ភ្នំពេញៈ គណៈមេធាវី​នៃ​ព្រះ​រា​​ជាណា​ចក្រ​កម្ពុជា​បាន​អំពាវនាវ​ដល់​សមាជិក​សមាជិកា​គណៈ​មេធាវី​ និង​ប្រជាពលរដ្ឋ​ទាំងអស់​កុំ​យក​ហិង្សា​ទៅ​ដោះស្រាយ​បញ្ហា ដោយ​ជំនួស​មកវិញ​នូវ​ការ​ដោះ​ស្រាយ​ដោយ​សន្តិវិធី​ និង​តាមផ្លូវ​ច្បាប់ ខណៈ​សង្គម​ស៊ីវិល​អំពាវ​នាវ​ដល់​សមត្ថ​កិច្ចពង្រឹង​ការត្រួត​ពិនិត្យ​ការប្រើ​អាវុធ​ខុសច្បាប់​។​


​ការចេញ​អំពាវនាវ​របស់​គណៈ​មេធាវី​ធ្វើឡើង​តាមរយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃទី​​ ៩ ខែកុម្ភៈ បន្ទាប់ពី​មាន​ករណី​ឃាតកម្ម​ដែល​ប្រព្រឹត្ត​ដោយ​ឈ្មោះ ទូច វឌ្ឍនៈ អាយុ ៣២ ឆ្នាំ ជា​មេធាវី បាន​ប្រើប្រាស់​កាំភ្លើងខ្លី​បាញ់​ទៅលើ​ស្ត្រី​ ១ ​រូប បណ្តាលឱ្យស្លាប់​នៅ​កន្លែងកើតហេតុ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ កាលពី​យប់​ថ្ងៃទី​ ៨ ខែកុម្ភៈ​។

​មេធាវី​ជា​ជនដៃដល់​ក៏បាន​បាញ់សម្លាប់​ខ្លួនឯង​ហើយ​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន ព្រះកុសុមៈ​កាលពី​ថ្ងៃទី​ ១០ ​កុម្ភៈ ។ នេះ​បើតាម​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។​


​គណៈមេធាវី​ថា​៖ «​គណៈ​មេ​ធា​វី​សូម​សម្តែង​ការសោកស្តាយ​ក្រៃលែង ចំពោះ​ហេតុការណ៍​ដ៏​គួរឱ្យ​រន្ធត់​តក់ស្លុត​នេះ និង​បានប្រកាស​មិន​គាំទ្រ​ចំពោះ​ការយក​ហិង្សា​មក​ដោះស្រាយ​បញ្ហា​ឡើយនិង​បាន​អំពាវនាវ​ដល់​សមាជិក​សមាជិកា​គណៈមេធាវី​និង​ប្រជា​​ពលរដ្ឋ​ចូលរួម​ដោះស្រាយ​ដោយ​សន្តិវិធី ចៀសវាង​ដោះស្រាយ​បញ្ហា​ដោយ​ប្រើ​ហិង្សា​»​។​

​លោក​ អំ សំអាត ​នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លី​កាដូ​ថ្លែងថា ក្នុងនាម​អង្គការ​ដែល​ធ្វើការ​លើ​ការលើកកម្ពស់​ផ្នែក​សិទ្ធិមនុស្ស មិន​គាំទ្រ​ជាដាច់ខាត​រាល់​បុគ្គល​ ឬ​ក្រុម​ណា​ដែល​យក​អំពើហិង្សា​មក​ដោះស្រាយ​បញ្ហា ព្រោះ​វា​ធ្វើឱ្យប៉ះពាល់​ដល់​សេចក្តីថ្លៃថ្នូរ​របស់​មនុស្ស និង​ក្នុងសង្គម ក៏ដូចជា​ប៉ះពាល់​ដល់​ផ្លូវច្បាប់​ដែរ​។


​លោក​ថ្លែង​ថ្ងៃទី​ ១១ កុម្ភៈថា​៖ «​អ្នកច្បាប់​អាជ្ញាធរ មិនគួរ​ជ្រើស​រើសយក​អំពើហិង្សា​មក​ដោះ​ស្រាយ​បញ្ហា​ណាមួយ​នោះទេ ពី​ព្រោះ​អាជ្ញាធរ​ក៏ដូចជា​អ្នកច្បាប់ គឺជា​អ្នកដើរតួ​ជា​គំរូ​សម្រាប់​ប្រជាពលរដ្ឋ​។ កាលណា​អ្នកច្បាប់​ឬ​អាជ្ញាធរ​ដោះស្រាយ​បញ្ហា​ដោយ​ប្រើ​ហិង្សា នោះ​នឹង​ជះឥទ្ធិពល​មិនល្អ​ដល់​សង្គមជាតិ​»​។

លោក​ អំ សំអាត​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ថា ការដោះស្រាយ​បញ្ហា​ដោយ​ប្រើប្រាស់​អំពើហិង្សា និង​មាន​អាវុធ​នៅក្នុង​ដៃ វា​ជា​រឿង​ដ៏​ធ្ងន់ធ្ងរ​ដែល​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ត្រូវ​ពិនិត្យ​បន្ថែមទៀត​លើ​ការប្រើប្រាស់​ខុសច្បាប់​។ លោក​ថា​៖​​«​ដូច្នេះ​ការប្រើប្រាស់​អាវុធ​គួរ​ណាស់​តែមាន​ការ​រឹតបន្តឹង​បន្ថែមទៀត មិនត្រូវ​អនុញ្ញាតឱ្យ​មានការ​ប្រើប្រាស់​ដោយ​សេរី និង​ខុសច្បាប់​ទៀត​ទេ​»​។​

​យោងតាម​កំណត់ហេតុ​របស់ Hotline ១១៧ ដែលជា​មជ្ឈមណ្ឌល​ប្រចាំ​បញ្ជា​របស់​អគ្គ​ស្នង​ការដ្ឋាន​នគរបាលជាតិ​ឱ្យដឹងថា ជនសង្ស័យ​ជា​មេធាវី​ខាងលើ​បាន​ប្រើប្រាស់​កាំភ្លើងខ្លី ១​ដើម មាន​បង់​ចំនួន ​១ មាន ៨​ គ្រាប់​។

បើ​យោងតាម​ច្បាប់​ស្តីពី​ការ​គ្រប់គ្រង​អាវុធ គ្រឿងផ្ទុះ និង​គ្រាប់រំសេវ​ត្រង់​មាត្រា ​៤ ចែងថា​៖ «​ត្រូវ​ហាមឃាត់ ការបំពាក់ ការកាន់កាប់ ការ​យកតាម​ខ្លួន ការ​​ប្រើប្រាស់ ការទិញ ការលក់ ការ​ធ្វើ​ពាណិជ្ជកម្ម ការឱ្យ​ខ្ចី ការផ្ទេរ ការចែក​ចាយ ការជួល ការផលិត ការកែច្នៃ​ដំឡើង ការជួសជុល ការដឹកជញ្ជូន ការនាំ​ឆ្លងកាត់ ការនាំ​ចូល ការនាំចេញ​ការ​ស្ដុក​អាវុធ គ្រឿងផ្ទុះ និង​គ្រាប់រំសេវ​គ្រប់​ប្រភេទ​ចំពោះ​ជន​ស៊ីវិល ក្នុងប្រទេស​កម្ពុជា​»​។​

​សូម​រំឭក​ដែរ​ថា លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ា​ណែ​ត កាលពី​ខែមករា ឆ្នាំ​ ២០២៤ បាន​បញ្ជា​ឱ្យធ្វើ​សារាចរ​ណែនាំ​បញ្ឈប់​ការ​អនុញ្ញាតឱ្យ​បើក​អាជីវកម្ម​បាញ់​ស៊ី​ប ឬ​អាជីវកម្ម​បាញ់កាំភ្លើង​ស៊ីវិល​ថ្មី​នៅ​ទូទាំងប្រទេស​ចៀស​វាង​កើតមាន​បញ្ហា​ណាមួយ​ជា​​យថាហេតុ​។ លោក​ថ្លែងថា ការ​បើក​អាជីវ​កម្មបាញ់​ស៊ី​ប​ថ្មីៗ ជា​រឿង​មិនចាំបាច់ ហើយ​អាជ្ញាធរ​ត្រូវ​ត្រួតពិនិត្យ​លក្ខណៈ​បទដ្ឋាន​បច្ចេកទេស​រាល់​បណ្តា​ទីតាំង​អាជីវកម្ម​បាញ់​ស៊ី​ប​ចាស់ៗ​ដែល​កំពុងដំណើរការ​។ លោក​សង្កត់ធ្ងន់ថា​៖ «​ក្លិប​បាញ់កាំភ្លើង​ឯកជន ព្រោះតែ​បើក​ត្រូវមាន​សិទ្ធិ​ទិញ​កាំភ្លើង​ទិញ​គ្រាប់​ហើយ​យកទៅ​ណា​? មិនបាច់​តែម្តងទៅ​»៕