សៀមរាបៈ អគារសម្ភពដែលជាសមិទ្ធផលថ្មីមួយទៀតរបស់មន្ទីរពេទ្យជ័យវរ្ម័នទី៧ ឬមន្ទីរពេទ្យគន្ធបុប្ផាទី៣ ខេត្តសៀមរាប ដែលសាងសង់អស់តម្លៃប្រមាណ ២,៥ លានដុល្លារអាមេរិក ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ដើម្បីឆ្លើយតបនឹងកំណើនអ្នកជំងឺនិងកាត់បន្ថយអត្រាមរណមាតានិងទារក។
ពិធីសម្ពោធនេះធ្វើឡើងក្រោមវត្តមាន លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាអនុប្រធានមូលនិធិគន្ធបុប្ផាកម្ពុជា ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងដៃគូជាច្រើនរូបទៀតកាលពីថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៤ ។នេះបើយោងតាមហ្វេសប៊ុកមន្ទីរព័ត៌មានខេត្តសៀមរាប។
ប្រភពដដែលបានឱ្យដឹងថា នៅក្នុងឱកាសនោះ លោក ឈាង រ៉ា បានលើកឡើងថា អគារសម្ភពថ្មីនេះជាសមិទ្ធផលបន្ថែមថ្មីមួយទៀតសម្រាប់ជួយសម្រួលដល់មន្ទីរពេទ្យជ័យវរ្ម័នទី៧ក្នុងការផ្តល់សេវា ពិនិត្យតាមដានផ្ទៃពោះស្ត្រីសម្រាលកូន ដើម្បីចូលរួមកាត់បន្ថយអត្រាមរណមាតានិងទារកក្នុងពេលចូលសម្រាកនៅមន្ទីរពេទ្យ។
លោកបានបន្តថា៖ «អគារនេះក៏នឹងផ្តល់ប្រយោជន៍ដល់ការឧបត្ថម្ភគោលនយោបាយសមធម៌ និងគាំពារសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា ស្របពេលដែលវិស័យសុខាភិបាលជាមុំអាទិភាពមួយនៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧»។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រីក៏បានលើកទឹកចិត្តដល់មន្ត្រីសុខាភិបាលឱ្យបន្តការសិក្សារៀនសូត្រ អនុវត្តប្រតិបត្តិឱ្យបានត្រឹមត្រូវជាពិសេសបន្តការស្រាវជ្រាវបន្ថែមទៀតដើម្បីពង្រឹងវិស័យសុខាភិបាលនិងត្រូវចូលរួមបណ្តុះបណ្តាលដើម្បីឱ្យសកម្មភាពប្រដំប្រសងនៃមន្ទីរពេទ្យនេះទទួលបានជោគជ័យនិងក្លាយទៅជាវប្បធម៌ចងចាំនិងជឿទុកចិត្តរបស់មន្ទីរពេទ្យកុមារ។
លោក យ៉ៃ ចន្ទនា ប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី៧ បានឱ្យដឹងថា ការសាងសង់អគារសម្ភពនេះឡើងដើម្បីឆ្លើយតបតាមតម្រូវការពិនិត្យព្យាបាលស្ត្រីមានផ្ទៃពោះ និងទារកប្រឈមក្រោយកំណើត ខណៈពី ១ថ្ងៃ ទៅ ១ថ្ងៃ មន្ទីរពេទ្យនេះមានអ្នកជំងឺកាន់តែកើនឡើង។
លោកឱ្យដឹងថា៖ «អគារសម្ភពថ្មីនេះ មានគ្រែសរុបចំនួន ១២០ គ្រែ ក្នុងនោះមាន ៤០ គ្រែ សម្រាប់សង្គ្រោះបឋមទារកទើបកើតដែលបានចាប់ផ្តើមការដ្ឋានសាងសង់នៅដើមខែមីនា ឆ្នាំ ២០២៣»។
អគារសម្ភពថ្មីនេះមានកម្ពស់៣ជាន់ មានទំហំ ១ ៥០០ ម៉ែត្រការ៉េនៅលើផ្ទៃដីសរុបរបស់មន្ទីរពេទ្យទាំងអស់ដែលមានក្រឡាផ្ទៃប្រមាណ ៥,៥ ហិកតា ដោយចំណាយថវិកាសាងសង់អស់ប្រមាណ ២,៥ លានដុល្លារអាមេរិក និងប្រមាណ ៥០ ម៉ឺនដុល្លារអាមេរិកទៀត សម្រាប់ការបំពាក់សម្ភារបរិក្ខារពេទ្យចាំបាច់ជាបន្តបន្ទាប់។
ជាមួយគ្នានេះ លោក ហ្វីលីព រ៉ូប៊ីនសុន (Philip Robinson) ប្រធានក្រុមប្រឹក្សាភិបាលមូលនិធិគន្ធបុប្ផាស្វ៊ីស បានថ្លែងដែរថា ៥ ឆ្នាំចុងក្រោយនេះ មន្ទីរពេទ្យគន្ធបុប្ផា បានដំណើរការយ៉ាងពេញលេញ និងបន្តអភិវឌ្ឍជាលំដាប់។
លោកបានបញ្ជាក់ថា៖ «វឌ្ឍនភាពដ៏រឹងមាំនេះគឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងដ៏ជោគជ័យរបស់លោកវេជ្ជបណ្ឌិត រីចន័រ ក្នុងការជ្រើសរើសមនុស្សល្អៗមកបម្រើការងារដែលធានានូវអនាគតមួយប្រកបដោយនិរន្តរភាព»។
ជាមួយគ្នានេះលោក ហ្វីលីព ក៏បានប្តេជ្ញាចិត្តគាំទ្រមន្ទីរពេទ្យគន្ធបុប្ផានិងកំពុងរៀបចំផែនការសកម្មភាពផ្សេងៗ ដើម្បីអាចគាំទ្រមន្ទីរពេទ្យគន្ធបុប្ផាបន្តទៅទៀត មានដូចជា គម្រោងសហប្រតិបត្តិការមន្ទីរពេទ្យ សាកលវិទ្យាល័យក្រុងហ្សួរិកប្រទេសស្វ៊ីស ដោយបានបញ្ជូនសាស្ត្រាចារ្យជំនាញ ឯកទេស មកជួយដល់មន្ទីរពេទ្យជាប្រចាំ។
យោងរបាយការណ៍របស់មន្ទីរពេទ្យជ័យវរ្ម័នទី៧ ក្នុងរយៈពេល ២៥ ឆ្នាំកន្លងមក មន្ទីរពេទ្យបានពិនិត្យព្យាបាល ជំងឺកុមារនៅផ្នែកពិគ្រោះជំងឺក្រៅ (OPD) ចំនួន ៦ ២៩៩ ៨០៩ ករណី កុមារក្រោមអាយុ១៥ឆ្នាំចំនួន ១ ១២១ ៧២២ នាក់ (IPD) ត្រូវបានសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ និងនៅផ្នែកសម្ភព បានពិនិត្យព្យាបាលពិនិត្យផ្ទៃពោះ បានចំនួន ២ ២៩៩ ៤៣៣ ករណីនិងសម្រាលកូនបានចំនួន ៣៩៧ ២១៦ កំណើត។
រីឯនៅក្នុងឆ្នាំ ២០២៣ កន្លងទៅ មន្ទីរពេទ្យបានទទួលពិនិត្យតាមដានផ្ទៃពោះចំនួន ១០៨ ០១៩ ករណី និងសម្រាលកូនបានចំនួន ២៥ ៥៨០ នាក់ ក្នុងអត្រាកើតដោយវះកាត់ចំនួន ២០ ភាគរយ និងអត្រាមរណភាពមាតាឆ្លងទន្លេក្នុងមន្ទីរពេទ្យមាន ០,០២ ភាគរយ។ ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំចំនួន ១៥ ០០១ នាក់ បានទទួលអត្ថប្រយោជន៍សាច់ប្រាក់ឧបត្ថម្ភអំពីគោលនយោបាយសមធម៌និងគាំពារសង្គមនៃរាជរដ្ឋាភិបាលកម្ពុជា៕