​ភ្នំពេញៈ ព្រឹត្តិបត្រ​ព័ត៌មាន​ទីផ្សារការងារ​ទស្សនវិស័យ​សេដ្ឋកិច្ច​ទីផ្សារការងារ​កម្ពុជា របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ កាលពី​ថ្ងៃទី ​៩ ខែកុម្ភៈ បានឱ្យដឹងថា កំណើនសេដ្ឋកិច្ច​ខ្ពស់​របស់​កម្ពុជា ក្នុង​រង្វង់ ​៦,៦​ ភាគយ ​ក្នុង​ឆ្នាំ​ ២០២៤ ​នេះ​នឹង​ជួយ​ជំរុញ​ដល់​ការបង្កើត​ការងារ​បន្ថែម​ប្រមាណ ​២២ ​ម៉ឺន​នាក់ ឬ​កើនឡើង​ ២,៣ ​ភាគរយ នៅក្នុង​ឆ្នាំ​ ២០២៤​។


​ព្រឹត្តិបត្រ​ព័ត៌មាន​ដដែល​នេះ បញ្ជាក់ថា នៅ​ចន្លោះ​ឆ្នាំ​ ២០២៤-២០២៦ កម្ពុជា​ត្រូវបាន​ព្យាករ​ថា នឹង​អាចបង្កើត​ការងារ​បន្ថែម​ជូន​ពល​រដ្ឋ​ប្រមាណ ​២៣,៥ ម៉ឺន​នាក់​ក្នុង​ ១ ​ឆ្នាំ​។ កំណើន​ការងារ​ជា​មធ្យម​ប្រមាណ ​២,៥ ​ភាគរយ ក្នុង ១​ ឆ្នាំ​នឹងធ្វើ​ឱ្យចំ​នួន​អ្នកមាន​ការងារ​សរុប​កើន​ដល់​ប្រមាណ​ ១០,២ ​លាន​នាក់​នៅ​ឆ្នាំ​ ២០២៦​។​

​ក្រសួង​ការងារ​បានលើកឡើង​ទៀតថា សម្រាប់​ការងារ​ដែលមាន​កំណើន​ខ្ពស់​ស្ថិតក្នុង​អនុវិស័យ​៖ ការ​ស្នាក់នៅ និង​ភោជនីយដ្ឋាន​, សំណង់​, ឧស្សាហកម្ម​ផ្សេងៗ​, លក់ដុំ និង​រាយ​, កាត់ដេរ និង​ការ​ដឹកជញ្ជូន និង​ទូរគមនាគមន៍​។ ប្រភេទ​មុខរបរ​ដែលមាន​តម្រូវ​ការ​ខ្ពស់ រួមមាន​៖ សិប្បករ ឬ​អ្នក​ជំនាញ​ធ្វើ​ការងារ​ដោយ​កម្លាំង​, អ្នកលក់​ឬ​បម្រើ​សេវាកម្ម​, និង​អ្នក​បញ្ជា ឬ​ផ្គុំ​គ្រឿងចក្រ​ឬ​ឧបករណ៍​។​


​ក្រសួង​អះអាង​ទៀតថា ជំនាញ​ដែល​និយោជក​កំពុងមាន​តម្រូវ​​ការ​ខ្ពស់​រួមមាន​៖ ភាសា​អង់គ្លេស​, ជំនាញ​បច្ចេកទេស​, ជំនាញ​អនុ​វត្ត​ន៍​ជាក់ស្តែង​, ការដោះស្រាយ​បញ្ហា​,​ ទំនាក់ទំនង​, ភាសា​ចិន​, ការ​សម្របសម្រួល​,​ការគ្រប់គ្រង​ពេលវេលា​, ការតាមដាន​ត្រួតពិនិត្យ​ប្រតិបត្តិ​ការងារ និង​ការ​សម្របសម្រួល​ជាមួយ​អតិថិជន​។​

​នៅក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​ ២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​ ២០២៤ របស់​ក្រសួង​ការងារ និង​ដាក់ឱ្យអនុវត្ត «​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ការងារ​សន្ដិសុខ​សង្គម និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ឆ្នាំ ២០២៤-២០២៨» កាល​ថ្ងៃទី ​៨ ខែកុម្ភៈ ឆ្នាំ​ ២០២៤ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ បាន​ថ្លែងថា ក្រសួង​បានដាក់​ចេញ​ទិសដៅ​ការងារ​ចំនួន​ ១០ ដោយ​ក្នុងចំណោម​នេះ មាន​ ២​ ចំណុច ដែល​ជំរុញ​ការបង្កើន​សមត្ថភាព​ការងារ​ដល់​ពលរដ្ឋ​កម្ពុជា​។​


​លោក​ ហេង សួរ​ ថ្លែងថា​៖ «​បន្ត​ពង្រឹង​ភាពជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន និង​ដៃគូ​អភិវឌ្ឍន៍​នានា ដើម្បី​ចូលរួម​គាំទ្រ​ដល់​ការបង្កើន​សមត្ថភាព​ជំនាញ និង​បណ្ដុះ​បណ្តាល​ជំនាញ​ឡើងវិញ នៃ​កម្លាំង​ពលកម្ម ដែល​កំពុង​ស្ថិតនៅក្នុង​ទីផ្សារការងារ​ស្រាប់ និង​ឱកាស​ការងារ​ថ្មីៗ និង​បញ្ចូល​ជំនាញ​សម្បទា​ការងារ និង​ជំនាញ​សម្បទា​បត់បែន ទៅក្នុង​កម្មវិធី​អប់រំ​បណ្តុះបណ្តាល​បច្ចេក​ទេស និង​វិជ្ជាជីវៈ​»​។ 

​លោក​បន្ថែមថា ក្រសួង​នឹង​បន្ត​ពង្រឹង និង​ពង្រីក​វិសាលភាព​ក្នុង​ការផ្តល់សេវា​ការងារ​សាធារណៈ និង​ព័ត៌មាន​ទីផ្សារការងារ ព្រមទាំង​ការផ្តល់​ប្រឹក្សា​យោបល់​ការងារ​អាជីព ​ដើម្បី​ធ្វើការ​ផ្គូផ្គង និង​ឆ្លើយតបបាន​នូវ​តម្រូវការ​កម្លាំង​ពលកម្ម​តាម​ទីផ្សារការងារ ដោយ​បង្កើន​ភាពជា​ដៃគូ​ជាមួយ​វិស័យ​ឯកជន និង​បែងចែក​កាលវិភាគ​ច្បាស់​លាស់​សម្រាប់​រថយន្ត មជ្ឈមណ្ឌល​ការងារ​ចល័ត​ទាំង​៨​របស់​ទី​ភ្នា​ក់​ងារ​ជាតិ​មុខរបរ និង​ការងារ​។​

​លោក ហុង វណ្ណៈ អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា កំណើន​ការងារ​នេះ អាចទៅរួច បើសិន​ជា​កំណើនសេដ្ឋកិច្ច​ដូច​ទៅនឹង​ការ​ព្យាករ​ទុក ប៉ុន្តែ​អាស្រ័យ​លើ​ការរៀបចំ​ផែនការ​សកម្មភាព​ឱ្យបាន​ត្រឹមត្រូវ និង​មាន​ភាព​បត់​បែន ខណៈ​ស្ថានភាព​សេដ្ឋកិច្ច​សកល​ក៏​មិនទាន់​អាច​ព្យាករ​បានច្បាស់លាស់​នៅឡើយ​។

លោក​បន្តថា សិស្ស និស្សិត​គួរតែ​ស្វែង​យល់​ពី​ពិភព​ការងារ​លើស​កល​លោក ក្នុង​តំបន់​អាស៊ាន និង​កម្ពុជា ដើម្បី​ត្រៀមខ្លួន​កាន់តែ​ល្អ​ប្រសើរ​ក្នុងការ​ចាប់យក​ឱកាស​អភិវឌ្ឍន៍​ជំនាញ និង​ឱកាស​ការ​ងារ​បន្ថែម​។ 

​លោក ហុង វណ្ណៈ​បញ្ជាក់ថា​៖ «​ទីផ្សារការងារ នឹង​កើនឡើង​ស្របទៅនឹង​ការវិវឌ្ឍ​នៃ​សេដ្ឋកិច្ច ប៉ុន្តែ​បើ​យើង​មើល​ទៅលើ​កំណើន​ក្នុងការ​វិនិយោគ​នៅក្នុង​វិស័យ​សំខាន់ៗ​មួយចំនួន ច្បាស់​ណាស់​ថា កំណើន​ការងារ​ពិតជា​នឹងមាន​ការកើនឡើង តែ​ក្នុង​កម្រិតណា​នោះ យើង​ពិបាក​ប៉ាន់ស្មាន​បន្តិច តែ​ស្ថានភាព​សេដ្ឋកិច្ច​សកល​នៅមាន​ភាព​មិន​ច្បាស់លាស់​។ អ្វីដែល​យើង​ធ្វើបាន​គឺ​ពង្រឹង​ខ្លួនឯង និង​ចេះ​បត់បែន​ទៅតាម​ការប្រែប្រួល​របស់​តំបន់ និង​ពិភពលោក​»​។​

​យោងតាម​ការ​ព្យាករ​របស់​ក្រសួង​ការងារ នៅ​ឆ្នាំ​ ២០២៤ នេះ ទីផ្សារការងារ នៅក្នុង​វិស័យ​ឧស្សាហកម្ម​បាន​កើនឡើង​ពី​ ២៦,៥ ​ភាគរយ នៅ​ឆ្នាំ​ ២០១៨ ដល់​ ៣១,៤​ ភាគរយ នៅ​ឆ្នាំ​២០២៥ ខណៈ​វិស័យ​សេវាកម្ម​ក៏មាន​ការកើនឡើង​ផងដែរ គឺ​ពី ៣៨ ​ភាគរយ ដល់ ​៤១,១ ​ភាគរយ​។​

​នៅក្នុង​នោះ ចំនួន​អ្នកមាន​ការងារ​អាយុ​ចាប់ពី​ ១៥-៦៤ ឆ្នាំ លើ​វិស័យ​កសិកម្ម​មានការ​ធ្លាក់​​ចុះ​ពី ​៣៥,៥​ ភាគរយ នៅ​ឆ្នាំ​ ២០១៨ មក​ត្រឹម ២៧,៥​ ភាគរយ នៅ​ឆ្នាំ​ ២០២៥​។ ចន្លោះ​ឆ្នាំ ២០២៤-២០២៦ ​កម្ពុជា​អាច​នឹង​បង្កើត​ការងារ​បាន​ប្រមាណ​ ២៣,៥​ ម៉ឺន​នាក់​ក្នុង ១​ ឆ្នាំ​។ កំណើន​ការងារ​ជា​មធ្យម​ប្រមាណ ​២,៥​ ភាគរយ​ក្នុង ១ ​ឆ្នាំ​៕