​ភ្នំពេញៈ លោក​ ជា សុ​មេធី រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា បាន​ជំរុញ​ឱ្យ​មន្ត្រី អាជ្ញាធរ​ពាក់ព័ន្ធ​និង​អង្គការ​ដៃគូ​បន្ត​យកចិត្ត​ទុកដាក់​បន្ថែមទៀត​ដល់​ជនវិបល្លាស​ស្មារតី​ចំពោះ​ការ​ស្តារនីតិសម្បទា​ឱ្យ​ល្អប្រសើរ​ឡើងវិញ​ ដើម្បី​ធ្វើ​សមាហរណកម្ម​ទៅ​សហគមន៍​វិញ​។​


​លោក​រដ្ឋមន្ត្រី បាន​ថ្លែង​ដូចនេះ​ក្នុង​ពិធី​សំណេះសំណាល និង​ចុះសួរសុខទុក្ខ​ជន​វិបល្លាស​ស្មារតី ផ្សារភ្ជាប់​ទិវា​ក្តី​ស្រឡ​ញ់​នៅ​មជ្ឈមណ្ឌល​ថែទាំ និង​ស្តារ​នីតិសម្បទា ជន​វិបល្លាស​ក្នុងភូមិ​បារគូ ឃុំ​បារគូ ស្រុក​កណ្តាល​​ស្ទឹង ខេត្តកណ្តាល កាលពី​ថ្ងៃទី​ ១៣ ខែកុម្ភៈ ឆ្នាំ​​ ២០២៤​។​

​លោក​បាន​បន្ថែមថា កន្លងទៅ ដោយសារ​មាន​ការយក​ចិត្ត​ទុកដាក់​ពី​មន្ត្រី​ពាក់ព័ន្ធ​ក្នុងការ​មើលថែទាំ ព្យាបាល និង​ស្តារនីតិសម្បទា រួមទាំង​ការជួយឧបត្ថម្ភ​គាំទ្រ​ពី​សប្បុរសជន អង្គ​ការ​ដៃគូ​ពាក់ព័ន្ធ​ទើប​មជ្ឈមណ្ឌល​បាន​បញ្ជូន​ជន​វិបល្លាស​ស្មារតី​ត្រឡប់​ទៅ​ក្រុមគ្រួសារ​វិញ​បាន​មួយចំនួន ខណៈ​មួយចំនួនទៀត ថ្វី​ដ្បិត​បាន​អនុញ្ញាតឱ្យ​វិលត្រឡប់​ទៅ​នៅ​ជាមួយ​គ្រួសារ​វិញ​មែន ប៉ុន្តែ​គ្រួសារ​នៅ​បន្ត​មើលថែទាំ​ផងដែរ​។​


​លោក​ ជា សុ​មេធី បាន​មានប្រសាសន៍ថា​៖ «​ខ្ញុំ​សូម​កោតសរសើរ​ចំពោះ​បុគ្គលិក​របស់​យើង​ដែល​បានផ្តល់​ការថែទាំ​យ៉ាង​ល្អ​ដល់​បងប្អូន​ដែលមាន​បញ្ហា​ខាង​សតិ​ស្មារតី​នេះ​។ ខ្ញុំ​សូម​ស្នើឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ថ្នាក់មូលដ្ឋាន និង​អង្គការ​ដៃគូ​ពាក់​ព័ន្ធ រួមគ្នា​បន្តទៀត​ក្នុងការ​ផ្តល់​កិច្ចសហការ​ជួយ​ដល់​ជន​វិបល្លាស​ស្មារតី​ឱ្យ​គាត់​មាន​សភាព​ធូរស្បើយ​ដែល​អាចធ្វើ​សមាហរណកម្ម​ជាមួយ​សហគមន៍​និង​គ្រួសារ​របស់គាត់​ឡើងវិញ​»​។​

​លោក​បាន​បន្ថែមថា ក្នុងឱកាស​ទិវា​នៃ​ក្តី​ស្រឡ​ញ់​លោក​ស្នើ​ដល់​សាធារណជន​កុំ​មានការ​រើស​​អើ​ង​ចំពោះ​ជន​មាន​វិបល្លាស​ស្មារតី​ផ្តល់​ក្តី​ស្រឡាញ់​និង​ត្រូវ​បន្ត​ជួយ​ដល់​ពួកគាត់​ឱ្យទទួល​បានការ​ព្យាបាល និង​ថែទាំ​ត្រឹម​​ត្រូវ​ដើម្បី​សុខុមាលភាព​សង្គម​។​


លោក ទុំ រតនៈ​ឧ​ត្ត​ម ប្រធាន​មជ្ឈមណ្ឌល​ថែទាំ និង​ស្តារ​នី​តិ​សម្បទា ជន​វិបល្លាស​បានឱ្យដឹង​ដែរ​ថា មជ្ឈមណ្ឌល​បានទទួល​ជន​វិបល្លាស​ស្មារតី​ឱ្យ​ស្នាក់នៅ ព្យាបាល ថែទាំ និង​ស្តារនីតិសម្បទា​ក្នុង​មជ្ឈមណ្ឌល​សរុប​ចំនួន ​២៦៧ នាក់ ​(​ស្រី ​១០៥​ នាក់​)​ និង​បាន​បញ្ជូន​ត្រ​​ឡប់​ទៅ​ក្រុមគ្រួសារ​ ដើម្បី​មើល​ថែទាំ​បន្ត​សរុប​ចំនួន ​២៣​ នាក់ ​(​ស្រី​ ៩ នាក់​)​។ បច្ចុប្បន្ន​ម​ជ្ឈ​មណ្ឌល​មាន​ជន​វិបល្លាស​ស្មារតី​កំពុងស្នាក់នៅ​សរុប​ចំនួន ២៤០​ នាក់ ​(​ស្រី​ ៩៣​ នាក់​)​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ការ​ស្នាក់នៅ​របស់​ជន​វិបល្លាស​ស្មារតី គឺ​ធ្វើការ​រៀបចំ​បែងចែក​ទៅតាម​ភេទ និង​កម្រិត​សភាព​ជំងឺ​ (​ធ្ងន់ ​ឬ​ស្រាល​) ដោយ​ផ្អែក​ទៅ​តាមរយៈ​ការវិនិច្ឆ័យ​រោគសញ្ញា​ពី​ក្រុមគ្រូពេទ្យ​ជំនាញ​។ ករណី​ជន​វិបល្លាស​ស្មារតី​ទើប​ចូល​ថ្មី ឬ​មាន​កម្រិត​សភាព​ជំងឺ​ធ្ងន់​ត្រូវ​បានដាក់​ក្នុង​បន្ទប់​ដាច់​ដោយ​ឡែក​សិន​ដើម្បី​ងាយស្រួល​ក្នុងការ​តាមដាន និង​ថែទាំ​»​។​

​លោក​ប្រធាន​មជ្ឈមណ្ឌល ក៏បាន​ស្នើសុំ​បន្ថែម​បុគ្គលិក​មើលថែ​បន្ថែម ដោយសារ​ជន​វិបល្លាស​បន្ត​ទទួល​មកពី​បណ្តា​រាជធានី​-​ខេត្ត​ មានការ​កើនឡើង ខណៈ​មជ្ឈមណ្ឌល​ក៏​ត្រូវការ​គ្រូពេទ្យ​ឯកទេស​ផ្លូវចិត្ត​បន្ថែម​ផងដែរ ដែល​សំណើ​នេះ លោក​រដ្ឋមន្ត្រី ព្រម​ទទួលយក​ទៅពិនិត្យ​ពិ​ចារ​​ណា​ក្នុងការ​សម្របសម្រួល​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ការស្តារ​នីតិសម្បទា​រប​ស់ជន​វិបល្លាស​ស្មារតី ប្រកប​​ដោយ​ប្រសិទ្ធភាព​។​

​សូមជម្រាបថា មជ្ឈមណ្ឌល​ថែទាំ និង​ស្តារនីតិសម្បទា​ជន​​វិបល្លាស​ស្មារតី បាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃទី​ ៤ ខែកញ្ញា ឆ្នាំ​ ២០១៩ ក្រោម​អធិបតី លោក ស ខេង អតីត​​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ដែល​មជ្ឈមណ្ឌល​មាន​តួនាទី​ផ្ដល់​ការយកចិត្តទុកដាក់​ចំពោះ​ជន​មាន​វិបល្លាស​ស្មារតី​ឱ្យទទួល​បាន​សេវា​ស្នាក់នៅ ហូបចុក ព្យាបាល​ថែទាំ ប្រឹក្សា​យោបល់ និង​ស្តារនីតិសម្បទា​ឱ្យ​ល្អប្រសើរ​ឡើងវិញ​ដើម្បី​ធ្វើ​សមាហរណកម្ម​ទៅ​សហគមន៍​វិញ​។​

​មជ្ឈមណ្ឌល​បានផ្តល់​កម្មវិធី​ស្តារនីតិសម្បទា​ដល់​ជន​​វិបល្លាស​ស្មារតី​ដូចជា បង្រៀន​អក្ខរកម្ម គូរគំនូរ ធ្វើ​ក្រណាត់​ជូត​ជើង ធ្វើ​សាប៊ូ ធ្វើ​កសិកម្ម ដេរ​ថង់ សម្អាង​កាយ និង​កម្មវិធី​ប្រឹក្សា​យោបល់​អប់រំ​សុខភាព​ផ្លូវចិត្ត​ជាមួយ​ជន​​វិបល្លាស​ស្មារតី​ផងដែរ​៕