​ភ្នំពេញៈ យ៉ាងហោចណាស់ មនុស្ស​ ២៣ នាក់​ស្លាប់​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស ត្រឹមតែ​រយៈ​​ពេល ​៣ ​ថ្ងៃ​ក្នុងអំឡុងពេល​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិចិន និង​វៀត​ណា​ម ចាប់ពី​ថ្ងៃទី​ ៩ ដល់​ថ្ងៃទី​ ១១ ខែកុម្ភៈ ឆ្នាំ​ ២០២៤​។  នេះ បើតាម​អ្នកនាំពាក្យ​រង​ក្រសួង​មហាផ្ទៃ លោក ទូច សុ​ខៈ បានឱ្យដឹង​នៅ​ថ្ងៃទី​ ១២ ខែកុម្ភៈ​។​


​លោក សុ​ខៈ​បានឱ្យដឹងថា គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​សរុប​ចំនួន ៣៥ ​ករណី នៅ​ទូទាំងប្រទេស​។ ក្រៅពី​បណ្ដាល​ឱ្យស្លាប់ គ្រោះថ្នាក់​ចរាចរណ៍​រយៈ​ពេល​ ៣ ​ថ្ងៃនេះ ក៏បាន​បណ្ដាលឱ្យមាន​អ្នករងរបួស​ចំនួន​ ៤១​ នាក់​ផងដែរ ទាំង​របួសធ្ងន់ និង​ស្រាល ដែល​មកដល់ពេលនេះ មាន​ខ្លះ​កំពុង​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​រដ្ឋ និង​ឯកជន និង​ខ្លះ​កំពុង​សម្រាក​ព្យាបាល​តាម​ផ្ទះ​។​

​លោក​បាន​ថ្លែងថា​៖ «​បញ្ហា​ចរាចរណ៍​នៅតែ​ជា​កង្វល់ ដែល​ត្រូវ​ពង្រឹង​ច្បាប់​មិនអាច​ដើរ​ថយក្រោយ​ទេ​។ បញ្ហា​នេះ​ជា​របៀបវារៈ​អាទិភាព​មួយ​ក្នុងចំណោម​ទិសដៅ​អាទិភាព​ទាំង​ ៦  របស់​ក្រសួង​មហាផ្ទៃ ក្នុងនោះ​មាន បញ្ហា​គ្រឿង​ញៀន ចរាចរណ៍ បទល្មើស​ព្រហ្មទណ្ឌ​នានា ករណី​ក្មេង​ទំនើង ការជួញដូរ​មនុស្ស និង​បញ្ហា​នានា​តាម​បន្ទាត់​ព្រំដែន​ទាំង​គោក និង​ទឹក​»​។​


​លោក ទូច សុ​ខៈ ថ្លែងថា លោក ស សុខា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​តែងតែបាន​ណែនាំ​អគ្គស្នងការដ្ឋាន​នគរ​បាល​​ជាតិ រដ្ឋបាល​រាជធានី​ខេត្ត ជាពិសេស​កម្លាំង​នគរបាល​ចរាចរណ៍​គ្រប់​គោល​ដៅ មាន​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ក្នុងការ​អនុវត្ត​ច្បាប់​ប្រកបដោយ​ក្រម​សីល​​ធម៌ និង​វិន័យ​កងកម្លាំង ហើយ​ត្រូវខិតខំ​ប្រឹងប្រែង​កាត់បន្ថយ​គ្រោះថ្នាក់​ច​រា​ចរណ៍​ផ្លូវគោក ក្នុង​ឆ្នាំ​ ២០២៤ នេះ ឱ្យមាន​ប្រសិទ្ធភាព​។​

​លោក គឹម បញ្ញា ប្រធាន​អង្គ​ការមូល​និ​ធិ​បង្ការ​របួស​អាស៊ី បានឱ្យដឹង​នៅ​ថ្ងៃទី ​១២ ខែកុម្ភៈ​ថា តាមរយៈ​ទិន្នន័យ​នេះ​ឃើញថា ចំនួន​អ្នកស្លាប់​បាន​កើន​ឡើង​បើ​ធៀប​ជាមួយនឹង​ឆ្នាំ ២០២៣​ កន្លងទៅ​ក្នុង​រយៈពេល​ដូចគ្នា ខណៈ​អ្នករបួស​មានការ​ថយចុះ​។​


​លោក គឹម បញ្ញា បាន​បញ្ជាក់ថា ចំនួន​អ្នកស្លាប់ និង​របួស​នេះ គឺជា​ការ​ព្រួយបារម្ភ​ខ្ពស់​សម្រាប់​ឆ្នាំនេះ ដែល​នៅ​ឆ្នាំ​ ២០២៣ លោក​មើលឃើញ​ពី​សញ្ញា​វិជ្ជមាន​ពី​ការថយចុះ​នៃ​ចំនួន​អ្នក​​ស្លាប់ ខណៈ​ទិសដៅ​នៅ​ឆ្នាំ​ ២០២៤ ​នេះ ធ្វើយ៉ាងណា ឱ្យ​ចំនួន​អ្នកស្លាប់​ពី​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ថយចុះ ប៉ុន្តែ​តាមរយៈ​តួលេខ​នេះ បែរជា​កើនឡើង​ទៅវិញ ទោះជា​នៅក្នុង​ពិធីបុណ្យ​មិន​ផ្លូវការ​ក៏ដោយ​។​

​លោក គឹម បញ្ញា បាន​ថ្លែងថា​៖ «​ខ្ញុំ​នៅ​តែ​លើកទឹកចិត្ត​ឱ្យ​បន្ត​ជំរុញ​ការអនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ឱ្យបាន​ជាប់លាប់ ទូលំទូលាយ និង​ម៉ឺងម៉ាត់ ទាំងថ្ងៃទាំងយប់​ប្រកបដោយ​ក្រម​​សីលធម៌ មាន​តម្លាភាព ស្មើភាព​ឱ្យបាន​ត្រឹមត្រូវ ផ្តោតលើ​ហានិភ័យ រួមទាំង​នៅក្នុង​អំឡុងពេល​បុណ្យ​សំខាន់ៗ​នេះ ខណៈ​នៅក្នុង​អំឡុង​ពេលនេះ ខ្ញុំ​ឃើញ​ពលរដ្ឋ​របស់​យើង​មិនសូវ​ជា​គោរព​ច្បាប់​ទេ​»​។​

​សូមបញ្ជាក់ថា នៅ​ឆ្នាំ ​២០២៣ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ទូទាំងប្រទេស​សរុប ៣ ៣១៧ ​លើក (​យប់​៥៥%) បណ្តាលឱ្យមាន​អ្នកស្លាប់​ចំនួន ​១ ៥៩០​ នាក់ និង​របួស​ចំនួន​ ៤ ៥១៥ ​នាក់ ក្នុងនោះ​របួសធ្ងន់​ចំនួន​ ២ ៧៦៦ នាក់​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​។

មូលហេតុ​ចម្បង​នៃ​គ្រោះថ្នាក់​ទាំងនោះ មាន​ដូច​ជា បើកបរ​ល្មើស​ល្បឿន មិន​គោរព​សិទ្ធិ មិន​ប្រកាន់​ស្តាំ ប្រជែង​គ្រោះថ្នាក់ កត្តា​យានយន្ត និង​ស្រវឹង ហើយ​ក្នុងចំណោម​អ្នកស្លាប់​ទាំងអស់នោះ មាន​អ្នកជិះ​ម៉ូតូ ៨០% ក្នុងនោះ​ជិះ​ម៉ូតូ​មាន​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ចំនួន​ ៦៩%៕