​កោះកុងៈ ក្រុម​អភិរក្ស​សត្វ​អណ្តើក​ហ្លួង​នៃ​រដ្ឋបាល​ជលផល និង​អង្គការ​សមាគម​អភិរក្ស​សត្វ​ព្រៃ ​(WCS) ប្រចាំ​កម្ពុជា​បាន​រកឃើញ​ពងអណ្តើក​ហ្លួង​ចំនួន ២០​ សម្បុក នៅលើ​ឆ្នេរ​ខ្សាច់​សិប្ប​និម្មិត​ក្បែរ​ស្រះ​បង្កាត់​ពូជ​មួយ​ក្នុង​មជ្ឈមណ្ឌល​អភិរក្ស​សត្វ​ល្មូ​ន​ខេត្តកោះកុង ចាប់តាំងពី​ខែមករា​រហូតមកទល់​បច្ចុប្បន្ននេះ​។​


​ពងអណ្តើក​ហ្លួង​ចំនួន ២០ ​សម្បុក​នេះ មាន​ពង​សរុប​ចំនួន ២០៦ ​គ្រាប់ ដែល​ត្រូវ​ថត​បាន​ដោយ​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ​ដែល​ក្រុមការងារ​អភិរក្ស​បានដាក់​ចាំ​ថត​នៅលើ​ឆ្នេរ​ខ្សាច់​នោះ បាន​បង្ហាញថា មាន​អណ្ដើក​មេ​ជាច្រើន​ក្បាល​បាន​ឡើង​ពី​ស្រះ​បង្កាត់​ពូ​ជម​កកាយ​ខ្សាច់​ទម្លាក់​ពង​នៅវេលា​ចន្លោះ​ម៉ោង​ ៨ ​យប់​ដល់​ម៉ោង ​៤ ​ទៀបភ្លឺ​។

នេះ​គឺជា​ឆ្នាំ​ទី​៤​ ហើយ ដែល​កម្មវិធី​បង្កាត់​ពូជ​សត្វ​អណ្ដើក​​ហ្លួង មាន​មេ​ពូជ​អណ្តើក​ហ្លួង​បាន​ទម្លាក់​ពង​នៅក្នុង​មជ្ឈមណ្ឌល​ក្នុងប្រទេស​កម្ពុជា ខណៈ​ក្រុម​ការងារ​អភិរក្ស​រំពឹងថា នឹង​រកឃើញ​ពងអណ្តើក​ហ្លួង​នៅក្នុង​មជ្ឈមណ្ឌល​នេះ​បន្ថែមទៀត​ក្នុង​រដូវ​ពង​កូន​ឆ្នាំ​ ២០២៥ ដែល​ចាប់​ផ្តើម​ពី​ខែមករា ដល់​ខែមីនា​។ នេះ​បើ​យោងតាម​ហ្វេ​ស​ប៊ុ​ករ​បស់​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ (WCS)​ នៅ​ថ្ងៃទី​ ១៤ ខែកុម្ភៈ ឆ្នាំ​ ២០២៤​។​


​ជាមួយគ្នានេះ​លោក ​ធន ផុន ប្រធាន​គម្រោង​អភិរក្ស​ប្រចាំខេត្ត​កោះកុង នៃ​អង្គការ ​WCS​ បាន​ប្រាប់ឱ្យដឹង​បន្ថែមថា តំណាង​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ លោក​សូម​អំពាវនាវ​ដល់​រាជ​រដ្ឋា​ភិ​បាល​ក្រសួង​ពាក់ព័ន្ធ​នានា និង​សហគមន៍​មូលដ្ឋាន​មេត្តា​ចូល​រួម​អនុវត្ត និង​សូមជួយ​ពង្រឹង​បន្ថែម​នូវ​កិច្ចសហការ​ឱ្យ​កាន់តែ​ជិតស្និទ្ធ​ជាមួយ​ដៃគូ​អង្គការ​អភិ​​រក្ស​ផ្សេងៗ​ក៏ដូចជា​ពង្រឹង​សមត្ថ​ភាព​មន្ត្រី​ថ្នាក់ក្រោម​ជាតិ​ដើម្បី​ចូលរួម​កិច្ចការងារ​អភិរក្ស​ធន​ធាន​ធម្មជាតិ​លើ​ប្រភេទ​សត្វ​កម្រ​ជិត​ផុត​ពូជ​នៅក្នុង​ប្រទេស​​កម្ពុជា​ដូចជា​៖ អណ្ដើក​ហ្លួង និង​ក្រពើ​ត្រី​ជាដើម​។​

​លោក​បន្តទៀតថា ការចូលរួម​អភិរក្ស​ប្រភេទ​សត្វ​កម្រ​ជិត​ផុត​​ពូជ​ទាំងនេះ គឺត្រូវធ្វើ​យ៉ាងណា​ការពារ​ឱ្យបាន​ទីជម្រក ព្រៃ​ដង​​ព្រែក ដែលជា​ប្រភព​ចំណី​ដ៏​សំខាន់​សម្រាប់​ធនធាន​ដ៏​កម្រ​និង​សូមមេត្តា​បញ្ឈប់​ការ​រាយ​សំណាញ់​នេសាទ​ខុសច្បាប់​ក្នុង​បរិវេណ​ទីជម្រក​របស់​សត្វ​ដ៏​កម្រ​។​


​លោក​បញ្ជាក់ថា​៖ «​សូមមេត្តា​បញ្ឈប់​ការប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់ ការ​បូម​ខ្សាច់ការកាប់​រាន​ព្រៃ​ដងព្រែក និង​ការ​នេសាទ​គ្រប់​ប្រភេទ​ក្នុង​តំបន់ហាមឃាត់ ជាពិសេស​ក្នុង​បរិវេណ​ទីជម្រក និង​ឆ្នេរ​ខ្សាច់​ពង​កូន​របស់​សត្វ​ដ៏​កម្រ​នេះ​»​។

បើតាម​លោក​ ផុន បញ្ហា​ប្រឈម និង​កត្តា​គំរាមកំហែង​ក្នុង​កិច្ចការងារ​អភិ​រក្ស​សត្វ​អណ្ដើក​ហ្លួង​នេះ​មាន​ច្រើន ដែល​នៅ​ក្នុងនោះ​រួមមាន​៖ ការថយចុះ​នៃ​សម្បុក​ពង​កូន​របស់​អណ្ដើក​ហ្លួង និង​ក្រពើ​ត្រី​ក្នុង​ធម្មជាតិ ការកាប់​ទន្ទ្រាន​ឈូសឆាយ​ដីព្រៃ​យក​ធ្វើ​កម្មសិទ្ធិ និង​ការ​កាប់​ដើមឈើ​ដែល​សេសសល់​នៅតាម​តាម​ប្រព័ន្ធ​ព្រែក​ស្រែ​អំបិល​។​

​មិនតែប៉ុណ្ណោះ លោក​ថា ការ​លួច​បូម​យក​ខ្សាច់​ពេល​យប់ ឬ​ពេល​មានបុណ្យ​ជាតិ​ផ្សេងៗ ការរំខាន​នៅតាម​ឆ្នេរ​ពង​កូន​ដូច​ជាការ​បោះតង់ និង​ការ​ចោល​សំរាម​ជាដើម​។ ក្រៅពីនេះ ក៏​នៅតែមាន​ការបន្ត​ប្រើប្រាស់​ឧបករណ៍​នេសាទ​ល្មើសច្បាប់ ជាពិសេស​នៅ​រដូវប្រាំង ចំណែកឯ​ការអនុវត្ត​ច្បាប់​តាម​ប្រព័ន្ធ​ព្រែក​ស្រែអំបិល​នៅមានកម្រិត ហើយ​និង​ការចូលរួម​ពី​អ្នក​ពាក់​​ព័ន្ធ​ក្នុង​ការងារ​គ្រប់គ្រង និង​អភិ​​រក្ស​នៅមានកម្រិត​ផងដែរ​។ នេះ​ជាការ​បន្ថែម​របស់លោក​ធន ផុន​។​

​ចំណែក​លោក ខ្វៃ អាទិ​ត្យា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​ក៏បាន​ឱ្យដឹង​ដែរ​ថា សត្វ​អណ្ដើក​ហ្លួង ឬ​អណ្ដើក​សរសៃ គឺ​ស្ថិតនៅ​ក្នុងចំណោម​ប្រភេទ​អណ្ដើក​ទឹកសាប​ទាំង​ ២៥ ​ប្រភេទ​លើ​សកលលោក ដែល​កំពុង​ប្រឈម​នឹង​ការ​ផុត​ពូជ និង​ត្រូវបាន​កត់ត្រា​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ជា​ប្រភេទ​អណ្តើក​ជិត​ផុត​ពូជ​បំផុត និង​ជា​ប្រភេទ​ឧរង្គសត្វ​តំណាងឱ្យ​ប្រទេស​កម្ពុជា​ ផងដែរ​ តាំងពី​ឆ្នាំ ​២០០៥​។

ប្រភេទ​ឧរង្គសត្វ​ដ៏​កម្រ​នេះដែរ ក៏​ជា​និមិត្តរូប​តំណាងឱ្យ​ជាតិ ដូច្នេះ​វត្តមាន​សត្វ​កម្រ​នេះ កំពុង​ទទួល​បានការ​ការពារ និង​អភិរក្ស​បាន​យ៉ាង​ល្អ​នៅក្នុង​តំបន់​ជួរ​ភ្នំក្រវាញ​។​

​លោក​ អាទិ​ត្យា​ ថ្លែងថា​៖ «​ខ្ញុំ​សូម​វាយតម្លៃ​ខ្ពស់​ដល់​ការ​បង្កាត់​ពូជ​អណ្តើក​ហ្លួង​នៅក្នុង​មជ្ឈមណ្ឌល ដែល​បាន​ស្តារ​ចំនួន​ប្រភេទ​អណ្តើក​​ហ្លួង​នេះ​ឱ្យមាន​ច្រើន​នៅក្នុង​ធម្ម​​ជាតិ​ឡើងវិញ​។ ទោះបី​អណ្ដើក​​ហ្លួង​មាន​លក្ខណៈ​ជីវសាស្ត្រ រស់​នៅតាម​តំបន់​ព្រែក​ទឹកសាប លាយ​ទឹក​ភ្លាវ ហើយ​ជម្រក​ដ៏​ល្អ​របស់​វា​មានព្រៃ​លិច​ទឹក ព្រៃ​កោង​កាង និង​មាន​ឆ្នេរ​ខ្សាច់​ល្អ​សម្រាប់​ពង​កូន និង​បន្ត​ពូជ​»​។ 

​លោក​ថា ស្រប​នឹង​ការអនុវត្ត​តាម​យុទ្ធ​សា​​ស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន​ ២០២៣-២០២៨ ​ដែល​ផ្តោតលើ​មុំ​អាទិភាព​ ៣ ​នោះ​គឺ​ភាព​ស្អាត បៃតង និង​ចីរភាព ក្រសួងបរិស្ថាន​សូម​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ ក៏​ដូច​អ្នកពាក់ព័ន្ធ​ចូលរួម​ការពារ​និង​អភិរក្ស​ធនធាន​ជីវៈចម្រុះ គោរព​ច្បាប់​ស្តីពី​តំបន់​ការពារ​ធម្ម​ជាតិ ដែល​ធានា​ផ្តល់​អត្ថ​ប្រ​យោ​ជន៍​ជាច្រើន​លើ​ផ្នែក​បរិស្ថាន សេដ្ឋ​កិច្ច សង្គមកិច្ច និង​វប្បធម៌​តាម​​រយៈ​ការរក្សា​ព្រៃ​ធម្មជាតិ​និង​ការ​​ផ្តល់​សេវាកម្ម​ទេសចរណ៍ធម្មជាតិ​។​

​សូមបញ្ជាក់ថា មជ្ឈមណ្ឌល​អភិរក្ស​ស​ត្វ​ល្មូ​ន​កោះកុង​បាន​ដើរ​តួនាទី​យ៉ាងសំខាន់​ក្នុងការ​ស្ដារ​ចំនួន​សត្វ​អណ្ដើក​ហ្លួង​។ ជាក់​ស្ដែង​អណ្ដើក​ហ្លួង​ចំនួន ២៦៨ ​ក្បាល កំពុង​ស្ថិតក្រោម​ការថែទាំ​ពី​ក្រុមការងារ​អភិរក្ស ដែល​ក្នុងនោះ​មានកូន​អណ្ដើក​ទើបតែ​ញាស់​ក្នុង​ឆ្នាំ​ ២០២៣ ​ចំនួន ១១៨​ ក្បាល​ផងដែរ​។ ការ​បង្កាត់​ពូជ​អណ្តើក​ហ្លួង​នៅ​មជ្ឈមណ្ឌល គឺជា​គោល​​ដៅ​អភិរក្ស​របស់ WCS និង​រដ្ឋ​បាល​ជលផល សំដៅ​ស្តារ​ចំនួន​អណ្តើក​ហ្លួង​នេះ​ឱ្យមាន​ច្រើន​នៅក្នុង​ធម្មជាតិ​ឡើងវិញ​៕