បាត់ដំបងៈអាជ្ញាធរក្រុងបាត់ដំបង និងស្រុកសង្កែ បានចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យបញ្ឈប់ការចិញ្ចឹមត្រី នៅដងស្ទឹងសង្កែ ក្នុងភូមិសាស្ដ្ររបស់ខ្លួន និងបានឱ្យរុះរើស៊ងចិញ្ចឹមត្រីនៅឃុំវត្តតាមិមចេញ ដើម្បីថែរក្សាអនាម័យបរិស្ថាននិងសម្អាតប្រភពទឹកនៅផ្នែកខាងលើស្ថានីយបូមទឹកឆៅផលិតទឹកស្អាតផងដែរ។
ការចុះផ្សព្វផ្សាយនិងឱ្យរុះរើនេះធ្វើឡើងកាលពីថ្ងៃទី១៣ ខែកុម្ភៈ ដោយអនុវត្តតាមការណែនាំរបស់លោកសុខ លូ អភិបាលខេត្តបាត់ដំបងនិងដឹកនាំដោយលោក នាង ច័ន្ទថារ៉ា អភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកសង្កែ សហការជាមួយលោក ជួង សុភា នាយខណ្ឌរដ្ឋបាលជលផលបាត់ដំបង។ នេះបើតាមហ្វេសប៊ុករដ្ឋបាលខេត្តបាត់ដំបង។
ប្រភពដដែលបានឱ្យដឹងថា នៅក្នុងឱកាសនោះ លោក នាង ច័ន្ទថារ៉ា បានឱ្យដឹងថា ៖«សម្រាប់ស៊ងចិញ្ចឹមត្រីក្នុងភូមិសាស្ដ្រស្រុកសង្កែ មានចំនួន ៤៤ ស៊ង ហើយម្ចាស់ស៊ងចិញ្ចឹមត្រីទាំងនោះបានសហការបញ្ឈប់ការចិញ្ចឹមនិងរុះរើចេញជាបន្តបន្ទាប់ក្នុងនោះដែរ ប្រជាពលរដ្ឋដែលជាម្ចាស់ស៊ងចិញ្ចឹមត្រីបានបង្ហាញការតាំងចិត្តជាមួយអាជ្ញាធរស្រុកក្នុងការអនុវត្តតាមការណែនាំដោយពួកគាត់នឹងរុះរើស៊ងចិញ្ចឹមត្រីទាំងអស់ចេញពីស្ទឹងសង្កែ»។
លោកបានបន្ថែមថា ដោយឡែកសម្រាប់គ្រួសារចំនួន ៥ គ្រួសារ ដែលត្រូវបានរុះរើត្រើងត្រីរួច តែមិនទាន់បានលក់អស់បានយកត្រីទៅដាក់ក្នុងស្បៃប្រស់ក្នុងស្ទឹងសង្កែ ដែលនៅសល់ប្រមាណ ៤,៥ តោន ហើយត្រីដែលនៅសេសសល់នោះក្រុមការងារនឹងបន្តតាមដានរហូតដល់លក់អស់។
បើតាមរដ្ឋបាលខេត្តបាត់ដំបង ជាដំណោះស្រាយចំពោះមុខ បន្ទាប់ពីប្រជាពលរដ្ឋដែលជាម្ចាស់ស៊ងចិញ្ចឹមត្រីបានយល់ព្រមរុះរើបញ្ឈប់ការចិញ្ចឹមត្រីនៅក្នុងស្ទឹងសង្កែ អាជ្ញាធរស្រុកសង្កែបាននិងកំពុងខិតខំជួយរកទីតាំងចិញ្ចឹមនៅលើគោកព្រមទាំងផ្ដល់ជំនួយបច្ចេកទេសនៃការចិញ្ចឹមថែមទៀតផង។
ជុំវិញបញ្ហានេះដែរ លោក សុខ លូ អភិបាលខេត្តបាត់ដំបងបានឱ្យដឹងបន្ថែមនៅថ្ងៃទី១៤ ខែកុម្ភៈថា ករណីនេះ បានអនុវត្តតាំងពីឆ្នាំ២០២៣ បន្ទាប់ពីមានការទប់ស្ទឹងនៅសាលាតាអនដែលធ្វើឱ្យទឹកមានសភាពនៅទ្រឹងខណៈដែលពលរដ្ឋចិញ្ចឹមត្រីលើបែច្រើន នៅផ្នែកខាងលើ ធ្វើឱ្យប៉ះពាល់ដល់ប្រភពទឺក ដែលត្រូវបូមទឹកយកទៅធ្វើទឹកស្អាតប្រើប្រាស់។
លោកអភិបាលខេត្ដបានបញ្ជាក់ថា៖«បន្ទាប់ពីមានការតវ៉ាពីមន្ត្រីបរិស្ថាននិងរដ្ឋាករទឹកខេត្តបាត់ដំបងដែលថា នៅពេលដែលមានការចិញ្ចឹមត្រីបែបនេះនឹងធ្វើឱ្យប៉ះពាល់ទឹកដែលត្រូវបូមយកធ្វើទឹកស្អាត ក្រុមប្រឹក្សាខេត្តបានបើកកិច្ចប្រជុំបន្ទាន់ដោយតម្រូវឱ្យប្រជាពលរដ្ឋរើចេញនូវបែត្រីទាំងនោះ ហើយបើបន្តទុកទៀត ទឹកស្ទឺងសង្កែលែងប្រើប្រាស់កើតទៀតហើយនិងយកទៅធ្វើទឹកស្អាតក៏លែងកើតក្រោយពេលដែលអ្នកជំនាញយកទឹកទៅវិភាគ»។
លោកបានបន្តថា៖«ដោយមើលឃើញបែបនេះ ក្រុមប្រឹក្សាខេត្តក៏សម្រេចឱ្យគាត់(ពលរដ្ឋចិញ្ចឹមត្រី)ឱ្យរើចេញ ហើយយើងទុកពេលឱ្យគាត់ជាង១ឆ្នាំហើយ និងរើជាបន្តបន្ទាប់ ហើយចុងក្រោយនេះ គាត់រើបញ្ចប់ និងថ្ងៃមុននេះ គណៈបញ្ជាការស្រុកសង្កែ ទៅជួយរើពួកគាត់ផងដែរ»។
បើតាមលោក សុខ លូ ក្រោយចុះផ្សព្វផ្សាយនិងណែនាំពីអាជ្ញាធរខេត្ត ប្រជាពលរដ្ឋដែលជាអ្នកចិញ្ចឹមត្រីទាំងនោះស្ម័គ្រចិត្តរើ មិនមានអ្វីជាការតវ៉ាទេ បន្ទាប់ពីពួកគាត់បានយល់ដឹងច្បាស់ពីផលប៉ះពាល់ដល់ការផលិតទឹកស្អាតយកមកប្រើប្រាស់ប្រចាំថ្ងៃ៕