​បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​.) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ដោះស្រាយ​មធ្យោបាយ​ដឹកជញ្ជូន​កម្មករ ដើម្បី​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ការងារ ពិសេស​គ្រោះថ្នាក់​ចរាចរណ៍​ដល់​ប​ង​ប្អូន​កម្មករនិយោជិត ដែលជា​សមាជិក ប​.​ស​.​ស​. ឱ្យ​បានជា​អតិបរមា​។​


ក្រសួង​ការងារ​បានលើកឡើង​កាលពី​ថ្ងៃទី​១៣ ខែកុម្ភៈ​ថា ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ ដើម្បី​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ការងារ​នេះ គឺធ្វើឡើង​ស្របទៅតាម​អនុសាសន៍​ណែនាំ​របស់លោក​នាយករ​ដ្ឋ​មន្ត្រី ហ៊ុន ម៉ា​ណែ​ត​។ ហេតុនេះ ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​របស់​កម្មករនិយោជិត ប​.​ស​.​ស​. បានកំណត់​សកម្មភាព សិក្សា សហការ និង​រៀបចំ​មធ្យោបាយ​ធ្វើដំណើរ​សមរម្យ​សម្រាប់​កម្មករនិយោជិត សំដៅ​លើកកម្ពស់​កម្មវិធី​បង្ការ​ហានិភ័យ​ការងារ​។​

ក្រសួង​បាន​បន្តថា​៖«​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​របស់​បងប្អូន​កម្មករនិយោជិត​ឱ្យមាន​ប្រសិទ្ធភាព គឺ ប​.​ស​.​ស​. បាន​ដាក់ចេញ​យុទ្ធសាស្ត្រ​សំខាន់ៗ​ដោយ​ត្រូវ​ធ្វើបញ្ជី​បច្ចុប្បន្នភាព​អ្នកបើកបរ​យានយន្ត​ដឹក​កម្មករនិយោជិត​ជាប្រចាំ និង​ត្រូវ​សិក្សា​ពី​ជម្រើស​ក្នុង​ការជំរុញ​ការផ្លាស់ប្តូរ​រថយន្ត​កែច្នៃ​ដែល​ដឹក​កម្មករនិយោជិត​បច្ចុប្បន្ន ទៅជា​រថយន្ត​ដឹក​អ្នកដំណើរ​សម្រាប់​ដឹក​កម្មករនិយោជិត ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ក្រុមហ៊ុន ឬ​អង្គភាព​ណាមួយ​ច្បាស់លាស់ យ៉ាងយូរ​ត្រឹម​ឆ្នាំ​២០២៧»​។​


ក្រៅពី​ចំណុច​ទាំងនេះ ប​.​ស​.​ស​.​ថា​របាយការណ៍​ស្តីពី​ការតាមដាន​រថយន្ត​ដឹក​កម្មករនិយោជិត​ប្រភេទ​ដឹកទំនិញ​ឱ្យមាន​ការផ្លាស់ប្តូរ និង​កែច្នៃ​កៅអីអង្គុយ​ត្រឹមត្រូវ ក៏ត្រូវ​បានរៀបចំ​ផងដែរ​។​

លោក កត្តា អ៊​ន អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានលើកឡើង​ឱ្យដឹង​ដែរ​ថា ការដាក់ចេញ​យុទ្ធសាស្ត្រ​ដើម្បី​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ការងារ ធ្វើឡើង​បន្ទាប់ពី​សង្កេតឃើញ​ការធ្វើដំណើរ​របស់​កម្ម​ករ​និយោជិត​ប្រើប្រាស់​រថយន្ត​ដឹកទំនិញ មិនមាន​ដំបូល កន្លែង​អង្គុយ​មិនបាន​ត្រឹមត្រូវ និង​ដឹក​កម្មករ​ក្នុង​ចំណុះ​ច្រើន ដែល​អាច​ប្រឈម​នឹង​ហានិភ័យ​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​។​


លោក​បន្តទៀតថា​៖«​យើង​លើកទឹកចិត្ត​ឱ្យមាន​រថយន្ត​ក្រុងមាន​ផាសុកភាព មាន​ម៉ាស៊ីនត្រជាក់ មាន​កៅអីអង្គុយ​ត្រឹមត្រូវ​ប៉ុន្តែ​ទន្ទឹមគ្នានេះ យើង​ក៏ត្រូវ​គិតថា​តើ​យើង​ត្រូវធ្វើ​ដូចម្តេច​ដើម្បីឱ្យ​អ្នករកស៊ី​ដឹក​កម្មករ​មានលទ្ធភាព​ប្រើប្រាស់​រថយន្ត​ប្រភេទ​នេះ ដូច្នេះហើយ​ទើប​ក្រសួង​កំពុង​ខិតខំ​ដោះស្រាយ​បញ្ហា​នេះ ហើយ​យើង​នឹង​ពិភាក្សា​ជាមួយ ភាគី​ពាក់ព័ន្ធ​ដើម្បី​សម្រេច​ផែនការ​នេះ​»​។​

​ជុំវិញ​រឿងនេះ​ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ លោក ហ្វា សាលី បាន​គាំទ្រ​ចំពោះ​រាជរដ្ឋាភិបាល​ដែល​ផ្តួចផ្តើម​ឱ្យមាន​ការធានា​សុវត្ថិភាព​ការងារ​ដល់​កន្លែង​ការងារ ខណៈ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើតមាន​ចំពោះ​កម្មករ​នៅតែមាន​ហានិភ័យ​ខ្ពស់ ហើយ​លោក​សង្ឃឹមថា ផែនការ​យុទ្ធសាស្ត្រ​នេះ​នឹង​សម្រេច​ជោគជ័យ​ឆាប់ៗ​។​

លោក​បាន​ប្រាប់ថា​៖«​ទោះជា​មិនដឹង​ច្បាស់​ថា​ផែនការ​ឬ​យុទ្ធសាស្ត្រ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​របស់​ក្រសួង​បែបណា​ប្រាកដ តែ​យើង​នឹង​រង់​ចាំមើល ហើយ​ជំរុញ​ឱ្យ​បងប្អូន​កម្មករ​ប្រើប្រាស់ ប​.​ស​.​ស ឱ្យបាន​គ្រប់គ្នាៗ ហើយ​យើង​សង្ឃឹមថា​ផែនការ​នឹង​សម្រេច​ឆាប់ៗ ដើម្បី​ចៀសវាង​កាត់បន្ថយ​គ្រោះថ្នាក់​ចរណ៍​ផ្សេងៗ​»​។​

ទន្ទឹមគ្នា​នេះដែរ លោក ហ្វា សាលី ក៏បាន​ស្នើឱ្យ​ស្នងការ និង​ក្រុមនគរបាល​ទូទាំងប្រទេស ចូលរួម​សម្រួល​ចរាចរណ៍ និង​បញ្ចៀស​ហានិភ័យ​ចំពោះ​កម្មករ​នៅលើ​ដងផ្លូវ​ផងដែរ​។

​ផ្អែក​តាម​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ឆ្នាំ​២០២៤-២០២៨ របស់​ក្រសួង​នៅក្នុង​យុទ្ធសាស្ត្រ​ទី​៥-​កម្មវិធី​ទី​៣, បេឡា​ជាតិ​សន្តិសុខ​ស​សង្គម ក៏បាន​លើកឡើង​ពី​ការពង្រឹង​ការអប់រំ និង​ផ្សព្វផ្សាយ​លើកកម្ពស់​សុ​ខុល​មាល​ភាព ការបង្ការ​ហានិភ័យ​ការងារ និង​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​ផងដែរ​។ 

ដើម្បី​អនុវត្ត​ការងារ​នេះ​ ឱ្យមាន​ប្រសិទ្ធភាព នឹង​ឆ្លើយតប​ទៅនឹង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ការងារ​នេះ ប​.​ស​.​ស​. នឹង​កំណត់​សកម្មភាព​ផ្សព្វផ្សាយ​ស្តីពី​សុវត្ថិភាព​ចរាចរណ៍​ពេលធ្វើ​ដំណើរ និង​លក្ខខណ្ឌ​អនាម័យ សុវត្ថិភាព​ការងារ លក្ខខណ្ឌ​ការងារ អត្ថប្រយោជន៍​របប​ស​ន្តិ​សុខ​សង្គម និង​ការគ្រប់គ្រង​ហិរញ្ញវត្ថុ ដែល​ក្នុង ១​ឆ្នាំ​ត្រូ​រៀបចំ​យ៉ាងតិច​ឱ្យបាន​៩៦០​វគ្គ និង​មាន​អ្នកចូលរួម​យ៉ាងតិច​ចំនួន​១២៨ ០០០​នាក់​ថែមទៀត​៕