ភ្នំពេញៈ​កម្ពុជា ​និង​ថៃ​ ប្តេជ្ញា​បន្ត​ពង្រឹង​និង​ពង្រីក​កិច្ច​សហ​ប្រតិ​បត្តិការ​ក​ង​ទ័ព​ជើង​ទឹក​នៃ​ប្រទេស​ទាំង​២ ​ជា​ពិសេស​លើ​ផ្នែក​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស និង​ការ​ផ្លាស់​ប្តូរ​ព័ត៌​មាន​គ្នា ខណៈ​កម្ពុជា​បើក​ចំហ​ការ​ទូត​នូវ​រាល់​កិច្ច​សហ​ប្រតិ​បត្តិការ​ឱ្យ​កាន់​តែ​ស៊ី​ជម្រៅ​ជា​មួយ​បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់ និង​សកល​លោក​។​


​ការ​ប្តេជ្ញា​ចិត្ត​រវាង​ប្រទេស​ទាំង​២ ​ធ្វើ​ឡើង​តាម​រយៈ​ជំនួប​ពិភាក្សា​ការងារ​រវាង​លោក​ឧ​បនាយ​ករដ្ឋមន្ត្រី  ទៀ ​សីហា រដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ និង​លោក​ អៈ​ឌុ​ង ផាន់​ អៀម (Ad​oong ​Pan Iam) អគ្គ​មេ​បញ្ជា​ការ​កង​ទ័ព​ជើង​ទឹក​ភូមិ​ន្ទ​ថៃ ​កាលពី​ថ្ងៃទី​១៣​ ខែកុម្ភៈ ឆ្នាំ​២០២៤​ ក្នុងឱកាស​គណៈ​ប្រតិភូ​យោធា​ថៃ​មក​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា​។ នេះ​បើ​យោង​តាម​ការ​ផ្សព្វ​ផ្សាយ​លើ​គេហ​ទំព័រ​ផ្លូវ​ការ​របស់​ក្រសួង​ការពា​រជាតិ​នៅ​ថ្ងៃទី​១៤ ​ខែកុម្ភៈ​។​

​ប្រភព​ដដែល​បាន​ឱ្យ​ដឹង​ថា ​នៅ​ក្នុង​ជំនួប​នេះ ​លោក​ ទៀ ​សីហា​ បាន​ស្វា​គមន៍​ចំពោះ​ដំណើរ​ទស្សន​កិច្ច​របស់​គណៈ​ប្រតិភូ​យោធា​ថៃ​ មក​កាន់​កម្ពុជា​ ហើយ​លោក​បានបញ្ជាក់​ថា កម្ពុជា​សាទរ​ការ​បន្ត​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​បន្ថែម​ទៀត​ជា​មួយ​ភាគី​កង​ទ័ព​ជើង​ទឹក​ភូមិន្ទ​ថៃ ចំពោះ​ការ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ដល់​នាយ​ទា​ហាន​បន្ត​វេន​កម្ពុជា​ ក្នុង​ន័យ​ពង្រឹង​សមត្ថ​ភាព ​ព្រមទាំង​ការ​ផ្លាស់​ប្តូរ​ព័ត៌​មាន​គ្នា​ទៅ​វិញ​ទៅមក​រវាង​កង​ទ័ព​ជើង​គោក​នៃ​ប្រទេស​ទាំង​២ ក្នុង​នាម​ជា​ប្រទេស​ជិត​ខាង​គ្នា ​និង​សមា​ជិក​អាស៊ាន​ដូច​គ្នា​។​


​លោកបាន​បន្ត​ថា​៖«​ក្រោម​ការ​ដឹក​នាំ​របស់​រាជ​រដ្ឋាភិ​បាល​អាណត្តិ​ថ្មី ដែល​មាន​សម្តេច​មហា​ប​វរ​ធិបតី ​ហ៊ុន ម៉ា​ណែ​ត ជា​ប្រមុខ​ បាន​ដាក់​ចេញ​នូវ​យុទ្ធសា​ស្ត្រ​បញ្ច​កោណ​ឱ្យ​អនុវត្ត​គ្រប់​ជ្រុង​ជ្រោយ។ ​ដោយ​ឡែក​នយោ​បាយ​ការ​បរទេស យើង​នៅតែ​បន្ត​ ឮធ្វើ​កិ​ច្ចសហ​ប្រតិ​បត្តិ​ការ​ជាមួយ​បណ្តា​ប្រទេស​ជា​មិត្តនៅ​លើ​សកល​លោក​ ពិសេស​ប្រទេស​ក្នុង​តំបន់​»​។​

ត្រង់​ចំណុច​នេះ លោក​បានបញ្ជាក់​ថា​ ការ​ពង្រឹង​ទំនាក់​ទំនង​រវាង​កម្ពុ​ជា​និង​ថៃ​ឱ្យ​កាន់​តែ​រឹងមាំ​ស្តែង​ឡើង​តាម​រយៈ​ដំណើរ​ទស្សន​កិច្ច​របស់​លោ​កនាយក​រដ្ឋ​មន្ត្រី​ហ៊ុន ​ម៉ា​ណែ​ត ទៅ​ប្រទេស​ថៃនា​ពេល​ថ្មីៗ​ជា​ឧទាហ​រណ៍​ស្រាប់​។​


​ឆ្លៀត​នា​ឱកាស​នោះ ​លោក ​​ទៀ សីហា ក៏បាន​លើក​ឡើង​ពី​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និទ្ធ​រវាង​កង​ទ័ព​ជើង​អាកាស​របស់​កម្ពុជា​ និង​ថៃ​ ដែល​មាន​កិច្ច​សហ​ប្រតិ​បត្តិការ​ល្អ​នា​ពេល​កន្លង​ទៅ​ផង​ដែរ​ ខណៈ​ភាគី​ថៃ ​ឆ្លៀត​បង្ហាញ​វត្ត​មាន​របស់​មេ​បញ្ជា​ការ​កង​ទ័ព​អាកាស​ភូមិន្ទ​ថៃ ​ក្នុង​អា​ណត្តិ​ថ្មី​ដល់​កម្ពុជា​។​

​ជា​មួយ​គ្នា​នេះ លោក​ អៈ​ឌុ​ង ផាន់​អៀម ក៏បាន​បញ្ជាក់​ប្រាប់​ភាគី​កម្ពុជា​ផង​ដែរ​ថា ​ដំណើរ​ទស្សនកិ​ច្ច​របស់​គណៈ​​ប្រតិភូ​យោធា​ជើង​ទឹក​ថៃ​ខ្លួន​មក​កាន់​កម្ពុជា​លើក​នេះ​ គឺ​ក្នុង​ន័យ​បង្កើន​កិច្ច​សហ​ប្រតិ​បត្តិការ​ រវាង​កង​ទ័ព​ជើង​ទឹក​នៃ​ប្រទេស​ទាំង​២ ​ខណៈ​កម្ពុជា​កំពុង​មាន​សុខ​សន្តិ​ភាព​និង​មាន​រដ្ឋាភិ​បាល​ថ្មី​ដឹកនាំ​ដោយ​លោក​ហ៊ុន​ ម៉ា​ណែ​ត​។​

​តាម​រយៈ​ក្រសួង​ការ​ពារ​ជាតិ​កម្ពុ​ជា​ អគ្គ​មេ​បញ្ជា​ការ​កង​ទ័ព​ជើង​ទឹក​ភូមិន្ទ​ថៃ​រូបនេះ​ បានបន្ថែម​ថា​៖«​ហើយ​ក៏​មានការ​ផ្លាស់​ប្តូរ​ដំណើរ​ទស្សន​កិច្ច ​របស់​នាយ​ទា​ហាន និង​នាយ​ទាហាន​ជាន់​ខ្ពស់ នៃ​កង​ទ័ព​ជើង​ទឹក​ទាំង​២​ នឹង​បន្ត​ទៅ​ឆ្នាំ​ក្រោយៗ​ទៀត ​ដើម្បី​ពង្រីក​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ដ៏​ល្អ​នឹង​គ្នា​»​។​

​ពាក់​ព័ន្ធ​នឹងរឿង​នេះ លោក​ យង់ ពៅ អគ្គ​លេខា​ធិការ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​លើក​ឡើង​ថា ក្រោម​ឆត្រ​នៃ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ភាព​ជា​ដៃគូ​យុទ្ធ​សាស្ត្រ​ដែល​ភាគី​កម្ពុជា​និង​ថៃទើប​បាន​ដំឡើង​កម្រិត​គឺ​ត្រូវ​ចាប់​ផ្តើម​បោះជំ​ហាន​ក្នុង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​នា​នា​រួម​ទាំង​យោ​ធា ដែល​រួមមាន​ ក្នុង​ផ្នែក​កង​ទ័ព​ជើងទឹ​ក​នេះ​ផង​ ដែ​លជា​ជំហាន​នៃ​កិច្ច​សហ​ការ​ក្នុង​ដែន​សមុទ្រ​ ដែល​អាច​មាន​ការធ្វើ​សម​យុទ្ធ​យោធា​រួមគ្នា​លើ​ផ្ទៃ​ទឹក​នា​ពេល​អនា​គត​ ដើម្បី​ពង្រឹង​សមត្ថ​ភាព​កង​ទ័ព​និង​ពង្រឹង​សន្តិ​សុខ​ដែន​សមុទ្រ​។​

​លោក​ថ្លែង​ថា​៖«​កិច្ច​សហប្រ​តិបត្តិ​ការ​នេះ ​មាន​សារៈសំ​ខាន់ ហើយ​ខ្ញុំ​សូម​សាទរ​ដែល​ប្រទេស​យើង​ទាំង​២ ត្រូវ​ចាប់​ផ្តើម​ពង្រឹង​សមត្ថ​ភាព​កង​ទ័ព​លើ​គ្រប់​ផ្នែក ​ហើយ​នេះ​គួប​ផ្សំ​នឹង​ទំនាក់​ទំនង​ ក្នុង​ភាព​ជា​ដៃគូយុទ្ធ​សាស្ត្រ​ដែល​ត្រូវ​មាន​កិច្ច​សហ​ប្រតិ​បត្តិកា​រ​គ្រប់​ជ្រុង​ជ្រោយ​ផង​។ នេះ​ដើម្បី​ពង្រឹង​សន្តិ​សុខ​ជើង​ទឹក ​ការ​ពង្រឹង​សមត្ថ​ភាព​កង​ទ័ព​ជើង​ទឹក​កម្ពុជា ​ខណៈ​កង​ទ័ព​ជើង​ទឹក​យើង​នៅ​មាន​កម្រិត​ត្រូវ​ពង្រឹង​បន្ថែម​»​។​

លោក​បាន​បន្ថែម​ថា ការ​មាន​ទំនាក់​ទំនង​យោធា​ល្អ​រវាង​កម្ពុជា​និង​ថៃ ជា​ភាព​ចាំបា​ច់​ដើម្បី​ឱ្យ​ភាគី​ប្រទេស​ជិត​ខាង​គ្នា​នេះ​យល់​ពីគ្នា​ច្បាស់ ​ជា​ពិសេស​កិច្ច​ការងារ​ព្រំដែន​ទាំង​ដែន​គោក និង​ដែន​ទឹក ហើយ​ខណៈ​យោធា​មាន​តួនាទី​ការ​ពារ​ខ្សែ​បន្ទាត់​ព្រំដែន​ផង​។​

លោក​បាន​បញ្ជាក់​​ថា​៖«​ក្នុង​នាម​ជា​ប្រទេស​ជិត​ខាង​ល្អ ត្រូ​វតែមាន​កិច្ច​សហ​ការ​ផ្នែក​ព្រំដែន​បាន​ល្អ ហើយ​ទំនាក់​ទំនង​នេះ​ទៀត​សោត ​អាច​កាត់​បន្ថយ​ភាព​តាន​តឹង​ឬ​បញ្ចៀស​ការ​ផ្ទុះអា​វុធ​នៅ​ពេល​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​ផង​ដែរ​»៕