​ភ្នំពេញៈ​​ ក្រុមការងារ​បច្ចេក​ទេស​នៃ​ក្រសួងមហាផ្ទៃ បានបញ្ចប់​ទាំងស្រុង​លើ​ការរៀបចំ​ឯកសារ​ទស្ស​ន​ទាន និង​គោល​គំនិត​សំខាន់ៗ​សម្រាប់ធ្វើ​សេចក្តីព្រាងច្បាប់​ថ្មី​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​ការបង្ក្រាប​ល្បែងស៊ីសង​ដែល​ច្បាប់​ថ្មី​នេះ​នឹងមាន​ភាពស៊ីចង្វាក់​ជាមួយនឹង​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម ដើម្បី​ធានា​ឱ្យ​ការបង្ក្រាប និង​លុបបំបាត់​ល្បែងស៊ីសង​ខុស​ច្បាប់​គ្រប់​ប្រភេទ​ជាពិសេស​ល្បែង​អន​ឡាញ​។​


​ការបញ្ចប់​ប្រមូល​ធាតុ​ចូល​លើ​ការរៀបចំ​ឯកសារ​នេះ ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​ក្រុមការងារ​បច្ចេកទេស​រៀ​ប​ចំ​សេចក្ដីព្រាងច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការបង្ក្រាប​ល្បែងស៊ីសង ដែល​ដឹកនាំ​ដោយ​លោក​ទ្រី សុខ​ហេង អនុរដ្ឋលេខាធិការ​ក្រសួង​មហា​ផ្ទៃ និង​មន្ត្រី​ពាក់ព័ន្ធ កាលពី​ថ្ងៃទី ​១៣ ខែកុម្ភៈ ឆ្នាំ ​២០២៤​។​

​ក្រសួងមហាផ្ទៃ បានឱ្យដឹង​តាមរយៈ​ផេ​ច​ហ្វេ​ស​ប៊ុ​កថា​៖ «​នេះ​គឺជា​កិច្ចប្រជុំ​លើក​ទី២៦ ដែល​រហូតមក​ដល់ពេលនេះ​ក្រុម​ការងារ​បច្ចេកទេស​ស​ម្រេច​បានការ​ងារ​រៀបចំ​លើ​ឯកសារ​ទស្សន​​ទាន និង​គោល​គំនិត​សំខាន់ៗ​សម្រាប់​កសាង​សេចក្តីព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​ការ​​បង្ក្រាប​ល្បែងស៊ីសង​នេះ​ចប់​ទាំង​ស្រុង​ហើយ​»​។


លោក​ សុខ​ ហេង បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​ថា ក្រោយពី​ក្រុមការងារ​បច្ចេកទេស​បាន​ធ្វើការ​សិក្សា និង​ពិនិត្យ​ពិចារណា​យ៉ាង​ដិតដល់​លើ​ឯកសារ​គតិយុត្ត​ផ្សេងៗ​រួចមក​ឃើញថា ច្បាប់​ស្តីពី​ការបង្ក្រាប​ល្បែងស៊ីសង ដែល​ប្រកាស​ឱ្យប្រើ​នៅ​ឆ្នាំ​ ១៩៩៦ ត្រូវ​រៀបចំ​កសាង​ខ្លឹមសារ​ថ្មី​ទាំង​​ស្រុង​។ 

​លោក​បន្តថា មូលហេតុ​រៀបចំ​កសាង​ខ្លឹមសារ​ថ្មី​ទាំងស្រុង​នេះ គឺ​ដោយសារ​ខ្លឹមសារ​មាត្រា​របស់​ច្បាប់​ស្តីពី​ការបង្ក្រាប​ល្បែងស៊ីសង​ឆ្នាំ​ ១៩៩៦ ចែង​ជា​លក្ខណៈ​រួម​ទូទៅ មិនបាន​កំណត់ឱ្យ​ច្បាស់​អំពី​អំពើ​ល្មើស​លេងល្បែង​ស៊ីសង​ខុសច្បាប់ និង​ប្រភេទ​ល្បែងស៊ីសង​ដែល​ត្រូវ​បង្ក្រាប និង​ម្យ៉ាងទៀត ច្បាប់​នេះ​កើតមុន​ច្បាប់​ស្តីពី​ការ​គ្រប់​គ្រង​ល្បែង​ពាណិជ្ជកម្ម ដែលមាន​មាត្រា​មួយចំនួន មាន​ខ្លឹមសារ​ផ្ទុយ​នឹង​ច្បាប់​ស្តីពី​ការគ្រប់គ្រង ល្បែង​ពាណិជ្ជកម្ម​។


​លោក​បន្តថា បន្ថែម​ពីនេះ​ច្បាប់​ស្តីពី​ការបង្ក្រាប​ល្បែងស៊ីសង​ឆ្នាំ​ ១៩៩៦ មិនអាច​យកមកប្រើ​ប្រាស់​ដើម្បី​ប្រឆាំងនឹង​បទល្មើស​ការលេង​ល្បែងស៊ីសង​ខុសច្បាប់ ជាពិសេស​ការលេង​ល្បែង​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ឬ​ប្រព័ន្ធ​ឌីជីថល ​(​ល្បែង​អន​ឡាញ​)​ និង​បទល្មើស​ពាក់ព័ន្ធ​ដូចជា​ការលាង​លុយកខ្វក់ និង​ជួញដូរ​មនុស្ស​ខុសច្បាប់ នៃ​ស្ថានភាព​រីកចម្រើន​បច្ចេក​
​វិទ្យា​នាពេល​បច្ចុប្បន្ន​បានទេ​។​

​លោក​ថ្លែងថា​៖ «​ការរៀបចំ​ជា​ច្បាប់​ថ្មី​នេះ ក្នុង​គោលបំណង​ដើម្បី​កំណត់​ឱ្យបាន​ច្បាស់ អំពី​បទល្មើស​លេងល្បែង​ស៊ីសង​ខុសច្បាប់ និង​ប្រភេទ​ល្បែង​ស៊ី​សង​ដែល​ត្រូវ​បង្ក្រាប ការទទួល​​ខុសត្រូវ​ចំពោះមុខ​ច្បាប់ របស់​ប្រតិបត្តិ​ករ អ្នក​លេងល្បែង​ល្មើសច្បាប់  និង​ធានា​ធ្វើឱ្យ​ច្បាប់​ស្តីពី​ការបង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​នេះ​មាន​ភាព​ប្រទាក់ក្រឡា​ជាមួយ​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម ព្រមទាំង​អាចបំពេញ​បន្ថែម​ភាពខ្វះ​ចន្លោះ​នៃ​ច្បាប់​នេះ​ផងដែរ​»​។​

​លោក​បន្ថែមថា ដើម្បី​ឆ្លើយតប​ទៅនឹង​ស្ថានភាព​ជាក់ស្តែង​នៃ​ប្រទេស​កម្ពុជា គឺ​តម្រូវឱ្យ​មានច្បាប់​ស្តីពី​ការបង្ក្រាប​ល្បែង​ស៊ី​សង​ខុសច្បាប់​មួយ​ច្បាស់លាស់ គ្រប់​ជ្រុងជ្រោយ ដើម្បី​ប្រយុទ្ធ​​ប្រឆាំង​ប្រកបដោយ​ប្រសិទ្ធភាព​ទៅនឹង​បទល្មើស​ការលេង​ល្បែង​ស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​។​

​ជុំវិញ​រឿងនេះ​លោក យង់ គិ​ម​អេង ប្រធាន​មជ្ឈមណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព​មានប្រសាសន៍ថា ការរៀបចំ​ធ្វើ​វិសោធនកម្ម​ច្បាប់ ឬក៏​កសាង​ច្បាប់​ថ្មី​ស្ដីពី​ការបង្ក្រាប​ល្បែង​ស៊ីសង​នេះ​គួរតែ​តាក់តែងឡើង​ហាម​ដាច់ខាត​កុំឱ្យ​មាន​ល្បែង​ស៊ីសង​គ្រប់​ប្រភេទ​នៅក្នុង​មូល​​ដ្ឋា​ន​សហគមន៍​របស់​ប្រជា​ពល​​រដ្ឋ​។ ជាពិសេស​លោក​ចង់ឱ្យ​ច្បាប់​ថ្មី​នេះ ត្រូវ​កំណត់​ទីតាំង​សម្រាប់​ល្បែងស៊ីសង​ឱ្យបាន​ច្បាស់លាស់ កុំឱ្យ​ដូច​បច្ចុប្បន្ននេះ ទាំង​ល្បែងស៊ីសង​ស្របច្បាប់ និង​មិន​ស្របច្បាប់​នៅ​ពាសវាល​ពាសកាល​ទូទាំងប្រទេស​។​

​លោក​ថ្លែងថា​៖ «​ខ្ញុំ​មើលឃើញ​បច្ចុប្បន្ននេះ ការបង្ក្រាប​របស់​សម​ត្ថ​កិច្ច​ទៅលើ​ល្បែងស៊ីសង គឺ​ហាក់ដូចជា​មិនទាន់មាន​ប្រសិទ្ធ​ភាព​ទេពី​ព្រោះ​រាល់​ករណី​ដែល​សមត្ថកិច្ច​បាន​បង្ក្រាប វា​មិនបាន​ធ្វើឱ្យ​ល្បែងស៊ីសង​ថយចុះ​ក្នុង​សហគមន៍​ឡើយ​។ ដូច្នេះហើយ​ទោះបីជា​មានច្បាប់​ល្អ​យ៉ាងណា ប៉ុន្តែ​ប្រសិនជា​ការអនុវត្ត​របស់​សមត្ថកិច្ច មិន​អាចមាន​សមត្ថភាព​បង្ក្រាបបាន គឺ​វា​នៅតែ​បន្ត​មាន​ល្បែងស៊ីសង​ខុសច្បាប់​»​។

លោក​បន្ថែមទៀតថា ក្រៅពី​ការកសាង​ច្បាប់​ថ្មី​នេះ ក្រសួង​ក៏​គួរតែ​មានការ​រឹតបន្តឹង​ទៅលើ​សមត្ថកិច្ច​ដែលជា​អ្នកអនុវត្ត​ច្បាប់ ប្រសិន​ជាមាន​ករណី​មន្ត្រី​ណាមួយ បាន​ប្រព្រឹត្ត​អំពើ​ស៊ីសំណូក​ដោយ​យកលុយ​ពី​ក្រុម​ល្បែងស៊ីសង គួរតែមាន​ការដាក់ទោស​ទណ្ឌ និង​បណ្ដេញ​មន្ត្រី​ដែល​ប្រព្រឹត្ត​អំពើ​ទាំងនោះ​ចេញពី​តួនាទី​។​

​ជុំវិញ​ល្បែងស៊ីសង​នេះដែរ នៅក្នុង​កិច្ចប្រជុំ​បន្ទាន់​មួយ ជាមួយ​អភិបាលខណ្ឌ​ទាំង ​១៤ ​និង​ប្រធាន​ផ្សារ​ទាំង​ ២៥ កាលពី​ថ្ងៃទី​ ១៤​ ខែកុម្ភៈ ឆ្នាំ​ ២០២៤ អភិ​បាល​រាជធានី​ភ្នំពេញ​លោក ឃួ​ង​ ស្រេង បានដាក់​បញ្ជា​ឱ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​ ១៤ ​បង្ក្រាប​រាល់​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន​។ 

​លោក​បានឱ្យដឹងថា​៖ «​ចំពោះ​អាជីវកម្ម​ឆ្នោត​ផ្សងសំណាង​ចំនួន​ ១០ ក្រុមហ៊ុន​ក្នុងនោះ​ក្រុមហ៊ុន​ឆ្នោត​ផ្សងសំណាង​ចំនួន​ ៦ ស្មើនឹង​ជាង ​៦០​ ទីតាំង ដែល​ហួស​សុពលភាព គឺ​មិន​អនុញ្ញាតឱ្យ​បន្ត​បើក​អាជីវ​​កម្ម​ទៀត​ទេ​។ ប៉ុន្តែ​បើ​ក្រុមហ៊ុន​ទាំងនោះ​នៅតែ​បន្ត​អាជីវកម្ម​របស់ខ្លួន អាជ្ញាធរ​រាជធានី​ភ្នំពេញ នឹងធ្វើ​ការបង្ក្រាប​ជាបន្ទាន់ ព្រោះ​ជាទី​តាំង​ដែល​ខុសច្បាប់ ហើយ​ចំពោះ​ទីតាំង​ថ្មី​គឺ​មិន​អនុញ្ញាត​ឱ្យមាន​ទៀត​ទេ​»​។​

​អ្នកនាំពាក្យ​រង​ក្រសួង​មហា​​ផ្ទៃ​លោក ទូច សុ​ឃៈ បានឱ្យដឹងថា គិតពី​ខែកញ្ញា ឆ្នាំ​ ២០២៣ ដល់​ខែមករា ឆ្នាំ ២០២៤ សមត្ថកិច្ច​នគរបាលជាតិ បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​ករណី​ល្បែងស៊ីសង​សរុប​ចំនួន​ ៤២៧ ​ករណី ដោយ​ឃាត់ខ្លួន​អ្នកពាក់ព័ន្ធ​បាន​ចំនួន ​៩១២ ​នាក់ ក្នុងនោះ​ស្រី​មាន ៤០៤​ នាក់​។

​លោក​បញ្ជាក់ថា​៖ «​ល្បែង​ស៊ី​សង​ខុសច្បាប់​ គឺជា​ទិសដៅ​អា​ទិ​ភាព​មួយ ក្នុងចំណោម​ទិសដៅ​អាទិភាព​ទាំង ​៦ (​បញ្ហា​គ្រឿង​ញៀន ចរាចរណ៍ បទល្មើស​ព្រហ្ម​ទណ្ឌ ក្មេង​ទំនើង ការជួញដូរ​មនុស្ស និង​បញ្ហា​នានា​តាម​ព្រំ​ដែន​ទាំង​គោក​និង​ទឹក​)»៕