ភ្នំពេញៈ រាជរដ្ឋាភិបាលបានយល់ព្រមឱ្យប្រសិទ្ធនាម «ស្ពានអាកាស មរតកតេជោ» សម្រាប់ស្ពានអាកាសថ្មីនៅត្រង់ចំណុចប្រសព្វរវាងមហាវិថីចំនួន ៣ រួមមាន មហាវិថី «សម្ដេចតេជោ ហ៊ុន សែន»,មហាវិថីព្រះមុនីវង្ស និងមហាវិថីកងយោធពលខេមរភូមិន្ទ ក្រោយពីមានការស្នើសុំពីអភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង។
យោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២៤ ដែលជម្រាបជូនទៅអភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ករណីសំណើសុំប្រសិទ្ធនាមស្ពានអាកាសត្រង់ចំណុចប្រសព្វរវាងមហាវិថី «សម្តេចតេជោ ហ៊ុនសែន» មហាវិថីព្រះមុនីវង្ស និងមហាវិថីកងយោធពលខេមរភូមិន្ទ ស្ថិតនៅខណ្ឌមានជ័យ និងខណ្ឌចំការមន រាជធានីភ្នំពេញ ជា «ស្ពានអាកាស មរតកតេជោ» ត្រូវបានរាជរដ្ឋាភិបាលយល់ព្រម ហើយឱ្យអភិបាលរាជធានីភ្នំពេញចាត់ចែងអនុវត្តចាប់ពីពេលនេះទៅ។
សូមរំឭកថា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីអំឡុងចូលរួមជាអធិបតីក្នុងពិធីចាក់បេតុងចំកណ្តាលស្ពាន ជានិមិត្តរូបនៃការតភ្ជាប់ស្ពានខ្សែមេទី១ ជាផ្លូវការ ភ្ជាប់ពីមហាវិថី «សម្តេច ហ៊ុនសែន (ផ្លូវ ៦០ ម៉ែត្រ)» ទៅមហាវិថីព្រះមុនីវង្ស ស្ថិតនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៤ បានប្រកាសថា លោកបានស្នើទៅកាន់រាជរដ្ឋាភិបាលដើម្បីប្រសិទ្ធនាមស្ពានអាកាសថ្មីនេះថា ជា «ស្ពានអាកាសមរតកតេជោ» ខណៈដែលស្ពានមេខ្សែទី១ នេះលោកគ្រោងនឹងដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្ន នៅពេលឆាប់ៗខាងមុខផងដែរ។
កាលណោះ លោក ឃួង ស្រេង បានបញ្ជាក់ថា៖«ក្នុងដំណាក់កាលទី១ ការសាងសង់ស្ពានអាកាសព្រះមុនីវង្សថ្មី បច្ចុប្បន្នសាងសង់បានសម្រេចប្រមាណ ៨០ ភាគរយ ហើយតាមផែនការគ្រោងនឹងត្រូវបញ្ចប់នៅចុងខែមីនា ឆ្នាំ ២០២៤ ខាងមុខនេះ។ ចំណែកដំណាក់កាលទី ២ គ្រោងនឹងបញ្ចប់មុនចូលឆ្នាំប្រពៃណីជាតិ ឆ្នាំ ២០២៥»។
លោក គឹម បញ្ញា នាយកអង្គការបង្ការរបួសអាស៊ី បានថ្លែងថា លោកមានក្តីរីករាយចំពោះសមិទ្ធផលថ្មី ជាពិសេសហេដា្ឋរចនាសម្ព័ន្ធក្នុងទីក្រុង ដែលវានឹងអាចជួយសម្រួលបានយ៉ាងច្រើនដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋចេញ-ចូលរាជធានីភ្នំពេញ។
ទោះជាយ៉ាងណាលោកយល់ឃើញថា ក្រៅពីគិតគូរដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីបង្កលក្ខណៈងាយស្រួលដល់អ្នកដំណើរហើយ មន្ត្រីពាក់ព័ន្ធគួរមានការអប់រំ និងពង្រឹងបន្ថែមទៀតលើច្បាប់ចរាចរណ៍ ជាពិសេសត្រូវធ្វើការផាកពិន័យឱ្យតឹងរ៉ឹងចំពោះអ្នកល្មើសពីសំណាក់នគរបាលចរាចរណ៍។
លោកបញ្ជាក់ថា៖ «ការដែលមានហេដ្ឋារចនាសម្ព័ន្ធស្អាត ដូចជាការរៀបចំជាស្ពានអាកាស ឬស្ពានឆ្លងទន្លេជាដើមវាពិតជាបានជួយសម្រួលច្រើនដល់ការធ្វើដំណើរ តែយើងក៏ចង់ឱ្យអាជ្ញាធរ និងក្រសួងស្ថាប័នពាក់ព័ន្ធ គិតគូរលើការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ដែរ ដោយដាក់ផ្លាកសញ្ញា ឬភ្លើងសញ្ញាចរាចរណ៍ឱ្យបានត្រឹមត្រូវត្រូវមានគំនូសសញ្ញាចរាចរណ៍ឬដាក់ផ្លាកសញ្ញាចរាចរណ៍ ឱ្យបានច្បាស់ជាដើម»។
លោកបន្តថា ម្យ៉ាងវិញត្រូវអនុវត្តការផាកពិន័យចំពោះអ្នកល្មើសឱ្យមានតម្លាភាព និងប្រសិទ្ធភាព ដើម្បីចៀសវាងគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាយថាហេតុ។សូមជម្រាបថា បច្ចុប្បន្ននៅរាជធានីភ្នំពេញ មានស្ពានអាកាសចំនួន ៦ ហើយ រួមមាន៖ ស្ពានអាកាសក្បាលថ្នល់,ស្ពានអាកាសស្ទឹងមានជ័យ,ស្ពានអាកាស ៥ មករា ឬស្ពានអាកាសតិចណូ, ស្ពានអាកាស ៧ មករា,ស្ពានអាកាសផ្សារដីហុយ និងចុងក្រោយគឺស្ពានអាកាសមរតកតេជោ ដែលជាស្ពានអាកាសទី៦ បាននិងកំពុងដំណើរការសាងសង់ ដែលគ្រោងនឹងដាក់ឱ្យដំណើរការបណ្តោះអាសន្ននៅក្នុងរយៈពេលប្រមាណជា ២ ខែទៀត៕