របស់​យើង​ទៅ​ថ្ងៃមុខ​ក៏​កំពុង​ពិចារណា​ក្នុង​ការដាក់​សង្ក្រាន្ត​នៅ​កម្ពុជា ជា​បេតិកភណ្ឌ​ដែរ​»​។​


លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​ពន្យល់ថា​៖«​វប្បធម៌ វា​ស្រដៀង​គ្នា ដូច​មួយ​ថៃ និង​គុន​ខ្មែរ អ៊ីចឹង​។ កាល​យើង​ចុះ​គុន​ខ្មែរ ក៏​បងប្អូន​ប្រជាពលរដ្ឋ​ថៃ​មួយចំនួន មានការ​យល់ច្រឡំ​ថា អាហ្នឹង​ជា​របស់គាត់ ហើយ​មិនឱ្យ​ចុះ​ដែរ ប៉ុន្តែ​វប្បធម៌​វា​ខុស​ប្រទេស​២​ស្រដៀង​គ្នា​»។​

​លោក​បានបញ្ជាក់​បន្ថែម​ថា សង្ក្រាន្ត​ដែល​ថៃ​បាន​ចុះ​ជា​បេតិកភណ្ឌ ជា​សង្ក្រាន្ត​នៅក្នុង​ប្រទេស​ថៃ វា​ជា​របស់​ថៃ​។ សម្រាប់​ប្រទេស​កម្ពុជា​ក៏មាន​សិទ្ធិ​ចុះ​សង្ក្រាន្ត​នៅ​កម្ពុជា​ដែរ វា​មិនមាន​អ្វី​ខុស​ទេ ហើយ​លោក​ក៏​ស្នើសុំ​កុំឱ្យ​ប្រជាពលរដ្ឋ​យក​រឿង​យល់ច្រឡំ ធ្វើឱ្យ​ឈ្លោះ​គ្នា​រវាង​ប្រទេសជាតិ​ទាំងសងខាង​ផងដែរ​។​


លោក ហ៊ុន ម៉ា​ណែ​ត ក៏បាន​ស្នើឱ្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ រៀបចំ​ឱ្យមាន​ការបង្ហាញ​ពី​អត្តសញ្ញាណ​របស់​វប្បធម៌​ខ្មែរ​ឱ្យបាន​ច្រើន​ពីអ្វី​ដែលជា​របស់​ខ្មែរ ដើម្បីឱ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​បានដឹង និង​កុំឱ្យ​មានការ​យល់ច្រឡំ ព្រោះ​វា​ស្រដៀង​គ្នា​។​

លោក​បាន​បញ្ជាក់ថា ៖ «​អ៊ីចឹង ខ្ញុំ​គិតថា​គួរតែមាន​ការរៀបចំ​អត្តសញ្ញាណ រៀបចំ​ការងារ​ច្បាស់លាស់ ខ្ញុំ​ថា​គឺជា​ការងារ​សំខាន់ ហើយ​ក្រសួង​កិច្ចការងារ​នារី​ក៏​គួរ​ចូលរួម​ផងដែរ ព្រោះ​វា​ជា​ការងារ​ការពារ​បេតិកភណ្ឌ​ក្នុងការ​រក្សា​តម្លៃ​វប្បធម៌​របស់​យើង ព្រោះ​កន្លែង​ខ្លះ​វា​ស្រដៀង​គ្នា ដើម្បី​ចៀសវាង​ការឈ្លោះគ្នា​»​។​

លោក ស៊ុ ម៉ាប់ អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​១១ ខែកុម្ភៈ​ថា ក្រសួង​បានរៀបចំ​បញ្ជី​បម្រុង ដោយ​ក្នុងនោះ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​របស់​កម្ពុជា ក៏មានដែរ សម្រាប់​ស្នើសុំ​ចុះបញ្ជី​បេតិកភណ្ឌ​អរូបី​មនុស្សជាតិ​អង្គការ​យូណេស្កូ ប៉ុន្តែ​នៅក្នុង​នោះ​ក៏មាន​របស់​ខ្លះ ដែលជា​អាទិភាព​ក្នុងការ​ស្នើសុំ​ចុះបញ្ជី​នេះដែរ​។​

លោក ស៊ុ ម៉ាប់ បាន​ថ្លែងថា​៖«​អាហ្នឹង​ជា​ផ្នែក​មួយ​របស់​ក្រសួង ហើយ​ជាធម្មតា និង​តាម​នីតិវិធី​យើង​ដាក់​ឯកសារ​វា​ត្រូវការ​ពិនិត្យ ១​ឆ្នាំ អីចឹង​វា​ត្រូវការ​រយៈពេល ២​ឆ្នាំ​សម្រាប់​បេតិកភណ្ឌ​អរូបី​មួយៗ ដើម្បី​គណៈកម្មការ​បេតិកភណ្ឌ​អរូបី​គេ​ពិនិត្យ​»​។

​លោក ឈ​ត ប៊ុន​ថង មន្ដ្រី​ស្រាវជ្រាវ​ផ្នែក​ទំនាក់ទំនង វប្បធម៌ អប់រំ និង​ទេសចរណ៍ នៃ​រាជបណ្ឌិត្យ សភាកម្ពុជា នៅ​ថ្ងៃទី​១១ ខែកុម្ភៈ​នេះ បាន​ថ្លែងថា វា​ជា​រឿង​ធម្មតា​សម្រាប់​ប្រទេស​នៅលើ​ពិភព លោក​ ដែល​តែងតែ​ធ្វើ ហើយ​សម្រាប់​កម្ពុជា​វិញ ក៏​អាចធ្វើ​ដូច​គេ​បានដែរ​។ 

​លោក ឈ​ត ប៊ុន​ថង បាន​ប្រាប់ថា ៖ «​ខ្មែរ​យើង​ក៏​ប្រើ​សង្ក្រាន្ត ថៃ​ក៏​ប្រើ​សង្ក្រាន្ត ប៉ុន្តែ​វា​ខុស​កន្ទុយ មួ​យស​ង្ក្រា​ន​ខ្មែរ មួយទៀត​សង្ក្រាន្ត​ថៃ តែ​ឧបមា​ថា បើ​យើង​អត់​ប្រើ​សង្ក្រាន្ត​វិញ យើង​ប្រើ​ថា ចូលឆ្នាំថ្មី  ហើយ​ប្រទេស​ណា​ក៏មាន​ពាក្យ​ចូលឆ្នាំថ្មី​ដែរ ដូចជា​ចូលឆ្នាំថ្មី​ខ្មែរ ចូលឆ្នាំថ្មី​ថៃ និង​ចូលឆ្នាំថ្មី​ វៀត ណាម​ ចិន​ អ៊ីចឹងទៅ​។ ប៉ុន្តែ​សម្រាប់​យើង​នេះ​វិញ វា​គ្រាន់តែ​ពាក្យ​ដូចគ្នា ​«​សង្ក្រាន្ត​» ព្រោះ​ខ្មែរ និង​ថៃ នេះ វា​មាន​ប្រវត្តិសាស្ត្រ​ជាប់ទាក់ទង​គ្នា ដូច្នេះ​យើង​ប្រើពាក្យ​ដូចគ្នា​ហើយ​»​។​

ទោះជា​យ៉ាងណា បើតាម លោក ឈ​ត ប៊ុន​ថង ការដែល​កម្ពុជា​ដាក់​សង្ក្រាន្ត​ចូលទៅក្នុង​បញ្ជី​បេតិក ភណ្ឌ​អរូបី​មនុស្សជាតិ​នៅក្នុង​អង្គការ​យូ​ណេ​ស្តូ​នេះ ក៏​មិនមាន​អ្វី​ទាស់ខុស​ដែរ​។ លោក​បានស្នើ​សុំឱ្យ​ពលរដ្ឋ​ខ្មែរ និង​ពលរដ្ឋ​ថៃ កុំឱ្យ​មានការ​យល់ច្រឡំ និង​បកស្រាយ​ខុស ហើយ​ផូ​ស្ត​នៅលើ​បណ្តាញ​សង្គម ដែល​ធ្វើឱ្យប៉ះពាល់ និង​ប្រេះឆា រវាង​ប្រ​ទស​ជាតិ​ដែល​រស់នៅ​ក្បែរ​គ្នា​៕