ភ្នំពេញៈ លោក នេត វន្ថា ប្រធាននាយកដ្ឋានបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃក្រសួងមហាផ្ទៃបានឱ្យដឹងថា ក្នុងឆ្នាំ ២០២៣ គ្រោះថ្នាក់អគ្គិភ័យបានកើតឡើងចំនួន ៧៦១ លើកនៅទូទាំងប្រទេស ដែលករណីនេះកើនឡើង ១៤៣ លើក បើប្រៀបទៅនឹងឆ្នាំ ២០២២។
លោកបានបន្តថា គ្រោះអគ្គិភ័យបានបណ្តាលឱ្យស្លាប់មនុស្សចំនួន ៥៤ នាក់ និងរបួសមនុស្ស ៩៧ នាក់ រួមនឹងបង្កឱ្យខូចខាតផ្ទះអស់ចំនួន៥៧៩ខ្នងផងដែរ។
លោក នេត វន្ថា បានថ្លែងដូចនេះ ក្នុងកិច្ចប្រជុំបូសរុបការងារបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះប្រចាំឆ្នាំ ២០២៣ និងលើកទិសដៅឆ្នាំ ២០២៤ នៅទីស្តីការក្រសួងមហាផ្ទៃកាលពីសប្តាហ៍មុន។នេះបើតាមហ្វេសប៊ុករបស់នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
លោកបានបញ្ជាក់ថា ៖ «ឆ្នាំ ២០២៣ គ្រោះថ្នាក់អគ្គិភ័យកើតឡើងចំនួន ៧៦១ លើក កើនឡើង ១៤៣ លើក បើប្រៀបទៅនឹងឆ្នាំ ២០២២ ដែលមានករណីអគ្គិភ័យកើតឡើងចំនួន ៦១៨ លើក។ ករណីអគ្គិភ័យបានកើតឡើងច្រើនជាងគេក្នុងរាជធានីភ្នំពេញដែលមាន ១៣៦ លើក»។
លោកបានបន្តថា សម្រាប់ករណីនៅតាមខេត្តមាន ខេត្តកណ្ដាល ៧១ លើក, កំពត ៥៤ លើក, សៀមរាប ៥១ លើក, តាកែវ ៤៤ លើក, ព្រះសីហនុ ៣៧ លើក, ពោធិ៍សាត់ ៣៥ លើក, កំពង់ធំ ៣២ លើក,កំពង់ស្ពឺ ៣១ លើក, បាត់ដំបង ៣០ លើក ខណៈខេត្តដែលមានករណីអគ្គិភ័យតិចជាងគេ គឺខេត្តកែបដែលមានតែ ២ លើកប៉ុណ្ណោះ។
លោកនេត វន្ថា បានបន្ថែមថា ៖«គ្រោះអគ្គិភ័យបានបណ្តាលមានមនុស្សស្លាប់ចំនួន៥៤នាក់ និងរងរបួសចំនួន៩៧នាក់ ដោយមានការខូចខាត(ឆេះ)ផ្ទះចំនួន៥៧៩ខ្នង, ឆេះតូប៦៩តូប,ឆេះបន្ទប់ ៣៩បន្ទប់,ឆេះរោងចក្រ៥, ឆេះក្លិបកម្សាន្ត៤ និងឧបករណ៍សម្ភារយានយន្តជាច្រើនទៀតដែលគិតជាប្រាក់រាប់លានដុល្លារ»។
លោក នេត វន្ថា បានឱ្យដឹងបន្ថែមនៅថ្ងៃទី១២ ខែកុម្ភៈ ដោយលោកនៅតែបន្តអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន និងបង្កើនការការពារក្នុងអំឡុងរដូវប្រាំងនេះ រហូតដល់រដូវធ្លាក់ភ្លៀងវិញ។
លោកបានបញ្ជាក់ថា៖ «រដូវវស្សាមានភ្លៀងមកវិញមិនមែនបញ្ចប់មិនមានករណីអគ្គិភ័យទេ ប៉ុន្តែទោះជាយ៉ាងណាអគ្គិភ័យភាគច្រើនមានកំណើនកើនឡើងខ្ពស់គឺនៅក្នុងរដូវប្រាំង។អ៊ីចឹងខ្ញុំសូមសំណូមពរឱ្យប្រជាពលរដ្ឋទាំងអស់និងមន្ទីរ ក្រសួងស្ថាប័នរដ្ឋដែលប្រើប្រាស់ចរន្តអគ្គិសនីឬសារធាតុងាយឆេះផ្សេងៗសូមបង្កើនការប្រុងប្រយ័ត្នដោយទុកដាក់ឱ្យមានសុវត្ថិភាពខ្ពស់បំផុត»។
ជុំវិញករណីគ្រោះ អគ្គិភ័យនេះ លោក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិបានកោតសរសើរចំពោះទឹកចិត្តរបស់កងកម្លាំងបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះដែលមានឆន្ទៈមោះមុតក្នុងកិច្ចប្រតិបត្តិការជួយប្រជាពលរដ្ឋ និងធ្វើឱ្យករណីអគ្គិភ័យមានការថយចុះ។
លោកបានថ្លែងថា៖«ការគ្រប់គ្រងកម្លាំងនៅក្នុងដៃគឺជាការចាំបាច់បំផុតក្នុងការបែងចែកវេនទទួលខុសត្រូវ និងត្រូវគ្រប់គ្រងមធ្យោបាយនៅតាមបណ្តារាជធានី ខេត្ត ការថែទាំសម្ភារមធ្យោបាយគឺជាការចាំបាច់ ជាពិសេសត្រូវហ្វឹកហាត់សម និងបំប៉នជំនាញដល់មន្ត្រីជាប្រចាំ»។
លោក ចេវ ហាក់ បានបន្តទៀតថា ពាក់ព័ន្ធការគ្រប់គ្រងវិញមន្ត្រីនៅតាមបណ្តារាជធានីខេត្ត
ត្រូវតែស្គាល់ផែនទីភូមិសាស្ត្រឱ្យបានច្បាស់រួមទាំងទំនាក់ទំនងរវាងខេត្តជាប់គ្នាដើម្បីជួយអន្តរាគមន៍ទាន់ពេលវេលា។
លោកបានបន្ថែមថា៖«ពាក់ព័ន្ធការផ្សព្វផ្សាយអប់រំគឺយើងមានយន្តការរួចហើយក្នុងការចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅតាមខ្នងផ្ទះដើម្បីឱ្យពួកគាត់បានយល់ដឹងពីរបៀបប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យ ការបង្ការកុំឱ្យកើតមានអគ្គិភ័យ»៕