ភ្នំពេញៈ​គណៈ​កម្មា​ធិកា​រ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គ​.​ជ​.​ប​) បាន​ឯ​កភាព​បង្កើត​មជ្ឈ​មណ្ឌល​អប់រំ​អ្នក​បោះ​ឆ្នោត​នៅ​ខេត្ត​ចំនួន​ ៣ គឺ​ ខេត្ត​តាកែវ​ ខេត្ត​កំពង់​ធំ និង​ខេត្ត​កំពង់​ចាម​ ដែល​មាន​ការរក្សា​ខ្លឹម​សារ​អប់រំ​ពី​កា​របោះ​ឆ្នោត​ដែល​បាន​បោះ​ពុម្ព​បិទ​ផ្សាយ​នៅ​មជ្ឈ​មណ្ឌល​នោះ ស​ម្រាប់​ការ​សិក្សា​ស្រាវ​ជ្រាវ​របស់​សា​ធា​រណ​ជន ស្វែង​យល់​ពី​ការ​បោះឆ្នោ​ត​។​


​ការ​សម្រេច​បង្កើត​មជ្ឈ​មណ្ឌល​នេះ ​ធ្វើ​ឡើង​តាម​ស្មារ​តីនៃ​កិច្ច​ប្រជុំ​​ដឹក​នាំ​ដោយ​លោក ​ប្រាជ្ញ ​ចន្ទ ប្រធាន​គ​.​ជ​.​ប​ដើម្បី​ពិនិត្យ​ និង​សម្រេច​លើ​ខ្លឹម​សារ​បដា​សម្រាប់​ផ្សព្វ​ផ្សាយ​​អប់រំ​អ្នក​បោះឆ្នោ​ត ​ស្ប៉ត​វីដេអូ​អប់រំ​ពាក់​ព័ន្ធ​នឹង​ការបោះ​ឆ្នោត​​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធ​សភា ​នីតិ​កាល​ទី​៥ ​និង​ខ្លឹមសារ​សង្ខេប​សៀ​វភៅ​ពី​ដំណើរ​ការ​បោះឆ្នោត​នៅ​កម្ពុជា ​ចាប់ពី​ឆ្នាំ​១៩៩៣ ​ដល់​បច្ចុប្បន្ន​។​នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​គ​.​ជ​.​ប ស្តីពី​លទ្ធ​ផល​នៃ​កិច្ច​ប្រជុំ​របស់​គ​.​ជ​.​ប កាល​ពី​ថ្ងៃទី​១៣ ​ខែកុម្ភៈ​ ឆ្នាំ​២០២៤​។​

​សេចក្តី​ប្រកាស​ព័ត៌មា​ន​បាន​បញ្ជាក់​ថា ៖ «​ម​ជ្ឈម​ណ្ឌល​អប់រំ​អ្នកបោះ​ឆ្នោត​ទាំង ៣ ខេ​ត្ត​ខាងលើ​ដំណើរ​ការ​ក្រោម​ជំនួយ​ឧបត្ថម្ភ​គាំទ្រ​ទាំង​សម្ភារ ​និង​បច្ចេក​ទេស​របស់​ជំនាញ​ការ​ប្រចាំ​នៅ គ​.​ជ​.​ប ដែល​មក​ពីទីភ្នាក់​ងារ​សហ​ប្រតិ​បត្តិ​ការ​អន្ត​រជាតិ​ជប៉ុន​ (JICA) ប្រចាំ​នៅ​កម្ពុជា​»​។​


​ជាមួ​យគ្នា​​នោះ​ គ​.​ជ​.​ប បាន​ឯកភា​ព​លើ​ខ្លឹមសា​រ និង​រូបភាព​វីដេអូ​អប់រំ​ចំនួន ២​ រឿង​ផង​ដែរ​ ក្នុ​ងនោះ​មានរឿង​អប់រំ​ខ្លីក្រោម​​ចំណង​ជើង​ថា «​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​សមា​ជិក​ព្រឹទ្ធ​សភា​ នីតិ​កាល​ទី​៥ ឆ្នាំ​២០២៤»​ និង​រឿង​អប់រំ និង​បណ្តុះ​បណ្តាល​ពី​នីតិ​វិធី​ស្តីពី ការ​បោះ​ឆ្នោត និង​រាប់​សន្លឹក​ឆ្នោត​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​សមា​ជិក​ព្រឹទ្ធ​សភា ​នីតិ​កាល​ទី​៥ ​ឆ្នាំ​២០២៤​។​

​បន្ថែម​ពី​នេះ គ​.​ជ​.​ប​ ក៏បាន​ឯក​ភាព​ជា​គោល​ការណ៍​លើ​ខ្លឹម​សារ​សង្ខេប​សៀវ​ភៅ​ពី​ដំណើរ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ចា​ប់ពី​ឆ្នាំ​១៩៩៣​ ដល់​បច្ចុប្បន្ន​ផង​ដែរ​។​


​ជុំវិញ​កា​រឯក​ភាព​ឱ្យ​បង្កើត​មជ្ឈ​មណ្ឌល​អប់រំ​អ្នក​បោះឆ្នោ​ត​នៅ​ខេត្ត​ចំនួន​ ៣​នេះ​ ​លោក​ ម៉ុក ដា​រ៉ា អ្នក​នាំពាក្យ​គ​.​ជ​.​ប​បាន​ប្រាប់​បន្ថែម​នៅ​ថ្ងៃទី​១៤ ខែកុម្ភៈ​ថា មជ្ឈ​មណ្ឌល​អប់រំ​អ្នកបោះ​ឆ្នោ​ត​កន្លង​​មក គឺ​មិន​ធ្លាប់មា​ន​ទេ​ ទើប​តែ​ឆ្នាំនេះ​ គ​.​ជ​.​ប​ឯកភា​ព​ឱ្យ​បង្កើត​ឡើង ​បន្ទាប់​ពី​ទទួល​បាន​ជំនួយ​ឧបត្ថម្ភ​ពី​ទីភ្នាក់​ងារ​ស​ហប្រតិបត្តិ​ការ​អ​ន្តរជាតិ​ជប៉ុន (JICA) ប្រចាំ​នៅ​កម្ពុជា​ ហើយ​មជ្ឈ​មណ្ឌល​នេះ​នឹង​ស្ថិត​នៅ​ក្នុង​លេខា​ធិកា​រដ្ឋាន​រៀបចំ​ការ​បោះឆ្នោ​ត​នៃ​ខេត្ត​ទាំង ​៣​នោះ​។​

​លោក ​ម៉ុក ដា​រ៉ា បាន​ថ្លែង​ថា​៖ «​យើង​រើស​យកតែ​៣​ខេត្ត​សិន ដោយ​សា​រ អ​ង្គការ ​JICA​ មាន​គម្រោង​តែ​ប៉ុណ្ណឹង​ក្នុ​ងឆ្នាំ​នេះ ហើយ​នឹង​មាន​គម្រោង​បន្ត​ទៅ​ខេត្ត​ផ្សេងៗ​ទៀត​»​។​

​លោក ​សំ គ​ន្ធា​មី នាយក​អង្គកា​រ​ឃ្លាំមើ​ល​ការបោះ​ឆ្នោត​និច​ហ្វិ​ក មិន​អាច​ទាក់​ទង​ដើម្បី​សុំកា​រ​អ​ត្ថាធិប្បាយ​ជុំវិញក​រណីនេះ​បាន​ទេ ​នៅ​ថ្ងៃទី​១៤ ​ខែកុម្ភៈ​។​

​លោក ​គឹម​សួរ ភិ​រិ​ទ្ធ បេក្ខ​ជន​ឈរឈ្មោះ​​បោះឆ្នោ​ត​ជ្រើសតាំ​ង​សមា​ជិក​ព្រឹទ្ធ​សភា​ មកពី​គ​ណបក្ស​ឆន្ទៈ​ខ្មែរ បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ​ការ​បង្កើ​តឱ្យ​មាន​មជ្ឈ​មណ្ឌល​អប់រំ​អ្នក​បោះឆ្នោ​ត​នេះ​ ប៉ុន្តែ​លោក​ថា សម្រាប់​ការ​បោះឆ្នោ​ត​ជ្រើសតាំ​ង​សមាជិក​ព្រឹទ្ធ​សភា​ខាង​មុខ​មិន​ចាំបាច់​ធ្វើការ​អប់រំ​អ្នកបោះ​ឆ្នោត​​ច្រើន​នោះទេ​ ព្រោះថា​​ អង្គ​បោះឆ្នោ​ត​សុទ្ធ​សឹង​ជា​ស​មាជិក​ក្រុម​ប្រឹក្សា​ឃុំ​ សង្កាត់​ និង​សមា​ជិក​រដ្ឋ​សភា ពួកគា​ត់​យល់ដឹ​ង​អស់​ហើយ​។​

​លោកបាន​បញ្ជាក់​ថា លោ​ក​ច​ង់ឱ្យ​មជ្ឈ​មណ្ឌល​អប់រំ​អ្នកបោះ​ឆ្នោត​ ​ដើរ​តួនាទី​សំខាន់​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ និង​សមាជិ​ក​រដ្ឋ​សភា​ព្រោះ​វា​ជា​ការ​បោះឆ្នោ​ត​ទូទៅ​។ 

​លោក​ថា​៖ «​បើ​មជ្ឈមណ្ឌ​ល​អប់រំ​អ្នក​បោះឆ្នោ​ត​ ​បើក​រហូត ខ្ញុំ​យល់​ថា​ល្អ វា​មាន​រយៈពេ​ល​យូ​រអង្វែង ​វា​ផ្តល់​ផលប្រ​យោជន៍​ដល់​ប្រជា​ព​លរដ្ឋ​អ្នកបោះ​ឆ្នោ​ត​»​។​

​ចំណែ​ក លោក ញឿ​ន រ៉ា​ដែន អ្នក​នាំពា​ក្យ​គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច​ បាន​ថ្លែង​ថា ​លោក​​ពិត​ជា​រីក​រាយ ​និង​សូម​អប​អរសាទរ​ចំពោះ​ការ​បង្កើត​មជ្ឈម​ណ្ឌ​ល​អ​ប់​រំ​អ្នក​បោះឆ្នោ​ត​ទាំង​៣ខេ​ត្ត​នេះដើម្បី​ជា​ប្រយោជន៍​​ដល់​សាធា​រណ​ជនឱ្យ​បាន​សិក្សា​ស្វែង​យល់​កាន់​តែច្បា​ស់ពី​កិច្ច​ដំណើការ​​នៃ​ការបោះ​ឆ្នោ​ត​​។​

​លោក​ថា៖ «​ខ្ញុំ​គិតថា ​​មជ្ឈម​ណ្ឌ​ល​អប់រំ​អ្ន​កបោះ​ឆ្នោត​​នេះ នឹង​ជួយ​ដល់​ប្រជា​ពល​រដ្ឋឱ្យ​កាន់តែ​យល់ច្បា​ស់​អំពី​តម្លៃ​នៃ​ការ​បោះ​ឆ្នោត​ ​និង​សារៈ​សំខាន់​សន្លឹក​ឆ្នោតរ​បស់​ពួក​គាត់​»៕