ភ្នំពេញៈ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា (AHF) នឹងប្រារព្ធទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ នៅថ្ងៃទី១៦ ខែកុម្ភៈ ដើម្បីលើកកម្ពស់ពីការប្រើប្រាស់ស្រោមអនាម័យដល់យុវជន ក៏ដូចជាលើកទឹកចិត្តទាំងអស់គ្នាឱ្យចាប់ផ្ដើម ឬនៅតែបន្តប្រើប្រាស់ស្រោមអនាម័យជាប់ជាប្រចាំ។
AHF ក៏បានរៀបចំធ្វើតេស្តឈាមរកមេរោគអេដស៍ ចែកស្រោមអនាម័យដោយឥតគិតថ្លៃ នៅក្រុងតាខ្មៅ ខេត្តកណ្តាល នៅថ្ងៃទី១៣ ខែកុម្ភៈ ហើយនៅថ្ងៃទី១៦ ខែកុម្ភៈ ក៏មានរៀបចំកម្មវិធីរំឭកទិវាស្រោមអនាម័យអន្តរជាតិ នៅសាកលវិទ្យាល័យបៀលប្រាយខេត្តបាត់ដំបងផងដែរ ដើម្បីលើកកម្ពស់ពីការប្រើប្រាស់ស្រោមអនាម័យ លើកទឹកចិត្តទូទាំងពិភពលោក ឱ្យចាប់ផ្តើម ឬនៅតែបន្តប្រើប្រាស់ស្រោមអនាម័យជាប់ជាប្រចាំ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការ AHF បានឱ្យដឹងទៀតថា ទិវាស្រោមអនាម័យអន្តរជាតិនេះ តែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី១៣ ខែកុម្ភៈ ដែលជាទិវាស្រោមអនាម័យអន្តរជាតិផ្តល់ឱ្យមនុស្សជុំវិញពិភពលោកនូវឱកាសទទួលបានស្រោមអនាម័យដោយឥតគិតថ្លៃ និងព័ត៌មានសំខាន់ៗពីការប្រើប្រាស់ស្រោមអនាម័យត្រឹមត្រូវ និងបញ្ហាសុខភាពផ្លូវភេទផ្សេងទៀត។
នាទិវាឆ្នាំនេះដែរ គឺជំរុញឱ្យមនុស្សជុំវិញពិភពលោកចងចាំថា ស្រោមអនាម័យអាចជួយសង្គ្រោះជីវិត ហើយនៅតែជាជម្រើសល្អបំផុតសម្រាប់ការពារមេរោគអេដស៍ សម្រាប់ការឆ្លងតាមការរួមភេទផ្សេងៗ និងការមានផ្ទៃពោះដោយមិនបានគ្រោងទុក។
លោក ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ី នៃអង្គការ AHF បានឱ្យដឹងថា ការប្រើប្រាស់ស្រោមអនាម័យជាមួយគូស្នេហ៍របស់ខ្លួន គឺជាការបង្ហាញនៃក្ដីស្រឡាញ់ និងសុវត្ថិភាពដែលមានទំនួលខុសត្រូវ ដើម្បីរស់នៅប្រកបដោយសុខភាពល្អ។
លោកបន្ថែមថា៖ «យើងសូមអំពាវនាវឱ្យមានការផ្គត់ផ្គង់ស្រោមអនាម័យដែលមានតម្លៃសមរម្យ និងអាចរកបានគ្រប់ទីកន្លែងទូទាំងពិភពលោក»។
ជាមួយគ្នានេះ លោកស្រី ហួយ ស៊ីខេង ប្រធានគ្រប់គ្រងកម្មវិធីប្រចាំប្រទេសអង្គការ AHF ក៏បានឱ្យដឹងដែរថា ការការពារ គឺជាគន្លឹះក្នុងទំនាក់ទំនងសុខភាពផ្លូវភេទ ដូច្នេះនាទិវាស្រោមអនាម័យអន្តរជាតិ សូមរីករាយក្នុងការប្រើប្រាស់ស្រោមអនាម័យជាមួយដៃគូរបស់ខ្លួន ដើម្បីសុវត្ថិភាព។
លោកស្រីថ្លែងបញ្ជាក់ថា៖ «យើងទាំងអស់គ្នាចូលរួមរីករាយនាថ្ងៃទិវាស្រោមអនាម័យអន្តរជាតិនេះ និងសូមជូនពរគ្រប់គ្នាឱ្យជួបតែសេចក្ដីសុខ និងសុវត្ថិភាព។ សូមជួយផ្សព្វផ្សាយអំពីសារៈសំខាន់នៃការការពារដែលមានតែស្រោមអនាម័យ អាចធ្វើឱ្យអ្នក និងដៃគូរបស់អ្នកមានសុខភាពល្អ»។
សូមរំឭកផងដែរថា AHF គឺជាអង្គការពិភពលោកដ៏ធំបំផុតដែលបាននិងកំពុងផ្តល់សេវាថែទាំព្យាបាលដោយមិនគិតពីលទ្ធភាពនៃការបង់ប្រាក់ ដល់អតិថិជនជាង ១,៩លាននាក់ក្នុង ៤៦ប្រទេសជុំវិញពិភពលោក មានដូចជានៅសហរដ្ឋអាមេរិក អាហ្វ្រិក អាមេរិកឡាទីន ការ៉ាបៀន តំបន់អាស៊ី ប៉ាស៊ីហ្វិក និងអឺរ៉ុប៕