​លោកស្រី ឃួន សុ​ដា​រី ប្រធានរដ្ឋសភា​កម្ពុជា បានចាត់ទុក​ដំណើរ​ទស្សនកិច្ច​របស់​សមាជិកសភា​សហព័ន្ធ​អាល្លឺម៉ង់ ​មកកាន់​ប្រទេស​កម្ពុជា​នាពេលនេះ នឹងចូលរួម​ចំណែក​មួ​យ​ដ៏​សំខាន់​ដល់​ការលើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ប្រទេស​ទាំង​២ កម្ពុជា​-​អាល្លឺម៉ង់ ដែលមាន​តាំងពី​យូរ​មកហើយ​នោះ​ឱ្យ​កាន់តែ​រឹងមាំ​រីកចម្រើន​ទ្វេ​ឡើង​។​


លោកស្រី​ថ្លែង​ដូចនេះ ក្នុងជំនួប​ពិភាក្សា​ការងារ​ជាមួយ​សមាជិកសភា​សហ​ព័ន្ធ​អាល្លឺម៉ង់ ដែល​ដឹកនាំ​ដោយ លោក ចូ​ហាន់ ស្ទី​ង​នី​ហ្គ័​រ (Johannes Steiniger) និង​សហការី នា​វិមាន​រដ្ឋសភា នៅ​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២៤ ឱកាស​ដែល​គណៈប្រតិភូ​អាល្លឺម៉ង់ បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​។​

នាយក​ខុទ្ទកាល័យ និង​ជា​អ្នកនាំពាក្យ​ប្រធានរដ្ឋសភា​លោក កែវ ពិសិដ្ឋ បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​បន្ទាប់ពី​ជំនួប​នេះ​ថា គណៈប្រតិភូ​អាល្លឺម៉ង់ បានបង្ហាញ​ពី​ការចាប់អារម្មណ៍​ខ្លាំង​លើ​ការអភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា ដែល​ពីមុន​ធ្លាប់តែ​ដឹងថា កម្ពុជា​ឆ្លងកាត់​នូវ​សង្គ្រាម​ដ៏​រ៉ាំរ៉ៃ តែ​ពេលនេះ​បែរជា​កម្ពុជា​រីកចម្រើន​គួរឱ្យកត់សម្គាល់​។​


​លោក​បាន​ថ្លែងថា ៖ «​ភាគី​ទាំង​២ ​បាន​ពិភាក្សា​ទៅលើ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​បស់​រដ្ឋសភា​នៃ​ប្រទេស​ទាំង​២​ផងដែរ ដោយ​នឹងធ្វើ​ការផ្លាស់ប្តូរ​រវាង​ក្រុម​រដ្ឋសភា​នៃ​ប្រទេស​ទាំង​២ ការជំរុញ​ការផ្លាស់ប្តូរ​រវាង​ថ្នាក់ដឹកនាំ ក៏ដូចជា​កម្រិត​គណៈ​លេខាធិការដ្ឋាន​ផងដែរ​»​។​

​លោកស្រី ឃួន សុ​ដា​រី បានលើកឡើង​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ដែរ​ថា អាល្លឺម៉ង់​ជា​ដៃគូ​សំខាន់​មួយ​ដើម្បី​កម្ពុជា​សម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​និង​ការលើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​ឱ្យ​កាន់​សម្បូរ​សប្បាយ​ឡើង​។​


លោកស្រី​បាន​បញ្ជាក់ថា​៖«​នៅក្នុង​អាណត្តិ​ទី​៧​នេះ រដ្ឋសភា​និង​រាជរដ្ឋាភិបាល​កម្ពុជា បាន​ចាប់ដៃគ្នា​ដោយ​ឆន្ទៈ​មោះមុត​យក​ពលរដ្ឋ​ជា​ស្នូល ធ្វើយ៉ាងណា​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ ធ្វើយ៉ាងណា​អភិវឌ្ឍ​ប្រទេសជាតិ​ឱ្យក្លាយ​ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​អភិវឌ្ឍន៍ មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០»​។​

លោកស្រី​ក៏បាន​លើកឡើង​ពី​ការជួយ​គាំទ្រ​កម្ពុជា​ពី​ប្រទេស​អាល្លឺម៉ង់​ ជា​រៀង​រហូតមក ហើយ​លោកស្រី​បានចាត់ទុក​ប្រទេស​អាល្លឺម៉ង់​ជា​ដៃគូ​ពិសេស​មួយ​ ដែល​នឹង​បន្ត​ចូលរួមចំណែក​ធ្វើឱ្យ​កម្ពុជា​សម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​របស់ខ្លួន​។​

​បើតាម​លោកស្រី ឃួន សុ​ដា​រី ចាប់តាំងពី​ឆ្នាំ​១៩៩២ អាល្លឺម៉ង់​ បានផ្តល់​ជំនួយឥតសំណង​ប្រមាណ ៨៤៣.៦ លាន​ដុល្លារ ដល់​កម្ពុជា និង​ចំនួន​៣៥ លាន​ដុល្លារ ជា​ឥណទាន​សម្បទាន ហើយ​គិត​ជា​មធ្យម​ជំនួយ​របស់​មិត្ត​អាល្លឺម៉ង់​មក​កម្ពុជា មាន​ចំនួន​ប្រមាណ ៣៨ លាន​ដុល្លារ​ក្នុង​ ១ ​ឆ្នាំ​។​

ចំណែក ចូ​ហាន់ ស្ទី​ង​នី​ហ្គ័​រ ក៏បាន​លើកឡើង​នា​ជំនួប​នោះដែរ​ថា គោលបំណង​នៃ​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​នាពេលនេះ ដើម្បី​ពង្រឹងពង្រីក​ចំណងមិត្តភាព​និង​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា​-​អាល្លឺម៉ង់ ទាំង​ខាង​ស្ថាប័ន​នីតិប្បញ្ញត្តិ និង​នីតិប្រតិបត្តិ​។ 

ដោយឡែក នៅ​ថ្ងៃ​ដដែល​នោះដែរ លោកស្រី ឃួន សុ​ដា​រី ក៏បាន​ជួបពិភាក្សា​ការងារ​ជាមួយនឹង​លោក ធី​ប័​រ បា​ឡូ​ក​ឌី (TibrBaloghdi)​ឯកអគ្គរដ្ឋទូត ហុង គ្រី ប្រចាំ​កម្ពុជា ផងដែរ​។ 

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋសភា បានឱ្យដឹងថា ភាគី​ទាំង​២​បានលើកឡើង​ពី​សារៈសំខាន់​នៃ​ចំណងមិត្តភាព​និង​កិច្ចសហប្រតិបត្តិការ​ប្រទេស​ទាំង​២ ដែលមាន​តាំងពី​យូរលង់​មកហើយ ដែល​មិន​ត្រឹមតែ​ផ្តល់នូវ​ផលប្រយោជន៍​ដល់​ប្រទេស​និង​ប្រជាជន​ទាំង​២​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បាន​ផ្តល់នូវ​សុខសន្តិភាព និង​ស្ថិរភាព​សង្គម​ដល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់ និង​សកលលោក​ផងដែរ​។​

​នា​ជំនួប​នោះ លោក ធី​ប័​រ បា​ឡូ​ក​ឌី បាន​អញ្ជើញ​លោកស្រី ឃួន សុ​ដា​រី ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ហុង​គ្រី ក្នុង​ពេលវេលា​សមស្រប​ណាមួយ​ដើម្បី​បង្កើន​កិច្ចសហប្រតិបត្តិការ​រ​វាង​រដ្ឋសភា​កម្ពុជា និង​ហុង​គ្រី​ឱ្យ​កាន់តែ​សកម្ម និង​គ្រប់​ជ្រុងជ្រោយ​បន្ថែមទៀត​។ ជាការ​ឆ្លើយតប លោកស្រី ឃួន សុ​ដា​រី បាន​ទទួលយក​សំណើ​នេះ​ផងដែរ​។​

សូម​បញ្ជាក់ដែរថា ប្រទេស​ហុង​គ្រី ជា​មិត្ត​ដ៏​ល្អ​ដែល​បាន​ជួយ​កម្ពុជា​នៅ​គ្រា​លំបាក ក្រោយ​កម្ពុជា​រំដោះ​ចេញពី​របប​ប្រល័យពូជសាសន៍​ប៉ុលពត​ក្នុង​ឆ្នាំ​១៩៧៩ ដោយបាន​ជួយ​កម្ពុជា​លើ​គ្រប់​វិស័យ ទាំង​សង្គមកិច្ច អប់រំ កសិកម្ម និង​ពាណិជ្ជកម្ម ហើយ​ក្នុងអំឡុង​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ប្រទេស​ហុង​គ្រី បានផ្តល់​ជំនួយ​វ៉ាក់សាំង​ដល់​កម្ពុជា​ជាច្រើន​ផងដែរ​៕