កោះកុងៈ ប្រធាន​សមាគម​ទេសច​រណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា លោក ធួន ស៊ីណាន បាន​ស្នើសុំ​ក្រសួងបរិស្ថាន ឱ្យ​គាំទ្រ​ចំពោះ​ការរៀបចំ​មជ្ឈមណ្ឌល​ស​មា​ធិ​ ១​ កន្លែង​នៅ​ស្ទឹង​ពពក ក្នុងស្រុក​ស្រែអំបិល​ក្នុង​គោលបំណង​លើក​ស្ទួយ​វិស័យ​អេកូ​ទេសចរណ៍ ទេសចរណ៍​សាសនា​និង​ធម្មជាតិ​។​

​លោក​ស៊ីណាន​បានលើកឡើង​បែបនេះ​ក្នុងជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​កាលពី​ថ្ងៃទី​ ១២ ខែកុម្ភៈ​។ លោក​បាន​ប្រាប់​បន្ថែម​នៅ​ថ្ងៃទី​ ១៣ ខែកុម្ភៈ​ថា សម្រាប់​គម្រោង​រៀបចំ​កន្លែង​សមាធិ​នេះ សមាគម​របស់លោក​នៅ​រង់ចាំ​ការឆ្លើយតប​ពី​ក្រសួង​ប៉ុណ្ណោះ​ព្រោះ​ក្រសួង​កំពុង​ពិនិត្យមើល​លើ​ការស្នើសុំ​នេះ​។

លោក​ប្រាប់ថា​៖ «​អ៊ីចឹង​! នៅពេលដែល​ក្រសួង​អនុញ្ញាត​នៅពេលណា យើង​ចាប់ផ្តើម​ភ្លាម​ហើយ​ផែន​​ការ​ហ្នឹង យើង​គ្រោង​ធ្វើ​នៅលើ​ផ្ទៃដី​ទំហំ ១៨ ហិកតា នៅ​ស្ទឹង​ពពក​។ យើង​កំពុងតែ​រង់ចាំ​ក្រសួង សម្រាប់​ខាង​ខ្ញុំ​គឺ​យើង​បាន​ត្រៀម​រៀបចំ​រួចរាល់​អស់ហើយ​»​។


​លោក​ថា គម្រោង​នេះ លោក​នឹង​ដឹកនាំ​រៀបចំ​ដោយផ្ទាល់​រួមជាមួយ​នឹង​កូនសិស្ស​ដែល​រៀន​សមាធិ និង​ស្រឡាញ់ គោរព​ព្រះពុទ្ធសាសនា​ជាមួយគ្នា​។

​យោងតាម​ហ្វេ​ស​ប៊ុ​ក​ក្រសួងបរិស្ថាន​លោក អ៊ាង សុផល្លែត លើកឡើងថា គម្រោង​គោលដៅ​លម្ហែ​បៃតង​នឹងធ្វើ​ឱ្យ​ប្រជា​សហ​​គម​ន៍​ក្លាយជា​សហគ្រិនភាព​មាន​ប្រាក់ចំណូល​ជាប្រចាំ​ពី​ការផ្តល់​សេវាកម្ម​នៅតាម​មូលដ្ឋាន​នីមួយៗ ដែល​រួមមាន​សេវាកម្ម ទេសចរ​ណ៍​ធម្មជាតិ កន្លែង​ស្នាក់ សេវា​កម្ម​ដឹកជញ្ជូន​ក្នុង​តំបន់ ការលក់ដូរ​ផលិតផល​ក្នុងស្រុក ដើម្បីឱ្យ​ប្រជា​សហគមន៍​មាន​ភាពជា​ម្ចាស់ និង​ឯករាជភាព ដែល​នេះ​គឺជា​ការអភិវឌ្ឍ ដោយមាន​ការចូលរួម​ពី​ប្រជា​សហគមន៍ និង​មាន​ភាពសុខដុមរមនា​នៅក្នុង​សហគមន៍​។


ទិដ្ឋភាពស្ទឹងពពក។ រូបថត ស្ទឹងពពក

​លោក​រដ្ឋមន្ត្រី​ថ្លែង​ទៀតថា​៖ «​ការគិតគូរ​លើកកម្ពស់​ជីវភាព​សហគមន៍ និង​ផ្តល់​ផល​ប្រ​យោ​​ជន៍​ជូន​សហគមន៍​មូលដ្ឋាន គឺ​ស្របតាម​គោលការណ៍​រួម ស្តីពី​ការគ្រប់គ្រង និង​ការអភិវឌ្ឍ​ក្នុង​តំបន់ការពារធម្មជាតិ ដែល​បាន​បំបែកចេញ ពី​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន​ ២០២៣-២០២៨»​។​

​លោក អ៊ាង សុផល្លែត ក៏បាន​ជំរុញឱ្យមាន​ការគិតគូ​រ​បន្ថែមទៀត​លើ​ការបណ្តុះ​ស្មារតី​ឱ្យ​ប្រជា​សហគមន៍​មូលដ្ឋាន ក្លាយជា​សហគ្រិនភាព ហើយ​គំនិត​ច្នៃ​ប្រឌិត​ថ្មីៗ​របស់​សហគមន៍​ដែល​កើតចេញពី​សហគ្រិនភាព​នេះ នឹង​ជួយ​ឱ្យ​សហគមន៍​មាន​សម្រស់​ស្អាត​ប្លែក​ខុសពី​គ្នា ពី​តំបន់​មួយ​ទៅ​តំបន់​មួយទៀត​។ «​ភាព​ស្អា​តរបស់​ប្រជា​សហគមន៍​ដែល​កើតចេញពី​ភាព​ស្អាត ភាព​បៃតង និង​ចីរភាព​ដែលជា​ការងារ​អាទិភាព​ចម្បង របស់​ក្រសួងបរិស្ថាន​ក្នុង​បេសកកម្ម​ធ្វើឱ្យ​កម្ពុជា​មាន​ភាព​ស្អាត​នៅ​ជុំវិញខ្លួន​យើង​»៕