​ភ្នំពេញៈ លោក ទូច សុ​ខៈ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ​បានឱ្យដឹងថា គិត​ចាប់ពី​ខែកញ្ញា ឆ្នាំ​ ២០២៣ ដល់​ខែមករា ឆ្នាំ ​២០២៤​ នេះ សមត្ថកិច្ច​នគរ​បាល​ជាតិ​បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​ករណី​ល្បែងស៊ីសង​សរុប​ចំនួន​ ៤២៧​ ករណី ដោយ​ឃាត់ខ្លួន​អ្នកពាក់ព័ន្ធ​បាន​ចំនួន​ ៩១២ ​នាក់ ស្រី ​៤០៤ ​នាក់​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់អគ្គ​ស្នងការដ្ឋាន​ន​គ​របាល​ជាតិ​នៅ​ថ្ងៃទី ​១៥ ខែកុម្ភៈ​។​


​លោក​ ទូច សុ​ខៈ​បន្តថា សមត្ថ​​កិច្ច​នគរបាល​បាន​អនុវត្ត​វិធានការ​ច្បាប់ ពោលគឺ​កសាង​សំណុំរឿង​ចំនួន​ ៥៨ ​ករណី ដែលមាន​ជន​សង្ស័យ​ចំនួន​ ២៣៧ ​នាក់ ស្រី​ ៦៣ ​នាក់ ភ្ជាប់​ជាមួយ​ម៉ូតូ​ ២៤២​ គ្រឿង ទូរស័ព្ទ​ ១០៩​ គ្រឿង និង​វត្ថុតាង​ផ្សេងៗ​ទៀត បញ្ជូន​ទៅកាន់​តុលា​ការចាត់​នីតិវិធី​ចោទ​ប្រកាន់​ផ្ដន្ទាទោស​។

ក្រៅពីនេះ ចំនួន​ ៣៦៩​ ករណី​ដែលមាន​អ្នក​ពាក់ព័ន្ធ​ចំនួន​៦៧៥​នាក់ ស្រី​ ៣៤១ ​នាក់ នគរបាល​ក្រសួងមហាផ្ទៃ​បាន​ចាត់វិធានការ​រដ្ឋបាល ពោលគឺ​អប់រំ ណែនាំ និង​ធ្វើ​កិច្ច​​សន្យា​បញ្ឈប់​សកម្មភាព​មិនឱ្យ​ប្រព្រឹត្ត​តទៅទៀត​។ 


​បើតាម​លោក ទូច សុ​ខៈ ការបង្ក្រាប​ល្បែង​ស៊ីសង​ខុសច្បាប់​គឺជា​ទិសដៅ​អា​ទិ​ភាព​មួយ​ក្នុងចំណោម​ទិសដៅ​អាទិភាព​ទាំង​ ៦ (​បញ្ហា​គ្រឿង​ញៀន ចរាចរណ៍ បទល្មើស​ព្រហ្មទណ្ឌ ក្មេង​ទំនើង ការ​ជួញ​ដូរ​មនុស្ស និង​បញ្ហា​នានា​តាម​បន្ទាត់​ព្រំដែន​ទាំង​គោក និង​ទឹក​) ដែល​លោ​ក ស សុខា ឧបនាយក​​រដ្ឋមន្ត្រី​ដឹកនាំ​បញ្ជា​ឱ្យ​សមត្ថកិច្ច​យកចិត្តទុកដាក់​អនុវត្ត ចាប់ពី​ដើម​នីតិកាល​ទី​៧ នៃ​រាជ​រដ្ឋា​ភិ​បាល​។ 

​លោក​បន្តថា អនុវត្ត​តាមច្បាប់ និង​ឈរលើ​មូលដ្ឋាន​នៃ​គោលការណ៍​ដឹកនាំ​ខាងលើនេះ អាជ្ញាធរ​ដែនដី​ថ្នាក់ក្រោម​ជាតិ សមត្ថកិច្ច​នគរបាល ទាំង​អគ្គ​ស្នង​ការដ្ឋាន​នគរបាលជាតិ ស្នងការ​​ដ្ឋា​ន​នគរបាល​រាជធានី​-​ខេត្ត និង​នគរបាល​មូលដ្ឋាន​ទូទាំងប្រទេស បាន​បន្ត​យកចិត្តទុកដាក់​អនុវត្ត​បង្ក្រាប​រាល់​ល្បែងស៊ីសង​ខុស​ច្បាប់​គ្រប់​ប្រភេទ ជាពិសេស​បាន​អនុវត្តតាម​គោលនយោបាយ​ភូមិ ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព​៕