ភ្នំពេញៈ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា ក្នុងដំណើរការកសាងសន្តិភាព និងប្រជាធិបតេយ្យនៅកម្ពុជា ស្ថាប័នវិទ្យុបានដើរតួនាទីជាកាតាលីករដ៏សំខាន់ ក្នុងការបញ្ជ្រាបព័ត៌មាន ដើម្បីលើកកម្ពស់ចំណេះដឹងមូលដ្ឋានដល់ប្រជាពលរដ្ឋក្នុងសង្គម។ នេះ ជាការថ្លែងនាឱកាសអបអរសាទរទិវាវិទ្យុពិភពលោក លើកទី១៣ នៅថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៤។
ទិវាវិទ្យុពិភពលោក ត្រូវបានបង្កើតក្នុងគោលបំណងជំរុញលើកកម្ពស់ការយល់ដឹងរបស់សាធារណជនពីសារៈសំខាន់របស់វិទ្យុក្នុងជីវភាពប្រចាំថ្ងៃ បង្កើនទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរបទពិសោធន៍រវាងប្រតិបត្តិករនៃស្ថាប័នវិទ្យុ ដើម្បីអភិវឌ្ឍន៍ និងធ្វើទំនើបកម្មស្ថានីយវិទ្យុ ឆ្លើយតបតាមតម្រូវការរបស់សាធារណជន និងការវិវឌ្ឍសង្គមនៃបច្ចេកវិទ្យាឌីជីថល។
លោក នេត្រ ភក្ត្រា ថ្លែងថា នៅឆ្នាំ ២០២៤ ទិវាវិទ្យុពិភពលោកត្រូវបានប្រារព្ធក្រោមប្រធានបទ «១ សតវត្សរ៍ នៃវិទ្យុក្នុងការផ្តល់ព័ត៌មាន អប់រំ និងការកម្សាន្ត» ដែលបានឆ្លុះបញ្ចាំងពីតួនាទីដ៏សំខាន់ សម្រាប់ការផ្សព្វផ្សាយព័ត៌មាននយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ ប្រពៃណី ការអប់រំ និងការកម្សាន្ត តាមសម័យកាលនីមួយៗ ប្រកបដោយប្រសិទ្ធភាព និងគុណភាព។ រហូតមកដល់បច្ចុប្បន្ននេះ ស្ថាប័នវិទ្យុនៅតែបំពេញតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមគ្រប់គ្រងលម្ហព័ត៌មាន សន្តិសុខព័ត៌មាន និងសណ្តាប់ធ្នាប់សង្គមកម្ពុជា តាមរយៈការផ្តល់ព័ត៌មានពិតជូនប្រជាពលរដ្ឋទូទាំងប្រទេស ដើម្បីបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ។
លោកថ្លែងថា ក្នុងដំណាក់កាលរីកចម្រើននៃសង្គម សេដ្ឋកិច្ច និងបច្ចេកវិទ្យា និងជាពិសេស ការវិវឌ្ឍនៃបច្ចេកវិទ្យាឌីជីថល ស្ថាប័នវិទ្យុកម្ពុជាកំពុងយកចិត្តទុកដាក់បង្កើនប្រតិបត្តិការ ដោយបានសម្របខ្លួនតាមរយៈការរួមបញ្ចូលមធ្យោបាយផ្សព្វផ្សាយជំនាន់ថ្មី ដែលមានទម្រង់ចម្រុះ មានទាំងរូបភាព និងសំឡេង ដោយត្រូវយកចិត្តទុកដាក់កសាង និងអភិវឌ្ឍសមត្ថភាពដឹកនាំ និងប្រតិបត្តិ ដើម្បីរួមចំណែកប្រែក្លាយស្ថាប័នព័ត៌មាន ទៅជាស្ថាប័នទំនាក់ទំនងសាធារណៈ ប្រកបដោយបុរេសកម្ម សកម្ម និងអន្តរសកម្ម ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។
លើកកម្ពស់ និងកសាងសមត្ថភាពក្នុងការផលិតមាតិកាកម្មវិធីប្រកបដោយគុណភាព និងភាពច្នៃប្រឌិត, បន្តរួមគ្នាការពារសណ្ដាប់ធ្នាប់ស្ថាប័នសារព័ត៌មាន និងសន្តិសុខព័ត៌មាន, បន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក។
លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាបានថ្លែងថា ការផ្សព្វផ្សាយរបស់កម្មវិធីវិទ្យុនាពេលបច្ចុប្បន្ននេះ ឈានដល់ដំណាក់កាលសារព័ត៌មានឌីជីថល ដោយប្រែក្លាយទម្រង់ខ្លឹមសារទៅជាទំនើបកម្ម តាមរយៈការកែប្រែរបៀបរបប និងវិធីសាស្ត្រនៃការផ្សព្វផ្សាយ គួបផ្សំជាមួយនឹងការកែច្នៃខ្ពស់ដើម្បីដើរឱ្យទាន់សម័យកាលឌីជីថលទំនើបនាពេលបច្ចុប្បន្ននេះ៕