ភ្នំពេញៈប្រជាពលរដ្ឋនិងពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃបានបង្ហាញការសប្បាយរីករាយ ចំពោះប្រមុខរដ្ឋាភិបាលកម្ពុជា និងថៃ ដែលបានឯកភាពគ្នាមិនយកលុយថ្លៃទិដ្ឋាការលើការធ្វើដំណើរទៅវិញទៅមក (Re-Entry) ក្នុងអំឡុងចូលឆ្នាំខ្មែរខាងមុខ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងកាលពីថ្ងៃទី៨ ខែកុម្ភៈថា ក្នុងអំឡុងពេលនៃដំណើរបំពេញទស្សនកិច្ចជាផ្លូវការទៅប្រទេសថៃកាលពីថ្ងៃទី៧ កុម្ភៈ ភាគីកម្ពុជា និងថៃ បានចរចាគ្នាលើការមិនយកថ្លៃទិដ្ឋាការលើការធ្វើដំណើររបស់ប្រជាពលរដ្ឋនៃប្រទេសទាំង២ក្នុងអំឡុងពេលចូលឆ្នាំប្រពៃណីខ្មែរនាខែមេសា ខាងមុខ។
លោកបានថ្លែងថា៖ «ខ្ញុំបានជជែកជាមួយនឹងនាយករដ្ឋមន្ត្រីថៃថា យើងជិតចូលឆ្នាំហើយ កាដូជូនប្រជាពលរដ្ឋយើងទាំងសងខាងដោយតម្លៃទិដ្ឋាការនៃការអនុញ្ញាតឱ្យបងប្អូនចេញចូលហ្នឹង យើងមិនបាច់យកទេ។ អ៊ីចឹង ពលរដ្ឋខ្មែរដែលមកលេងស្រុកកំណើតពេលចូលឆ្នាំ ហើយត្រឡប់ទៅវិញមិនបាច់បង់ថ្លៃ Re-entry ទេ»។
លោក ហ៊ុន ម៉ាណែត បានបន្តថា ៖ «ខាងថៃគាត់ឯកភាពហើយ ឥឡូវកំពុងតែគិត គាត់ផ្តល់ជាសញ្ញាវិជ្ជមានហើយ អ៊ីចឹងអាច១ខែមេសាគឺមិនមានការយកថ្លៃទិដ្ឋាការ តែចាំគេប្រកាស។ ជាធម្មតាតម្លៃចេញចូលតម្លៃ១ពាន់បាត»។
ឆ្លៀតឱកាសនោះដែរ លោក ហ៊ុន ម៉ាណែត ក៏បានណែនាំដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យរៀបចំពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រណៃពីជាតិខ្មែរតាមបណ្តាស្ថានទូតផ្សេងៗនៅតាមប្រទេសនានាឱ្យបានឱឡារិកផងដែរ។
ពលករខ្មែរដែលកំពុងរស់នៅ និងធ្វើការប្រទេសថៃបានបង្ហាញការសប្បាយចិត្តនិងបានចេញសារថ្លែងអំណរគុណយ៉ាងផុសផុលដល់រាជរដ្ឋាភិបាលកម្ពុជាចំពោះការចរចាជាមួយរាជរដ្ឋាភិបាលថៃក្នុងការមិនយកថ្លៃលើការធ្វើដំណើរទៅវិញទៅមក(Re-Entry)ក្នុងអំឡុងចូលឆ្នាំខ្មែរខាងមុខនេះ។
ការចេញសារថ្លែងអំណរគុណបែបនេះបន្ទាប់ពីលោក ហ៊ុន ម៉ាណែត បានដឹកនាំប្រតិភូកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងបាងកកប្រទេសថៃ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយបានចរចាជាមួយភាគីថៃក្នុងការសម្រេចមិនយកថ្លៃលើការធ្វើដំណើរទៅវិញទៅមកនេះ រយៈពេលពេញ១ខែមេសា។
លោក ប៊ុល ចិត្រា ជាពលករខ្មែរដែលកំពុងស្នាក់នៅនិងធ្វើការនៅក្រុមហ៊ុនស៊ីភី ខេត្តនគររាជសីមាប្រទេសថៃ បានបង្ហាញក្ដីសប្បាយរីករាយ បន្ទាប់ពីទទួលព័ត៌មានថា លោក ហ៊ុន ម៉ាណែត បានចរចាជាមួយរដ្ឋាភិបាលថៃ ដោយមិនយកលុយលើការធ្វើដំណើរទៅវិញទៅមក (Re-Entry) ក្នុងអំឡុងចូលឆ្នាំខ្មែរខាងមុខសម្រាប់បងប្អូនខ្មែរដែលនឹងធ្វើដំណើរត្រឡប់ទៅលេងស្រុកកំណើត។
ចំណែកកញ្ញា សួន ស្រីនិច ជាពលករខ្មែររស់នៅទីក្រុងបាងកក ប្រទេសថៃ ក៏បានបញ្ជាក់តាមរយៈវីដេអូឃ្លីបដែរថា ៖«ក្នុងនាមជាពលករខ្មែរ១រូបដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសថៃ ខ្ញុំសូមអរគុណរាជរដ្ឋាភិបាលកម្ពុជា និងសូមជូនពរសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវជួបតែសេចក្តីសុខ ពុទ្ធពរទាំង៤ប្រការ និងដឹកនាំប្រទេសជាតិឱ្យកាន់តែរីកចម្រើនថែមទៀត»៕