​ភ្នំពេញៈ ក្រសួងទេសចរណ៍បានឱ្យដឹងថា ក្នុង​រយៈពេល ៣ ​ថ្ងៃ​ នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ចិន មាន​ភ្ញៀវទេសចរ​ចេញ​ដើរ​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា​ទូទាំងប្រទេស​សរុប ១ ០៥១ ៤៧២ ​នាក់​។​

​របាយការណ៍​ក្រសួង​ទេស​ចរណ៍បង្ហាញថា ក្នុងចំណោម​ភ្ញៀវទេសចរ​ជាង ១ ​លាន​នាក់​ ចេញ​ដើរ​កម្សាន្ត​ក្នុងឱកាស​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​ចាប់​ពីថ្ងៃ​ទី​ ៩-១១ ខែកុម្ភៈ គឺមាន​ភ្ញៀវទេសចរ​ជាតិ ៩៩៣ ៩៩១​ នាក់ និង​ទេសចរ​បរទេស ៥៧ ៤៨១ ​នាក់​។ ក្នុងនោះ​ខេត្ត​ចំនួន ៥ ទទួលបាន​ភ្ញៀវ​ច្រើនជាងគេ​គឺ​ខេត្ត​ព្រះសីហនុ ២៩៤ ៣០១ ​នាក់​, សៀមរាប ១១៧ ៦៧៧​ នាក់​, បាត់ដំបង ៨៩ ៤៤៦​ នាក់​, ប៉ៃលិន ៧៩ ៦៩៣​ នាក់ និង​ខេត្ត​កែប ៧៣ ១៤៥​ នាក់​។​


​អ្នកនាំពាក្យ​ក្រសួង​ទេសចរ​ណ៍ លោក តុ​ប សុភ័ក បានឱ្យដឹង​នៅ​ថ្ងៃទី​ ១២ ខែកុម្ភៈថា បើតាម​របាយការណ៍​ដែល​ក្រសួង​ទទួលបាន​ពី​មន្ទីរ​ទេសចរណ៍​នានា និង​ការរាយការណ៍​បន្ថែម​ពី​ប្រធាន​មន្ទីរ​ទេសចរណ៍​ឃើញថា ការដើរ​កម្សាន្ត​តាម​តំបន់​រមណីយដ្ឋាន​ប្រព្រឹត្ត​ទៅដោយ​រលូន គឺ​មិនមាន​បញ្ហា ឬ​ហេតុ​ការណ៍​ណា​កើតឡើង​ជាយ​ថា​ហេតុ​ទេ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​យើង​សង្កេតឃើញថា ទាំង​ការរក្សា​សណ្តាប់ធ្នាប់ អនាម័យ​នៅតាម​រម​ណី​យ​ដ្ឋា​ន​នានា​ពី​សំណាក់​អាជីវករ​ក៏ដូចជា​ភ្ញៀវទេសចរ​ទៅ​កម្សាន្ត គឺ​ធ្វើ​បានល្អ​ជាង​មុន​ដោយសារតែ​មានការ​​យកចិត្តទុកដាក់​ពី​អាជ្ញាធរ​រាជធានី​ខេត្ត រួមជាមួយ​នឹង​ក្រុមការងារ​របស់​មន្ទីរ​ទេសចរណ៍​តាម​បណ្តា​ខេត្ត​ដែល​ប្រចាំការ​នៅតាម​គោលដៅ​»​។​


​លោក​បន្ថែមថា​៖ «​សភាពការណ៍​ជារួម គឺ​ពុំមាន​បញ្ហា​អ្វី​កើតឡើង​គួរឱ្យ​កត់​សម្គាល់​ទេ បាតុភាព​ផ្សេងៗ​ក៏​មិនមាន​ដែរ ដោយ​យើង​អាច​និយាយថា​អំឡុង​ពេល​ចូលឆ្នាំ​ចិន​កន្លងមកនេះ​ប្រព្រឹត្ត​ទៅដោយ​រលូន ហើយ​បងប្អូន​ប្រជា​​ពលរដ្ឋ​យើង​ចេញ​ដើរ​កម្សាន្ត​ដោយ​ក្តី​​រីករាយ​។ យើង​ក៏​សង្កេតឃើញ​ភ្ញៀវ​​ទេសចរ​ក្នុងស្រុក​មាន​ទំនោរ​ចេញ​ដើរ​កម្សាន្ត​ច្រើន​ឡើងវិញ​នៅពេល​មាន​ពិធីបុណ្យ​នានា បើ​ទោះ​បុណ្យ​នោះ​ជា​បុណ្យជាតិ ឬ​បុណ្យ​សកល​ក៏ដោយ​ជាពិសេស​នៅពេលដែល​ពិធីបុណ្យ​ចំ​ថ្ងៃ​ចុង​សប្តាហ៍​»​។​

​ខេត្តសៀមរាប​ដែល​សម្បូរ​ដោយ​រមណីយដ្ឋាន​វប្បធម៌ និង​ប្រវត្តិសាស្ត្រ​បាន​ក្លាយជា​គោលដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ​មួយ​សម្រាប់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ក្នុងការ​ធ្វើដំណើរ​កម្សាន្ត​នា​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​កន្លងមក​។ នេះ​បើតាម លោក ង៉ូ​វ សេង​កាក់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប ដោយ​ក្នុង​រយៈពេល ៣ ​ថ្ងៃ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន ខេត្តសៀមរាប​ទទួលបាន​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ​ជិត ១២​ ម៉ឺន​នាក់​នេះ កើន​ជាង ១០​ ភាគរយ​ បើ​ធៀប​នឹង​ឆ្នាំ​ ២០២៣ ដែលមាន​ត្រឹម​តែ​ជិត ១១​ ម៉ឺន​នាក់​។​

​លោក​បាន​ប្រាប់ថា​៖ «​ក្នុងនោះ​ភ្ញៀវ​ទេសចរ​ជាតិ​មាន​ចំនួន​ជិត ១០​ ម៉ឺន​នាក់ កើន​ជិត ១១​ ភាគរយ ខណៈ​ឆ្នាំ​មុន​មាន​ប្រហែល ៩​ ម៉ឺន​នាក់​។ ចំណែក​ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​ជិត ២ ​ម៉ឺន​នាក់​កើន​ជិត ១៧​ ភាគរយ ខណៈ​ឆ្នាំមុន​មាន​ជាង ១,៥ ​ម៉ឺន​នាក់​»​។​

​ជាមួយគ្នានេះ​លោក សយ ស៊ី​ណុល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត បានឱ្យដឹង​ដែរ​ថា ក្នុងចំណោម​ភ្ញៀវ​ទេសចរ​ដែល​មក​កម្សាន្ត​នៅ​ខេត្តកំពត​ក្នុងពេល​បុណ្យចូលឆ្នាំ​ចិន​នេះ រម​ណី​យ​ដ្ឋា​ន​ដែល​ទទួលបាន​ទេសចរ​ច្រើនជាងគេ គឺ​តំបន់​ដូង​ទេរ ទឹកឈូ និង​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ​។​

​លោក​បាន​អះអាងថា​៖«​ជារួម​ខេត្ត​កំពត កន្លែង​ទាំង ៣​ ហ្នឹង​ គឺ​ពេញនិយម​ជាងគេ មិន​ថា​បុណ្យ​អ្វី​ទេ ដោយ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ភាគច្រើន​ចូលចិត្ត​ទៅលេង​តំបន់​នេះ​។ យ៉ាងណា​​មិញ​តំបន់​សហគមន៍​ធម្មជាតិ​មួយចំនួន​ក៏​ទទួលបាន​អ្នកទេសចរ​ច្រើន​ដែរ​ក្នុងអំឡុងពេល​បុណ្យ​នេះ​»​។​

​លោក ហូ វណ្ណឌី ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា បានឱ្យដឹងថា ទេសចរ​ក្នុងស្រុក​ដ៏​ច្រើន​តែងមាន​ទំនោរ​ចេញ​ដើរ​កម្សាន្ត​នៅពេល​មាន​ពិធី​បុណ្យទាន​នានា ឬ​នៅ​ថ្ងៃ​ចុង​សប្តាហ៍ ជាពិសេស​ចាប់តាំងពី​ស្ថាន​ការណ៍​កូ​វីដ​ ១៩ បាន​ធូរស្បើយ​។​

​លោក​បាន​បន្ថែមថា កំណើន​ភ្ញៀវ​ទេសចរ​ចិន ដែល​កក់​ដំណើរ​កម្សាន្ត​មក​កម្ពុ​ជានា​រដូវចូលឆ្នាំ​ប្រពៃណី​ចិន​ឆ្នាំ​ ២០២៤ នេះ បាន​កើនឡើង​ច្រើន​បើ​ធៀប​នឹង​រដូវ​កាល​ឆ្នាំមុន ប៉ុន្តែ​មិន​មាន​សម្ទុះ​គំហុក​ខ្លាំង​ទេ ដោយ​លោក​កត់សម្គាល់ថា មាន​កំណើន​ប្រហែល​ពី ២០-៣០ ​ភាគរយ​។ ភាគច្រើន​ភ្ញៀវ​ទាំងនោះ​កក់​លក្ខណៈ​ដំណើរ​កម្សាន្ត​ជា​កញ្ចប់ ដោយមាន​ការសហការ​ជា​​មួយ​នឹង​ការី​ទេសចរណ៍​នៅក្នុង​ស្រុក និង​មួយចំនួនទៀត​រៀបចំ​ផ្ទាល់ខ្លួន​។​

​លោក ហូ វណ្ឌ​ឌី បាន​និយាយថា​៖ «​នៅពេលដែល​ភ្ញៀវ​មាន​ទំនោរ​ចេញ​ដើរលេង​កម្សាន្ត​ច្រើនបែប​នេះហើយ ប្រតិបត្តិ​ករ​ទេសចរ​ទាំងអស់​ត្រូវ​តែ​ចេះ​រិះរក​ផលិតផល​ទេសចរណ៍​ថ្មី ព្រម​ទាំង​គិតគូរ​ពី​តម្លៃ​សេវាកម្ម​ស្នាក់នៅ គុណភាព​សេវាកម្ម និង​ម្ហូបអាហារ​ធូរ​ថ្លៃ​ជាដើម ដើម្បី​ជាការ​ទាក់ទាញ​បន្ថែមទៀត ព្រោះ​ទេសចរ​គាត់​ទៅ​តែម្តង គឺ​គាត់​នឹង​សម្រេច​ថា​គួរ​ទៅទៀត ឬ​អត់ អាស្រ័យ​លើក​ត្តា​ទាំងនេះ​»​។​

​លោក​បាន​បន្តថា ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ចិន គឺជា​ពេល​វិស្សមកាល​របស់​ជនជាតិ​ចិន និង​ជា​ពេលវេលា ដែល​ជនជាតិ​ចិន​ចេញ​ដើរ​កម្សាន្ត​ទាំង​ក្នុង និង​ក្រៅប្រទេស​។ ប្រទេស​មួយចំនួន រួមទាំង​កម្ពុជា​រំពឹងថា​ នឹង​ទទួល​បាន​ភ្ញៀវទេសចរ​ចិន​មក​កម្សាន្ត​ច្រើន ស្រប​ពេលដែល​ឆ្នាំនេះ កម្ពុជា និង​ចិន បានរៀបចំ​ព្រឹត្តិការណ៍ ​«​ឆ្នាំ​នៃ​ការផ្លាស់​​ប្តូរ​ប្រជាជន និង​ប្រជាជន​កម្ពុជា​-​ចិន ២០២៤» ដើម្បី​ចូលរួម​លើកកម្ពស់​ទំនាក់ទំនង​មិត្តភាព​កម្ពុជា​-​ចិន និង​ត្រៀម​ទទួល​ស្វាគមន៍​ភ្ញៀវទេសចរ​ចិន មក​កម្សាន្ត​នៅ​កម្ពុជា​ឱ្យ​កាន់តែច្រើន​ចាប់ពី ពេលនេះ​តទៅ​៕