មន្ត្រីជាន់ខ្ពស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ប្រាប់​ឱ្យដឹងថា ក្រសួង​បាន​សង្កេតឃើញ​ អំពី​និន្នាការ​វិជ្ជមានពាក់ព័ន្ធ​នឹង​ការកែច្នៃ​ផលិតផល​ស្វាយចន្ទី ដោយ​ក្នុងអំឡុង​ចុងឆ្នាំ​ ២០២៣ និង​ដើម ​២០២៤​ នេះ ការកែច្នៃ​ស្វាយ ចន្ទី​ក្នុងស្រុក​បាន​កើនឡើង ពី​ ៥ ទៅដល់​ ១០​ ភាគរយ ខណៈ​ក្រសួង​និង​អ្នកជំនាញ​នៅក្នុង​វិស័យនេះ លើកទឹកចិត្ត​ក្រុមហ៊ុន​វិនិយោគ​បង្វែរ​ការចាប់អារម្មណ៍​មក​ក្នុង​ឧស្សាហកម្ម​កែច្នៃ​ស្វាយចន្ទី​។​

​កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យ​ក្រសួងកសិកម្ម ថ្លែងថា​៖ «​ក្រសួង ព្រមទាំង​ដៃគូ​ពាក់ព័ន្ធ នឹង​បន្ត​ធ្វើការ​ដោយ​ឥត​នឿយហត់ ដើម្បី​ជំរុញ​ឱ្យ​ការកែច្នៃ​គ្រាប់ស្វាយចន្ទី​នៅក្នុង​ស្រុក​មាន​កំណើន​កាន់តែ​ច្រើនឡើងៗ​បន្ថែមទៀត និង​មាន​គុណភាព​ខ្ពស់ ទាំង​សម្រាប់​ការផ្គត់ផ្គង់​នៅ​ទីផ្សារ​ក្នុងស្រុក និង​ការប្រកួតប្រជែង​នៅលើ​ទីផ្សារ​អន្តរជាតិ​»​។​


កញ្ញា​ថ្លែងថា​៖ « អ្វីដែល​យើង​ចង់បាន​ធ្វើ​ម៉េច ជំរុញឱ្យមាន​ការកែច្នៃ​គ្រប់គ្រាន់​ដើម្បី​ស្រូប​ទាញ​ផលិតផល​ស្វាយចន្ទី​របស់​យើង​ហ្នឹង​យកទៅ​កែច្នៃ ធ្វើជា​ផលិតផល​សម្រេច​ដើម្បី​ដាក់លក់ ឬក៏​នាំចេញ​ទៅកាន់​ទីផ្សារ​ដោយផ្ទាល់​។ ប៉ុន្តែ​បញ្ហា​នោះ នៅត្រង់ចំណុច​កណ្តាល​នេះ គឺ​សហគ្រាស និង​ការកែច្នៃ​»​។​

​កញ្ញា អ៊ឹម រចនា ថ្លែង​ដោយមាន​សុទិដ្ឋិនិយម​ថា វិនិយោគិន​ក្នុងស្រុក​នឹង​បង្វែរ​ធុរកិច្ច​របស់ខ្លួន​មក​ក្នុង​ឧស្សាហកម្ម​កែច្នៃ​គ្រាប់​ចន្ទី ខណៈ​ទិន្នផល​នៃ​គ្រាប់ស្វាយចន្ទី​ក៏មាន​ការកើនឡើង​ផងដែរ​។ 


​បើ​យោងតាម​អ្នកនាំពាក្យ​ក្រសួងកសិកម្ម កម្ពុ​ជាមាន​ផ្ទៃដី​ដាំ​ដុះ​ដំណាំ​ស្វាយចន្ទី​ជាង ៧០ ម៉ឺន​ហិកតា និង​អាច​ផលិត​បាន ១ លាន​តោន ​ក្នុង​ ១ ​ឆ្នាំៗ ដោយ​រដ្ឋាភិបាល បាននិងកំពុង​ជំរុញឱ្យមាន​ការប្រឹងប្រែង​បន្ថែមទៀត​លើ​ការកែច្នៃ ដែល​អាច​បង្កើន​ការផ្គត់ផ្គង់​គ្រាប់​ចន្ទី​ក្នុងស្រុក​ផង និង​នាំ​ចេញទៅ​ក្រៅប្រទេស​ផង​។​

​លោក អាន តារា ប្រធាន​សហព័ន្ធ​ស្វាយចន្ទី​កម្ពុជា ថ្លែងថា ដើម្បី​ទាក់ទាញ​អ្នកវិនិយោគ ឱ្យមក​បើក​រោងចក្រ​កែច្នៃ​ក្នុងស្រុក​ឱ្យបាន​ច្រើន កាលពី​អំឡុងពេល​សន្និសីទ​ស្វាយចន្ទី​ពិភពលោក នា​ដើមខែ​កុម្ភៈ​នេះ សហព័ន្ធ​បាន​អញ្ជើញ​ក្រុមហ៊ុន​កែច្នៃ​ក្នុងស្រុក​ប្រមាណ​៣០​ក្រុមហ៊ុន​ឱ្យមក​ចូលរួម​ក្នុង​សន្និសីទ ដោយ​ធ្វើយ៉ាងណា​ផ្តល់ឱកាស​ក្រុមហ៊ុន​ទាំងនេះ មានឱកាស​ក្នុង​បង្ហាញ​ពី​ផលិតផល​ស្វាយចន្ទី​កែច្នៃ​របស់ខ្លួន​ទៅ​វិនិយោគិន​បរទេស ដើម្បី​មានឱកាស​ក្នុងការ​នាំចេញ​។​

លោក​បាន​បន្ថែមថា គម្រោង ​Harvest III ​របស់ USAID និង​អង្គការ​ខេ​ប​រ៉េត​របស់​អូស្ត្រាលី ជានិច្ចកាល តែងតែ​ជួយ​ដល់​សហព័ន្ធ​ស្វាយចន្ទី​កម្ពុជា ក្នុង​ការជួយ​គាំទ្រ​ដល់​អ្នក​កែច្នៃ​ស្វាយចន្ទី​នៅក្នុង​ស្រុក ទាំង​ធុន​តូច​និង​មធ្យម ខណៈដែល​ក្រុមហ៊ុន​ធំៗ​ដែល​បានមក​ចូលរួម​ក្នុង​សន្និសីទ​នេះ​មួយចំនួនធំ បានបង្ហាញ​ពី​គោលបំណង​ច្បាស់លាស់​ក្នុងការ​មក​វិនិយោគ​បើក​រោងចក្រ​កែច្នៃ​គ្រាប់ស្វាយចន្ទី​នៅ​កម្ពុជា​។​

លោក​បានបញ្ជាក់​ដូច្នេះ​ថា​៖«​ខ្ញុំ​សង្ឃឹមថា ចាប់ពីពេលនេះ​ទៅ​ក្រុមហ៊ុន ដែល​កែច្នៃ​នៅក្នុង​ស្រុក​មាន​ស្រាប់ នឹង​ពង្រឹង​ការកែច្នៃ​របស់​យើង​ឱ្យមាន​លក្ខណៈ​ស្តង់ដា មានគុណ​ភាពល្អ និង​មាន​បរិមាណ​គ្រប់គ្រាន់ ដើម្បី​ឈានចូល​ទីផ្សារ​ធំៗ ដែល​ពួកគាត់​បាន​ជួប​ដូចជា​មកពី​ទីផ្សារ​ចិន អាមេរិក ឥណ្ឌា អូស្ត្រាលី ជប៉ុន កូរ៉េ​ជាដើម ដែល​គាត់​ត្រូវការ​ស្វាយចន្ទី​ដែលមាន​គុណភាព​ខ្ពស់​។ ​ខ្ញុំ​គិតថា បន្ទាប់ពី​ទទួលបាន​បទពិសោធន៍​ពី​អ្នកជំនាញ​កែច្នៃ​ ក្នុង​សន្និសីទ​នាពេល​កន្លង​ទៅហើយ ការកែច្នៃ​របស់​យើង នឹងមាន​លក្ខណៈ​ល្អប្រសើរ​ជាង​មុន​»​។​

ជាមួយគ្នា​នោះដែរ លោក អួន ស៊ី​ឡុ​ត ប្រធាន​សមាគម​ស្វាយចន្ទី​កម្ពុជា បាន​លើកឡើងថា បច្ចុប្បន្នេះ កម្ពុ​ជាមាន​រោងចក្រ​ទាំងអស់ ៤១ ក្នុងនោះ​រោងចក្រ​មធ្យម​មានតែ​៣​ទេ ខណៈ​ខ្នាតតូច មាន​ ៣៨ ដោយ​រោងចក្រ​មធ្យម​ទាំង​៣​នោះ​មាន​រោងចក្រ​ Santana ខេត្តព្រះវិហារ​,​រោងចក្រ​ Welwilling​ ខេត្តកំពង់ចាម​ និង​រោងចក្រ​ MTST ខេត្ត​ត្បូងឃ្មុំ​។​

លោក​បាន​បន្ថែមថា ដោយឡែក​រោងចក្រ​ខ្នាតតូច​តែ​ដំណើរការ​ពេញ​ ១​ ឆ្នាំ មាន ​២ រួមមាន ​TPJC ជ័យ​ស​សំបូរ ខេត្តកំពង់ធំ និង ​HCST ខេត្តស្ទឹងត្រែង​។​

លោក​បាន​បញ្ជាក់ថា​៖«​យោងតាម​បរិមាណ​ស្វាយចន្ទី​ឆៅ ដែល​យើង​ផលិត​បានជា​រៀងរាល់​ឆ្នាំនេះ យើង​ត្រូវការ​រោងចក្រ​ធុន​មធ្យម​ប្រមាណ​ ៣០​ រោងចក្រ​ទើប​គ្រប់គ្រាន់​សម្រាប់​ការកែច្នៃ​គ្រាប់​ឆៅ​ដែល​យើង​មាន ។ បន្តបន្ទាប់​នេះ មាន​រោងចក្រ​ថ្មី របស់​សិង្ហ​បុរី របស់​ជប៉ុន បាននិងកំពុង​សាងសង់ ដោយ​យើង​សង្ឃឹមថា ក្រោយ​រោងចក្រ​ទាំងនេះ​សាងសង់​រួចហើយ នឹង​បន្ត​ស្រូប​គ្រាប់ស្វាយចន្ទី​សម្រាប់​ការកែច្នៃ​បន្ថែមទៀត​»​។​

បើតាម​សមាគម​ស្វាយចន្ទី​កម្ពុជា  ការប្រែប្រួល​អាកាសធាតុ​នាំឱ្យមាន​ការកាប់​ដើម​ស្វាយចន្ទី​ចោលប្រមាណ ១០ ម៉ឺន​ហិកតា​កាលពី​ឆ្នាំ​២០២២ តែមាន​ការដាំដុះ​ឡើងវិញ​ប្រមាណ ៤ ម៉ឺន​ ហិកតា​ ក្នុង​ឆ្នាំ​២០២៣​។ នេះ​បើតាម​ការស្រាវជ្រាវ​ទៅលើ​កូនដើម​ស្វាយចន្ទី​ ដែល​ត្រូវបាន​លក់​ចេញពី​ថ្នាល​ទូទាំងប្រទេស​៕