ភ្នំពេញៈ ក្នុងថ្ងៃ ១៤ កុម្ភៈ នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំដាក់តាំងពិព័រណ៍ និងលក់បន្លែសុវត្ថិភាព ដើម្បីជាការផ្តល់ជូនក្តីស្រលាញ់ផ្នែកសុខភាពជូនជនរួមជាតិ។ ការតាំងនិងលក់បន្លែសុវត្ថិភាពនេះ ធ្វើឡើង ១ ថ្ងៃពេញនៅបរិវេណក្រសួងកសិកម្ម។
អ្នកនាំពាក្យក្រសួងកសិកម្ម កញ្ញា អ៊ឹម រចនា បានឱ្យដឹងថា ការដាក់តាំង និងលក់បន្លែសុវត្ថិភាពនេះ ក៏ធ្លាប់បានធ្វើផងដែរកាលពីឆ្នាំមុន ដែលឆ្នាំមុនមានការដាក់តាំងលក់បន្លែចងបាច់ស្អាតៗ ងាយស្រួលដល់ប្រជាពលរដ្ឋទិញយកទៅធ្វើម្ហូបផង និងអាចយកជូនជាកាដូអនុស្សាវរីយ៍ផងក៏បាន។
ដោយឡែក សម្រាប់ឆ្នាំនេះមានផលិតផលថ្មីៗច្រើន ដែលខុសប្លែកពីការដាក់តាំងឆ្នាំមុន ដោយក្រសួងអនុញ្ញាតឱ្យបន្ថែមផលិតផលកែច្នៃផ្សេងៗ រួមមាន ផ្លែឈើសម្ងួត ដំណាប់ផ្លែឈើសូកូឡា និងគ្រាប់ធញ្ញជាតិជាដើម។
បន្ថែមពីនេះ ក្រសួងបានប្រកាសលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមគាំទ្រផលិតផលជាតិ ដែលជាស្នាដៃរបស់កូនខ្មែរ និងជូនបាច់បន្លែ អាហារសុវត្ថិភាព និងសរីរាង្គ ដល់អ្នកម្តាយ និងគ្រួសារជាទីស្រឡាញ់ទាំងអស់គ្នា ផងដែរ៕