​ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ​បាន​លើកឡើងថា ក្នុង​រយៈពេល ២០​ ឆ្នាំ​កន្លងមកនេះ កម្ពុជា​បាន​កសាងបាន​ប្រព័ន្ធ​ថវិកា​មួយ ពី​ប្រព័ន្ធ​ដែល​នៅមាន​ភាពខ្វះ​ចន្លោះ​ជាច្រើន មកជា​ប្រព័ន្ធ​ថវិកា​ដែលមាន​សមាសធាតុ​គ្រប់​​ជ្រុងជ្រោយ និង​ទទួលបាន​ការជឿទុកចិត្ត​ពី​គ្រប់ភាគី​ពាក់ព័ន្ធ តាមរយៈ​ការអនុវត្ត​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សា​ធា​រណៈ​ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​។​


​នាឱកាស​បិទ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ប្រចាំឆ្នាំ​ ​២០២៣ នៃ​ការអនុវត្ត​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ដំណាក់​​កាល​ទី​៤ កាលពី​ថ្ងៃទី​ ១៤ ខែកុម្ភៈ លោក ​ហ៊ុន ម៉ា​ណែ​ត ​លើកឡើងថា កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ក្នុង​រយៈពេល​ ២០ ​ឆ្នាំ ដែល​បាន​អនុវត្ត​ចាប់ពី​ឆ្នាំ​ ២០០៤-២០២៤ បាន​បង្កើត​សមិទ្ធផល​ជា​ប្រវត្តិសាស្ត្រ​ជាច្រើន ទាំង​សមិទ្ធផល​ក្នុងការ​កែលម្អ​អភិបាលកិច្ច​នៃ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ និង​ទាំង​សមិទ្ធផល​ក្នុង​ទិដ្ឋភាព​នៃ​ការរីក​ចម្រើន​ផ្នែក​សង្គម​សេដ្ឋកិច្ច​របស់​កម្ពុជា​។​

​ផ្អែកលើ​មូលដ្ឋាន​នេះ រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ ​នៃ​រដ្ឋសភា នៅតែ​បន្ត​ផ្តល់​សារៈសំខាន់​ខ្ពស់​លើ​កម្មវិធី​កែទម្រង់​នេះ ដោយ​កំណត់​កម្មវិធី​កែទម្រង់​គ្រប់គ្រង​ហិ​​រញ្ញ​វត្ថុ​សាធារណៈ​ជា​របៀបវារៈ​គោលនយោបាយ​អាទិភាព​របស់ខ្លួន​។


លោក​មានប្រសាសន៍ថា​៖ «​យើង​បានចាប់ផ្តើម​ធ្វើការ​កែទម្រង់​ក្នុង​កាលៈទេសៈ​ដ៏​លំបាក គឺ​យើង​មិនបាន​រង់ចាំ​ទាល់តែ​ទទួលបាន​សន្តិសុខ សន្តិភាព​បរិបូរណ៍​ពេញ​ផ្ទៃ​ប្រទេស​ទើប​ចាប់ផ្តើម​កិច្ចការ​កែទម្រង់​នោះទេ​»​។​

​លោក​ ហ៊ុន ម៉ា​ណែ​ត បាន​បន្តថា​៖ «​ផ្ទុយទៅវិញ ដោយ​តម្កល់​ឧ​ត្ត​ម​ប្រយោជន៍​ជាតិ និង​ប្រជា​ជន​ជាធំ យើង​បានចាប់ផ្តើម​ធ្វើ​​ការកែទម្រង់​លើ​គោលនយោបាយ​របស់​យើង​ជា​បន្តបន្ទាប់ ដោយ​ផ្អែកលើ​អាទិភាព​បន្ទាន់​ទាំងឡាយ ស្របតាម​បរិការណ៍ និង​កាលៈ​ទេសៈ នៃ​សម័យកាល​នីមួយៗ ចាប់តាំងពី​ក្រោយ​ការដួលរលំ​នៃ​របប​ប្រល័យពូជសាសន៍​មក​»​។​


​យ៉ាងណាក្តី​លោក​ថា សុខសន្តិភាព ស្ថិរភាព​នយោបាយ និង​ការឯកភាព​ជាតិ​ពេញលេញ​ផ្ទៃ​ប្រទេស ដែល​សម្រេចបាន​ដោយ​ការលំបាក​បំផុត​បានផ្តល់​ឱកាស​ឱ្យ​កម្ពុជា​អាច​កែលម្អ និង​ស្ថាបនា​បន្ថែម​លើ​ប្រព័ន្ធ​អភិបាល​កិច្ច តាមរយៈ​ការងារ​រៀបចំ​កែទម្រង់​ជា​ប្រព័ន្ធ ក្នុង​លក្ខណៈ​ជា​កម្មវិធី​ដែលមាន​រយៈពេល​វែង និង​ការកំណត់​ចក្ខុវិស័យ​វែងឆ្ងាយ​។​

​លោក​បានលើកឡើង​ពីស​មិទ្ធ​​ផល​គ​ន្លឹះធំៗ​មួយចំនួន​រយៈពេល​ ២០​ ឆ្នាំ​មកនេះ ក្នុងការ​អនុវត្ត​កម្មវិធី​កែទម្រង់ ការគ្រប់គ្រង​ហិ​រញ្ញ​វត្ថុ​សាធារណៈ សម្រាប់​ជា​មូលដ្ឋាន​នៃ​ការត្រៀម និង​រៀបចំខ្លួន​ដើម្បី​ឈាន​ឆ្ពោះទៅ​ការសម្រេច​គោលដៅ​នៃ​ដំណាក់កាល​បន្តទៅ​ខាងមុខ​។

លោក​បញ្ជាក់ថា​៖ «​សមិទ្ធផល​គ​ន្លឹះទី​១ គឺ​ការ​កសាងបាន​នូវ​ភាពជឿ​ទុកចិត្តបាន​នៃ​ថវិកា ក្នុង​រយៈពេល ៥​ ​ឆ្នាំ​ដំបូង​នៃ​ការអនុវត្ត​ដំណាក់កាល​ទី១ ​នៃ​កម្មវិធី​កែទម្រង់​យើង​បានធ្វើឱ្យ​ថវិកាជាតិ​ទទួលបាន​ភាព​ជឿទុកចិត្ត ដែល​ទទួល​បានការ​វាយតម្លៃ​ខ្ពស់​ពី​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់ ទាំង​ប្រជាពលរដ្ឋ មន្ត្រីរាជការ និង​ស្ថាប័ន​ហិរញ្ញវត្ថុ​ជាតិ និង​អន្តរជាតិ​»​។

​ការលើកកម្ពស់​តម្លាភាព​ថវិកា ការធ្វើផែនការ​ថវិកា ការកែលម្អ​ប្រព័ន្ធ​កត់ត្រា​ក៏ដូចជា​ប្រព័ន្ធ​រាយ​ការណ៍ និង​ការពង្រឹង​ការ​គ្រប់​គ្រង​សាច់ប្រាក់​ជាដើម ដែល​ទាំង​អស់នេះ​សុទ្ធសឹងតែ​ជាស​មាស​ធាតុ​គន្លឹះ ចូលរួមចំណែក​ដល់​ការបង្កើន​ទំហំ​នៃ​ការពង្រឹង​ការ​គ្រប់គ្រង​ចំណូល​ថវិការដ្ឋ​ព្រម​​ទាំង​ការលើកកម្ពស់​ប្រសិទ្ធភាព ក្នុងការ​គ្រប់គ្រង​ចំណាយ​។​

​លោកនាយក​រដ្ឋមន្ត្រី​សង្កត់ធ្ងន់ថា​៖ «​ការកសាង​បានជា​មូលដ្ឋាន​នូវ​សមាសធាតុ ចាំបាច់​ទាំងឡាយ​នៃ​ប្រព័ន្ធ​ថវិកា​ទំនើប ឆ្លើយតប​នឹង​ឧ​ត្ត​ម​នវានុវត្តន៍​ជា​អន្តរជាតិ ក្នុង​រយៈពេល ២០​ឆ្នាំ​កន្លងមកនេះ យើង​កសាងបាន​ប្រព័ន្ធ​ថវិកា​មួយ ពី​ប្រព័ន្ធ​ដែល​ការខ្វះចន្លោះ​ជាច្រើន​មកជា​ប្រព័ន្ធ​ដែលមាន​សមាសធាតុ​គ្រប់​ជ្រុងជ្រោយ ដោយ​ចាប់ផ្តើម​ពី​ដំណាក់កាល​ដំបូង​នៃ​ការធ្វើឱ្យ​ថវិកា​មាន​ភាពជឿជាក់​»​។

លោក​ថា ការគ្រប់គ្រង​ថវិកា ទាំង​ថ្នាក់ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ត្រូវបាន​ផ្លាស់ប្តូរ​ជា​បណ្តើរៗ​ទៅកាន់​ការគ្រប់គ្រង​តាមរយៈ​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័​ត៌​មាន សម្រាប់​ការគ្រប់គ្រង​ហិ​រញ្ញ​វត្ថុ​សាធារណៈ​។​

​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន​ក៏បាន​ថ្លែង​ឱ្យដឹង​ដែរ​ថា កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ត្រូវបាន​បែងចែក​ជា ៤ ​ដំណាក់កាល​រួមមាន​៖ ទី​១.​ ផ្តោតលើ​ការកសាង​ភាពជឿ​ទុក​ចិត្ត​នៃ​ថវិកា​,​ ទី​២. ផ្តោតលើ​ការ​​កសាង​គណនេយ្យភាព​ហិរញ្ញវត្ថុ​, ទី​៣.​ ផ្សារភ្ជាប់​ថវិកា​ទៅនឹង​គោល​​នយោបាយ និង​ដំណាក់កាល​ទី៤. ផ្តោតលើ​ការកសាង​គណ​នេ​យ្យ​ភាព​សមិទ្ធកម្ម​។ 

​លោក​បញ្ជាក់ថា​៖ «​ការប្រកាន់យក​ចក្ខុវិស័យ និង​យុទ្ធសាស្ត្រ​ខាងលើនេះ បានបង្ហាញ​អំពី​មហិច្ឆតា និង​ឆន្ទៈ​មោះមុត​របស់​រាជរដ្ឋាភិបាល ក្នុងការ​ប្រែក្លាយ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សាធារណៈ​កម្ពុជា​ឱ្យ​ឆ្លើយតបបាន​ទៅនឹង​តម្រូវការ​ជាក់ស្តែង ក្នុង​បរិបទ​កម្ពុជា​ផង និង​ធានាបាន​ប្រសិទ្ធភាព និង​ស័ក្តិ​សិ​ទិ្ធ​ភាពស្រប​តាម​ឧ​ត្ត​មនា​នុ​វត្ត​ន៍​ជា​អន្តរជាតិ​ផង​»​។ ជាមួយនឹង​ឆន្ទៈ​មុត​ស្រួច​ឥត​រាថយ និង​ឥត​ងាករេ រាជរដ្ឋាភិបាល​ក្នុង​នីតិកាល​កន្លងទៅ បាន​ឆ្លងកាត់​ដំណាក់កាល​ទាំង ​៣ នៃ​ការកែទម្រង់ការ​គ្រប់​គ្រង ហិរញ្ញវត្ថុ​សាធារណៈ ប្រកប​ដោយ​ជោគជ័យ​ដោយ​ទទួលបាន​ផល​ផ្លែផ្កា​គួរ​ជាទី​មោទនៈ​បំផុត​។​

​លោក​បន្ថែមថា​៖«​សមិទ្ធផល​សំខាន់ៗ​ដំណាក់កាល​ទី​៤ ក្នុង​រយៈពេល ១​ ឆ្នាំ​កន្លងទៅ​ទំនុក​​ចិត្ត​ថវិកា​នៅតែ​រក្សា​បានជា​សារវន្ត ជាក់ស្តែង​ការអនុវត្ត​កៀរគរ​ចំណូល​រយៈពេល​មធ្យម បានធ្វើឱ្យ​ចំណូល​ជាតិ​កើន​ឡើងជា​លំដាប់ ក្នុង​ទំហំ​ប្រមាណ​ជិត ​២០ ​ដង ខណៈ​ចំណាយ​ថវិកាជាតិ​សរុប​បាន​កើនឡើង​ជិត ១៥ ​ដង ក្នុង​រយៈពេល ២០​ ឆ្នាំ​កន្លងទៅ​»​។​

​លោក​ អូន ព័ន្ធមុនីរ័ត្ន បាន​បន្តថា ការពិត វិបត្តិ​កូ​វីដ ​១៩ បា​នប​ន្ទុ​ច​បង្អាក់​មួយចំនួន​ដល់​កិច្ច​​ប្រឹងប្រែង​នៃ​ការប្រមូល​ចំណូល​ក្នុង​រយៈពេល ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។ យ៉ាងណាក៏ដោយ​ការ​ប្រមូល​ចំណូល​ថវិការដ្ឋ​ទាំង​ចំណូល​សារពើពន្ធ និង​ចំណូល​មិនមែន​សារពើពន្ធ បានចាប់ផ្តើម​មាន​សម្ទុះ​ឡើងវិញ បន្ទាប់ពី​វិបត្តិ​នៃ​ជំងឺ​នេះ​។

លោក​ថា​៖ ​​«​ចាប់ពី​ឆ្នាំ​ ២០១៣​ ដល់​ ២០២៣ លំហូរ​ចំណាយ​មាន​ទិសដៅ​វិ​ជ្ជ​​មាន​ដែល​ឆ្លុះបញ្ចាំង​អំពី​ប្រសិទ្ធ​ភាព ជា​បណ្តើរៗ​នៃ​ការដាក់ចេញ​វិធានការ​ចាំបាច់​ក្នុងការ​​កែលម្អ​ការអនុវត្ត​ថវិកា​»​។

​ជាមួយគ្នា​នោះដែរ​លោក ឌ្រីស​ម៉ាន់ អី​ហ្គោ​រ៍ (DRIESMANS Igor) តំណាង​ដៃគូ​អភិវឌ្ឍន៍ និង​ជា​ឯកអគ្គរដ្ឋទូត​​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ក៏បាន​ថ្លែង​ដែរ​ថា ព្រឹត្តិការណ៍​នាពេលនេះ​ឆ្លុះបញ្ចាំង​ពី​ភាព​វិជ្ជមាន​ពី​ដៃគូ​របស់​កម្ពុជា​ក្នុងពេល​អតីត​កាល និង​ទៅ​ថ្ងៃ​អនាគត ហើយ​ដំណើរ​នេះ​មិន​បញ្ចប់​នៅត្រឹម​នេះ​ទេ​។

លោក​បាន​ថ្លែងថា​៖ «​ភាពជោគជ័យ​នៃ​កំណែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ ដែល​គាំទ្រ​ទៅដោយ​ដៃគូ​អភិវឌ្ឍន៍​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ គឺ​យើង​អាច​វាស់វែង​បាន​តាមរយៈ​ការដាក់ចេញ​គោលនយោបាយ​ប្រកប​ដោយ​ប្រសិទ្ធភាព និង​សង្គតិភាព​ទៅតាម​វិស័យ​រួមមាន​វិស័យ​សុខាភិបាល និង​អប់រំ​ជាដើម​»​។​

​លោក​បន្ថែមថា​៖ «​ការលើក​​កម្ពស់​ធ្វើឱ្យ​កាន់តែ​ប្រសើរ​ការ​ប្រមូល​ប្រាក់ចំណូល​ក្នុងស្រុក​ផ្តល់​លទ្ធភាព​ឱ្យ​រដ្ឋាភិបាល បន្ត​ការ​គាំទ្រ និង​ឆ្លើយតប​ទៅនឹង​ជំងឺ​រាតត្បាត​ផ្នែក​សុខាភិបាល និង​កិច្ច​គាំពារ​សង្គម​។ ទោះបីជា​បែបនេះ​ក៏ដោយ​យើង​ត្រូវខិតខំ​ប្រឹង​​ប្រែង​បន្តទៀត នៅក្នុង​ការឆ្លើយ​តប​ទៅនឹង​សេវា​សម្រាប់​វិស័យ​គន្លឹះ​រួមមាន អប់រំ កិច្ច​គាំពារ​សង្គម​សុខា​ភិ​បាល និង​កសិកម្ម​»​។​

​ជាមួយគ្នានេះ​លោក​ឯកអគ្គរដ្ឋទូត លើកទឹកចិត្ត​ដល់​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា ឱ្យមាន​ការរៀបចំ​ជា​ផែនការ​បង្ហាញផ្លូវ​ដែលមាន​លក្ខណៈ​ច្បាស់លាស់​ជា​ប្រព័ន្ធ​មួយ​ដែលមាន​លក្ខណៈ​រួម ដោយ​ប្រើប្រាស់​ប្រព័ន្ធគ្រប់គ្រង​ព័ត៌មាន​ហិរញ្ញវត្ថុ ដែល​កិច្ចការ​នេះ​នឹង​ជួយ​សម្របសម្រួល​ប្រព័ន្ធគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ប្រកបដោយ​គណនេយ្យភាព និង​តម្លាភាព និង​ស្របទៅតាម​ក្របខ័ណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​កម្ពុជា​៕