ភ្នំពេញៈ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មថ្លែងថា ការដាក់តាំងពិព័រណ៍ និងលក់បន្លែសុវត្ថិភាព នៅមុខក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្ងៃទី ១៤ កុម្ភៈ ជាការផ្តល់ក្តីស្រឡាញ់ផ្នែកសុខភាពជូនប្រជាពលរដ្ឋ និងជាការជំរុញទំនាក់ទំនង និងបើកឱកាសបន្ថែមទៀតដល់អ្នកផលិត អ្នកលក់ និងអ្នកទិញ។
លោកថ្លែងបែបនេះនៅចំពោះមុខអ្នកសារព័ត៌មាន ក្រោយទស្សនាការដាក់តាំង និងលក់ផលិតផលដំណាំកសិកម្មសរីរាង្គ និងផលិតផលកែច្នៃកសិកម្មផ្សេងទៀតសរុបប្រមាណជិត ២០ មុខមកពីទូទាំងប្រទេស។
លោករដ្ឋមន្ត្រីបានលើកឡើងថា ការជាវ និងការផ្តល់ឱ្យគ្នាទៅវិញទៅមក ពីផលិតផលកសិកម្ម ដែលបានដាក់តាំងនេះគឺជាការផ្តល់ក្តីស្រឡាញ់ដល់គ្នា និងគ្នា និងជាការបង្កើតស្មារតីគាំទ្រផលិតផលជាតិ។
ជាមួយគ្នានោះលោកក៏បានជំរុញលើកទឹកចិត្តឱ្យមានការវេចខ្ចប់ បែបលក្ខណៈជារបស់ខ្មែរកែច្នៃធ្វើដោយដៃ ព្រោះអាចបានផលចំណេញច្រើនជាងការកែច្នៃវេចខ្ចប់ដោយប្រើលក្ខណៈឧស្សាហកម្ម។
លោកថ្លែងថា៖ «ឃើញកន្លែងខ្លះយកឫស្សីមកក្រង ធ្វើសម្រាប់វេចខ្ចប់សុទ្ធតែជាទំនិញក្នុងស្រុកទាំងអស់ ប៉ុន្តែបើយើងវេចខ្ចប់ប្រើវត្ថុធាតុជាលក្ខណៈប្លាស្ទិក លក្ខណៈឧស្សាហកម្មច្រើន ធ្វើឱ្យយើងបាត់តម្លៃបន្ថែមមួយចំនួនដែរ ព្រោះអីជាការចំណាយបន្ថែម»។
អ្នកស្រី សយ សុមាលី អាយុ ៤៥ ឆ្នាំ តំណាងផ្សារសហគមន៍ខ្មែរ មកពីខេត្តសៀមរាប បានឱ្យដឹងថា ការដាក់តាំងលក់បន្លែសុវត្ថិភាពក្នុងថ្ងៃនៃក្តីស្រឡាញ់នេះ គឺជារឿងល្អ ព្រោះជាឱកាសនៃការជួយផ្សព្វផ្សាយបន្លែរបស់កសិករ ដែលនៅតំបន់ឆ្ងាយដាច់ស្រយាលបានកាន់តែច្រើន ហើយជាពិសេស ប្រជាពលរដ្ឋនៅទីក្រុងបានស្គាល់កាន់តែច្បាស់អំពីផលិតផលបន្លែទាំងនោះ ដែលអាចនាំឱ្យមានការគាំទ្រកាន់តែច្រើន ជាហេតុនាំឱ្យការដាំដុះមានទីផ្សារល្អ។
អ្នកស្រីបន្ថែមថា តាមការកត់សម្គាល់រយៈពេល ១ ព្រឹក នៃការដាក់តាំងលក់ផលិតផលបន្លែសុវត្ថិភាពនេះ ឃើញថា ប្រជាពលរដ្ឋដែលបានចូលមើល និងបានទិញគឺមានទំនុកចិត្តខ្ពស់ ដោយមិនមានការបារម្ភបញ្ហាផ្សេងៗដែលកើតឡើងពីការបរិភោគបន្លែទាំងនេះទេ។ ម្យ៉ាងទៀត ការទិញបន្លែដែលមានការវេចខ្ចប់ស្អាតៗ បែបនេះយកទៅធ្វើជាកាដូដល់គ្រួសារ ឬអ្នកជាទីស្រឡាញ់ គឺល្អជាងទិញផ្កា ដែលប្រើមិនបានជាប្រយោជន៍ទុកសម្រាប់តែស្វិតចោល។
អ្នកស្រីថ្លែងថា៖ «យើងក៏សប្បាយចិត្ត ពេលណាដែលពួកគាត់មានការគាំទ្រច្រើន។ ខ្ញុំសង្ឃឹមថា បន្លែទាំងអស់ មិនថាកន្លែងខ្ញុំ ឬកន្លែងណាទេ ឱ្យតែប្រជាពលរដ្ឋខ្មែរអ្នកប្រើប្រាស់គាត់ទិញទទួលទានកាន់តែច្រើន ធ្វើឱ្យទីផ្សារកសិករកាន់តែល្អ ហើយក៏សំណូមពរដល់ពលរដ្ឋខ្មែរយើងទាំងអស់គាំទ្របន្លែកសិផលរបស់កសិករប្រសើរជាងយើងទិញផលិតផលនាំចូល»។
អ្នកស្រី រិន រចនា អាយុ ៣៤ ឆ្នាំ ជាប្រជាពលរដ្ឋនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ថ្លែងថា ការដាក់តាំងលក់ផលិតផលបន្លែសុវត្ថិភាពនេះ ជាការបើកឱកាសដល់ប្រជាពលរដ្ឋអាចចូលមើល ជជែកគ្នាជាមួយអ្នកលក់ និងមានទំនុកចិត្តក្នុងការទិញយកទៅបរិភោគ មិនខ្លាចប៉ះបន្លែដែលមានថ្នាំគីមីជាតិពុលច្រើន ដែលនាំឱ្យប៉ះពាល់ដល់សុខភាព។
ជាមួយគ្នានោះ អ្នកស្រីលើកឡើងថា ការបង្ហាញក្តីស្រឡាញ់ដល់គ្នា និងគ្នា មិនចាំបាច់ទាល់តែមានផ្កានោះទេ បន្លែដែលចងជាបាច់តាក់តែងដូចបាច់ផ្កា ដែលដាក់តាំងនេះ ក៏អាចជាកាដូបង្ហាញក្តីស្រឡាញ់ដ៏ល្អជំនួសបាច់ផ្កាបានដែរ។
អ្នកស្រីថ្លែងថា៖ «បើទិញកាដូជាបន្លែអ៊ីចឹងល្អ យកទៅដល់យើងធ្វើញ៉ាំទាំងអស់គ្នាតែម្ដង មានប្រយោជន៍ជាងទិញផ្កា គឺអស់លុយគគោកហើយយកទៅទុកចោលដដែល តែការទិញបន្លែយើងចំណាយលុយមែន តែប្រយោជន៍មកវិញបានញ៉ាំហើយ សុខភាពល្អទៀត ព្រោះអីបន្លែរបស់ខ្មែរយើងធម្មជាតិពិតៗ»។
អ្នកនាំពាក្យក្រសួងកសិកម្ម កញ្ញា អ៊ឹម រចនា បានឱ្យដឹងថា នេះជាលើកទី២ ហើយ ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំការតាំងបង្ហាញ និងដាក់លក់បន្លែសុវត្ថិភាពជូនប្រជាពលរដ្ឋទូទៅ ដែលចង់ប្តូរបរិយាកាសពីការទិញផ្កាសម្រាប់អ្នកជាទីស្រឡាញ់ ក្នុងថ្ងៃ ១៤ កុម្ភៈ មកជាការទិញបន្លែសុវត្ថិភាពជូនអ្នកជាទីស្រឡាញ់វិញ។
កញ្ញា អ៊ឹម រចនា បានថ្លែង ទៀតថា៖ «ឆ្នាំនេះយើងធ្វើធំជាងឆ្នាំមុន យើងមានស្តង់ច្រើនជាងមុន មានផលិតផលច្រើនជាងមុន។ ឆ្នាំមុនយើងដាក់តាំងបង្ហាញ និងលក់តែបន្លែសុវត្ថិភាពទេ ប៉ុន្តែយើងមានផលិតផលផ្សេងៗទៀតដែលពាក់ព័ន្ធនឹងអនុវិស័យកសិកម្មរបស់យើង»។
កញ្ញាបញ្ជាក់ថា គោលបំណងសំខាន់នៃការដាក់តាំងបង្ហាញផលិតផលកសិកម្មទាំងនេះគឺ ដើម្បីឱ្យប្រជាពលរដ្ឋទូទៅងាកមកចាប់អាម្មណ៍អំពីផលិតផលកសិផលរបស់ខ្មែរ។ ទោះបីជាពួកគាត់មិនបានទិញក៏ដោយ គ្រាន់តែចូលមើលក៏អាចដឹងថា វិស័យកសិកម្មកម្ពុជាមានការរីកចម្រើនកម្រិតណា។ បន្លែមួយចំនួនដែលដាក់តាំងនេះជាបន្លែសុវត្ថិភាពមាន QR កូដ ដែលអ្នកទិញអាចស្គេនមើលដឹងពីប្រភពទីតាំងដាំដុះ កន្លែងដាក់លក់ និងដឹងពីសារធាតុនៅក្នុងបន្លែនោះផងដែរ៕