ស្ថានទូត​ជប៉ុន​ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី ​១៤ ខែកុម្ភៈ ឆ្នាំ ​២០២៤ បានប្រារឰ​ព្រះរាជ​ពិធី​ចម្រើន​ព្រះជន្ម ព្រះ​ចៅ​អធិរាជ​ជប៉ុន គម្រប់ ៦៤ ព្រះវស្សា​នៅ​ថ្ងៃទី​ ២៣ ខែកុម្ភៈ ក្រោម​ការចូលរួម​ពី​មន្ដ្រីជាន់ខ្ពស់​របស់​កម្ពុ​ជា​ជាច្រើនរូប ដោយបាន​ផ្ដោត​សំខាន់​លើ​ទំនាក់ទំនង​ទ្វេភាគី​ដ៏​ស៊ីជម្រៅ ក៏ដូចជា​ការវិវឌ្ឍរ​វាង​កម្ពុជា និង​ជប៉ុន​។​


ការប្រារឰពិធី​នេះ​បានបង្ហាញ​ពី​ការឆ្លុះបញ្ចាំង​ពី​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ និង​ការគោរព​គ្នា​ទៅវិញទៅមក ដែលជា​លក្ខណៈ​នៃ​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​មកហើយ​។​

លោក​ឧបនាយករដ្ឋមន្ដ្រី​កម្ពុជា សុខ ចិន្តា​សោភា បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ព្រះ​ចៅ​អធិរាជ ព្រះ​អធិរាជិនី ក៏ដូចជា​ប្រជាជន​ជប៉ុន ដោយ​សង្កត់ធ្ងន់​លើ​ប្រធានបទ «​សុខដុមរមនា​» ដែល​កំណត់​សម័យ​រេ​វ​វ៉ា (Reiwa)​។​


លោក សោភា ថ្លែង​ក្នុង​ពិធី​អបអរ​ថ្ងៃ​ចម្រើន​ព្រះជន្ម​ព្រះ​ចៅ​អធិរាជ​ជប៉ុន​នៅ​ស្ថានទូត​ជប៉ុន​ប្រចាំ​ទីក្រុង​ភ្នំពេញ​ថា​៖ «​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​កោតសរសើរ​ចំពោះ​តួនាទី​ដ៏​សំខាន់​របស់​ប្រទេស​ជប៉ុន ​ក្នុង​សន្តិភាព និង​ការកសាង​ឡើងវិញ​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ​ ១៩៩០ ហើយ​ការបន្ត​គាំទ្រ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​របស់​យើង​»​។

​ដោយ​លើកឡើង​ពី​កិច្ចសហការ​ផ្នែក​នយោបាយ​រវាង​ប្រទេស​ទាំង ​២ លោក សោភា បានចង្អុលបង្ហាញ​អំពី​ការផ្លាស់ប្តូរ​កម្រិត​ខ្ពស់ រួមទាំង​កិច្ចប្រជុំ​កំពូល​ចំនួន ៦ ក្នុង​រយៈពេល​២​ឆ្នាំកន្លងមក ដែល​បាន​ពង្រឹង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​របស់​ប្រទេស​ទាំង ​២​។


​លោក សោភា បាន​ថ្លែងថា​៖ «​ក្នុងនោះ​រួមមាន​កិច្ចប្រជុំ​កំពូល​ចំនួន ៦ ក្នុង​រយៈពេល​ ២​ ឆ្នាំ ពោលគឺ​កិច្ចប្រជុំ​ចំនួន​បួន​រវាង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី គី​ស៊ី​ដា ហ្វ៊ូមី​អុ ក្នុង​ឆ្នាំ​ ២០២២ និង​ពីរ​រវាង​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​នាយករដ្ឋមន្ត្រី គី​ស៊ី​ដា ក្នុង​ឆ្នាំ​២០២៣»​។​

លោក​បាន​បន្ដថា កិច្ចសន្ទនា​ទាំងនេះ​មាន​សារៈសំខាន់​ក្នុង​ការកសាង​ទំនុកចិត្ត និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ផ្សេងៗ រួមទាំង​ទំនាក់ទំនង​សេដ្ឋកិច្ច សន្តិសុខ និង​ការពារជាតិ​។​

​លោក​ឧបនាយករដ្ឋមន្ត្រី​ក៏បាន​កោតសរសើរ​ផងដែរ​ ចំពោះ​ទំនាក់ទំនង​សេដ្ឋកិច្ច​កាន់តែ​ស៊ីជម្រៅ ដែល​ជំរុញ​ដោយ​ការវិនិយោគ​របស់​ជប៉ុន​ក្នុង​វិស័យ​សំខាន់ៗ​ នៅ​កម្ពុជា និង​សុទិដ្ឋិនិយម​ ចំពោះ​លំហូរ​ចូល​នៃ​អាជីវកម្ម​ជប៉ុន​នាពេល​អនាគត​។​

​លោក​បានឱ្យដឹងថា​៖ «​កម្ពុជា​នឹង​ស្វាគមន៍​វត្ដ​មាន​នាវា​កងកម្លាំង​ស្វ័យការពារ​ដែនសមុទ្រ​នៅ​កំពង់ផែ​ក្នុង​ខេត្ត​ព្រះសីហនុ​នៅ​ចុងខែ​នេះ​។ យើង​ក៏​សហការ​យ៉ាង​ជិតស្និទ្ធ​ក្នុង​ការកសាង​សន្តិភាព និង​ការដោះមីន រួមទាំង​ការគាំទ្រ​ដល់​គំនិត​ផ្ដួចផ្ដើម​ការដោះមីន​ក្នុងប្រទេស​ទី​៣»​។​

លោក សោភា បានទទួល​ស្គាល់​តួនាទី​យ៉ាងសំខាន់​របស់​ប្រទេស​ជប៉ុន​ក្នុងការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​កម្ពុជា តាមរយៈ​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ ដោយ​សម្តែង​នូវ​អំណរគុណ និង​ក្តីសង្ឃឹម​សម្រាប់​ការគាំទ្រ​បន្ត​ឆ្ពោះទៅរក​គោលដៅ​ប្រកបដោយ​មហិច្ឆតា​របស់​កម្ពុជា​ក្នុងការ​ឈានទៅដល់​ឋានៈ​ជា​ប្រទេស​មាន​ប្រាក់ចំណូល​ខ្ពស់​នៅ​ឆ្នាំ​ ២០៥០​។​

លោក​បាន​សង្កត់ធ្ងន់​ចំពោះ​ការពង្រឹង​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន ដោយ​លើកឡើង​ពី​ការរួមចំណែក​របស់​អ្នកស្ម័គ្រចិត្ត​ជប៉ុន​ជាច្រើន​នៅ​កម្ពុជា និង​ការចូលរួម​របស់​និស្សិត និង​មន្ត្រី​កម្ពុជា​ជាច្រើន​នាក់​ក្នុង​កម្មវិធី​បណ្តុះបណ្តាល​នៅ​ប្រទេស​ជប៉ុន​។​

លោក​បាន​បន្តថា​៖ «​បច្ចុប្បន្ន​ប្រទេស​ជប៉ុន​មាន​សិក្ខាកាម និង​កម្មករ​ជំនាញ​កម្ពុ​ជាជាង ២ ម៉ឺន​នាក់​។ ជាការ​លើកទឹកចិត្ត​ដែល​បន្ទាប់ពី​ជំងឺ​រាតត្បាត​កូ​វីដ ១៩ លំហូរ​ភ្ញៀវទេសចរ​រវាង​ប្រទេស​ទាំង ​២ ​មានការ​កើនឡើង​»​។​

ម្យ៉ាងវិញទៀត ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា លោក អ៊ូ​អិ​ណុ អាត់​ស៊ូ​ស៊ី ក្នុងឱកាស​រំឭក​ខួប​ព្រះ​ចៅ​អធិរាជ ក៏បាន​ឆ្លៀតពេល​លើកឡើង​ពី​ទុក្ខលំបាក​ថ្មីៗ ដែល​ជប៉ុន​ប្រឈមមុខ រួមមាន ការរញ្ជួយ​ដី​នៅ​ឧបទ្វីប ណូ​តុ និង​ការធ្លាក់​យន្តហោះ​នៅ​អាកាសយានដ្ឋាន Haneda​។​

ទោះបី​ជាមាន​បញ្ហា​ប្រឈម​ទាំងនេះ​ក៏ដោយ លោក អ៊ូ​អិ​ណុ បាន​រំលេច​នូវ​សមិទ្ធផល​ឆ្នាំ ​២០២៣ ចំពោះ​ប្រារព្ធ​ខួប​លើក​ទី​៧០ នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ ២ និង​អបអរសាទរ​ការធ្វើឱ្យ​ប្រសើរឡើង​ទៅជា «​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​»​។​

លោក​ឯកអគ្គរាជទូត​ជប៉ុន បាន​រំឭក​ឡើងវិញ​នូវ​លទ្ធផល​ផ្លែផ្កា​នៃ​កិច្ចប្រជុំ​កំពូល​នាពេល​ថ្មីៗ​នេះ រួមទាំង​កិច្ចព្រមព្រៀង​ស្តីពី​កិច្ចសហប្រតិបត្តិការ​ឌីជីថល ក៏ដូចជា​ការតភ្ជាប់ និង​ការបង្កើត​កិច្ចសន្ទនា​មន្ត្រីជាន់ខ្ពស់​ស្តីពី​ការការពារ​ជាតិ​។​

លោក​បានលើកឡើង​ពី​ការចុះហត្ថលេខា​លើ​ឯកសារ​កិច្ចសហប្រតិបត្តិការ​ចំនួន​ ៧ និង​ការឆ្លើយតប​ជា​វិជ្ជមាន​ពី​សហគមន៍​ធុរកិច្ច​ជប៉ុន​ចំពោះ​ឱកាស​វិនិយោគ​នៅ​កម្ពុជា ដែល​បង្ហាញ​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត​។​

លោក អ៊ូ​អិ​ណុ បាន​ថ្លែងថា​៖ «​នៅ​ខែកញ្ញា ឆ្នាំ​ ២០២៣ គឺ​ក្រោយពី​បាន​ចូលកាន់​តំណែង​មិនយូរប៉ុន្មាន សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បានរៀបចំ​កិច្ចប្រជុំ​កំពូល​ជាមួយ​នាយករដ្ឋមន្ត្រី គី​ស៊ី​ដា ហ្វ៊ូមី​អុ នៅ​ទីក្រុង​ហ្សា​ការ​តា ហើយ​នៅ​ខែធ្នូ ឆ្នាំ​ ២០២៣ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​រំឭក​ខួប​អនុស្សាវរីយ៍​អាស៊ាន​-​ជប៉ុន​»​។​

លោក​ឯកអគ្គរាជទូត​ជប៉ុន​បាន​សម្តែង​សុទិដ្ឋិនិយម​ចំពោះ​ឆ្នាំរោង ជា​ពេលវេលា​មួយ​ដែល​ត្រូវបាន​ផ្សារភ្ជាប់​ជាមួយនឹង​ការផ្លាស់ប្តូរ​ដ៏​សំខាន់ ដោយមាន​បំណង​ចង់ឱ្យ​មានការ​ជឿនលឿន​បន្ថែមទៀត​នៅក្នុង​ទំនាក់ទំនង​ជប៉ុន​-​កម្ពុជា​។​

លោក​បាន​សង្កត់ធ្ងន់​លើ​អត្ថប្រយោជន៍​ទៅវិញទៅមក​នៃ​កិច្ចសហប្រតិបត្តិការ ជាពិសេស​ក្នុងការ​សម្រេចបាន​នូវ​សង្គម​ឌីជីថល ការលើកកម្ពស់​ការតភ្ជាប់ និង​ការកែលម្អ​បរិយាកាស​វិនិយោគ​។​

លោក​បានឱ្យដឹងថា​៖ «​ដើម្បី​សម្រេចបាន​នូវ​គោលដៅ​ខាងលើ យើង​មានបំណង​តាមដាន​លទ្ធផល​នៃ​កិច្ចប្រជុំ​កាលពី​ឆ្នាំមុន ហើយ​ធ្វើការ​ដើម្បី​ធានាថា ទំនាក់ទំនង​របស់​យើង​មាន​ប្រយោជន៍​ចំពោះ​ភាគី​ទាំង​២​។ ខ្ញុំ​ចង់ឱ្យ​ភាគី​ទាំង​២​ធ្វើការ​រួមគ្នា ដោយ​យក​ចិ​ត្ដ​ទុកដាក់​ចំពោះ «​យុទ្ធសាស្ដ្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១» ដែល​បាន​ដាក់ចេញ​ដោយ​គណៈរដ្ឋមន្ដ្រី​ថ្មី​ដើម្បី​សម្រេច​ឱ្យបាន​នូវ​សង្គម​ឌីជីថល ពង្រឹង​ការតភ្ជាប់ និង​កែលម្អ​បរិយាកាស​វិនិយោគ​»​។

​កម្មវិធី​អបអរ​ចម្រើន​ព្រះជន្ម​ព្រះ​អធិរាជ​នេះ ត្រូវបាន​ប្រារឰឡើង​សម្រាប់​ជា​ស្ពាន​វប្បធម៌ ជាមួយនឹង​ការបង្ហាញ​រូបថត​រាជវង្សានុវង្ស​ជប៉ុន និង​និមិត្តសញ្ញា​មិត្តភាព​កម្ពុជា​-​ជប៉ុន រួមទាំង​ការទទួល​ទាន​អាហារ និង​ស្រា​ជប៉ុន​ជាច្រើន​មុខ ដើម្បី​អបអរសាទរ​ដល់​មរ​តក​រួម និង​អនាគត​នៃ​ភាពជា​ដៃគូ​ដ៏​យូរអង្វែង​នេះ​៕