​ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ា​ណែ​ត បាន​គូសបញ្ជាក់ថា មន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម ជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ រួមទាំង​អាជ្ញាធរ​មូលដ្ឋាន​កំពុង​សស្រាក់សស្រាំ​បូមទឹក​ក្នុង​កិច្ច​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​ប្រភពទឹក​ដើម្បី​ជួយសង្គ្រោះ​ស្រូវប្រាំង​របស់​ប្រជាកសិករ​ដែល​កំពុងមាន​តម្រូវការ​ទឹក​។​


​ការអន្តរាគមន៍​ទាក់ទង​ទៅនឹង​បញ្ហា​កង្វះខាត​ទឹក​នេះ ធ្វើឡើង​បន្ទាប់ពី​លោក ហ៊ុន ម៉ា​ណែ​ត បានដាក់​ចេញ​នូវ​បទបញ្ជា​ដល់​ក្រសួង​ធនធានទឹក និង​ឧតុ​និយម ព្រមទាំង​ក្រសួង​-​ស្ថាប័ន ក៏ដូចជា​អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ​ទាំងអស់​ត្រូវយក​ចិត្ត​ទុក​ដាក់​ខ្ពស់បំផុត ក្នុង​ការជួយ​អន្ត​រាគ​មន៍​សង្គ្រោះ​ស្រូវ​ស្រែប្រាំង​របស់​ប្រជាពលរដ្ឋ ពោលគឺ ធ្វើ​អន្តរាគមន៍​លើ​បញ្ហា​ប្រភពទឹក​ឱ្យបាន​។

លោក​ ហ៊ុន ម៉ា​ណែ​ត​ បាន​បង្ហោះ​សារ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់លោក​នៅ​ថ្ងៃទី​ ១៥ ខែកុម្ភៈ ឆ្នាំ ២០២៤ ដែល​លោក​សង្កត់ធ្ងន់​ចំពោះ​ការចាត់វិធានការ​ដោះស្រាយ​លើ​បញ្ហា​កង្វះខាត​ទឹក​សម្រាប់​ស្រោចស្រព​ស្រូវ​ស្រែ របស់​ប្រជាពលរដ្ឋ​នៅតាម​បណ្តា​ខេត្ត​គោលដៅ​ចំនួន​ ១៣​។ ខេត្ត​គោលដៅ​ទាំងនេះ​រួមមាន ខេត្តកំពត តាកែវ កណ្តាល កំពង់​ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន កំពង់ធំ ព្រៃវែង ស្វាយរៀង កំពង់ស្ពឺ និង​កំពង់ចាម​។​


​លោក​លើកឡើងថា​៖ «​បញ្ហា​កង្វះខាត​ទឹក​នេះ ដោយសារ​ប្រជាកសិករ​ធ្វើ​ស្រូវ​លើ​លពី​ផែនការ​កំណត់​នា​រដូវប្រាំង​ឆ្នាំ​ ២០២៤ នេះ ខណៈ​រដ្ឋាភិបាល​កំណត់​កូតា​ផែនការ​បង្កបង្កើន ផល​ស្រូវប្រាំង​ឆ្នាំ​ ២០២៣-២០២៤ ត្រឹម ៥០ ​ម៉ឺន​ហិកតា តែប៉ុណ្ណោះ ប៉ុន្តែ​គិត​ត្រឹម​ថ្ងៃទី​ ១៤ កុម្ភៈ ឆ្នាំ​ ២០២៤ ការបង្ក​បង្កើន​ផល​ស្រូវប្រាំង​របស់​ប្រជា​កសិករ​កើនឡើង​លើស​ផែនការ​រហូត​ទៅដល់​ ៨០ ​ម៉ឺន​ហិកតា​»​។​

​លោក​ឱ្យដឹងទៀតថា ផ្ទៃដី​ដែល​បាន​បង្កបង្កើនផល​ខាងលើនេះ​មួយចំនួន​បាន​ច្រូតកាត់​ប្រមូល​ផល​រួចរាល់​ហើយ​ប៉ុន្តែ​នៅមាន​ផ្ទៃដី​មួយចំនួនទៀត កំពុង​នៅមាន​តម្រូវការ​ទឹក​ស្រោចស្រព​នៅឡើយ​។​


​ជុំវិញ​បញ្ហា​នេះ លោក​ ថេ​ង​ សាវឿន ​ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុ​ជាយល់ថា ការចុះ​អន្តរាគមន៍​បូមទឹក​ជួយសង្គ្រោះ​ស្រូវប្រាំង​របស់​ប្រជា​​កសិករ​ពី​សំណាក់​អាជ្ញាធរ​ពាក់​​ព័ន្ធ គឺជា​ការបំពេញ​ទំនួល​ខុស​ត្រូវ​ដែល​ខ្លួន​មាន​កាតព្វកិច្ច​បម្រើ​ពលរដ្ឋ​ក្នុង​ដែន​សមត្ថកិច្ច​ខ្លួន​។ ចំណែក​បទបញ្ជា​របស់​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត នៅ​គ្រានេះ គឺជា​ការ​ដាស់តឿន​មន្ត្រី​ពាក់ព័ន្ធ​ឱ្យ​សកម្ម​នឹង​ការ​ងារ​នេះ​។

លោក​ផ្តល់យោបល់​ជុំវិញ​បញ្ហា​កង្វះ​ទឹក​ធ្វើ​កសិកម្ម​នេះ​ថា​៖ «​បញ្ហា​ខ្វះខាត​ទឹក​នេះ យើង​គួរ​សិក្សា​ពី​ទិន្នន័យ​នៃ​ប្រភពទឹក​ដែលមាន​ស្រាប់​ដូច​ជា​អូរ បឹង ស្ទឹង​នៅតាម​តំបន់​នៃ​បណ្តា​ខេត្ត​នីមួយៗ​ដែលមាន​ការខ្វះខាត​ទឹក ហើយ​រដ្ឋាភិបាល​និង​ផ្នែក​ពាក់ព័ន្ធ​ត្រូវតែ​ដាក់​ផែនការ​វិនិយោគ​ស្តារឡើងវិញ​នូវ​ទីតាំង​ប្រភព​ទាំងនេះ​ប្រកប​ដោយ​យុទ្ធសាស្ត្រ​ត្រឹមត្រូវ​»​។​

​លោក​ថា ការដោះស្រាយ​បញ្ហា​កង្វះខាត​ទឹក​ជូន​ប្រជា​កសិករ​ជា​ទំនួល​ខុសត្រូវ​របស់​រដ្ឋាភិបាល និង​មន្ត្រី​ពាក់ព័ន្ធ ដែល​ឆ្លើយតប​ទៅនឹង​សន្លឹកឆ្នោត​របស់​ប្រជាពលរដ្ឋ​។​អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម លោក ចាន់​យុ​ត្ថា មិនអាច​សុំ​ការអត្ថាធិប្បាយ​បន្ថែម​បានទេ​នៅត្រឹម​ថ្ងៃទី​ ១៥​ ខែកុម្ភៈ​។​

​គួរ​ជម្រាប​ថា រដ្ឋាភិបាល​អា​ណ​ត្តិ​ទី​៧  ​ដឹកនាំ​ដោយ​លោក​ហ៊ុន ម៉ា​ណែ​ត បានដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់​ទី​១ កាលពី​ខែសីហា ឆ្នាំ​ ២០២៣ កន្លងទៅ ដោយ​យក​កិច្ចការ​លើកស្ទួយ​វិស័យ​ក​សិ​កម្ម និង​ការអភិវឌ្ឍ​ជនបទ ជា​ស្នូល​អាទិភាព​ទី​៣ ​របស់ខ្លួន ក្នុងចំណោម​អាទិភាព​ទាំង​ ៥ ហើយ​ស្ថិតនៅក្នុង​បញ្ច​កោណ​ទី​៤ គឺ​“​ការអភិវឌ្ឍ​ប្រកបដោយ​ភាព​ធន់ ចីរភាព​និង​បរិ​យាប​ន្ន​”​។​

​យុទ្ធសាស្ត្រ​នេះ​បានកំណត់​គោលដៅ ពង្រឹង​តួនាទី និង​ការអភិវឌ្ឍ​ជនបទ វិស័យ​កសិកម្ម​ទំនើប សម្បូរបែប និង​មាន​ភាព​ធន់ ដើម្បី​គាំទ្រ​ដល់​ការអភិវឌ្ឍ​ជនបទ​ដែល​ធានា​សន្តិសុខ​និង​សុវត្ថិភាព​ស្បៀង បង្កើន​តម្លៃ​ខ្ពស់ ជំរុញ​ភាព​ប្រកួតប្រជែង និង​លើកកម្ពស់​ជីវភាព​នៅ​ទីជនបទ​។​

​ពាក់ព័ន្ធ​ស្រូវ​អង្ករ​នេះ ក្នុង​រយៈពេល​ ១​ ខែ​ដំបូង​ឆ្នាំ ២០២៤ កម្ពុជា​បាន​នាំចេញ​អង្ករ​ចំនួន ៤៦​ ពាន់​តោន គិត​ជា​ទឹកប្រាក់​បាន​ចំនួន ​៣២,៦២ លាន​ដុល្លារ ខណៈដែល​ការនាំចេញ​ស្រូវ សម្រេចបាន​ជិត​ ៦០ ​ម៉ឺន​តោន មានតម្លៃ​ទឹកប្រាក់​ ១៨៤ ​លាន​ដុល្លារ​។ នេះ​បើតាម​របាយការណ៍​រប​ស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី​ ៩ ខែកុម្ភៈ ឆ្នាំ ២០២៤៕