ក្រុមការងារ​ស្រាវជ្រាវ​រដ្ឋបាល​ជលផល​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធានធម្មជាតិ WWF ​បាន​ប្រទះឃើញ​កូន​ផ្សោត​ទើបតែ​កើត​ថ្មី​ ១​ ​ក្បាល​ទៀត​ កាលពី​ថ្ងៃទី​ ១៤ ​ខែកុម្ភៈ​ ស្ថិតនៅ​អន្លង់​កាំ​ពី ភូមិ​សំបុក ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ខណៈ​កូន​ផ្សោត​នេះ ជា​កូន​ផ្សោ​តទី​២​ ដែល​បាន​កត់ត្រា​នៅ​ដើមឆ្នាំ​ ២០២៤​។​


​លោក អ៊ុក វិបុល ប្រធាន​នាយកដ្ឋាន​អភិរក្ស​ជលផល នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ថ្លែងថា ឆ្នាំនេះ រដ្ឋបាល​ជលផល​នឹង​ខិតខំ​ប្រឹងប្រែង​អនុវត្ត​វិធានការ និង​ដាក់បទបញ្ជា​យ៉ាង​តឹងរ៉ឹង​នៅក្នុង​ការងារ​ចុះ​ល្បាត ដើម្បី​ធ្វើយ៉ាងណា​កាត់បន្ថយ​អត្រា​ស្លាប់​នៃ​សត្វ​ផ្សោត និង​ជំរុញ​បង្កើន​ចំនួន​កូន​ផ្សោត​ឱ្យបាន​ច្រើនជាង​ឆ្នាំ​ ២០២៣ ​កន្លងទៅ​ដែរ​។​

លោក​ថ្លែង​បញ្ជាក់ថា​៖ «​វត្ត​មានកូន​ផ្សោត​កើត​ ១ ​ក្បាល​ទៀត​នេះ វា​ជា​មោទនភាព​ក្នុងនាម​យើង​ជា​អ្នក​អភិរក្ស និង​ក្រុមការងារ​ដៃគូ​ផ្សេងទៀត បាន​ខិតខំ​ប្រឹងប្រែង​អនុវត្ត​ទប់ស្កាត់​បទល្មើស ការការពារ​ជម្រក ក៏ដូចជា​អប់រំ​ប្រជាពលរដ្ឋ​ផងដែរ​»​។​


​ក្នុង​ឆ្នាំ​ ២០២៣​ កន្លងមកនេះ កម្ពុជា​ទទួលបាន​កូន​ផ្សោត​ចំនួន ៨ ​ក្បាល ប៉ុន្តែ​បាន​ស្លាប់​ទៅវិញ​អស់ ២​ ក្បាល​ហើយ ដូច្នេះ​នៅសល់តែ​កូន​ផ្សោត​តែ ៦​ក្បាល​ប៉ុណ្ណោះ​។ រហូតមកដល់​សព្វថ្ងៃ​នេះ តាម​ការប៉ាន់ស្មាន​ផ្សោត​ដែល​រស់នៅក្នុង​ខេត្តស្ទឹងត្រែង និង​ក្រចេះ មាន​ចំនួន​ប្រមាណ​ជា ៩០​ក្បាល​ទាំង​ផ្សោត​មេ​ពូជ ក៏​ដូច​ផ្សោត​វ័យ​ជំទង់​។ នេះ​ជាការ​បញ្ជាក់​បន្ថែមទៀត​របស់លោក អ៊ុក វិបុល​។​

​ចំណែក​លោក សេង ទៀក នាយក​ប្រតិបត្តិ​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធានធម្មជាតិ បានឱ្យដឹង​នៅ​ថ្ងៃទី​ ១៥ ខេ​កុម្ភៈ​នេះ​ថា វត្ត​មានកូន​ផ្សោត​ដែល​ទើបនឹង​កើត​ថ្មី​១​ក្បាល​ទៀត​នេះ មាន​អាយុ​ប្រហែលជា ៣​ថ្ងៃ ដែល​ប្រទះឃើញ​ស្ថិតនៅក្នុង​ហ្វូង​សត្វ​ផ្សោត​ ៧ ​ក្បាល​ផ្សេងទៀត​។


ហេតុនេះ លោក​រំពឹងទុក​ថា ឆ្នាំនេះ​ផ្សោត​អាច​កើតកូន​បាន​យ៉ាងហោចណាស់​ប្រហែល ៨​ ក្បាល​ដែរ ប្រសិនជា​ក្នុងករណី​ដែល​កម្ពុជា​អាច​កាត់បន្ថយ​អត្រា​នៃ​ការស្លាប់​សត្វ​ផ្សោត តាមរយៈ​ការអនុវត្ត​វិធានការ ចុះ​ល្បាត​ ២៤​ ម៉ោង​លើ​ ៧​ ថ្ងៃ​ឱ្យបាន​តឹងរ៉ឹង​បំផុត​។​

​លោក សេង ទៀក ថ្លែងថា​៖ ​​«​ថ្វីដ្បិតតែ​ថ្នាក់ដឹកនាំ​មានការ​យកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​ការពារ​ផ្សោត ក៏ប៉ុន្តែ​នៅមាន​បញ្ហា​ប្រឈម​មួយចំនួន​ទាក់ទង​នឹង​ការ​ឆក់ ការដាក់​មង​នៅ​តំបន់​ផ្សោត​រស់នៅ​។ ​ដូច្នេះហើយ​ត្រូវធ្វើ​យ៉ាងណា​កាត់បន្ថយ​បញ្ហា​ប្រឈម​ទាំងអស់នោះ​ឱ្យដល់​ចំណុចសូន្យ​តែម្ដង​គឺ​មានន័យថា​មិន​ឱ្យមាន​បទល្មើស​នេសាទ​ដែល​ប្រើប្រាស់​ឧបករណ៍​ខុសច្បាប់​នៅ​តំបន់​ផ្សោត​រស់នៅ​ឡើយ​»​។

ជាមួយគ្នានេះ លោក​អំពាវនាវ​ទៅដល់​អ្នកនេសាទ ក៏ដូចជា​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​រស់នៅក្នុង​តំបន់​ផ្សោត សូម​ចូលរួម​ជួយ​ថែរក្សា​ការពារ​រតនសម្បត្តិ​ជាតិ​របស់​កម្ពុជា​ឱ្យ​នៅបាន​គង់វង្ស​។​

​ចំពោះ​វត្ត​មានកូន​ផ្សោត​ដែល​ទើបនឹង​កើត​ថ្មី​នេះ លោក សេង ទៀក មាន​សុទិដ្ឋិនិយម​ថា នឹង​ធ្វើឱ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ កាន់តែ​ខិតខំ​ប្រឹងប្រែង​រួមគ្នា​បន្ថែមទៀត លើ​ការងារ​ចុះ​ល្បាត និង​បង្ក្រាប​បទល្មើស​ដោយ​ការប្រើប្រាស់​ឧបករណ៍​ឆក់ និង​មង​នេសាទ​ជាដើម​៕