​ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​ ម៉ា​ណែ​ត លើកឡើងថា អភិបាលកិច្ច គឺជា​ស្នូល​ធំ​បំផុត​របស់​រាជរដ្ឋាភិបាល​​កម្ពុជា ក្នុង​អាណត្តិ​ទី​៧​ នេះ ខណៈ​រាជរដ្ឋាភិបាល​បាន​បង្កើត​យន្តការ​តាម​ដាន​សមិទ្ធកម្ម​ផ្សេងៗ​នៅតាម​ក្រសួង ស្ថាប័ន​ដើម្បី​ត្រួតពិនិត្យ និង​វាយតម្លៃ​លើ​ការអនុវត្ត​កិច្ចការងារ​ទាំង​ថ្នាក់ជាតិ និង​ក្រោម​ជាតិ ដើម្បីឱ្យ​ការអនុវត្ត​ការ​ងារ​មាន​ប្រសិទ្ធភាព​ទៅដល់​ពលរដ្ឋ​។​


​លោកនាយក​រដ្ឋមន្ត្រី ក៏បាន​ស្នើ​ទៅដល់​ក្រសួង​ស្ថាប័នរដ្ឋ​ទាំងអស់ កុំ​ចាត់ទុក​ការងារ​អធិការកិច្ច ជាការ​ចាប់កំហុស តែ​ជាការ​តាមដាន​ត្រួតពិនិត្យ ដើម្បី​ប្រសិទ្ធភាព​ការងារ និង​បាន​ជំ​រុញឱ្យ​ច្បាប់​ស្ដីពី​អធិការកិច្ច​ចេញ​ជា​រូបរាង​ឱ្យបាន​ឆាប់​នៅក្នុង​ឆ្នាំ​​ ២០២៤​​ នេះ​។​

​លោក ​ហ៊ុន ម៉ា​ណែ​ត ​ថ្លែង​បែបនេះ នា​ថ្ងៃទី​ ១៣ ខែកុម្ភៈ ឆ្នាំ ២០២៤ ​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ ​២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​ ២០២៤ របស់​ក្រសួង​អធិការកិច្ច​។​


​លោក​ថ្លែងថា​៖ «​រាជរដ្ឋាភិបាល អាណត្តិ​ទី៧ នៅក្នុង​យុទ្ធសាស្ត្រ​បញ្ច​កោណ​ក៏ដូចជា​យុទ្ធសាស្ត្រ​ចតុកោណ​កន្លងទៅ​ស្នូល​ធំ​បំផុត​ គឺ​អភិបាល​​កិច្ច ដែល​យើង​ត្រូវ​រៀបចំផ្ទះ​យើង​ឱ្យ​ស្អាត​មុននឹង​ចេញទៅ​មើល​ផ្ទះ​គេ​។ ក្នុងន័យនេះ​ក្រសួង​អ​ធិ​ការ​កិច្ច​បាន​ដើរតួនាទី​សំខាន់ ដើម្បី​បញ្ជាក់​ពី​ការពង្រឹង​កិច្ចការ​អភិបាលកិច្ច​នេះ​ទាំង​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​»​។​

​លោក​បាន​បន្តថា​៖ «​បើ​រដ្ឋ​មិនទាន់​គ្រប់គ្រង​ខ្លួនឯង​បានទេ​សួរថា តើ​រដ្ឋ​អាច​ទៅធ្វើ​អ្វី​បាន​។ បច្ចុប្បន្ន​រាជរដ្ឋាភិបាល​បាន​បង្កើត​យន្តការ​តាមដាន​សមិទ្ធកម្ម​ផ្សេងៗ​នៅតាម​ក្រសួង ស្ថាប័ន​ដើម្បី​ត្រួតពិនិត្យ និង​វាយតម្លៃ​លើ​ការអនុវត្ត​កិច្ចការងារ​នៅតាម​បណ្ដា​ក្រសួង ស្ថាប័ន ទាំង​ថ្នាក់ជាតិ និង​ក្រោម​ជាតិ ដើម្បី​ធ្វើយ៉ាងណា​អនុវត្ត​ការងារ​ឱ្យមាន​ប្រសិទ្ធភាព​ទៅដល់​ប្រជាពលរដ្ឋ​»​។ 


​ការ​កំណែទម្រង់​អធិការ​​កិច្ច និង​ស្ថាប័ន​របស់​ជាតិ​គឺជា​កិច្ចការ​សំខាន់ ហើយ​ការងារ​តាមដាន​ត្រួតពិនិត្យ គឺជា​គោលការណ៍​ស្នូល​សម្រាប់​រាជ​​រដ្ឋាភិបាល​អាណត្តិ​ទី៧ ដែល​គោលការណ៍​ស្នូល គឺ​ការកែទម្រង់ និង​ការពង្រឹង​អភិបាល​កិច្ច និង​ការធ្វើ​ទំនើបកម្ម​ស្ថាប័នរដ្ឋ​ឱ្យ​ក្លាយជា​រដ្ឋបាល​សាធារណៈ​ទំនើប​ប្រកបដោយ​សមត្ថ​​ភាព​ខ្ពស់ ខ្លាំង វៃឆ្លាត និង​ស្អាតស្អំ​។​

​លោក​បញ្ជាក់ថា៖ «​ដើម្បី​សម្រេចបាន​ការងារ​នេះ ការតាមដាន ការសង្កេត ការ​ស្រាវជ្រាវ ឬ​ដំណើរការ​នៃ​ការអនុវត្ត​ការងារ ដើម្បី​វាយតម្លៃ​លើ​ការទទួលខុសត្រូវ និង​វិ​និ​​ច្ឆ័​យ​រក​គុណសម្បត្តិ គុណវិបត្តិ​ដើម្បី​កែលម្អ​ឱ្យ​កាន់តែ​ប្រសើរ​គឺជា​ការចាំបាច់ ដែល​ក្នុងនោះ​កិច្ចការ​អធិការកិច្ច គឺត្រូវធ្វើ​ដោយមាន​ប្រសិទ្ធភាព​បំផុត និង​ប្រទាក់ក្រឡា​»​។​

​នាឱកាស​នោះដែរ​លោក​នា​យក​រដ្ឋមន្ត្រី ក៏បាន​បង្ហើប​ឱ្យដឹង​ដែរ​ថា អភិក្រម​ទាំង ​៥ ​របស់​រាជ​​រដ្ឋាភិបាល (​ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង​វះកាត់​) ដែល​ការងារ​អធិការកិច្ច​គឺ​ជួយ​ទៅលើ​អភិក្រម​ទាំងនេះ ដើម្បី​ជួយ​ពង្រឹង​ការអនុវត្ត​ការងារ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ថែមទៀត​។

លោក​ថា៖ «​អ៊ីចឹង ខ្ញុំ​សុំឱ្យ​អង្គភាព ស្ថាប័ន​ទាំងអស់​កុំ​ចាត់ទុក​ការងារ​អធិការកិច្ច​គឺជា​ការងារ​ចុះ​ចាប់​នោះ តែ​ជា​ការជួយ​គ្នា​។ ការតាមដាន​ត្រួត​ពិនិត្យ​គឺជា​កត្តា​ក្នុង​ការធានា​ប្រសិទ្ធភាព​ការងារ​ផែនការ​ដែល​រៀបចំ​មក​កំណត់​ទិសដៅ​សម្ភារ​មួយចំនួន ប៉ុន្តែ​ពេល​អនុវត្ត​មិនដែល​ល្អ​តាម​ផែនការ​ដាក់ចេញ​ទេ ដូចនេះហើយ​ទើប​វា​ទាមទារ​ឱ្យមាន​ការតាមដាន​ត្រួតពិនិត្យ វាយតម្លៃ​ជាប់​ជាប្រចាំ​»​។​

​ជាមួយគ្នា​នោះដែរ​លោក ហ៊ុន ម៉ា​ណែ​ត ក៏បាន​ណែនាំ​ឱ្យ​ក្រសួង​​អធិការកិច្ច​ពិនិត្យ​ពង្រឹង​ការងារ ​៣ គឺ​ធនធានមនុស្ស យន្តការ​ការ​អនុវត្ត​ការងារ និង​បទដ្ឋាន​គតិ​យុត្ត ដោយ​ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការកសាង​មូលធន​មនុស្ស​នៅក្នុង​វិស័យ​អធិការកិច្ច​។​

ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៅ​​ក្នុង​ពិធីបិទសន្និបាត​ក្រសួង​អធិការកិច្ច​កាលពីថ្ងៃទី ១៣ កុម្ភៈ​​។ រូបថត STPM

​លោកនាយក​រដ្ឋមន្ត្រី ក៏បាន​ណែនាំ និង​ជំរុញ​ការបង្កើត​ច្បាប់​ស្ដីពី​អធិការកិច្ច​ឱ្យចេញ​ជា​រូប​រាង​នៅក្នុង​ឆ្នាំ​ ២០២៤ ​នេះ​ឱ្យបាន​លឿន​ព្រោះ​ច្បាប់​នេះ​ជា​គោល​ធំ សម្រាប់​អនុវត្ត​នៅតាម​ក្រសួង​ស្ថាប័ន​។

លោក​បញ្ជាក់ថា៖ «​ព្រោះ​ជំនាញ​អធិការកិច្ច​របស់​យើង​នៅតាម​ក្រសួង​ស្ថាប័ន​មិនមាន​អី​ជា​គោល​រួម​ទេ​គឺ​យក​ផ្អែក​ទៅតាម​ជំនាញ​ដូច​ខាង​កសិកម្ម យកតាម​ច្បាប់​មួយចំនួន​របស់​កសិក​ម្ម និង​ខាង​ផ្នែក​ផ្សេងៗ​តាមច្បាប់់​មួយចំនួន ដោយ​អត់​មាន​អ្វី​ជា​គោល​នោះទេ​។ ខ្ញុំ​គិតថា រៀបចំ​ច្បាប់​នេះ​ចេញ​ជា​គោល នោះ​នឹង​អាច​ដោះស្រាយ​បញ្ហា​បាន​ច្រើន​»​។​

​លោក ហួត ហាក់ រដ្ឋមន្ត្រី​​ក្រសួង​អធិការកិច្ច បាន​ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​នេះ​ថា ក្រសួង​បាន​អនុវត្ត​យុទ្ធសាស្ត្រ​របស់ខ្លួន​តាម​រយៈ​រូបភាព​ចំនួន​ ៣ គឺ​៖ ចូលរួម​ជាមួយ​គណៈកម្មកា​រ​អន្តរក្រសួង ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​របស់ ស្ថាប័ន​នានា​, ចាត់តាំង​មន្ត្រី​អធិការកិច្ច ចុះ​អធិការកិច្ច​នៅតាម​ក្រសួង​ស្ថាប័ន ដែល​បាន​ស្នើសុំ និង​ចាត់តាំង​មន្ត្រី​អធិការកិច្ច​ចុះ​ត្រួតពិនិត្យ​នៅតាម​ក្រសួង​ស្ថាប័ន​នានា ដែលមាន​បញ្ហា​ប្រឈម​។ 

​លោក​ក៏បាន​លើកឡើង​ដែរ​ថា មាន​ទស្សនៈ​ខុសឆ្គង​មួយចំនួន​បានលើកឡើង​លើ​ការងារ​អធិការកិច្ច​ដោយ​យល់ច្រឡំ​ថា ការធ្វើ​អធិការកិច្ច​គឺជា​ការងារ​ដែល​ចាំតែ​ចាប់កំហុស​, ការជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​អង្គភាព​ខ្លួន​,​ការធ្វើឱ្យ​បែកបាក់​សាមគ្គី​​ភាព​ផ្ទៃក្នុង និង​ចុងក្រោយ​គឺ​នាំ​ការរំខាន​ដល់​ការងារ​អង្គភាព​រង​របស់​អធិការកិច្ច​។​

​លោក ហួត ហាក់ ​បញ្ជាក់ថា៖ «​ក្រសួង​បាន​រកឃើញ​អង្គភាព​មួយចំនួន​នៅមាន​ចំណុច​ខ្វះខាត​ខ្លះៗ​ដូចជា ការអនុវត្ត​ការងារ​ខ្លះ​មិនទាន់​គ្រប់​ជ្រុងជ្រោយ​តាម​សមត្ថកិច្ច​​របស់ខ្លួន​, ការប្រើប្រាស់​ថវិកា​មិនទាន់បាន​សមស្រប​តាម​គោលការណ៍​ហិរញ្ញវត្ថុ​, ការ​ប្រមូល​ចំណូល​មិនមែនជា​សារ​ពើ​ពន្ធ និង​ចំណូល​សារពើពន្ធ​មិនទាន់​អស់​លទ្ធភាព​»​។​

​លោក​បន្តថា​៖ «​ក្រសួង​ស្ថាប័ន និង​អង្គភាព​មួយចំនួន​មាន​បំណុល​រ៉ាំរ៉ៃ​ជាច្រើន​ដែល​អតិថិជន​នៅ​ជំពាក់​, ​ការផ្តល់សេវា​សាធារណៈ​ជូន​អតិថិជន​នៅមានកម្រិត​, ការ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ​មិនទាន់​បានល្អ​តាម​ការណែនាំ​របស់​រាជ​រដ្ឋាភិបាល​»​។​

​ទាក់ទង​នឹង​ការងារ​ទទួល​ពាក្យ​​បណ្តឹង អង្កេត និង​ដោះស្រាយ​ពាក្យបណ្តឹង លោក ហួត ហាក់​ បាន​លើកឡើងថា ក្រសួង​បានទទួល​ពាក្យបណ្តឹង​ពី​គ្រប់​ម​ជ្ឈ​ដ្ឋា​ន​ដែល​ភាគច្រើន​ជា​រឿង​ទំនាស់​ទាក់ទង​នឹង​ដីធ្លី ដែល​សំណុំរឿង​ទាំងនេះ​មាន​ប្រភព​មកពី​រដ្ឋ​សភា ព្រឹទ្ធសភា ប្រមុខ​រាជ​រដ្ឋា​ភិ​បាល និង​មួយចំនួនទៀត​ដើមបណ្តឹង​បានដាក់​ពាក្យបណ្តឹង​ដោយផ្ទាល់ និង​ខ្លះ​បាន​ប្តឹង​តាម​​រយៈ​ប្រព័ន្ធ​អន​ឡាញ​។​

​លោក​ថ្លែងថា​៖ «​ការទទួល និង​ដោះ​ស្រាយ​បណ្តឹង​ពិតជា​បានរួម​ចំណែក​យ៉ាងសកម្ម និង​បំពេញបន្ថែម​ឱ្យ​យន្តការ​ផ្សេងទៀត​ក្នុងការ​អនុវត្ត​វិធានការ​គន្លឹះ​របស់​សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី​ពាក់​​ព័ន្ធ​នឹង​ការពង្រឹង និង​លើក​កម្ពស់​គុណភាព ប្រសិទ្ធភាព និង​ការសម្របសម្រួល​ដោះ​ស្រាយ​ក្រៅ​ប្រព័ន្ធតុលាការ​ដោយបាន​បង្កើត​បរិយាកាស​សុខដុម​នីយកម្ម​ក្នុង​សង្គមជាតិ​ស្របតាម​នយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច ហ៊ុនសែន​»​។​

​ក្នុង​នីតិកាល​ទី​៦ នៃ​រដ្ឋសភា និង​ដើម​នីតិកាល​ទី៧​ នៃ​រដ្ឋសភា ក្រសួង​អធិការកិច្ច​បានទទួល​ពាក្យ​​បណ្តឹង​របស់​ប្រជាពលរដ្ឋ​ពី​ម​ជ្ឈ​ដ្ឋា​ន​នានា​បាន​ចំនួន ៦៧២​ ករណី បានន័យថា ជា​មធ្យម​ក្នុង ​១ ​ឆ្នាំ​ក្រសួង​បានទទួល​បណ្តឹង​ចំនួន​ ១៣០ ករណី ភាគច្រើន​ជា​ទំនាស់​ដីធ្លី​។ ក្នុង​ឆ្នាំ​ ២០២៣ ក្រសួង​អធិការកិច្ច​បាន​សម្រប​សម្រួល​បញ្ចប់​វិវាទ​ដោយ​ភារត​ភាព និង​ឈរលើ​គោលការណ៍​ឈ្នះ​ឈ្នះ​បាន​ ៤០ ​ករណី​៕