ភ្នំពេញៈ ក្រសួង​អប់រំ យុវជន និង​កីឡា ​បាន​ជំរុញ​ឱ្យ​រួមគ្នា​លើក​កម្ពស់​ការអាន ​ដើម្បី​អភិវឌ្ឍ​វិស័យ​អំ​ណាន​នៅ​កម្ពុជា​ឱ្យ​កាន់​​តែមាន​សម្ទុះ​ឡើង ស្រប​ពេលដែល​ក្រសួង​នឹង​រៀបចំ​ប្រារព្ធ​ទិវា​អំ​ណាន​ជាតិ​នៅ​ថ្ងៃទី​ ១១ ខែមីនា ឆ្នាំ ​២០២៤ ចំ​ថ្ងៃ​ប្រសូត​សម្តេចព្រះសង្ឃរាជ ជួន ណាត ក្រោម​ប្រធានបទ​ «​អំ​ណាន​ជា​មូលដ្ឋានគ្រឹះ​សម្រាប់​ទាំងអស់គ្នា​ក្នុង​ជីវិត​»​។​


​ក្រសួង​អប់រំ​នៅ​ថ្ងៃទី​ ១៥ ខែកុម្ភៈ ឆ្នាំ​ ២០២៤ បាន​ជូនដំណឹង​ទៅកាន់​សាធារណជន​ ឱ្យ​ចូលរួម​បញ្ចេញ​មតិយោបល់ មាតិកា រូបភាព វីដេអូ ដើម្បី​ចែករំលែក​ទាក់ទង​នឹង​អំ​ណាន​សំដៅ​រួមគ្នា​លើកកម្ពស់​ចំណេះដឹង និង​អំ​​ណាន​នៅ​កម្ពុជា​។ ក្រសួង​ក៏​នឹង​ជ្រើសរើស​មាតិកា​ល្អៗ​របស់​សាធារណជន​ដែល​បាន​ចូលរួម​បញ្ចេញ​មតិយោបល់​ទាំងនោះ​ហើយ​បន្ត​ចែករំលែក​លើ​ទំព័រ​​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួង​ផងដែរ​។​

​លោកស្រី ឃួន វិច្ឆិកា អ្នក​នាំ​​ពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បានឱ្យដឹង​បន្ថែមថា ទិវា​​អំ​ណាន​ជាតិ​ឆ្នាំនេះ​គឺធ្វើឡើង​ចំ​ថ្ងៃកំណើត សម្តេច​ព្រះសង្ឃ​រាជ ជួន ណាត ដែល​ការរៀបចំ​ទិវា​នេះ​គឺជា​ការ​រំឭក​ដល់​វីរ​ភាព​របស់​សម្តេច​ដែល​បាន​ខិតខំ​ថែរក្សា​អក្សរសាស្ត្រ​ខ្មែរ​តាំង​ពី​អាណានិគម​បារាំង​។​


​ជាងនេះទៀត ទិវា​នេះ ក៏​រៀបចំ​ក្នុង​គោលបំណង​លើកកម្ពស់​អក្សរសាស្ត្រ ជាពិសេស​បណ្ដុះ​​ទម្លាប់​អាន ជំរុញ​វប្បធម៌​អាន លើកកម្ពស់​សមត្ថភាព​អាន និង​ការ​តែង​និពន្ធ សំដៅ​រួមចំណែក​ការពារ និង​ពង្រឹង​វប្បធម៌ អរិយ​ធម៌​ខ្មែរ​ដល់​សិស្ស និស្សិត មន្ត្រី​រាជការ ប្រជាជន​គ្រប់រូប ក្នុងប្រទេស​កម្ពុជា​។​

​លោកស្រី​បាន​បន្ត​ដូច្នេះ​ថា​៖«​ចំពោះ​ការដាក់​ប្រធានបទ​អំ​ណាន​ជា​មូលដ្ឋានគ្រឹះ​សម្រាប់​ទាំងអស់គ្នា​ក្នុង​ជីវិត សម្រាប់​រៀបចំ​ទិវា​អំ​ណាន​ជាតិ​ឆ្នាំនេះ គឺ​ក្រសួង​ចង់​ជំរុញ​ការអប់រំ​ពេញ​១​ជីវិត​ដែល​ការអប់រំ​នេះ​សំខាន់​អាចធ្វើ​បាន​ដោយ​ខ្លួនឯង មាន​លក្ខណៈ​ងាយស្រួល ហើយ​អាច​បន្ត​បានជា​រៀងរហូត​នោះ គឺ​តាម​-​រយៈ​ការអាន​នេះហើយ​»​។​


​ជាមួយគ្នានេះ​លោកស្រី ឃួន​វិច្ឆិកា ក៏បាន​ជំរុញ​ឱ្យ​សាធារណជន និង​គ្រប់ភាគី​ពាក់ព័ន្ធ​អាច​ចូលរួម​បញ្ចេញយោបល់​ទាក់​ទង​នឹង​អំ​ណាន​ដើម្បី​បំផុសគំនិត​ពី​ការអាន​កាន់តែ​ទូលាយ ជា​​ពិសេស​បណ្តុះ​ធនធានមនុស្ស​ជំនាន់​ក្រោយ​ឱ្យ​ចាប់អារម្មណ៍​លើ​ការអាន​បន្ថែមទៀត​។​

​ជុំវិញ​រឿងនេះ លោក គង់ សំនៀង ប្រធាន​សហព័ន្ធ​សេវា​អប់រំ​កម្ពុជា​បាន​ថ្លែង​គាំទ្រ​ចំពោះ​ការរៀបចំ​ទិវា​អំ​ណាន​ជាតិ​របស់​ក្រសួង​អប់រំ​នេះ ជាពិសេស​ការ​ជំរុញឱ្យមាន​ការបញ្ចេញ​មតិ​យោបល់ ចែករំលែក​ទាក់ទង​នឹង​អំ​ណាន ដើម្បី​ជំរុញ​ការអប់រំ​ផ្នែក​អំ​ណាន​នៅ​កម្ពុជា​។​

​លោក​បាន​បន្តថា​៖ «​បច្ចុប្បន្ន​វិស័យ​អំ​ណាន​នៅ​កម្ពុជា​គឺ​មិន​អន់​ទេ គឺ​ដំណើរការ​ជា​បណ្តើរៗ​ហើយ ដោយសារតែ​ក្រសួង​អប់រំ អង្គការ​ដៃគូ និង​ស្ថាប័ន​អប់រំ​នានា បាន​យកចិត្តទុកដាក់​ច្រើន​លើ​វិស័យនេះ​។ ប៉ុន្តែ​ទោះ​​ជា​បែបនេះ​ក្តី ខ្ញុំ​នៅតែ​ទទូច​ឱ្យ​បន្ត​ពង្រឹង​បន្ថែម ពិសេស​ជួយ​ទៅដល់​សិស្ស​ដែល​ស្ថិតនៅ​តំបន់​ដាច់ស្រយាល នៅ​ទីជនបទ​ដែល​ជួប​ការលំបាក​ដើម្បី​ពង្រីក​ចំណេះ​ដឹង និង​សមត្ថភាព​ឱ្យ​ពួកគេ​បាន​យល់ដឹង​ពី​វិស័យ​អំ​ណាន​ឱ្យ​កាន់តែ​ទូលាយ​»​។​

​សូម​រំឭកថា នៅក្នុង​ទិវា​អំ​ណាន​ជាតិ​កាល​ឆ្នាំ ​២០២៣ ក្រសួង​អប់រំ​បាន​បញ្ជាក់ថា នៅ​ទូទាំង​ពិភពលោក​កុមារ​ទៅ​រៀន​នៅ​សាលា​គឺ​មិនចេះ​អាន​អក្សរ​និង​មិនចេះ​សរសេរ​បាន​ត្រឹម​ត្រូវមាន​ប្រមាណ​ជា​ ៣០ ទៅ​ ៤០​ ភាគរយ​ដែល​ធ្វើឱ្យប៉ះពាល់​គុណភាព​អប់រំ​។ តាមរយៈ​តួលេខ​នេះ​មានន័យថា មិន​ត្រឹមតែ​នៅ​កម្ពុជា​ទេ គឺ​ប្រមាណ​ជា ៥០០​ លាន​នាក់ ក្នុង​ពិភពលោក​សិស្ស​ដែល​ទៅ​រៀន​នៅ​សាលា​ហើយ​មិនចេះ​អាន និង​សរសេរ​ស្ទាត់​ជំនាញ​។​

​បើតាម​ក្រសួង​អប់រំ សម្រាប់​ការរៀបចំ​ទិវា​អំ​ណាន​ជាតិ​ឆ្នាំនេះ​មិនមែន​មានតែ​ការ​បំផុសស្មារតី​ប៉ុណ្ណោះ​ទេ តែ​ក្រសួង​ក៏​នឹង​រៀបចំ​ឱ្យមាន​ការតាំងពិព័រណ៍​សៀវភៅ ការប្រកួតប្រជែង​ផ្នែក​តែង​និពន្ធ ស្មូត​កំណាព្យ និង​កម្មវិធី​ផ្សេងៗ​ទៀត​ដើម្បីឱ្យ​អ្នក​ចូលចិត្ត​និពន្ធ​អាច​បញ្ចេញ​សមត្ថ​ភាព​របស់ខ្លួន​បន្ថែម​ទៀត​៕