​ភ្នំពេញៈ លោក​ យ៉ង សាំង​កុមារ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខា​ប្រ​​មា​ញ់ និង​នេសាទ​បាន​ថ្លែងថា ការ​បណ្តុះបណ្តាល​បន្ថែម​ដែល​ក្រសួង​បានរៀបចំ​ឡើង​សម្រាប់​មន្ត្រី​កសិកម្ម​ឃុំ​ទាំង​ ២៥០ ​នាក់​​ គឺ​ដើម្បី​ជួយ​មន្ត្រី​កសិកម្ម​ឃុំ​ឱ្យ​ត្រៀមខ្លួន​បានល្អ មុននឹង​ជួយ​កសិករ​នៅតាម​ឃុំ​ដែលមាន​ផលិតកម្ម​ស្រូវ​នៅក្នុង​ខេត្ត​ចំនួន​ ១៧​។​


​លោក យ៉ង សាំង​​កុមារ បាន​ថ្លែង​បែបនេះ​នៅ​ថ្ងៃទី ​១៣ ខែកុម្ភៈ ក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​ដល់​មន្ត្រី​កសិកម្ម​ឃុំ​ចំនួន ​២៥០​ នាក់​ ដែលជា​ក្រប​ខ័​ណ្ឌ​ថ្មី​របស់​ក្រសួង​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ដើម្បី​ពង្រឹងសមត្ថភាព​របស់​មន្ត្រី​មុននឹង​ចុះទៅ​តាម​ឃុំ​នានា​នៅ​ខែមីនា ឆ្នាំ​ ២០២៤​។​

​លោក​បាន​បន្តថា ការបណ្តុះ​បណ្តាល​កន្លងមក​ទាំង​ការបណ្តុះ​បណ្តាល​ដោយផ្ទាល់ និង​តាម​ប្រព័ន្ធ​អន​ឡាញ រួមទាំង​ការបណ្តុះ​បណ្តាល​រយៈពេល​ ៤​ ថ្ងៃ ចាប់ពី​ថ្ងៃទី ​១៣ ដល់​ថ្ងៃទី ១៦ ខែកុម្ភៈ​នេះដែរ គឺជា​ការតម្រង់ទិស​ប​ន្ថែ​ម​ក៏ដូចជា​ការគាំទ្រ និង​ពង្រឹងសមត្ថភាព​មន្ត្រី​កសិកម្ម​ឃុំ​ទាំង ​២៥០ ​នាក់ មុននឹង​អនុញ្ញាតឱ្យ​ពួកគេ​ចុះជួយ​កសិករ​ផ្ទាល់​។​


​លោក យ៉ង សាំង​កុមារ បាន​បញ្ជាក់ថា​៖ «​ចំពោះ​ការបណ្តុះ​បណ្តាល​ក្នុង​រយៈពេល ​៤ ​ថ្ងៃនេះ ធ្វើឡើង​ក្នុង​គោលបំណង​ជួយ​ដល់​ប្អូនៗ​ដើម្បី​ត្រៀមខ្លួន​បានល្អ​ប្រសើរ​ក្នុងការ​បំពេញ​តួនាទី និង​ការ​ទទួលខុស​របស់​យើង ដូចដែល​បានចែង​ក្នុង​គោល​នយោបាយ​អាទិភាព​របស់​រាជ​​រដ្ឋាភិបាល​»​។​

«​ការដាក់​ពង្រាយ​មន្ត្រី​កសិកម្ម​ឃុំ​នៅ​ទូទាំងប្រទេស​ក្នុង​អាណត្តិ​ទី៧ ​នេះ​ដែល​ជំហាន​ដំបូង​មាន​ចំនួន​ ២៥០​ នាក់​,​ បន្ទាប់មក​ ៨០០ នាក់ និង​សម្រាប់​ឆ្នាំ​ ២០២៥ ចំនួន ​៥៥០​ នាក់ សរុប​ទូទាំងប្រទេស​មាន​ចំនួន ​១ ៦០០ ​នាក់​នេះ គឺ​ធ្វើយ៉ាងណា​ឱ្យ​ប្រជា​កសិករ​យើង​គ្រប់រូប នៅ​គ្រប់​ទីកន្លែង​ទទួលបាន​សេវា​គាំទ្រ​បច្ចេកទេស​កសិកម្ម​ពី​មន្ត្រី​កសិកម្ម​ឃុំ នៅក្នុង​ឃុំ​សង្កាត់​ទាំង​ជាង​ ១ ៥០០»​។  ​នេះ​បើតាម​ការបញ្ជាក់​បន្ថែម​ពី​លោក យ៉ង​ សាំង​កុមារ​។​


​ទន្ទឹមនឹងនោះ លោក នុត ច័ន្ទ​សុខា រដ្ឋលេខាធិការ និង​ជា​តំណាង​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ​ដែល​ចូល​​រួម​បើក​វគ្គ​បណ្តុះបណ្តាល​នេះ​បានលើកឡើង​ដែរ​ថា ការដាក់​ពង្រាយ​មន្ត្រី​កសិកម្ម​នៅតាម​បណ្តា​ឃុំ​-​សង្កាត់ គឺជា​ការ​បង្ខិត​សេវា​ឱ្យ​ទៅជិត​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ដែលមាន​សកម្មភាព​កសិក​ម្ម​ដើម្បីឱ្យ​កសិករ​នៅ​គ្រប់​ឃុំ​-​សង្កាត់​ ទាំងនោះ​ទទួលបាន​សេវា​កសិកម្ម និង​ការប្រឹក្សា​យោ​​ប​ល់ បច្ចេកទេស​ផ្សេងៗ​។​

​លោក​បាន​បន្ថែមថា មន្ត្រី​កសិកម្ម​ឃុំ​ទាំង​ ២៥០​ នាក់​នឹងត្រូវ​ចាត់​បញ្ជូន​ឱ្យទៅ​បំពេញការងារ​នៅតាម​ឃុំ​ដែល​បាន​ជ្រើស​​រើស​ចំនួន ​២៥០​ ឃុំ ក្នុងស្រុក​ចំនួន​ ៨៩ នៃ​ខេត្ត​ចំនួន​ ១៧ បន្ទាប់ពី​ទទួលបាន​ការបណ្តុះបណ្តាល​តម្រង់ទិស​នេះ​។ កម្មវិធី​សម្រាប់​បណ្តុះបណ្តាល​ដំបូង​នាពេលនេះ​គឺ​សុទ្ធសឹងតែ​ជា​កម្មវិធី​ល្អៗ​មុខ​​ជំនាញ​សំខាន់ៗ និង​មាន​សារ​ប្រ​យោជន៍​សម្រាប់​មន្ត្រី​កសិកម្ម​ឃុំ​។​

​លោក​ថា​៖ «​កម្មវិធី​ដែល​ក្រសួង​បានរៀបចំ​វគ្គ​បណ្តុះបណ្តាល តម្រង់ទិស​ដំបូង​ដែលមាន​រយៈ​​ពេល​ ៤ ​ថ្ងៃ សម្រាប់​ក្មួយៗ​នាពេលនេះ គឺមាន​លក្ខណពិសេស​និង​មាន​សារៈសំខាន់​ខ្លាំងណាស់​ព្រោះ​មាតិកា​ឬ​ប្រធានបទ​ដែល​ត្រូវបាន​ជ្រើសរើស​សម្រាប់​ការ​បណ្តុះបណ្តាល​មាន​លក្ខណៈ​ជា​ពហុ​ជំនាញ មាន​គ្រប់​អនុវិស័យ​ទាក់ទង​នឹង​វិស័យ​កសិកម្ម​ដែល​ត្រូវបាន​លើក​យកមក​បណ្តុះ​​បណ្តាល រួមទាំង​ការងារ​ទាក់ទង​នឹង​ការងារ​ដឹកនាំ និង​គ្រប់គ្រង​ផងដែរ​»​។​

​ជា​មន្ត្រី​កសិកម្ម​ ១ ​រូប លោក ញិ​ន រ៉ា ដែល​ត្រូវ​ទៅ​បម្រើ​ការងារ​នៅ​ឃុំ​ចំរើន ស្រុក​សង្គម​ថ្មី ខេត្ត​​ព្រះវិហារ​ដែលជា​ស្រុកកំណើត​របស់លោក បានបង្ហាញ​ពី​ក្តី​រីក​​រាយ​ចំពោះ​លទ្ធផល​ប្រឡង​ជាប់​ក្របខ័ណ្ឌ​ជា​មន្ត្រី​កសិកម្ម​ឃុំ ដោយ​លោក​រំពឹងថា នឹង​យក​ចំណេះដឹង​ដែល​ទទួលបាន​ពី​ការសិក្សា​នាពេល​កន្លងទៅ និង​បាន​ពី​វគ្គ​បណ្តុះបណ្តាល​ជាមួយ​ក្រសួងកសិកម្ម​កន្លងមក​យកទៅ​ចែករំលែក និង​បណ្តុះបណ្តាល​បន្ត​ដល់​ប្រជាកសិករ​នៅក្នុង​ឃុំ​របស់លោក​។​

​លោក ញិ​ន រ៉ា បានបង្ហាញ​ពី​ចំណាប់អារម្មណ៍ និង​ការប្តេជ្ញា​ចិត្ត​ដូច្នេះ​ថា​៖ «​ខ្ញុំ​ប្តេជ្ញាចិត្ត​ថា នឹង​ប្រើប្រាស់​ចំណេះដឹង​ដែល​ខ្ញុំ​មាន ទៅ​ជួយ​កសិករ​ក្នុង​ឃុំ ស្រុក​របស់ខ្ញុំ ជាពិសេស​លើ​បច្ចេក​ទេស និង​ទីផ្សារ ជាដើម ដែលជា​បញ្ហា​ដែល​កសិករ នៅ​ឃុំ​របស់ខ្ញុំ​ជួបប្រទះ​នាពេល​កន្លងមក​»​។​

​បើតាម​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ តាមរយៈ​វគ្គ​បណ្តុះបណ្តាល​រយៈពេល​ ៤ ​ថ្ងៃនេះ មន្ត្រី​កសិកម្ម​ឃុំ​ទាំងអស់​នឹង​ទទួលបាន​ចំណេះដឹង ពហុ​ជំនាញ​បន្ថែម និង​បាន​យល់ដឹង​ពី​បេសកកម្ម រចនាសម្ព័ន្ធ​គ្រប់​គ្រង​, ​ច្បាប់​សហលក្ខន្តិកៈ​មន្ត្រី​រាជការ​ស៊ីវិល​នៃ​កម្ពុជា​, ក្រម​សីលធម៌​មន្ត្រីរាជការ​,​ការ​គ្រប់​គ្រង​បុគ្គលិក​, មូលដ្ឋានគ្រឹះ​ទាក់​ទង​នឹង​បែបបទ​រដ្ឋបាល និង​រចនាសម្ព័ន្ធ និង​ការគ្រប់គ្រង​មន្ត្រី​កសិកម្ម​ឃុំ​-​សង្កាត់ បន្ថែម​លើ​តួនាទី​ភារកិច្ច​របស់​មន្ត្រី​ក​សិ​កម្ម​ឃុំ​-​សង្កាត់ ​ដែល​បានកំណត់​ក្នុង​រចនាសម្ព័ន្ធ​ដឹកនាំ និង​តួនាទី​ភារកិច្ច​របស់​នាយកដ្ឋាន​ផ្សព្វ​ផ្សាយ​កសិកម្ម​៕​