​ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ា​ណែ​ត​ បានចេញ​បញ្ជា​ឱ្យ​អភិបាល​រាជធានី ខេត្ត​ទាំងអស់​នៅ​ទូទាំងប្រទេស ត្រួតពិនិត្យ​ជាបន្ទាន់​លើ​ទីតាំង​ល្បែង​ផ្សង​សំ​​ណា​ង ក្នុងករណី​មាន​បន្ត​បើក​ថ្មី​ទៀត ត្រូវ​ចាត់វិធានការ​បិទ​ជាប​ន្ទា​ន់ និង​រាយការណ៍​ផ្ទាល់​ជូន​លោក​។​


​លោក​បានចេញ​បញ្ជា​ដូចនេះ​នៅ​ថ្ងៃទី ​១៤ ខែកុម្ភៈ តាមរយៈ​សារ​សំឡេង​ថា​៖ «​ប្រមាណ ​៣ ​សប្តាហ៍​មុន​ខ្ញុំ​បានចេញ​បញ្ជា​ឱ្យ​ផ្អាក​ការចេញ​អាជ្ញាប័ណ្ណ និង​ការ​​ផ្តល់​សិទ្ធិ​ក្នុង​ការបើក​ទីតាំង​ល្បែង​ផ្សងសំណាង​បន្ថែម​នៅតាម​មូល​ដ្ឋា​ន​។ ជាមួយគ្នា​នោះ ខ្ញុំ​ក៏បាន​ឱ្យ​គណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា​ចំណុះឱ្យ​ក្រសួង​សេដ្ឋកិច្ច ដឹកនាំ​ប្រជុំ​ជាបន្ទាន់​ជាមួយ​សមត្ថកិច្ច អាជ្ញាធរ និង​បណ្តា​អ្នកពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ពិនិត្យឡើងវិញ និង​រៀបចំ​ឡើងវិញ​នូវ​គោលការណ៍ និង​វិធានការ​គ្រប់គ្រង​ល្បែង​ផ្សងសំណាង​នានា​នៅ​ទូទាំងប្រទេស​»​។​

​លោក​ ហ៊ុន ម៉ា​ណែ​ត ​សង្កត់ធ្ងន់ថា​៖ «​ខ្ញុំ​សូមឱ្យ​ឯកឧត្តម​លោកជំទាវ អភិបាល​គណៈ​អភិបាល​រាជធានី​ខេត្ត​ចាត់វិធានការ​ជាបន្ទាន់ ​ដើម្បី​ត្រួតពិនិត្យ​ទីតាំង​ល្បែង​ផ្សងសំណាង​នៅតាម​មូលដ្ឋាន​នៃ​ដែន​សមត្ថកិច្ច​របស់ខ្លួន​។ ក្នុងករណី​នៅមាន​បន្ត​បើក​ថ្មី​បន្តទៀត សូម​ចាត់វិធានការ​បិទ​ជាប​ន្ទា​ន់ ហើយ​រាយការណ៍​ត្រង់​មក​ខ្ញុំ ដើម្បី​ចាត់វិធានការ​ដែល​អាច​ឈានដល់​ការដក​អាជ្ញា​បណ្ណ​នៅក្នុង​ខេត្ត ឬ​នៅ​ទូទាំងប្រទេស​តែម្តង​»​។ 


​លោកនាយក​រដ្ឋមន្ត្រី​បន្តថា នេះ​គឺជា​ពេលវេលា ដែល​ត្រូវ​ចូលរួម​ទាំងអស់គ្នា​ក្នុងការ​អនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ក្នុងការ​បង្កើន​ការកសាង និង​ពង្រាយ​សមិទ្ធផល​វិ​ជ្ជ​មាន ដូចជា​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត ផ្លូវថ្នល់ ភ្លើង ប្រឡាយទឹក ពង្រាយ​មន្ត្រី​កសិកម្ម​ទៅតាម​មូលដ្ឋាន បង្កើត​រោងចក្រ សហ​​គ្រាស ដើម្បី​ជួយ​បង្កើត​ការងារ និង​បង្កើន​ចំណូល​ជូន​ដល់​ពល​រដ្ឋ មិនមែនជា​ពេលវេលា​ដែល​ត្រូវ​យកចិត្តទុកដាក់​ពង្រាយ​ទីតាំង​ល្បែង​នោះទេ ទោះបីជា​មានច្បាប់​អនុញ្ញាត​ក៏ដោយ​។​

​លោក​បញ្ជាក់​ដូច្នេះ​ថា​៖ «​សូមឱ្យ​ឯកឧត្តម​លោកជំទាវ អនុវត្ត​កិច្ចការងារ​នេះ​ឱ្យបាន​ហ្មត់ចត់​និង​ម៉ឺងម៉ាត់ និង​ត្រឹមត្រូវ​តាម​បញ្ជា​របស់ខ្ញុំ​។ យើង​ត្រូវការ​វិន័យ​នៅក្នុង​ការដឹក​នាំឱ្យ​ត្រូវធ្វើ​ការឱ្យ​បាន​លឿន ហើយ​រាយការណ៍​ឱ្យ​ខ្ញុំ​ជាបន្ទាន់​ទៅលើ​កិច្ចការងារ​នេះ​»​។​


​លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​ ១៤ ខែកុម្ភៈ​ថា លោក​បាន​បញ្ជា​ឱ្យ​គណៈ​អភិបាលក្រុង​ស្រុក ចាត់ចែង​អនុវត្ត​ទៅតាម​បញ្ជា​នេះ​ភ្លាម ក្រោយពី​លោក​ទទួលបាន​បទបញ្ជា កាលពី​ប៉ុន្មាន​សប្តាហ៍​មុន និង​បាន​ចុះទៅ​បិទ​ទីតាំង​បើក​ល្បែង​ផ្សង​​សំណាង​ថ្មី នៅតាម​ភូមិសាស្ត្រ​មួយចំនួន​ក្នុង​ខេត្តកំពង់ស្ពឺ​រួចមកហើយ​ដែរ​។

លោក​ថា​៖ «​គណៈ​អភិបាល នៅតែ​បន្តធ្វើ​កិច្ចការ​ងារ​នេះ​ដូច​ភ្លៀងរលឹម ដើម្បី​អនុវត្ត​ទៅតាម​បទបញ្ជា និង​ជាការ​អនុវត្ត​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ផងដែរ​»​។​

​លោក យង់ គិ​ម​អេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្ដិភាព​បានបង្ហាញ​ពី​ការគាំទ្រ​ចំពោះ​បទបញ្ជា​របស់លោក​នាយ​ក​រដ្ឋមន្ត្រី​នេះ ប៉ុន្តែ​លោក​អះអាងថា នៅពេល​ដែលមាន​បទបញ្ជា​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល​ហើយ សូមឱ្យ​ថ្នាក់​ក្រោម​អនុវត្ត​ឱ្យ​ផង​។

លោក​ថា​៖ «​សព្វថ្ងៃនេះ យើង​ឃើញ​ហើយ​ល្បែងភ្នាល់​គ្រប់​ប្រភេទ ជាពិសេស​ល្បែង​ផ្សងសំណាង​តាម​អន​ឡាញ កើតមាន​ដូច​ផ្សិត​នៅ​ទូទាំងប្រទេស​នៅ​ភូមិ​ស្រុក​ណា​ក៏មានដែរ​។ វា​បាន​បង្ក​ជា​ក្តីបារម្ភ​យ៉ាងខ្លាំង​សម្រាប់​ប្រជាពលរដ្ឋ​យើង​ដោយ​សារ​តែ​ខ្លាច​កូនៗ ឬ​សមាជិក​គ្រួ​សារ​ទៅ​ប្រព្រឹត្ត​អបាយមុខ​នេះ​»​។​

​ក្រៅពី​បទបញ្ជា​របស់លោក​នាយករដ្ឋមន្ត្រី ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ (​ក​.​ប​.​ទ​.) នៅ​ថ្ងៃទី​ ១៤ ​ខែកុម្ភៈ​ ក៏បាន​ជូន​​ដំណឹង​ពី​ការបង្ក្រាប​ការដំឡើង និង​ការប្រើ​ឧបករណ៍ Fake BTS សម្រាប់​ផ្ញើ​សារ​ខ្លី (SMS) ពី​ល្បែងស៊ីសង កម្ចី​ឯកជន ឬ​សារ​រំខាន​ផ្សេងទៀត​ផងដែរ ទៅកាន់​ទូរស័ព្ទ​ចល័ត​របស់​អ្នកប្រើប្រាស់​។

និយ័ត​ករ​ទូរ​គម​នា​គម​ន៍​កម្ពុជា (​ន​.​ទ​.​ក​.) បាន​ស្រាវជ្រាវ​និង​រកឃើញថា សកម្ម​ភាព​ទាំងនេះ​ត្រូវបាន​ធ្វើឡើង​តាមរយៈ​ការប្រើ ឧបករណ៍​បញ្ជូន​ទទួល​ក្លែងក្លាយ (Fake Base Transceiver Station Fake BTS)​ដែល​បាន​បង្ក​ការរំខាន​ដល់​អ្នកប្រើប្រាស់ និង​មាន​ផល​ប៉ះ​ពាល់​ដល់​គុណភាព​សេវា​ឯកជន​ភាព​និង​សុវត្ថិភាព​ទិន្នន័យ ព្រមទាំង​សណ្តាប់ធ្នាប់​សង្គម​និង​សន្តិសុខ​ជាតិ​។​

​ក្រសួង​បានឱ្យដឹងថា​៖ «​ឧបករណ៍ Fake BTS នេះ ស្កេ​នរក​លេខ​អត្តសញ្ញាណ​របស់​ទូរស័ព្ទ​ចល័ត​ហើយ​បន្ទាប់មក គឺ​ផ្ដាច់​សេវា​របស់​អ្នកប្រើប្រាស់​ពី​ប្រព័ន្ធ​របស់​ប្រតិបត្តិ​ករ​ទូរស័ព្ទ​ចល័ត ដោយ​បញ្ឆោត​ឱ្យ​ទូរស័ព្ទ​ចល័ត​ភ្ជាប់​ទៅកាន់​ឧបករណ៍ Fake BTS រួច​ទើប​ឧបករណ៍​នេះ​បញ្ជូន​សារ​ខ្លី​ទៅកាន់​ទូរស័ព្ទ​ចល័ត ដោយ​ពុំ​ឆ្លងកាត់​បណ្ដាញ​របស់​ប្រតិបត្តិ​ករ​ទូរស័ព្ទ​ចល័ត​នោះឡើយ​»​។ 

​ដោយ​កំណត់​បាន​នូវ​មុខសញ្ញា​នេះ នៅ​ថ្ងៃទី​ ១០ ខែមករា ឆ្នាំ​ ២០២៤ ន​.​ទ​.​ក​សហការ​ជាមួយ​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ បាន​ចុះ​ត្រួតពិនិត្យ ក្រុមហ៊ុន ហ្ស៊ី​ចែ រេ​ន​ជា ខា វ៉ស​ស៊ី​ង សឺ​វី​ស ឯ​.​ក មាន​អា​សយ​​ដ្ឋា​ន​ស្ថិតនៅ​សង្កាត់​លេខ ៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​ហើយ​បាន​ចាប់យក​វត្ថុតាង រួមមាន រថយន្ត​បំពាក់​ឧបករណ៍ Fake BTS ៥ គ្រឿង ឧបករណ៍ Fake BTS ១៩​ គ្រឿង ឧបករណ៍​កាត់​​ផ្តាច់​សេវា (Jammer) ៣ គ្រឿង និង​គ្រឿង​បង្គុំ​ផ្សេងៗ​ទៀត​ព្រម​ទាំង​ឃាត់ខ្លួន​អ្នកពាក់ព័ន្ធ​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​។​

​ក្រសួង​បន្តថា សា​ធារ​ណ​ជន​ទាំងអស់ ត្រូវ​ចៀស​​វាង​ការកាន់កាប់ ដំឡើង ឬ​ប្រើ​ប្រាស់​ឧបករណ៍ Fake BTS ជាពិសេស គឺ​មិនត្រូវ​បើក​មើល ឬ​ឆ្លើយតប​សារ​ខ្លី (SMS) ឬ​សារ​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម ឬ​បណ្តាញ​សង្គម​ផ្សេងៗ​ពី​ល្បែងស៊ីសង កម្ចី​ឯកជន ឬ​សារ​រំខាន​ផ្សេងទៀត និង​មិនត្រូវ​ចុច​លើ​តំណ​ភ្ជាប់ (Link) ដែល​គ្មាន​ប្រភព​ច្បាស់លាស់ ចៀសវាង​ទទួលរង​ការ​លួច​ចូល (Hack) យក​ទិន្នន័យ​ពី​ជន​ទុច្ចរិត​៕