ក្រចេះៈក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផល និងអង្គការមូលនិធិសកល សម្រាប់អភិរក្សធនធានធម្មជាតិ(WWF) បានប្រទះឃើញកូនផ្សោតទើបតែកើតថ្មី ១ ក្បាល មានអាយុប្រមាណ ២ថ្ងៃ ស្ថិតនៅអន្លង់កាំពី ក្នុងខេត្តក្រចេះ ខណៈកូនផ្សោតនេះជាកូនផ្សោតទី១ ដែលបានកត់ត្រានៅក្នុងឆ្នាំ២០២៤នេះ។
កូនផ្សោតទើបនឹងកើតនេះត្រូវបានក្រុមឆ្មាំទន្លេប្រទះឃើញក្នុងពេលចុះល្បាត និងបានរាយការណ៍ជូនក្រុមការងារស្រាវជ្រាវ នៃរដ្ឋបាលជលផលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការ WWF ដើម្បីចុះស្រាវជ្រាវ និងថតយករូបជាក់ស្តែង នៅអន្លង់កាំពី ស្ថិតក្នុងភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី។
កូនផ្សោតដែលទើបនឹងកើតថ្មីនេះស្ថិតក្នុងក្រុមហ្វូងសត្វផ្សោតធំដែលមានចំនួនប្រមាណ ៦ក្បាល ហើយវាជាកូនផ្សោតទី១ ដែលបានកត់ត្រានៅក្នុងឆ្នាំ២០២៤នេះ។ នេះបើយោងតាមហ្វេសប៊ុករបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤។
លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល នៃក្រសួងកសិកម្ម បានប្រាប់ឱ្យដឹងនៅថ្ងៃទី១២ ខែកុម្ភៈថា ក្នុងឆ្នាំ២០២៣ កន្លងមក កម្ពុជាទទួលបានកូនផ្សោតចំនួន ៨ក្បាល ប៉ុន្តែបានស្លាប់ទៅវិញអស់ ២ក្បាលហើយ ដូច្នេះនៅសល់កូនផ្សោតតែ៦ក្បាលទេ។
កូនផ្សោតដែលសល់ ៦ក្បាលក្នុងឆ្នាំ២០២៣ បើធៀបនឹងឆ្នាំ២០២២ មានការកើនឡើង ដូច្នេះហើយក្នុងឆ្នាំ២០២៤នេះ លោករំពឹងថា កូនផ្សោតអាចមានចំនួនកើនឡើងជាងឆ្នាំ២០២៣។
លោកថ្លែងថា៖ «អ៊ីចឹង!ឆ្នាំនេះ យើងប្រឹងប្រែងយ៉ាងហោចណាស់ក៏ទទួលបានកូនផ្សោតចាប់ពី ៨ក្បាលឡើងទៅដែរ ទោះបីជាចំនួននេះមិនទាន់ប្រាកដក៏ដោយ ប៉ុន្តែយើងនឹងប្រឹងប្រែងដាក់វិធានការ និងបទបញ្ជាយ៉ាងតឹងរ៉ឹងនៅក្នុងការចុះល្បាត២៤ម៉ោងលើ២៤ម៉ោងលើការងារហ្នឹង»។
លោក អ៊ុក វិបុល ថ្លែងថា កូនផ្សោត ១ក្បាលដែលទើបនឹងកើតនៅដើមឆ្នាំ២០២៤នេះ វាជាមោទនភាពក្នុងនាមអ្នកអភិរក្ស និងក្រុមការងារដៃគូផ្សេងទៀត បានខិតខំប្រឹងប្រែងអនុវត្តទប់ស្កាត់បទល្មើស ការការពារជម្រក ក៏ដូចជាអប់រំប្រជាពលរដ្ឋជាដើម។
លោកបញ្ជាក់ថា៖«នៅពេលដែលយើងទទួលបានកូនផ្សោតមួយៗ គឺជាមោទនភាព និងជាសមិទ្ធផលធំធេងដែលទាំងអស់គ្នាមានសេចក្ដីសប្បាយរីករាយចាប់ពីប្រជាពលរដ្ឋ រហូតដល់រាជរដ្ឋាភិបាល»។
ការរាប់ចំនួនផ្សោត ធ្វើឡើងរយៈពេល ៣ឆ្នាំម្ដង ព្រោះត្រូវរង់ចាំឱ្យផ្សោតមានអាយុចាប់ពី ៣ឆ្នាំឡើង ទើបអាចរាប់ចំនួនបាន ហេតុនេះហើយមកដល់សព្វថ្ងៃនេះ តាមការប៉ាន់ស្មានផ្សោតដែលអាចរាប់បានមានចំនួនប្រមាណជា ៩០ក្បាលទាំងផ្សោតមេពូជ ក៏ដូចជាផ្សោតវ័យជំទង់។ នេះបើតាមលោក អ៊ុក វិបុល។
ចំណែក លោក សេង ទៀក នាយកប្រតិបត្តិអង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ (WWF) ក៏បានឱ្យដឹងដែរថា សត្វផ្សោតទន្លេមេគង្គ ត្រូវបានចាត់ទុកថា ជារតនសម្បត្តិជាតិមានជីវិតរបស់កម្ពុជា ហើយជាប្រភេទផ្សោតមួយប្រភេទស្ថិតក្នុងចំណោម ៦ប្រភេទ នៃសត្វផ្សោតទឹកសាបកម្របំផុត ដែលនៅសេសសល់ក្នុងពិភពលោក។
លោកបានថ្លែងថា៖ «ក្នុងនាមយើងជាអ្នកអភិរក្ស និងជាដៃគូយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល កំណត់ត្រាកូនផ្សោតកើតថ្មីនេះ គឺជាព័ត៌មានល្អ លើកទឹកចិត្ត និងផ្តល់នូវក្តីសង្ឃឹម។ ដូច្នេះ យើងចូលរួមការពារសត្វផ្សោត និងរក្សាលំហូរសេរីនៃទន្លេមេគង្គដែលជាប្រភពទ្រទ្រង់ជីវិតដ៏សំខាន់សម្រាប់សត្វសំខាន់ៗ និងមនុស្សផងដែរ»។
លោកបានបន្តថា ចំពោះវត្តមានកូនផ្សោតដែលទើបនឹងកើតថ្មីនេះ វាកើតឡើងពីការខិតខំរួមគ្នាគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្រោមការចង្អុលបង្ហាញរបស់រាជរដ្ឋាភិបាល ឃើញថា ការខិតខំប្រឹងប្រែងរួមគ្នានេះ វាពិតជាបានផល និងទទួលបានប្រសិទ្ធភាពពិតមែន ជាពិសេសទៅលើការងារបង្ក្រាបការប្រើប្រាស់ឧបករណ៍ឆក់ និងមងនេសាទជាដើម៕