​ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់លោក​ទៅកាន់​ប្រទេស​អូស្ត្រាលី​នា​ខែមីនា​ខាងមុខ លោក​មាន​គោលដៅ​កៀរគរ​វិនិយោគិន​បរទេស​មក​វិនិយោគ​នៅ​កម្ពុជា ដើម្បី​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​។​


​ការ​ថ្លែង​របស់​លោកនាយក​​រដ្ឋមន្ត្រី​បែបនេះ​ក្នុង​ពិធី​បិទ​ស​ន្និ​​បាត​បូកសរុប​ការងារ​ឆ្នាំ​​​ ២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​ ២០២៤ របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ កាលពី​ថ្ងៃទី​ ៨ ខែកុម្ភៈ ឆ្នាំ​ ២០២៤​។​

លោក​ថា ដំណើរ​ទស្សនកិច្ច​រប​ស់លោក​ទៅកាន់​អូស្ត្រាលី​មិន​ខុសពី​ដំណើរ​ទស្សនកិច្ច​នៅក្រៅ​​ប្រទេស​ដូច​រាល់ដង​ឡើយ​ គឺ​ដើម្បី​ទៅ​កៀរគរ​ក្រុម​អ្នកវិនិយោគ​បរទេស​ឱ្យមក​បណ្តាក់ទុន​នៅ​កម្ពុជា ដែល​លោក​ប្រើ​ភាសា​ថា «​ទៅ​ទាក់​ម៉ូយ​»​។ 


​លោក​បន្តថា​៖ «​ទាក់​ម៉ូយ​គ្រប់កន្លែង​តាំងពី​ខ្ញុំ​មក ទាក់​ច្រើន​ទ្វីប​ហើយ ទាក់​ពី​អា​ស៊ី​រហូត​ទៅដល់​អឺរ៉ុប រហូត​ទៅដល់​អាមេរិក ខែក្រោយ​ទៅ​ទាក់​ម៉ូយ​នៅ​អូស្ត្រាលី​ទៀត អ៊ីចឹង​ឆ្លង​ទ្វីប​ជិះ​យន្តហោះ​ទាក់​ម៉ូយ​»​។​

​ក្នុងន័យនេះ លោកនាយក​រដ្ឋ​​មន្ត្រី​លើកឡើងថា គឺជា​ការ​កៀរគរ ផ្សព្វផ្សាយ​ពី​សក្តានុពល​កម្ពុជា ទៅកាន់​រង្វង់​អ្នកវិនិយោគ​បរទេស ដែល​អាច​បើក​លទ្ធភាព​វិស័យ​ឯកជន​កំពុង​វិនិយោគ​នៅ​កម្ពុជា បន្ត​យកចិត្តទុកដាក់ និង​ពង្រីក​ការវិនិយោគ​របស់ខ្លួន​បន្ថែមទៀត ហើយ​បើក​លទ្ធភាព​ដល់​អ្នក​វិ​និ​យោគ​បរទេស​ឱ្យ​ចាប់អារម្មណ៍​មក​ដាក់ទុន​វិនិយោគ​នៅ​កម្ពុជា​។​


​លោក​សង្កត់ធ្ងន់ថា​៖ «​គោល​ដៅ​ធំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា គឺ​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច ការ​បង្កើត​ការងារ ជូន​ប្រជាពលរដ្ឋ ខណៈ​តួអង្គ​ការងារ​នៅក្នុង​ប្រទេស​កម្ពុជា​រួមមាន មន្ត្រីរាជការ អង្គការក្រៅរដ្ឋាភិបាល ស្វ័យ​និ​យោជន៍​និង​វិស័យ​ឯកជន​ដែល​ទាំងអស់នេះ គឺជា​តួអង្គ​ដែល​បង្កើត​ការ​ងារ​ប្រកបដោយ​ចីរភាព ដែល​ជួយ​ជំរុញ​សេដ្ឋកិច្ចកម្ពុជា បាន​រីក​ចម្រើន​ដោយ​ចីរភាព​»​។​

​លោក​ ហ៊ុន ម៉ា​ណែ​ត បញ្ជាក់ថា ចាប់​តាំងពី​ខែសីហា ឆ្នាំ ២០២៣ ​ដែល​លោក​ឡើងកាន់តំណែង​ជានា​​យក​រដ្ឋមន្ត្រី​មក​លោក​បាន​កៀរ​​គរ​អ្នកវិនិយោគ​បាន​ប្រមាណ ១៧២​ គម្រោង ជាមួយ​ទំហំ​ទឹក​ប្រាក់​វិនិយោគ ៣,៨៦ ​ពាន់​លាន​ដុល្លារ ជាមួយ​ការបង្កើត​ការងារ​ដល់​ពលរដ្ឋ​ជាង ១៩​ ម៉ឺន​កន្លែង ជា​ចំណែក​រុញច្រាន​កំណើន​សេដ្ឋ​កិច្ច និង​រក​ការងារ​ជូន​ពលរដ្ឋ​។​

​លោក​បន្ថែមថា​៖ «​សូម្បីតែ​ក្នុង​ខែមករា ឆ្នាំ​ ២០២៤ គម្រោង​ដែល​ត្រូវបាន​អនុម័ត​ដោយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុ​ជាមាន​ ៣២ ​គម្រោង គិត​ជា​ទុនវិនិយោគ​ជិត ២០០ ​លាន​ដុល្លារ​។ ចំពោះ​គម្រោង​វិ​និ​យោគ​ក្នុង​ខែមករា​នេះ​អ្នក​ដែល​ចាំ​​តែ​ថា បែរជា​ថា គម្រោង​ទឹកភ្នែក​ទៅវិញ​ទប់​អ្នក​ចាំ​ថា មិន​ជាប់​ទេ​»​។​

​ពាក់ព័ន្ធ​នឹង​រឿងនេះ​ដែរ លោក​ គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​ប​ង្ហា​ញ​សុទិដ្ឋិនិយម​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ ហ៊ុន ម៉ា​ណែ​ត ទៅកាន់​អូស្ត្រាលី​ទាំង​ក្នុងន័យ​កៀរគ​រវិ​និ​យោគ និង​ពង្រឹង​ទំនាក់ទំនង​ការ​ទូត​ទ្វេភាគី ដែល​នឹង​នាំមក​នូវ​កំណើន​វិនិយោគ ការផ្លាស់ប្តូ​រពា​ណិ​ជ្ជ​កម្ម​នៃ​ប្រទេស​ទាំង​ ២ ​ដែល​ធ្វើឱ្យ​នយោបាយ​ការបរទេស​កម្ពុជា​កាន់តែ​មាន​លក្ខ​ណៈ​ផ្កា​ចម្រុះ​ពណ៌​ក្នុង​រូបភាព​អន្តរជាតិ ឆ្លើយតប​ទៅនឹង​ការចោទប្រកាន់ថា កម្ពុជា​ពឹងផ្អែក​ជ្រុល​លើ​ចិន​។​

​លោក​ថា​៖ «​ដំណើរ​ទស្សនកិច្ច​នេះ​ជា​ពិពិធ​កម្ម​ការទូត​កម្ពុជា ពិពិធ​កម្ម​ទីផ្សារ ដែល​យើង​ត្រូវ​ជំរុញ​ទំនាក់ទំនង​ទាំង​ទ្វេភាគី និង​ពហុភាគី ជាមួយ​ប្រទេស​ជា​មិត្ត​ដើម្បី​សម្រេច​គោលដៅ​ប្រែក្លាយ​កម្ពុជា​ជា​ប្រទេស​ចំណូល​កម្រិត​ខ្ពស់​ឆ្នាំ​ ២០៥០»​។

លោក​បន្តថា ៖ «​ទំនាក់ទំនង​កម្ពុជា​-​អូស្ត្រាលី កំពុង​ឈានទៅ​មុខ ហើយ​ប្រទេស​ទាំង​ ២​ គួរ​បង្កើន​ការស្វែងយល់​គ្នា ជាពិសេស​ពាក់ព័ន្ធ​ទស្សនៈ​រួម​លើ​ប្រជាធិបតេយ្យ​សិទ្ធិមនុស្ស លម្ហ​នយោបាយ សង្គម​ស៊ីវិល​»​។​

​កម្ពុជា និង​អូស្ត្រាលី​ គួរ​បង្កើន​ការគាំទ្រ​គ្នា​ផ្នែក​នយោបាយ​ទាំង​ក្នុង​វេទិកា​ថ្នាក់​តំបន់ និង​អន្តរ​ជាតិ​បង្កើន​ការផ្លាស់ប្តូរ​ទស្សនកិច្ច​ជាន់ខ្ពស់​ឱ្យ​ញឹកញាប់ ក៏ដូចជា​ជំរុញ​ការផ្លាស់ប្តូរ​រវាង​ប្រជាជន និង​ប្រជាជន និង​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​។

​សូម​ជម្រាប​ដែរ​ថា អូស្ត្រាលី​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​លំដាប់​ទី១៧ របស់​កម្ពុជា ដោយ​នៅក្នុង​ឆ្នាំ​ ២០២២ ​ពាណិជ្ជកម្ម​ទ្វេភាគី​មាន​ទំហំ​ជាង ​៥២៣​ លាន​ដុល្លារ ដែល​កើន ៦០,៩% ធៀប​នឹង​ឆ្នាំ​ ២០២១​។ នេះ​បើ​ផ្អែក​តាម​ទិន្នន័យ​របស់​អគ្គនាយក​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា (GDCE)​។

​ក្នុងជំនួប​ពិភាក្សា​ការងារ​រវាង​ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា​លោក Justin Kevin Whyatt និង​លោក​ហ៊ុន ម៉ា​ណែ​ត​កាលពីដើមឆ្នាំ ​២០២៤ អូស្ត្រាលី​បង្ហាញ​សុ​ឆន្ទៈ​ចង់​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​ជាពិសេស​ពាក់ព័ន្ធ​វិស័យសេដ្ឋកិច្ច កា​រវិ​និ​​យោគ ពាណិជ្ជកម្ម កសិកម្ម និង​ការប្រែប្រួល​អាកាសធាតុ​៕