សៀមរាបៈ​អ្នក​នាំ​ពាក្យ​នៃ​អាជ្ញា​ធរ​ជាតិ​អប្សរា ​លោក ​ឡុង ​កុសល ​បាន​ឱ្យ​ដឹង​ ថា​អ្នក​ទេសចរ​ នឹង​បាន​ដើរ​កម្សាន្ត​លើផ្លូវ​ក្នុង​ព្រៃ​ធម្ម​ជាតិ​ដែល​ស្ថិត​នៅ​ក្នុង​សួន​រុក្ខ​ជាតិ​អង្គរ​ក្នុង​រយៈ​ពេល​ ៦ ​ខែ​ ខាង​មុខ​ទៀត​ ខណៈ​បច្ចុប្បន្ន​ផ្លូវ​នេះ ស្ថា​បនា​សម្រេច​បាន​ជិត ​៩០​ ភាគ​រយ​ហើយ​។ 


​លោក ឡុង ​កុសល ​បាន​ឱ្យដឹង​នៅ​ថ្ងៃទី​ ១៣ ​ខែកុម្ភៈ​ថា អាជ្ញា​ធរ​ជាតិ​អប្សរា​កំពុង​លើក​ផ្លូវ​នៅ​ក្នុង​ព្រៃ​ធម្ម​ជាតិ​ក្នុង​សួន​រុក្ខ​ជាតិ​អង្គរ​ដើម្បី​បង្កើត​ជា​គោល​ដៅ​ទេស​ចរណ៍​ថ្មី​មួយ​ទៀត​ នៅ​កណ្ដាល​ក្រុង​សៀម​រាប​ ខណៈ​មាន​ទេសចរ​ជា​ច្រើន​ចូល​ចិត្ត​ដើរ​កម្សាន្ត​តាម​បែប​ធម្ម​ជាតិ ​ហើយ​ផ្លូវ​នេះ​ គ្រោង​នឹង​ដាក់​ឱ្យ​ដើរ​កម្សាន្ត​ក្នុង​រយៈ​ពេល​ ៦​ ខែ​ទៀត​។

​លោក​បាន​ប្រាប់​ថា​៖«​បើ​គិត​មក​ដល់​ពេល​នេះ​ វឌ្ឍន​ភាព​នៃ​ការរៀប​ចំ​ផ្លូវ​សម្រេច​បាន​ប្រហែល​ជិត ​៩០​ ភាគ​រយ​ហើយ ​ហើយ​ផ្លូវ​នេះ​យើង​រៀបចំ​ឱ្យ​ដើរ​ក្នុង​ធម្ម​ជាតិ​តែម្តង​ ដូច្នេះ​យើង​កំពុង​រៀបចំ​ឱ្យ​មាន​លក្ខណៈ​ងាយ​ស្រួល និង​មាន​សុវត្ថិ​ភាព​សម្រាប់​អ្នក​ទេសច​រ​»​។​

​លោក​បញ្ជាក់​បន្ថែម​ថា អ្នក​ទេស​ចរ​នឹង​អាច​ដើរ​កម្សាន្ត​លើផ្លូវ​នៅក្នុង​ព្រៃ​នៅ​តំបន់​អង្គរ​ ដែល​មាន​ទំហំ​ ១៥០ ​ហិក​តា ​ដោយ​ចាប់​ផ្តើម​ពី​ខ្លោង​ទ្វារ​ចូល​នៃ​សួន​រុក្ខជាតិ​អង្គរ ​រហូត​ដល់​កសិ​ណ្ធុខាង​ត្បូង​នៃ​ប្រាសាទ​អង្គរវត្ត​។​


​តាម​រយៈ​ផ្លូវ​នេះ​ មិន​ត្រឹម​តែ​អាច​ឱ្យ​ទេសច​ដើរ​កម្សាន្ត ​និង​ស្វែងយ​ល់​ពី​ជីវៈ​ចម្រុះ​នៅ​ក្នុង​ព្រៃ​ក្នុង​ក្រុង​អង្គរ​ប៉ុណ្ណោះ​ទេ តែ​អាជ្ញា​ធរ​ជាតិ​អប្សរា​ ក៏​រំពឹង​ថា ​ផ្លូវ​នេះ​នឹង​ក្លាយ​ជា​សមិទ្ធ​ផល​ថ្មី​មួយ​ទៀត​ដែល​ជំរុញ​ឱ្យ​មានកំណើន​ភ្ញៀវទេស​ចរ​ទាំង​ជាតិ ​និង​អន្តរ​ជាតិ​ជា​ ពិសេស​ទេសចរ​បែប​សុខ​ភាព​។  

​ជុំវិញ​រឿង​នេះ​ដែរ ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ា​ណែ​ត ​នៅ​ថ្ងៃទី​១៣ ​ខែកុម្ភៈ​ បា​នប្រកាស​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​លោក​ដែរ​ថា ខេត្ត​សៀម​រាប ត្រូវ​បាន​រាជ​រដ្ឋាភិ​បាលចាត់​ទុក​ជា​ប៉ូល​សេដ្ឋ​កិច្ច​ដ៏​សំខាន់​មួយ​របស់​កម្ពុជា ​ដែល​សម្បូរ​ពោរ​ពេញ​ដោយ​សក្តានុ​ពល​ទេស​ចរណ៍ ​ទាំង​ផ្នែក​វប្ប​ធម៌ បេតិក​ភណ្ឌ ក៏ដូច​ជា​ធម្ម​ជាតិ​។​


​លោក​ថា ​រាជ​រដ្ឋាភិ​បាល​បាន​និង​កំពុង​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ក្នុង​ការ​រៀប​ចំ និង​អភិវឌ្ឍ​សម្បទា​ទេស​ចរណ៍​ សម្រួល​ដល់​ការ​ទស្ស​នា​ឱ្យ​កាន់​តែ​ល្អ​ប្រសើរ​ និង​សម្បូរ​បែបដើម្បី​បំពេញ​តម្រូវ​ការនិង​ផ្តល់​អនុ​ស្សាវ​រីយ៍​ល្អៗ​ដល់​អ្នក​ទេស​ចរ​ដែល​បាន​មក​កម្សាន្ត​។ 

​ជាង​នេះ​ទៀត​ លោក​ថា រាជ​រដ្ឋាភិ​បាល ក៏​បាន​ដាក់​ចេញ​នូវ​យុទ្ធនា​ការ «​ទស្ស​នា​សៀ​មរា​ប ឆ្នាំ​២០២៤-​Visit Siem Reap 2024» ​ដោយ​ផ្តោត​លើ​ការ​ផ្សព្វ​ផ្សាយ​ពី​សក្តានុ​ពល​នៃ​ខេត្ត​សៀម​រាប ​ដែល​មាន​គោល​ដៅ​ជាច្រើន​ផ្សេង​ទៀត​ លើស​ពី​ការ​ទស្សនា​តែ​ប្រាង្គ​ប្រា​សាទ​ ឱ្យបាន​កាន់​តែ​ទូលំ​ទូលាយ ​ដើម្បី​ទាក់​ទាញ​ទេសចរ​មក​ទស្សនា​កាន់​តែ​ច្រើន​ឡើង​បន្ថែម​ទៀត​។​

​លោក​ ហូ វណ្ឌ​ឌី ប្រធាន​ក្រុមប្រឹ​ក្សាភិ​បាល​សមា​គម​ទេស​ចរណ៍​កម្ពុជា ​​ថ្លែង​ថា ​ការ​ស្ថា​បនា​​ឱ្យមាន​ផ្លូវ​ថ្មើរ​ជើង​ នៅក្នុ​ង​​ព្រៃ​នៅ​តំបន់​មហា​ឧទ្យាន​អង្គរ​ ដែល​ជា​ទីតាំង​ប្រ​វត្តិសាស្ត្រ​សម្រាប់អ្ន​កទេស​ចរគឺ​ពិតជា​សំខាន់​ណាស់ ព្រោះ​បាន​បង្ហាញ​ពី​ទិដ្ឋ​ភាព​ដ៏​មាន​សក្តានុ​ពល​សម្រាប់​អ្នក​ធ្វើ​ដំណើ​រ​កម្សាន្ត​អាច​មាន​ជម្រើស​ច្រើន​។​

​លោក​បាន​បញ្ជាក់​ថា​៖«​ការ​មាន​ផ្លូវ​ថ្មើរ​ជើង​នេះ​នឹង​អាច​ផ្តល់​ប្រយោ​ជន៍​ច្រើន​ដល់​វិស័យ​ទេស​ចរណ៍ ព្រោះ​ថា​អាច​ជួយ​ពន្យារ​ពេល​ភ្ញៀវ​ទេសច​រ​ឱ្យ​ស្នាក់​នៅ​កាន់តែ​យូរ​អា​ចឱ្យ​ពួក​គាត់​ស្វែង​យល់​ពី​តំបន់​អង្គរ​ឱ្យ​កាន់​តែខ្លាំ​ង ពិសេស​អាច​ឱ្យ​ពួក​គាត់​ទទួល​បាន​អត្ថ​ប្រយោជន៍​ចំពោះ​សុខភា​ព​ផ្លូវ​ដង្ហើម​តាម​រយៈ​ការ​លំ​ហាត់ប្រា​ណ​ដោយ​ការ​ធ្វើ​ដំណើរ​នៅ​ក្នុង​ព្រៃ​នេះ ​ជា​ដើម​»៕