​ភ្នំពេញៈ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​​កម្ពុជា (CDC) កំពុង​សិក្សា​លម្អិត ក្នុងការ​រៀបចំ​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា​-​ជប៉ុន​ ដើម្បី​ទាក់​ទាញ​វិនិយោគិន​ជប៉ុន​មកកាន់​កម្ពុជា​បន្ថែមទៀត​ក្រោយពី​មានគំនិត​ផ្តួចផ្តើម​ពី​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ា​ណែ​ត ក្នុងពេលដែល​លោក​ទៅ​បំពេញ​ទស្សន​កិច្ច​នៅ​ប្រទេស​ជប៉ុន​កាលពី​ខែធ្នូ ឆ្នាំ​ ២០២៣​ កន្លងទៅ​។​

​លោក ហឿន សំនៀង អគ្គ​លេខាធិការ​រង​នៃ​អគ្គលេខា​ធិ​ការដ្ឋាន និង​ជា​ប្រធាន​អ្នក​នាំ​ពាក្យ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​​កម្ពុជា (CDC) បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​ ១៣ ខែកុម្ភៈ​ថា កាលពី​ថ្ងៃទី​ ១២ ខែកុម្ភៈ អន្តរ​ក្រសួង​-​ស្ថាប័ន​បាន​បើក​កិច្ច​ប្រជុំ​ជា​លើក​ទី​២ ដើម្បី​ពិនិត្យ​ពិភាក្សា​លម្អិត​លើ​ការរៀបចំ​ឯកសារ​ទស្ស​ន​ទាន​ ដើម្បី​រៀបចំ​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា​-​ជប៉ុន​។​


លោក​បានឱ្យដឹងថា នៅក្នុង​កិច្ចប្រជុំ​នេះ មានការ​ចូលរួម​ពី​រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​, ​រដ្ឋមន្ត្រីក្រសួង​ឧស្សា​ហក​ម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​,​អគ្គលេខាធិការ​គណៈកម្មការ​វិនិយោគ​នៃ ក​.​អ​.​ក​. តំណាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ផងដែរ ដែល​នេះ​ជា​កិច្ចប្រជុំ​ផ្ទៃក្នុង​ផ្នែក​បច្ចេកទេស ដើម្បី​ពិភាក្សាគ្នា​ឱ្យបាន​លម្អិត​លើ​ការងារ​រៀបចំ​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា​-​ជប៉ុន​នេះ​។​

​លោក ​ហឿន សំនៀង​ បាន​បញ្ជាក់ថា​៖ «​នេះ​ជា​កិច្ចប្រជុំ​លើក​ទី២ ហើយ ដើម្បី​ពិភាក្សា​លើ​ការរៀបចំ​ឯកសារ​ទស្ស​ន​ទាន​ត្រៀម​រៀបចំ​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា​-​ជប៉ុន ​ដោយ​អនុវត្ត​ស្របតាម​គំនិត​ផ្តួចផ្តើម​របស់​សម្តេច​មហា​ប​វរ​ធិបតី នាយករដ្ឋមន្ត្រី អំឡុងពេល​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន​កាលពី​ថ្ងៃទី​ ១៥-១៩ ខែ​ធ្នូ ឆ្នាំ​ ២០២៣​ កន្លងទៅនេះ​ក្នុង​គោលបំណង​ដើម្បី​ជំរុញ​លើក​ទឹកចិត្ត​បណ្តា​វិនិយោគិន​ជប៉ុន ឱ្យ​ងាក​មក​វិនិយោគ​នៅ​កម្ពុជា​បន្ថែមទៀត​»​។​


​ទោះជា​យ៉ាងណា ប្រធាន​អ្នកនាំពាក្យ​នៃ CDC បាន​លើកឡើងថា កិច្ចពិភាក្សា​នៅ​ធ្វើឡើង​ជាច្រើនលើក​ទៀត ដោយ​មិនទាន់​អាច​កំណត់​ពី​ទីតាំង​ដែល​ត្រូវ​ជ្រើសរើស​ធ្វើ​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា​-​ជប៉ុន ​នៅឡើយ​ទេ​។

លោក​បន្ថែមថា​៖ «​គោលបំណង​នៃ​ការរៀបចំ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​​កម្ពុជា​-​ជប៉ុន​នេះ មាន​គោល​​បំណង​ធំ គឺ​ទាក់ទាញ​កា​រវិ​និ​យោគ​មកពី​ជប៉ុន​បន្ថែមទៀត​។ យើង​បាន​ខិតខំ​បង្កើត​ច្បាប់​ស្តីពី​វិនិយោគ និង​ការលើកទឹកចិត្ត​នានា រួមទាំង​ការបង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​ផង​គឺ​សំដៅ​រុញ​កំណើន​ការវិនិយោគ​ដោយផ្ទាល់​មកកាន់​ប្រទេស​យើង​»​។ ​

លោក ​លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បាន​លើកឡើងថា សភាពាណិជ្ជកម្ម តែងតែ​គាំទ្រ​ឱ្យមាន​ការបង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស ព្រោះថា ការរៀបចំ​ឱ្យមាន​តំបន់​សេដ្ឋ​​កិច្ច​ពិសេស​នេះ វា​ជួយ​ច្រើន​ក្នុងការ​ទាក់ទាញ​អ្នកវិនិយោគ​មកកាន់​ក​ម្ពុ​ជា​។

លោក​បញ្ជាក់ថា​៖ «​ការវិនិយោគ​បើក​រោង​ចក្រ​សហគ្រាស​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស គឺ​វា​មាន​ភាព​​ងាយស្រួល​ក្នុងការ​បំពេញ​បែប​បទ ការលើកលែង​ពន្ធ តាមច្បាប់​វិនិយោគ​ថ្មី ខណៈ​តំបន់​សេដ្ឋ​កិច្ច​ពិសេស​នឹងធ្វើ​ឱ្យ​កាន់​តែមាន​ផាសុកភាព​បន្ថែមទៀត​សម្រាប់​អ្នកវិនិយោគ​»​។​

​បើតាម​លោក លឹម ហេង ការ​រៀបចំ​បង្កើត​តំបន់​សេដ្ឋកិច្ច​​ពិសេស​កម្ពុជា​-​ជប៉ុន​នេះ ជា​ម៉ូ​ដែល​គំរូ ដែល​អាច​ទាញ​បាន​នូវ​ទំនុកចិត្ត​អ្នកវិនិយោគ​មកពី​គ្រប់​បណ្តា​ប្រទេស​ខណៈដែល​ការវិនិយោគ​របស់​ជប៉ុន​កន្លងទៅ​មាន​ភាពច្បាស់លាស់ ហ្មត់ចត់ និង​គិតគូរ​ច្រើន​ដល់​បរិស្ថាន​។​

​យោងតាម​របាយការណ៍​ពី​ធនាគារជាតិ​នៃ​កម្ពុជា បាន​បង្ហាញថា ក្នុង​ឆមាស​ទី​៣ ឆ្នាំ ​២០២៣ ជប៉ុន​ជា​ប្រទេស​ដែល​បាន​បោះទុន​វិនិយោគ​ជាប់​លំដាប់ថ្នាក់​ទី​៤ ​នៅ​កម្ពុជា ដោយមាន​ទុនវិនិយោគ​ប្រមាណ ១១,៣​ ទ្រី​លាន​រៀល ដែល​ស្មើនឹង​ ១១,៦ ​ភាគរយ ​នៃ​ទុនវិនិយោគ​ផ្ទា​ល់ពី​បរទេស​សរុប​របស់​ក​ម្ពុ​ជា​៕