រដ្ឋបាល​ខេត្តសៀមរាប ចាប់ផ្ដើម​ដំណើរការ​សាកល្បង​រថ​យន្ត​ក្រុង​ដឹកជញ្ជូន​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​នៅ​ក្រុង​រុន​តា​ឯក​តេ​ជោ​សែន ទៅ​ក្រុង​សៀមរាប និង​ពី​ក្រុង​សៀមរាប​ទៅ​ក្រុង​រុន​តា​ឯក​តេ​ជោ​សែន​ដោយ​ឥតគិតថ្លៃ ចាប់ពី​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២៤​។


ការចាប់ផ្ដើម​ដំណើរការ​សាកល្បង​នេះ ផ្អែក​តាម​ការសម្រេចរ​បស់​រាជរដ្ឋាភិបាល ដើម្បី​ជួយ​សម្រួល​ដល់​ការធ្វើការ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ដែល​បាន​ស្ម័គ្រចិត្ត​ចាក​ចេញពី​តំបន់​រមណីយដ្ឋាន​អង្គរ​ទៅ​រស់នៅ​តំបន់​អភិវឌ្ឍន៍​រុន​តា​ឯក ក្នុងការ​បំពេញការងា​រ និង​ប្រក​បរបរ​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​របស់​រដ្ឋ​បាល​ខេត្តសៀមរាប​។​

រដ្ឋបាលខេត្ត​បន្តថា ចំពោះ​ទីតាំង​ចំណតរថយន្ត​ក្រុង​ដឹកជញ្ជូន​សាធារណៈ​ពី​ក្រុង​រុន​តា​ឯក​តេ​ជោ​សែន ទៅ​ក្រុង​សៀមរាប គឺ​ស្ថិតនៅ​ផ្សារ​តំបន់​រុន​តា​ឯក ចាប់ពី​ម៉ោង​៥​កន្លះ​ព្រឹក រហូតដល់​ម៉ោង​៦​ល្ងាច​។ ចំណែក​ទីតាំង​ចំណតរថយន្ត​ក្រុង​ដឹកជញ្ជូន​សាធារណៈ​ពី​ក្រុង​សៀមរាប​ទៅ​ក្រុង​រុន​តា​ឯក​តេ​ជោ​សែន​វិញ ស្ថិតនៅ​សួនច្បារ​ហាត់ប្រាណ​មាត់​ស្ទឹង​សៀមរាប ចាប់ពី​ម៉ោង​៦​ព្រឹក រហូតដល់​ម៉ោង​៦​ល្ងាច​។ 


លោក លី វណ្ណៈ នាយក​រដ្ឋ​រដ្ឋបាលខេត្ត​សៀមរាប បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​១៣ ខែកុម្ភៈ​ថា ក្នុង​ដំណើរការ​អនុវត្ត​សាកល្បង​ជា​លើកដំបូង​នេះ រដ្ឋបាលខេត្ត​បានផ្ដល់​សេវា​រថយន្តក្រុង​ដឹកជញ្ជូន​សាធារណៈ​ឥតគិតថ្លៃ​ជូន​ប្រជាពលរដ្ឋ​ចំនួន ១០​គ្រឿង ហើយ​ប្រសិនបើ​ការអនុវត្ត​សាកល្បង​នេះ​មាន​តម្រូវការ​ប្រជាពលរដ្ឋ​ជិះ​ច្រើន រដ្ឋបាលខេត្ត​នឹង​បន្ថែម​រថយន្តក្រុង​ដឹកជញ្ជូន​បន្តទៀត​។ 

​លោក​បាន​បន្តថា ទោះបី​បច្ចុប្បន្ននេះ អាជ្ញាធរខេត្ត បាន​ដំណើរការ​អនុវត្ត​សាកល្បង​រថយន្តក្រុង​ដឹកជញ្ជូន​សាធារណៈ​ក៏ពិតមែន ប៉ុន្តែ​ជា​គោលដៅ​ការផ្ដល់សេវា​រថយន្តក្រុង​ដឹកជញ្ជូន​សាធារណៈ​ឥតគិតថ្លៃ​នេះ មិន​កំណត់ពេល​ឡើយ​គឺ​នឹង​ផ្ដល់ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​ជា​រៀងរហូត​។​


​លោក​បាន​ថ្លែងថា​៖ «​តាម​រាជរដ្ឋាភិបាល ការផ្ដល់សេវា​ដឹកជញ្ជូន​ឥតគិតថ្លៃ​នេះ ជាការ​លើក​ចិត្ត​ប្រជាពលរដ្ឋ​ដែល​គាត់​ស្ម័គ្រចិត្ត​លះបង់​នូវ​ធនធាន ដោយ​រើ​លំនៅ​ចេញពី​តំបន់​រមណីយដ្ឋាន​អង្គរ មក​រស់នៅក្នុង​តំបន់​រុន​តា​ឯក ដើម្បី​រួមចំណែក​កាត់បន្ថយ​ការចំណាយ​ធ្វើដំណើរ​មក​សិក្សា ក៏ដូចជា​មក​ប្រកបមុខរបរ​នៅ​ទីក្រុង​»​។​

ហេតុនេះហើយ​ការផ្ដល់សេវា​រថយន្តក្រុង​សាធារណៈ​នេះ ជា​គោលបំណង​សំខាន់បំផុត គឺ​ចង់​លើកកម្ពស់​ជីវភាព​រប​ស់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​រុន​តា​ឯក តាមរយៈ​ការផ្ដល់សេវា​ធ្វើដំណើរ​មក​តំបន់​ទីក្រុង​ដោយ​មិន​គិតថ្លៃ​។ នេះ​បើតាម​ការបន្ថែម​របស់​លោក លី វណ្ណៈ​។ 

​លោក យង់ គិ​ម​អេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព បាន​ប្រាប់ឱ្យដឹង​ដែរ​ថា ការផ្ដល់សេវា​រថយន្ត​ក្រុង​ដឹក​ពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​នេះ គឺ​វា​ជា​រឿង​ល្អ ដើម្បី​រួមចំណែក​កាត់បន្ថយ​ការចំណាយ​លើ​សេវា​ធ្វើដំណើរ​មក​តំបន់​ទីប្រជុំជន​ក្នុងការ​ប្រកបការងារ​។​ការផ្ដល់សេវា​ដែល​សំខាន់​ជាងនេះទៅទៀត​នោះ គឺ​ការដោះស្រាយ​សំណង​សមរម្យ​ជូន​ប្រជាពលរដ្ឋ​ដែល​ស្ម័គ្រចិត្ត​ផ្លាស់ប្ដូរ​លំនៅឋាន​របស់​ខ្លួន​ចេញពី​តំបន់​រមណីយដ្ឋាន​អង្គរ មក​ក្រុង​រុន​តា​ឯក​តេ​ជោ​សែន​។​

លោក​ថ្លែង​បញ្ជាក់ថា​៖ «​ការគិតគូរ​សំណង និង​ការអភិវឌ្ឍ ក៏ដូចជា​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ឱ្យបាន​គ្រប់គ្រាន់​នៅ​កន្លែង​ហ្នឹង គឺ​វា​ជា​រឿង​សំខាន់​ដែរ មិនមែន​តែ​ការផ្ដល់សេវា​ដឹកជញ្ជូន​ឥតគិតថ្លៃ​នោះទេ ពីព្រោះ​ដើម្បី​ធ្វើឱ្យ​ការប្រកបមុខរបរ​រ​បស់​គាត់ នៅតែ​អាច​រកចំណូលបាន ដូច​កន្លែង​ពីមុន​ដែរ​»​។​

ទោះបីជា​យ៉ាងណា លោក​សង្ឃឹមថា​អាជ្ញាធរ​ខេត្តសៀមរាប ក្រៅពី​ផ្ដល់​សេវា​ដឹកជញ្ជូន​ឥតគិតថ្លៃ​នេះ ក៏​គួរតែមាន​ការអភិវឌ្ឍ​ក្រុង​រុន​តា​ឯក​ឱ្យមាន​សម្រស់​ទាក់ទាញ​ទេសចរ និង​សកម្មភាព​សេដ្ឋកិច្ច​ដូច​ក្រុង​ដទៃទៀត​ផងដែរ​។​

​សូមបញ្ជាក់ថា រាជរដ្ឋាភិបាល បានសម្រេច​បង្កើត​តំបន់​រុន​តា​ឯក ឱ្យទៅជា​ក្រុង​រុន​តា​ឯក​តេ​ជោ​សែន ដើម្បី​ធ្វើការ​អភិវឌ្ឍ​ជូន​ប្រជាពលរដ្ឋ​ដែលមាន​លំនៅឋាន​នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ បាន​ស្ម័គ្រចិត្ត​ទៅ​រស់នៅក្នុង​តំបន់​នោះ ដោយបាន​ផ្តល់​ផ្ទះ និង​ដី​សម្រាប់ធ្វើ​កសិកម្ម​ជាដើម​៕