ភ្នំពេញៈ គណបក្សប្រជាជនកម្ពុជា (CPP) បានប្រកាសជាឱឡារិកពីការចូលរួមបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាដោយគោរពអនុវត្តយ៉ាងម៉ឺងម៉ាត់ខ្ជាប់ខ្ជួនតាមច្បាប់ បទបញ្ជា នីតិវិធី ក្រមសីលធម៌នៃការបោះឆ្នោតនិងគោរពលទ្ធផលនៃការបោះឆ្នោត ខណៈគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រកាសថា ស្ថានភាពនៃការឃោសនានៅថ្ងៃទី ១ ដំណើរការដោយរលូន។
ការប្រកាសនេះធ្វើឡើងតាមរយៈសារលិខិតលោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ កាលពីថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៤។
លោកបានលើកឡើងថា គណបក្សប្រជាជនកម្ពុជា ប្ដេជ្ញាបន្តខិតខំអស់ពីលទ្ធភាពក្នុងការអនុវត្តកម្មវិធីនយោបាយរបស់ខ្លួនដើម្បីថែរក្សាយ៉ាងរឹងមាំនូវសន្តិភាព ការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ពង្រឹងពង្រីកលទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋទាំងនៅថ្នាក់ជាតិ និងនៅថ្នាក់ក្រោមជាតិ។
លោក ហ៊ុន សែន បានបញ្ជាក់ថា៖ «គណបក្សប្រជាជនបន្តជំរុញការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនខ្លាំងក្លាធ្វើឱ្យប្រជាជនមានជីវភាពកាន់តែសម្បូរសប្បាយ រស់នៅយ៉ាងសុខដុមរមនាក្នុងសង្គម ប្រកបដោយការគោរពតម្លៃមនុស្ស សេរីភាព និងយុត្តិធម៌»។
លោកថា គណបក្សរបស់លោកនឹងចូលរួមសហការជាមួយបណ្តាគណបក្សនយោបាយ មជ្ឈដ្ឋានចម្រើនជឿនលឿននានាក្នុងសង្គម និងអាជ្ញាធរមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ដើម្បីរក្សាបរិយាកាសនយោបាយល្អប្រសើរប្រកបដោយលក្ខណៈសេរី យុត្តិធម៌ សណ្តាប់ធ្នាប់ល្អ និងសុវត្ថិភាព សម្រាប់ការបោះឆ្នោតក្នុងគោលដៅពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ នៅកម្ពុជាឱ្យកាន់តែរឹងមាំឡើង។
ជាមួយគ្នានេះលោកក៏បានអំពាវនាវដល់អ្នកតំណាងរាស្ត្រ និងសមាជិកសមាជិកាក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងអស់នៅទូទាំងប្រទេស ទៅបោះឆ្នោត និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា ទេវតាបាចផ្កា និងមានលេខរៀងទី១ នៅលើសន្លឹកឆ្នោតឱ្យបានគ្រប់ៗគ្នា។
យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ ២០២៤ នេះ មានរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៤ ហើយការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៥ ខែកុម្ភៈ។គណបក្សប្រជាជនកម្ពុជា បានធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនេះនៅតាមបណ្តារាជធានីខេត្តធំៗកាលពីថ្ងៃទី ១០ ខែកុម្ភៈ រួមមាន រាជធានីភ្នំពេញ ខេត្តឧត្តរមានជ័យ កំពត ព្រៃវែង កំពង់ស្ពឺ និងខេត្តព្រះសីហនុ។
លោក នេត្រ ភក្ត្រា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះដែលបានដឹកនាំពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ ២០២៤ នៅមណ្ឌលភូមិភាគទី៨ បានលើកឡើងថា ការបោះឆ្នោតព្រឹទ្ធសភាជាការបោះឆ្នោតអសកល ប៉ុន្តែពិតជាមានសារៈសំខាន់ដ៏ធំធេង និងជាការពង្រឹងដំណើរការប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា។
លោកបានបន្តថា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាគឺជាការបោះឆ្នោតជូនខ្លួនឯង និងបោះឆ្នោតដើម្បីការពារសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ។
លោកបានបញ្ជាក់ថា៖ «គណបក្សប្រជាជនកម្ពុជាជាគណបក្សតែ ១ គត់ ដែលបានដើរតួនាទីស្នូលក្នុងការសង្គ្រោះជាតិ នាំយកសុខសន្តិភាពពេញលេញ និងអភិវឌ្ឍជាតិឱ្យរីកចម្រើនដូចសព្វថ្ងៃនេះ ហើយគ្មានគណបក្សណាមួយអាចមកជំនួសតួនាទីគណបក្សប្រជាជនកម្ពុជាបានឡើយ»។
សូមបញ្ជាក់ថា ភូមិភាគទី៨ មានអាសនៈចំនួន ៦ និងបណ្តុំខេត្តចំនួន ៦ រួមមាន ខេត្តក្រចេះ កំពង់ធំ ព្រះវិហារ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី។
ចំណែក គណបក្សឆន្ទៈខ្មែរ ក៏បានធ្វើយុទ្ធនាការបោះឆ្នោតដំបូងរបស់ខ្លួនផងដែរកាលពីថ្ងៃទី ១០ ខែកុម្ភៈ ដោយការជួបជុំប្រជុំ និងចាក់មេក្រូផ្សព្វផ្សាយ នៅទីស្នាក់ការ គណបក្សមួយចំនួន និងនៅតាមផ្ទះសមាជិកគណបក្ស ដោយមិនមានការហែក្បួនឡើយ។
គណបក្សឆន្ទៈខ្មែរ បានលើកឡើងតាមរយៈហ្វេសប៊ុកថា៖«សមាជិកទាំងអស់បានប្តេជ្ញាចិត្តគោរពតាមការណែនាំរបស់គណបក្សភ្លើងទៀនដោយបោះឆ្នោតជូនបេក្ខជនគណបក្សឆន្ទៈខ្មែរ ដែលមានលេខរៀងទី២»។
សម្រាប់គណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សកម្លាំងជាតិ នៅថ្ងៃឃោសនាបោះឆ្នោតថ្ងៃទី ១ មិនមានប្រារព្ធពិធីជួបជុំ ឬហែក្បួននោះឡើយ ប៉ុន្តែគណបក្សហ្វ៊ុនស៊ិនប៉ិចនៅខេត្តកណ្តាល បានចាប់ផ្តើមដង្ហែក្បួនឃោសនាបោះឆ្នោតក្នុងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ នៅថ្ងៃទី ១១ ខែកុម្ភៈ ដោយមានអ្នកចូលរួមប្រមាណ ១០០ នាក់។
ទាក់ទងនឹងស្ថានភាពទូទៅនៅថ្ងៃដំបូងនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានជូនដំណឹងឱ្យដឹងថា ថ្ងៃទី ១០ ខែកុម្ភៈ គឺជាថ្ងៃដំបូងនៃយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ ២០២៤។
គ.ជ.ប បានប្រកាសថា៖ «ដោយសារមានកិច្ចសហការល្អពីសំណាក់អាជ្ញាធរដែនដី កងកម្លាំងមានសមត្ថកិច្ចជាមួយគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) និងគណបក្សនយោបាយផងនោះ ដំណើរការឃោសនាបោះឆ្នោតនៅថ្ងៃដំបូងនេះ បានប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សា មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ និងពុំមានបាតុភាពណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ»។
សូមរំឭកដែរថា គណបក្សនយោបាយចំនួន ៤ ចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី ៥ រួមមាន គណបក្សប្រជាជនកម្ពុជាឈរនៅលំដាប់លេខរៀងទី ១, គណបក្សឆន្ទៈខ្មែរឈរនៅលំដាប់លេខរៀងទី ២,គណបក្សហ្វ៊ុនស៊ិនប៉ិចឈរនៅលំដាប់លេខរៀងទី ៣ និងគណបក្សកម្លាំងជាតិ ឈរនៅលំដាប់លេខរៀងទី៤៕