ភ្នំពេញៈ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) និងក្រុមហ៊ុន SATO KOGYO CO., LTD របស់ជប៉ុនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នា ពាក់ព័ន្ធការផ្សព្វផ្សាយអប់រំលើការយល់ដឹងពីសង្គ្រាម ក៏ដូចជា ដើម្បីលើកកម្ពស់សមត្ថភាពអង្គភាពស៊ីម៉ាក់ ក្នុងវិស័យសកម្មភាពមីននៅកម្ពុជា និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសមានបញ្ហាគ្រាប់មីន។
ពិធីចុះហត្ថលេខានេះធ្វើឡើងនារសៀលថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៤ រវាងលោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ និងលោក Jun KATO អគ្គនាយកក្រុមហ៊ុន SATO KOGYO CO., LTD ដើម្បីអនុវត្តលើ «គម្រោងសាងសង់អគារហ្វឹកហ្វឺននៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន» នៅខេត្តកំពង់ឆ្នាំង និង«អគារផ្សព្វផ្សាយអប់រំយល់ដឹងពីសង្គ្រាម (សារមន្ទីរតេជោសន្តិភាព)» នៅខេត្តសៀមរាប។
ស៊ីម៉ាក់បានបញ្ជាក់ថា ក្នុងសេចក្តីប្រកាសព័ត៌មានថា៖ «គម្រោងនេះនឹងជួយលើកកម្ពស់សមត្ថភាពអង្គភាព CMAC ក្នុងវិស័យសកម្មភាពមីននៅកម្ពុជា និងក្នុងការជួយពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសមានបញ្ហាគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម ដើម្បីជំរុញការលុបបំបាត់បញ្ហាគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមនៃបណ្តាប្រទេសទាំងនោះ នាំមកនូវសុខសុវត្ថិភាពរបស់ប្រជាជន និងគាំទ្រការអភិវឌ្ឍប្រទេសឡើងវិញ»។
ជាមួយគ្នានេះស៊ីម៉ាក់បានថ្លែងអំណរគុណដល់ប្រជាជន និងរដ្ឋាភិបាលជប៉ុនដែលតែងតែគាំទ្រយ៉ាងសកម្មលើវិស័យសកម្មភាពមីននៅកម្ពុជា។ ជាពិសេសការផ្តល់ជំនួយជា ថវិកាទីប្រឹក្សាបច្ចេកទេស និងសម្ភារបច្ចេកទេសដល់អង្គភាពស៊ីម៉ាក់ក្នុងការអនុវត្តភារកិច្ចរបស់ខ្លួនប្រកបដោយជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ក្នុងការលុបបំបាត់ការគំរាមកំហែងដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះសំណល់សង្គ្រាម ការចូលរួមផ្ដល់នូវក្តីសុខដុមរមនារបស់ប្រជាជនកម្ពុជាឡើងវិញ៕