នា​សន្និសីទ​មហាសមុទ្រ​ឥណ្ឌា​លើក​ទី​៧ កម្ពុជា​តាមរយៈ​មន្ត្រីជាន់ខ្ពស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានប្រកាស​ស្វាគមន៍​រាល់​គំនិត​ផ្តួចផ្តើម​នានា​ដែល​ចួ​ល​រួមចំណែក​ដល់​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​ក្នុង​តំបន់ ព្រមទាំង​ជំរុញ​ឱ្យ​បណ្តា​ប្រទេស​ក្នុង​តំបន់​រួមគ្នា ដើម្បី​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​។​


ការប្រកាស​ដូច្នេះ ធ្វើឡើង​តាមរយៈ​ការ​ថ្លែង​សុន្ទរកថា​របស់លោក​ ប្រាក់ ងួន​ហុង រដ្ឋលេខាធិការ​ក្រសួងការបរទេស នា​សន្និសីទ​មហាសមុទ្រ​ឥណ្ឌា​លើក​ទី​៧ តាម​ការចាត់​តាំងរបស់​លោក សុខ ចិន្តា​សោភា ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីការបរទេស​។ 

សន្និសីទ​នេះ​ធ្វើឡើង​ក្រោម​ប្រធានបទ «​ឆ្ពោះទៅរក​មហាសមុទ្រ​ឥណ្ឌា ប្រកបដោយ​ស្ថិរភាព និង​ចីរភាព​» ដែល​បាន​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​៩ ដល់​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២៤ កន្លងទៅ នាទី​ក្រុង Perth ប្រទេស​អូស្ត្រាលី​។ នេះ​បើ​យោងតាម​ខ្លឹមសារ​ផ្សព្វផ្សាយ​របស់​ក្រសួងការបរទេស​នៅ​យប់​ថ្ងៃទី​១២ ខែកុម្ភៈ​។


​លោក ​ប្រាក់ ងួន​ហុង បានបញ្ជាក់​ពី​អាទិភាព​របស់​កម្ពុជា ដែល​ផ្តល់​សារៈសំខាន់​ចំពោះ​ការពង្រឹង​ម​ជ្ឈ​ភាព និង​សាមគ្គីភាព​របស់​អាស៊ាន ជាពិសេស​ការគាំទ្រ​ដល់​យន្តការ​ពហុភាគី​និយម ដើម្បីឱ្យ​តំបន់​មាន​បរិ​យាប​ន្ន និង​នីតិរដ្ឋ​។​

លោក​ថ្លែងថា​៖ «​កម្ពុជា​ស្វាគមន៍​រាល់​គំនិត​ផ្តួចផ្តើម​នានា​ដែល​រួមចំណែក​ដល់​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​ក្នុង​តំបន់ ហើយក៏​ជំរុញ​ឱ្យ​បណ្តា​ប្រទេស​ក្នុង​តំបន់​ធ្វើការ​រួមគ្នា ដើម្បី​បន្ត​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង​»​។​


​ក្នុង​សន្និសីទ​នេះដែរ រដ្ឋមន្ត្រីការបរទេស​ឥណ្ឌា Subrahmanyam Jaishankar​បាន​ថ្លែង​ដែរ​ថា មហាសមុទ្រ​កំពុងមាន​បញ្ហា​ប្រឈម​ជាច្រើន​តួយ៉ាង ការគំរាមកំហែង​លើ​នាវាចរណ៍ អំពើ​ភេរវកម្ម ភាពជាប់គាំង​នៃ​ច្បាប់​អន្តរជាតិ​ ចំពោះ​ការហោះ​ហើរ និង​នាវាចរណ៍ ដែន​អធិបតេយ្យភាព​និង​ឯករាជភាព​ជាដើម​ដែល​ទាមទារ​ឱ្យមាន​កិច្ចសហការ​កាន់តែ​ស៊ីជម្រៅ​រវាង​រដ្ឋ​ក្នុង​ចំណុះ​តំបន់​មហាសមុទ្រ​ឥណ្ឌា​។​

លោក​បាន​បន្តថា នៅ​ចំពោះមុខ​បញ្ហា​ប្រឈម​នានា​សម័យ​សកលភាវូបនីយកម្ម​នេះ ក៏ដូចជា​វិបត្តិ​កូ​វីដ​១៩ ជា​គំរូ​បង្ហាញ​ពិភពលោក​ស្រាប់ រួមទាំង​វិបត្តិ​ប្រែប្រួល​អាកាសធាតុ ប្រជាជាតិ​នៃ​មហាសមុទ្រ​ឥណ្ឌា​ត្រូវតែ​ពិចារណា​ឡើងវិញ​ពី​អនាគត​ប្រកបដោយ​និរន្តរភាព​ចំពោះ​ការពឹង​ផ្អែកលើ​សមូហភាព ឬ​បណ្តោយ​ខ្លួន​ឱ្យនៅ​ងាយ​រងគ្រោះ ដែល​ត្រូវ​រួបរួមគ្នា​តួយ៉ាង​ផ្តោតលើ​អនាគត​នៃ​ឌីជីថល យានជំនិះ​អគ្គិសនី​ជាដើម​។​

​រដ្ឋមន្ត្រីការបរទេស​ឥណ្ឌា​រូបនេះ ស្នើឱ្យ​បណ្តា​រដ្ឋ​ក្នុង​តំបន់​មហាសមុទ្រ​ឥណ្ឌា​រួបរួមគ្នា​ដោះស្រាយ​បញ្ហា​ប្រឈម តាមរយៈ​យន្តការ​ដែលមាន​ស្រាប់​ក៏ដូចជា​គំនិត​ផ្តួចផ្តើម​ថ្មីៗ តួយ៉ាង សមាគម​ច្រាំង​មហាសមុទ្រ​ឥណ្ឌា​-Indian Ocean Rim Association (IORA), គណៈកម្មការ​មហាសមុទ្រ​ឥណ្ឌា​, សន្និសីទ​កងទ័ពជើងទឹក​មហាសមុទ្រ​ឥណ្ឌា​, សន្និសីទ​សន្តិសុខ​ទីក្រុង​កូឡុំបូ​, ច្រករបៀង IMEC, គំនិត​ផ្តួចផ្តើម​មហាសមុទ្រ​ឥណ្ឌូ​ប៉ាស៊ីហ្វិក (IPOI) ជាដើម​។

​លោក​បាន​ថ្លែងថា​៖ «​សម្រាប់​ឥណ្ឌា ក្នុង​ទសវត្សរ៍​ចុងក្រោយ យើង​បាន​បើកទូលាយ​រាល់​កិច្ចសហប្រតិបត្តិការ ពី​ឆ្នាំ​២០១៤ មក យើង​បាន​ចូលរួម​បង្កើត​គំនិត​ផ្តួចផ្តើម​ក្របខ័ណ្ឌ​ពហុភាគី​ចំនួន ៣៦​ផ្សេងៗ​គ្នា ដែល​ពាក់ព័ន្ធ​នឹង​អនាគត​របស់​មហាសមុទ្រ​ឥណ្ឌា សុខុមាលភាព និង​សន្តិសុខ​លម្ហ​ដែនសមុទ្រ និង​ធនធាន​ក្នុង​ទឹក​នៃ​មហាសមុទ្រ​ឥណ្ឌា​»​។​

លោក ថុង ម៉េង​ដា​វិត ប្រធាន​ផ្នែក​ស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី (AVI) ថ្លែងថា ការប្រកាស​របស់​កម្ពុ​ជា​ជា​ជំហរ​ច្បាស់លាស់​ក្នុងនាម​ជា​ប្រទេស​នីតិរដ្ឋ​ដែល​ប្រកាន់ខ្ជាប់​យន្តការ​ពហុភាគី​និយម និង​ការគោរព​ច្បាប់​អន្តរជាតិ ក្នុងការ​ថែរក្សា​សន្តិសុខ ស្ថិរភាព និង​វិបុលភាព​ក្នុង​តំបន់​និង​ពិភពលោក​។ 

​លោក​ថា សន្តិសុខ​សមុទ្រ​បាន​ក្លាយជា​បញ្ហា​ដ៏​ក្តៅគគុក​មួយ​របស់​ពិភពលោក រួមទាំង​កម្ពុជា​ផងដែរ តួយ៉ាង​ចោរ​សមុទ្រ ការជួញដូរ​ខុសច្បាប់ និង​សន្តិសុខ​បច្ចេកវិទ្យា បាន​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​សេដ្ឋកិច្ច និង​សន្តិសុខ​សកល​។​

លោក​ថា កម្ពុជា​ក៏ដូចជា​ប្រទេស​ក្នុង​តំបន់​តែង​ផ្តោត​សំខាន់​លើ​ការពង្រឹង​សមត្ថភាព​ថែរក្សា​ដែនសមុទ្រ និង​ប្រយោជន៍​យុទ្ធសាស្ត្រ​រៀងខ្លួន​។ ទន្ទឹមនឹងនេះ ក្របខ័ណ្ឌ​និង​យុទ្ធសាស្ត្រ​ងាក​មក​ភាគ​ខាងកើត ឬ ​Look East Policy របស់​ឥណ្ឌា​គឺជា​យន្តការ​យុទ្ធសាស្ត្រ​និង​សេដ្ឋកិច្ច​របស់​ឥណ្ឌា​ក្នុង​ការពង្រីក​ឥទ្ធិពល​និង​តួនាទី​របស់ខ្លួន​នៅក្នុង​តំបន់​អាស៊ី ក៏ដូចជា​ភាព​មាន​សារៈសំខាន់​របស់​ឥណ្ឌា​ក្នុងការ​ថែរ​រក្សា​សន្តិសុខ​តំបន់​ផងដែរ​។​

លោក​បាន​បន្ថែមថា ក្នុ្ង​ង​នាម​កម្ពុជា​ជា​រដ្ឋ​អធិបតេយ្យភាព​និង​អ​ព្យា​ក្រឹត្យ កម្ពុជា​គាំទ្រ​ដល់​យន្តការ​តំបន់ និង​អន្តរជាតិ​ទាំងឡាយណា​ដែលមាន​បំណង​លើកកម្ពស់​សមាហរណកម្ម​សន្តិសុខ​តំបន់​និង​សកលលោក ហើយ​មិនមាន​និន្នាការ​ប្រឆាំងនឹង​ប្រទេស​ណាមួយ ដើម្បី​ប្រយោជន៍​ប្រទេស​ណាមួយ​ឡើយ​។​

​ចំណែក លោក​ស៊ឺន សម អ្នកជំនាញ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា ថ្លែង​គាំទ្រ​ចំពោះ​ការលើកឡើង​របស់​ភាគី​កម្ពុជា​ក្នុង​សន្និសីទ​មហាសមុទ្រ​ឥណ្ឌា​នេះ ចំពោះ​ការផ្តល់​តម្លៃ​ដល់​អាស៊ាន ដែលជា​សារ​មួយ​និង​ការទូត​មួយ​ដែល​ត្រឹមត្រូវ​នៅ​ចំពោះមុខ​ការប្រកួតប្រជែង​របស់​មហាអំណាច ជា​សំឡេង​កណ្តាល​មួយ​។​

​លោក​ថា អាស៊ាន​ជា​អាទិភាព​របស់​កម្ពុជា តែ​ទោះជា​យ៉ាងណា​កម្ពុជា​ក៏​គាំទ្រ​ដល់​គំនិត​ផ្តួចផ្តើម​នានា​នៅក្នុង​តំបន់ ជាក់ស្តែង​ក្នុង​ក្របខ័ណ្ឌ​មហាសមុទ្រ​ឥណ្ឌា​បើទោះបី​តំបន់​នេះ​មិនសូវមាន​ឥទ្ធិពល​ដល់​កម្ពុជា​ក្តី​។​

លោក​បញ្ជាក់ថា​៖ «​ឥណ្ឌា​នៅមាន​កិច្ចការ​ផ្ទៃក្នុង​ច្រើនណាស់​ដែល​ខ្លួន​ត្រូវធ្វើ គាត់​អាចនិយាយបាន​ច្រើន តែ​ធ្វើបាន​តិច ដោយសារ​មាន​បញ្ហា​ផ្ទៃក្នុង​ច្រើនណាស់ មិនទាន់​ជា​ដំណាក់កាល​មួយ​ដែល​ឥណ្ឌា​អាច​បោះ​ឥទ្ធិពល​ខ្លួន​ក្នុង​តំបន់​បាន ដែល​ឥណ្ឌា​ត្រូវការ​កម្លាំង ធនធាន​ថវិកា ដោយ​ប្រជាជន​ច្រើន និង​ភាពខុស​គ្នាច្រើន​»៕