កណ្ដាលៈអាជ្ញាធរខេត្តកណ្ដាលបានប្រកាសក្រុង-ស្រុកទាំង ១៣ នៃខេត្តនេះជាក្រុង-ស្រុក បញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+)ទាំងស្រុងបន្ទាប់ពីទទួលបានលទ្ធផលពីការចុះផ្ទៀងផ្ទាត់ ដោយក្រុមការងារផ្ទៀងផ្ទាត់ODF+ ថ្នាក់ខេត្ត។
ការប្រកាសទទួលស្គាល់នេះធ្វើឡើងតាមរយៈកិច្ចប្រជុំឆ្លុះបញ្ចាំងស្តីពីលទ្ធផលផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+)ក្រុង-ស្រុកនៃខេត្តកណ្តាល ក្រោមវត្តមានលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល។ នេះបើយោងតាមហ្វេសប៊ុករបស់រដ្ឋបាលខេត្តកណ្ដាលនៅថ្ងៃទី១២ ខែកុម្ភៈឆ្នាំ២០២៤។
លោកឌឹម បូរ៉ា អភិបាលរងខេត្តកណ្ដាល បានឱ្យដឹងបន្ថែមនៅថ្ងៃទី១៣ ខែកុម្ភៈថា ពេលនេះរដ្ឋបាលក្រុង-ស្រុកទាំង ១៣នៃខេត្តកណ្តាល សម្រេចបានជាក្រុង-ស្រុកបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+)ទាំងស្រុងហើយដោយផ្អែកលើលទ្ធផលនៃការចុះផ្ទៀងផ្ទាត់ដោយក្រុមការងារផ្ទៀងផ្ទាត់ ODF+ថ្នាក់ខេត្ត។
លោកបានបន្តថា៖ «ខេត្តកណ្ដាលរង់ចាំតែការប្រកាសពីក្រសួងអភិវឌ្ឍន៍ជនបទបន្តទៀតពីព្រោះមុននឹងសម្រេចបានជាក្រុង-ស្រុកបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) កន្លងមក ខេត្តនេះធ្លាប់ត្រូវបានក្រសួងប្រកាសរួចមកហើយជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)»។
លោកបានបញ្ជាក់ថា៖ «អ្វីដែលយើងកំពុងសម្រេចបាននេះ ជាការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ដោយបន្ថែមទៅលើគុណភាពសោភណភាពនិងអនាម័យមួយកម្រិតទៀត ដែលខេត្តយើងធ្លាប់ទទួលបានជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល»។
ការសម្រេចបានជាក្រុង-ស្រុក ODF+ នេះដែរ គឺត្រូវធ្វើយ៉ាងណាឱ្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារាម ហ្គារ៉ាស់សាំង អាហារដ្ឋាន ប៉ុស្តិ៍នគរបាល និងសាលាសង្កាត់ ជាដើម ត្រូវមានបង្គន់អនាម័យប្រើប្រាស់បានត្រឹមត្រូវមានភាពស្អាត មិនមានក្លិន មានទឹក និងសាប៊ូ ប្រើប្រាស់បានគ្រប់គ្រាន់។ នេះបើតាមការបន្ថែមរបស់លោក ឌឹម បូរ៉ា។
ដោយឡែកលោកពិត ករុណា អ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍ជនបទបានឱ្យដឹងដែរថា មកទល់ពេលនេះ មានរាជធានីខេត្តចំនួន២ ដែលបានទទួលការវាយតម្លៃ ក្នុងការសម្រេចបានជាក្រុង-ស្រុក បញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+)នេះ។
លោកថា ក្នុងនោះមានរាជធានីភ្នំពេញនិងខេត្តកណ្ដាលដោយរង់ចាំតែថ្ងៃប្រកាសប៉ុណ្ណោះពីព្រោះក្រសួងបានវាយតម្លៃរួចរាល់ហើយជារាជធានី-ខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+)។
លោកបានប្រាប់ថា៖ «ការវាយតម្លៃបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់នេះ គឺយើងផ្ដោតទៅលើការប្រើប្រាស់បង្គន់អនាម័យ។ជាក់ស្ដែងដូចជារាជធានីភ្នំពេញ និងខេត្តកណ្ដាលគឺមនុស្ស ១ នាក់ មានបង្គន់អនាម័យ ១ ដោយមិនប្រើរួមដូចនៅជនបទឡើយ»។
បើតាមលោកពិត ករុណា ក្រៅពីការយកចិត្តទុកដាក់លើវិស័យអនាម័យហើយក្រសួងក៏យកចិត្តទុកដាក់លើវិស័យផ្គត់ផ្គង់ទឹកស្អាតជនបទដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋដែលរស់នៅតំបន់ជនបទទទួលបានទឹកស្អាតក្នុងការប្រើប្រាស់។
លោកបានបន្ថែមថា ជាពិសេសឆ្នាំនេះ ក្រសួងបានដាក់វិស័យទាំង២ ជាអាទិភាពសម្រាប់ការអនុវត្ត ដើម្បីធ្វើឱ្យប្រជាពលរដ្ឋមានទឹកស្អាតប្រើប្រាស់និងបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលបាន ១០០ ភាគរយត្រឹមឆ្នាំ២០២៥។
សូមបញ្ជាក់ថា កន្លងមកក្រសួងអភិវឌ្ឍន៍ជនបទបានប្រកាសខេត្តចំនួន ៦ ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)ក្នុងនោះរួមមាន ខេត្តស្វាយរៀង ព្រៃវែង កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង និងខេត្តកែប៕