​រាជរដ្ឋាភិបាល​កម្ពុជា​បានចេញ​អនុក្រឹត្យ កំណត់​យក​ថ្ងៃទី​ ៧ ខែធ្នូ រៀងរាល់ឆ្នាំ ជា «​ទិវា​ជាតិ​អ្នកនិពន្ធ​» ​ក្នុង​គោលបំណង​បង្កើន​គុណ​តម្លៃ និង​ជំរុញ​លើកកម្ពស់​ស្នាដៃ​តែង​និពន្ធ ដើម្បី​រួមចំណែក​ដល់​ការអប់រំ ការលើកកម្ពស់​សុខដុម​ភាព​វប្បធម៌ សាសនា និង​ការយល់ដឹង​អំពី​អក្សរសាស្ត្រ អក្សរសិល្ប៍ សិល្បៈ ប្រវត្តិសាស្ត្រ និង វិទ្យាសាស្ត្រ​។​


យោង​អនុក្រឹត្យ​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ចុះ​ថ្ងៃទី​ ១២ ខែកុម្ភៈ ឆ្នាំ​ ២០២៤ បានឱ្យដឹងថា ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ត្រូវ​រៀបចំ​ទិវា​ជាតិ​អ្នកនិពន្ធ ដោយ​សហការ​ជាមួយនឹង​ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួង​ព័ត៌មាន ក្រសួងពាណិជ្ជកម្ម និង​ក្រសួង​ស្ថាប័ន ពាក់ព័ន្ធ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ សង្គម​ស៊ីវិល អង្គការ​ជាតិ​និង​អន្តរជាតិ វិស័យ​ឯកជន គ្រឹះស្ថានសិក្សា​នានា និង សមាគម​អ្នកនិពន្ធ​។​

តាមរយៈ​អនុក្រឹត្យ​នេះ​បាន​ឱ្យដឹងទៀតថា​៖ «​គ្រប់​ក្រសួង ស្ថាប័ន រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ សង្គម​ស៊ីវិល អង្គការ​ជាតិ​និង​អន្តរជាតិ វិស័យ​ឯកជន គ្រឹះស្ថានសិក្សា​នានា សមាគម​អ្នកនិពន្ធ ចូលរួម​បំផុស​ដល់​មន្ត្រីរាជការ សិស្ស និស្សិត កម្មករ និយោជិត និយោជក កងកម្លាំងប្រដាប់អាវុធ និង​ប្រជាជន ដើម្បី​បង្កើត​ស្មារតី​ចូលរួម​ក្នុងការប្រឡងប្រណាំង​ ស្នាដៃ​តែង​និពន្ធ​»​។​


លោក មាឃ បូរ៉ា ប្រធាន​វិទ្យាស្ថាន​ភាសាជាតិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី ​១៤ ខែកុម្ភៈ​ថា ការកំណត់ ទិវា​ជាតិ​អ្នកនិពន្ធ​ជា​ចក្ខុវិស័យ​មួយ​ដ៏​ល្អ​ក្នុងចំណោម​ចក្ខុវិស័យ​ដទៃៗ​ទៀត​របស់​រាជរដ្ឋាភិបាល​។​

លោក​ថា ការលើកតម្កើង​ស្នាដៃ​អ្នកនិពន្ធ​នេះ បានផ្ដល់​នូវ​គុណ​តម្លៃ​ដល់​អ្នកនិពន្ធ​ដែល​ស្រឡាញ់​អក្សរសាស្ត្រ​ជាតិ លើកទឹកចិត្ត​ដល់​អ្នកនិពន្ធ និង​ក៏​អាច​ជំរុញ​ដល់​ការអាន​របស់​សិស្ស និស្សិត​ក៏ដូចជា​មហាជន​ទូទៅ ចង់ដឹង​ពី​ទេពកោសល្យ​របស់​អ្នកនិពន្ធ ជាដើម​។ 


លោក​បាន​ប្រាប់ថា​៖ «​យើង​បានដឹងហើយថា ស្នាដៃ​និពន្ធ​នានា​ជា​កញ្ចក់​ឆ្លុះបញ្ចាំង​នៃ​សង្គម​»​។  

​ជាមួយគ្នានេះដែរ លោក ប៊ិន រ៉ាត់ អ្នកនិពន្ធ​ប្រលោមលោក បាន​ថ្លែង​ដែរ​ថា ក្នុងនាម​រូបលោក​ជា​អ្នកនិពន្ធ ឬ​ជា​អ្នក​ដែល​ចូលចិត្ត​សរសេរ​ម្នាក់ ពិតជា​មាន​អារម្មណ៍​សប្បាយរីករាយ ត្រេកអរ និង​សាទរ​ជាមួយ​អ្នកនិពន្ធ​ផ្សេងទៀត នៅពេលដែល​រាជរដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​ស្ដីពី ទិវា​ជាតិ​អ្នកនិពន្ធ​។

លោក​បានឱ្យដឹងថា ៖«​ការសម្រេច​នេះ​ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់ សម្រាប់​កវីនិពន្ធ​ដែល​បាន​ចាកចេញ​ទៅហើយ និង​អ្នកនិពន្ធ​ជំនាន់​ក្រោយ ដែល​ស្រឡាញ់ អាជីព​ជា​អ្នកនិពន្ធ​។ តាមរយៈ​អនុក្រឹត្យ​ដែលមាន ៤​ មាត្រា យើង​ឃើញ​អំពី​គុណ​តម្លៃ និង​អត្ថប្រយោជន៍​ជាច្រើន ដែល​ក្នុងនាម​ជា​អ្នកនិពន្ធ​នឹង​ទទួលបាន​»​។

 ​លោក​បន្ថែមថា សម្រាប់​កវីនិពន្ធ​ជើងចាស់ រៀមច្បង ដែល​បាន​ចាកចេញ​ទៅហើយ គឺមាន​ទិវា​ជាតិ​អ្នកនិពន្ធ ដើម្បី​រំឭក​ពី​គុណ​តម្លៃ និង​ការដឹងគុណ​ដល់​ពួកគាត់ ចំពោះ​ការចូលរួម បង្កើត​ស្នាដៃ ទាំង​អក្សរសាស្ត្រ និង​អក្សរសិល្ប៍ ដើម្បី​សង្គមជាតិ​កន្លងមក​។

 លោក​បន្តថា ដោយឡែក សម្រាប់​អ្នកនិពន្ធ​ជំនាន់​ក្រោយ ដែល​កំពុង​ធ្វើ​កិច្ច​នេះ​បន្ត​ពី​អ្នក​ជំនាន់​មុន ទិវា​ជាតិ​អ្នកនិពន្ធ ពិតជា​ផ្ដល់​ផល​វិជ្ជមាន បង្កលក្ខណៈ​ងាយស្រួល លើកទឹកចិត្ត​អ្នកនិពន្ធ ដែល​កំពុង​ធ្វើ​កិច្ចការងារ​នេះ​។​

លោក ​ប៊ិន រ៉ាត់ បាន​បញ្ជក់​ថា ការចូលរួម​ផ្សព្វផ្សាយ ពី​រាជរដ្ឋាភិបាល ស្ថាប័ន​ជាតិ អង្គការក្រៅរដ្ឋាភិបាល និង​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​នានា ពិត​ជាមាន​សារៈសំខាន់​ណាស់ ដើម្បី​បង្កើន​គុណ​តម្លៃ​នៃ​ការ​តែង​និពន្ធ​។​

លោក​ថ្លែងថា​៖«​ក្នុងការ​តែង​និពន្ធ ខ្ញុំ​មាន​គោលបំណង​មួយ និង​គោលដៅ​២​។ គោលបំណង​មួយ​នោះ គឺ​ដើម្បី​បញ្ជ្រាប​ការអាន​នៅ​កម្ពុជា​ក៏ដូចជា​ចូលរួម​បណ្តុះ​ធនធានមនុស្ស​ក្នុង​វិស័យ​អប់រំ​តាម​ដែល​អាចធ្វើ​ទៅបាន ជាពិសេស នៅ​តំបន់​ដាច់ស្រយាល និង​អ្នក​ខ្វះ​លទ្ធភាព​។ ចំណែកឯ​គោលដៅ​២​នោះ​គឺ ខ្ញុំ​សំដៅ​ទៅលើ​មនុស្ស​ ២ ​ក្រុម​»​។

លោក​ថា៖ «​ក្រុមទី​១ គឺ​ក្រុម​ ដែល​មិន​ធ្លាប់​ឣា​ន​សៀវភៅ ឬ​មិន​ចូលចិត្ត​អាន​សៀវភៅ រីឯ​ក្រុមទី​២ គឺ​ក្រុម​ដែល​កំពុង​មានបំណង​បោះបង់​ការសិក្សា​។​

​អ្នកនិពន្ធ​រូបនេះ​បាន​បន្តថា សម្រាប់​លោក​ការនិពន្ធ​កន្លងមក​មិន​ផ្តោត​សំខាន់​តែ​លើ​ការលក់​នោះទេ គឺ​បាន​ផ្តល់ជូន​សៀវភៅ​សម្រាប់​អ្នក​ខ្វះ​លទ្ធភាព ផ្តល់ជូន​បណ្ណាល័យ និង​នៅតាម​អង្គការ​នានា​ដោយ​ឥតគិតថ្លៃ​ប្រមាណ ២​ពាន់​ក្បាល​គិត​មកដល់​ប​ច្ច​ប្បន្ន​នេះ​។​

សូម​ជម្រាប​ផងដែរ​ថា កម្ពុជា​ក៏មាន​ច្បាប់​ស្តីពី​សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិ​ប្រហាក់ប្រហែល ដែល​ត្រូវ​ប្រកាស​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ កាលពី​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០០៣​។​ ច្បាប់​នេះ មាន​គោលបំណង​ធានា​ការគោរព​សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិ​ប្រហាក់ប្រហែល និង​ការពារ​នូវ​ផលិតផល​វប្បធម៌​ស្នាដៃ​អ្នកនិពន្ធ អ្នក​សម្តែង ផលិតករ និង​ហ្វូ​ណូ​ក្រាម និង​អង្គភាព​ទូរ​ផ្សាយ សំដៅ​ធានា​ការធ្វើ​អាជីវកម្ម​មួយ​ត្រឹមត្រូវ ស្របច្បាប់​លើ​ផលិតផល​វប្បធម៌​ទាំងនោះ ដើម្បី​រួមចំណែក​ក្នុងការ​អភិវឌ្ឍ​វិស័យ​វប្បធម៌​៕