
មន្ត្រីបរិស្ថានកំពុងបំពាក់កាមេរ៉ា ដើម្បីតាមដានវត្តមានសត្វព្រៃ នៅក្នុងព្រៃខេត្តពោធិ៍សាត់កាលពីពេលកន្លងមក។ រូបថត ក្រសួងបរិស្ថាន
ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត គ្រោងនឹងបំពាក់កាមេរ៉ាបន្ថែម នៅតំបន់ជួរភ្នំក្រវាញ ដើម្បីតាមដានវត្តមានសត្វព្រៃ និងពិនិត្យមើលចំណីរបស់សត្វខ្លាធំ ដែលម៉ាស៊ីនថតចំនួន ១គ្រឿង ត្រូវដាក់ចន្លោះពីគ្នាក្នុងចម្ងាយ១គីឡូម៉ែត្រ។
លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានប្រាប់ឱ្យដឹងនៅថ្ងៃទី១៥ ខែកុម្ភៈថា ក្រសួងបរិស្ថាន គ្រោងនឹងបំពាក់កាមេរ៉ាបន្ថែមនៅតំបន់ជួរភ្នំក្រវាញ ដើម្បីតាមដានវត្តមាន និងអវត្តមានសត្វព្រៃ ដែលជាចំណីរបស់សត្វខ្លាធំដូចជាប្រើស ខ្ទីង និងជ្រូកព្រៃជាដើម។
លោកបានបញ្ជាក់ថា ៖ «ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងកាលពីពេលថ្មីៗកន្លងមកនេះ ហើយឯកឧត្តមរដ្ឋមន្រ្តីក៏បានលើកឡើងដែរថា តាមការណែនាំពីអ្នកបច្ចេកទេសមកពីប្រទេសឥណ្ឌា ម៉ាស៊ីនថតចំនួន ១គ្រឿង ត្រូវដាក់ចន្លោះពីគ្នាក្នុងចម្ងាយ១គីឡូម៉ែត្រ»។
អ្នកនាំពាក្យក្រសួងបរិស្ថានបានបន្ថែមថា ក្នុងរយៈពេល៣ខែ ចន្លោះរដូវប្រាំង និងរដូវវស្សា កាមេរ៉ា អាចចាប់រូបភាពបានហើយអ្នកជំនាញអាចវិភាគបាននូវប្រភេទសត្វជាអាហារសម្រាប់
ស្តារសត្វខ្លាធំបាន។
យោងតាមប្រសាសន៍របស់លោក អ៊ាង សុផល្លែត ការបំពាក់កាមេរ៉ានេះនឹងជួយផ្តល់នូវទិន្នន័យជាក់លាក់នៃធនធានសត្វព្រៃ តើអាចគ្រប់គ្រាន់សម្រាប់សត្វខ្លាធំដែរឬទេ។
ជួយអ្នកអភិរក្សក្នុងការរៀបចំផែនការដើម្បីស្តារសត្វខ្លាធំ ក្នុងលក្ខខណ្ឌមិនមានសត្វព្រៃជាចំណីគ្រប់គ្រាន់ថាតើត្រូវបង្កាត់ពូជសត្វព្រៃបន្ថែម ឬផ្តល់សត្វគោ ឬក្របីស្រុកជំនួស។
សិក្សាពីដង់ស៊ីតេសត្វព្រៃ ដែលជាចំណីរបស់សត្វខ្លាធំ និងសិក្សាពីរបាយនិងភាពសម្បូររបស់សត្វព្រៃ និងដែលអាចជាចំណីរបស់សត្វខ្លាធំ។
លោករដ្ឋមន្រ្តី បានថ្លែងថា ៖ «ក្រសួងបរិស្ថាន បានសហការជាមួយអង្គការដៃគូ WA, CI, FFI និងគម្រោង CSLEPបានចុះសិក្សា និងបានដាក់កាមេរ៉ា ដែលបានបំពាក់រួចរាល់នាពេលកន្លងមក ចំនួនប្រមាណ ៣៨២ ទីតាំង ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ គិតចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ ដើម្បីសិក្សាវត្តមានសត្វព្រៃ ដែលមានដោយកម្រនិងជិតផុតពូជ ក៏ដូចជាក្នុងគោលបំណងរៀបចំ កំណត់តំបន់គ្រប់គ្រង និងផែនការគ្រប់គ្រង ព្រមជាមួយការសិក្សាពីដង់ស៊ីតេសត្វព្រៃ ដែលជាចំណីរបស់សត្វខ្លាធំ»។
លោក ជុំ ហួត ប្រធានសមាគមអ្នកស្រឡាញ់បរិស្ថាន និងសង្គម បានថ្លែងថា គម្រោងនៃការបំពាក់កាមេរ៉ានេះជាការបង្ហាញពីការយកចិត្តទុកដាក់ពីក្រសួងបរិស្ថាន ក៏ដូចជាអាជ្ញាធរដែនដីផងដែរ និងបង្ហាញពីឆន្ទៈខ្ពស់ក្នុងការអភិរក្សសត្វព្រៃដើម្បីការពារកុំឱ្យជនខិលខូចលួចបាញ់សត្វព្រៃ។
មួយវិញទៀត លោក ជុំ ហួត យល់ថា រាជរដ្ឋាភិបាល ក្រសួងស្ថាប័នពាក់ព័ន្ធ និងអង្គការ អាជ្ញាធរដែនដី ត្រូវពង្រឹងការអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹងដើម្បីការពារសត្វព្រៃទៅលើអ្នកប្រព្រឹត្តបទល្មើស បំផ្លាញ ឬបរបាញ់សត្វព្រៃខុសច្បាប់ជាដើម។
លោកបានថ្លែងថា ៖ «ខ្ញុំក៏សូមអំពាវនាវទៅដល់ប្រជាសហគមន៍ដែលរស់នៅតំបន់អភិរក្សព្រៃឈើ ដែលពួកគាត់ទទួលបានអត្ថប្រយោជន៍ពីសត្វព្រៃតាមរយៈភ្ញៀវទេសចរទៅកម្សាន្តនៅទីនោះ ដោយត្រូវធ្វើឱ្យប្រជាពលរដ្ឋមានឆន្ទៈខ្ពស់ក្នុងការចូលរួមថែរក្សាសត្វព្រៃ នោះនឹងទទួលបានជោគជ័យក្នុងការអភិរក្ស និងការថែរក្សាសត្វព្រៃឱ្យបានគង់វង្ស»។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ កម្ពុជា និងឥណ្ឌា បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងការអភិរក្សជីវៈចម្រុះ ការគ្រប់គ្រងសត្វព្រៃដោយនិរន្តរភាព និងយុទ្ធសាស្រ្តស្តារសត្វខ្លាធំ និងទីជម្រករបស់វានៅប្រទេសកម្ពុជា។
ក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ WA បានរៀបចំដីព្រៃទំហំ៩០ហិកតា ស្ថិតក្នុងដែនជម្រកសត្វព្រៃតាតៃនៃតំបន់ជួរភ្នំក្រវាញ ដោយមានរបងដែក ទ្រុងដែក អាងទឹក និងសត្វព្រៃសម្រាប់ជាចំណីសម្រាប់បន្ស៊ាំសត្វខ្លាធំ ដែលគ្រោងទទួលពីរដ្ឋាភិបាលប្រទេសឥណ្ឌា មុនលែងចូលតំបន់ស្នូលនៃតំបន់ការពារធម្មជាតិ។
គម្រោងស្តារសត្វខ្លាធំឡើងវិញនេះ បានបង្កើតឡើង បន្ទាប់ពីបាត់វត្តមានពីទឹកដីកម្ពុជា កាលពីអំឡុងឆ្នាំ២០០៧ ខណៈនៅទូទាំងពិភពលោក គេប៉ាន់ប្រមាណថា សត្វខ្លាធំនៅមានចំនួន ប្រហែល ៣ ២០០ក្បាល នៅឆ្នាំ២០១០។ ចំនួននេះ មានការថយចុះ ៩៥% បើធៀបនឹងចំនួនរបស់វា ធ្លាប់មានវត្តមាន ក្នុងដើមទសវត្សរ៍ទី២០ ដែលមានប្រហែល១០ម៉ឺនក្បាល នៅក្នុងពិភពលោក៕