ភ្នំពេញៈ លោក ម៉ុក ដារ៉ា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប ) បានប្រាប់ឱ្យដឹងថា យុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ មានភាពស្ងប់ស្ងាត់ សន្តិសុខល្អ គ្មានការគំរាមកំហែង និងប្រព្រឹត្តទៅតាមគោលការណ៍កំណត់ និងក្រមសីលធម៌។
លោក ម៉ុក ដារ៉ា បានប្រាប់ឱ្យដឹងនៅថ្ងៃទី១២ ខែកុម្ភៈថា គណបក្សនយោបាយចំនួន ៤ បានធ្វើសកម្មភាពឃោសនារកសំឡេងឆ្នោត ដោយបានអនុវត្តទៅតាមកាលកំណត់ ក៏ដូចជាការស្នើសុំទៅកាន់គណៈកម្មការរៀបចំការបោះឆ្នោតរាជធានី ខេត្តនីមួយៗ។
លោកបានបន្តថា៖ «ការរៀបចំយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយមានភាពចាស់ទុំ និងគោរពគោលការណ៍ច្បាប់ បទបញ្ជា នីតិវិធី និងមានសីលធម៌។ តាមរយៈសកម្មភាពនេះ គ.ជ.ប វាយតម្លៃថា គណបក្សនយោបាយបានធ្វើការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នេះ ដោយការគោរពគ្នាទៅវិញទៅមក និងរក្សាផលប្រយោជន៍ជាតិជាធំ»។
លោក គឹមសួរ ភិរិទ្ធ បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានៅភូមិភាគទី ៧ មកពីគណបក្សឆន្ទៈខ្មែរ ក៏បានទទួលស្គាល់ដែរថា យុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយនានាមានសភាពរលូន ខណៈគណបក្សឆន្ទៈខ្មែរ មិនមានធ្វើពិធីហែក្បួនឃោសនាធំដុំនោះទេ ដោយគ្រាន់តែជួបជុំតែអង្គបោះឆ្នោតដែលជាសមាជិកក្រុមប្រឹក្សាគណបក្សភ្លើងទៀនប៉ុណ្ណោះ។
លោក គឹមសួរ ភិរិទ្ធ បានថ្លែងថា៖«គណបក្សឆន្ទៈខ្មែរ មិនមានការហែក្បួនឃោសនា ទេ ព្រោះគណបក្សយល់ឃើញថា វារំខាន និងចំណាយថវិកាឥតប្រយោជន៍។ សំខាន់ អ្នកបោះឆ្នោត យើងដឹងហើយ»។
លោក សម គន្ធាមី ប្រធានអង្គការឃ្លាំមើលការបោះឆ្នោតនិចហ្វិក នៅថ្ងៃទី១២ ខែកុម្ភៈ មិនអាចសុំការធ្វើអត្ថាធិប្បាយទេ ដោយលោកប្រាប់ថា កំពុងជាប់រវល់។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.បនៅថ្ងៃទី១១ ខែកុម្ភៈ បានបញ្ជាក់ថា តាមរបាយការណ៍របស់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) នៅថ្ងៃទី១១ ខែកុម្ភៈ យុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ មានតែគណបក្សហ៊្វុនស៊ិនប៉ិច មួយប៉ុណ្ណោះដែលបានហែក្បួនឃោសនាបោះឆ្នោត គឺនៅខេត្តកណ្ដាល នៃភូមិភាគទី៣ ដែលមានអ្នកចូលរួមប្រមាណ ១០០ នាក់។
ចំណែក គណបក្សប្រជាជនកម្ពុជា បានធ្វើសកម្មភាពជួបប្រជុំ ចុះជួបអ្នកបោះឆ្នោត ចែកខិត្តប័ណ្ណ និងចាក់មេក្រូផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្ស នៅតាមទីស្នាក់ការគណបក្សតាម ខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់។
រីឯ គណបក្ស ឆន្ទៈខ្មែរ បានឃោសនាបោះឆ្នោតតាមរយៈការជួបប្រជុំ ការចុះជួបអ្នកបោះឆ្នោត និងការចាក់មេក្រូផ្សព្វផ្សាយនៅទីស្នាក់ការគណបក្ស និងផ្ទះសមាជិកគណបក្ស ខណៈគណបក្ស កម្លាំងជាតិ ពុំទាន់ធ្វើសកម្មភាពឃោសនាបោះឆ្នោតនៅឡើយទេ។
គ.ជ.ប បានវាយតម្លៃថា ៖«ជារួម ដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយបានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងពុំមានបាតុភាពណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ»។
សូមបញ្ជាក់ថា ការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ មានរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤៕