​ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​ណែនាំ​ឱ្យ​ក្រសួង និង​ស្ថាប័នរដ្ឋ​ទាំងអស់ ត្រូវបង្កើត​ឱ្យមាន​អង្គភាព​បដិវត្ត​កម្ម​ឌីជីថល និង​បាន​ជំ​រុញឱ្យ​ក្រសួង​អប់រំ​បន្ត​លើកកម្ពស់​ការ​​អប់រំ​ឌីជីថល ដើម្បី​រួមចំណែក​ដល់​ការកសាង​រដ្ឋាភិបាល​ឌីជីថល សំដៅ​លើកកម្ពស់​គុណភាព​ជីវិត និង​ទំនុកចិត្ត​ប្រជាពលរដ្ឋ​តាម​រយៈ​ការបម្រើ​សេវាសាធារណៈ​ឱ្យ​កាន់តែ​ប្រសើរ​។​


​ការណែនាំ និង​ជំរុញ​ពី​សំណាក់​នាយករដ្ឋមន្ត្រី​នេះ ធ្វើឡើង​នាឱកាស​អញ្ជើញ​សម្ពោធ​អគារ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង សាខា​វាល​ស្បូវ និង​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​ជាង ៥​ពាន់​នាក់ នា​ថ្ងៃទី​ ១៥ ខែកុម្ភៈ ឆ្នាំ​​ ២០២៤​។

លោក​បាន​ថ្លែងថា៖ «​ក្រសួង​ស្ថាប័នរដ្ឋ​នៅក្នុង​អា​ណ​ត្តិ​នេះ​នឹង​បន្ត​ជំរុញ​ឱ្យ​បង្កើត​អង្គភាព​បរិវត្ត​កម្ម​ឌីជីថល​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​បដិវត្ត​កម្ម​ឌីជីថល (digital transformation) នេះ​ទៅ​ទូទាំង​រដ្ឋាភិបាល​។ យើង​និយាយ​ពី​រដ្ឋាភិបាល​ឌីជីថល បើសិនជា​ក្រសួង​នីមួយៗ​អត់​មាន​សមត្ថភាព​ធ្វើ គឺ​ទៅ​មិន​រួច​ទេ អ៊ី​ចឹ​ង​!​ត្រូវ​រៀបចំ​យន្តការ និង​ធន​​ធាន​មនុស្ស​ដើម្បី​ធ្វើ ដែល​នេះហើយ​ជាការ​ប្រកួតប្រជែង​»​។​


​លោកនាយក​រដ្ឋមន្ត្រី​បាន​បន្តទៀតថា [​យើង​]​មិនអាច​បដិសេធ​ឌីជីថល​បានទេ មិនអាច​ហាម​ឃាត់​ប្រទេស​កម្ពុជា​មិនឱ្យ​អភិ​វ​ឌ្ឍ​អ៊ីន​ធឺ​ណិ​តដល់​ប្រព័ន្ធ​​ 4G ឬ​ 5G​ នោះទេ​។​

​លោក​បញ្ជាក់ថា៖ «​យើង​មិនអាច​ហាមឃាត់​ឌីជីថល​ទេ យើង​ត្រូវ​ឱបក្រសោប​វា ហើយ​ប្រើ​វា​ឱ្យ​ក្លាយជា​ផលប្រយោជន៍​របស់​យើង​។ អ៊ីចឹង ក្នុងនោះ​រដ្ឋាភិបាល​ត្រូវ​ដើរតួនាទី​សំខាន់​ជា​គំរូ​។ បើ​មន្ត្រី​រដ្ឋាភិបាល ក្រសួង​ស្ថាប័ន​របស់​រដ្ឋាភិបាល​អត់​ធ្វើ​បដិវត្តន៍​កម្មវិធី​ឌីជីថល​ទេ តើ​យើង​ទៅ​បម្រើ​ប្រជាពលរដ្ឋ​យ៉ាងម៉េច ឱ្យ​គាត់​ប្រើ​ឌីជីថល​យ៉ាងម៉េច​»​។​


​ជាមួយគ្នា​នោះដែរ លោក ហ៊ុន ម៉ា​ណែ​ត ក៏បាន​លើក​ឡើង​ទាក់ទង​នឹង​ការរៀបចំ​យុទ្ធ​សាស្ត្រ​បញ្ច​កោណ​ដែល​បានដាក់​ចេញ​ជា​គោលនយោបាយ​ក្នុងការ​អភិវឌ្ឍ​សង្គម​ឌីជីថល​នេះ​ក្នុងនោះ​រួមមាន​មុម​ទី​១ ​គឺ​ការកសាង​រដ្ឋបាល​ឌីជីថល និង​ពលរដ្ឋ​ឌី​ជី​ថ​ល ដែល​លោក​បញ្ជាក់ថា វា​ជា​កិច្ចការ​សំខាន់​។

លោក​បាន​បន្តថា​៖ «​មុម​ទី​២ គឺ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល និង​ធុរកិច្ច​ឌី​ជី​ថ​ល ពាណិជ្ជកម្ម​ជី​ឌី​ថ​ល តាមបែប​អេឡិចត្រូនិក និង​ប្រព័ន្ធ​ន​វា​នុ​វត្ត​ន៍​ឌីជីថល​។ មុម​ទី ​៣ គឺ​ការ​កសាង និង​អភិវឌ្ឍន៍​ហេ​ដ្ឋា​រ​ច​នា​សម្ព័ន្ធ ឯ​មុម​ទី​៤ គឺ​ការកសាង​ភាពជឿ​ទុកចិត្ត​លើ​ប្រព័ន្ធ​ឌីជីថល និង​មុម​ទី៥ គឺ​ការអភិវឌ្ឍ​បច្ចេក​ទេស​ហិរញ្ញវត្ថុ​»​។​

​ក្នុងឱកាស​នោះដែរ លោក​ ហ៊ុន​ ម៉ា​ណែ​ត​ ក៏បានផ្តល់​អនុសា​សន៍​មួយចំនួន​ដោយ​ស្នើឱ្យ​ក្រសួង​​អប់រំ យុវជន និង​កីឡា ត្រូវ​បន្ត​យកចិត្តទុកដាក់​ឱ្យ​កាន់តែ​ខ្ពស់​លើ​ការអភិវឌ្ឍ​ធនធានមនុស្ស ទាំង​បរិមាណ និង​គុណភាព​ដើម្បី​ឆ្លើយតប​ឱ្យ​កាន់តែ​ប្រសើរ​ទៅនឹង​តម្រូវការ និង​ការកើនឡើង នៃ​ការប្រកួតប្រជែង​ក្នុង​ទីផ្សារការងារ ព្រមទាំង​ការអភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​។

លោក​ថា ជាពិសេស​ក្នុង​បរិការណ៍​ការប្រកួត​​ប្រជែង លើ​គ្រប់​ទិដ្ឋភាព ទាំង​ភូមិសាស្ត្រ​នយោបាយ សេដ្ឋកិច្ច និង​សង្គម ក៏ដូចជា​ការរីក​លូត​លាស់​ឆាប់រហ័ស​នៃ​បច្ចេកវិទ្យា​ការអភិវឌ្ឍ​សង្គម​​សេដ្ឋកិច្ច​ឆ្ពោះទៅរក​ការប្រើប្រាស់​បច្ចេកវិទ្យា និង​ការផ្លាស់ប្ដូរ​និម្មាបនកម្ម​សកល ដើម្បី​បង្កើន​ភាព​ធន់ និង​ការកសាង​សង្គម​សេដ្ឋកិច្ច​ឌីជីថល​រឹងមាំ​។​

​លោក​ថ្លែងថា​៖ «​ក្រសួង​​អប់រំ ត្រូវ​បន្ត​លើកកម្ពស់​ការអប់រំ​ឌីជីថល ដើម្បី​រួមចំណែក​ការ​កសាង​ពលរដ្ឋ​ឌីជីថល និង​បង្កើន​សមត្ថភាព​សិស្ស​-​និស្សិត​លើ​វិស័យ ឌីជីថល សំដៅ​បង្កើន​ប្រសិទ្ធ​​ភាព​នៃ​ការបង្រៀន និង​ការរៀន​តាម​ប្រព័ន្ធ​ឌីជីថល ព្រមទាំង​លើកកម្ពស់​ស្វ័យ​សិក្សា​របស់​សិស្ស​-​និស្សិត​»​។​

​លោក ហ៊ុន ម៉ា​ណែ​ត ​បញ្ជាក់ថា​៖ «​ក្នុងន័យនេះ ក្រសួង​អប់រំ ត្រូវ​សហការ​ជាមួយ​ក្រសួង​ប្រៃ​ស​ណី​យ៍ និង​ទូរគមនាគមន៍ ធ្វើ​​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល​នៅតាម​សាលារៀន ជា​​ពិសេស សាលារៀន​នៅ​ទីជនបទ និង​តំបន់​ដាច់ស្រយាល ដើម្បី​ជំរុញ​ការបណ្តុះបណ្តាល​តាម​ប្រព័ន្ធ​អន​ឡាញ ប្រកបដោយ​ប្រសិទ្ធភាព និង​ចីរភាព ព្រមទាំង​ការលើកទឹកចិត្ត​ឱ្យមាន​ការ​សិក្សា​ស្រាវជ្រាវ និង​ការរៀន ១ ​ជីវិត​សម្រាប់​ទាំងអស់គ្នា​»​។​

​ជាមួយគ្នានេះ លោកស្រី គឹម ​សេដ្ឋា​នី រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ថ្លែង​ក្នុង​ពិធី​នោះដែរ​ថា រាជ​រដ្ឋាភិបាល​តែងតែបាន​បន្ត​យក​ចិត្ត​ទុកដាក់​ចំពោះ​វិស័យ​អប់រំ ដោយបាន​ចាត់ទុក​វិស័យ​អប់រំ ជា​អាទិភាព​ទី១ ក្នុង​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ នៃ​រាជរដ្ឋាភិបាល​អាណត្តិ​ទី ​៧​។​

​លោកស្រី​ថា ដើម្បី​ឆ្លើយតប​នឹង​យុគ​សម័យថ្មី​នៃ​ឧស្សាហកម្ម ៤.0 យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ ជាពិសេស​មុម​ទី​១ ​គឺ​ការអភិវឌ្ឍ​មូលធន​មនុស្ស និង​មុម​ទី​៥ គឺ​ការអភិវឌ្ឍ​បច្ចេក​​វិទ្យា​ឌីជីថល ក្រសួង​អប់រំ នឹង​បន្ត​អនុវត្ត​កំណែទម្រង់​ឧ​ត្ត​ម​សិក្សា​ដោយ​ផ្ដោតលើ​ចំណុច​សំខាន់ៗ​មួយចំនួន​ផងដែរ​។ ក្នុងនោះ​រួមមាន ការបង្កើត​មជ្ឈមណ្ឌល​ឧត្តមភាព​នៅ​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​, ការ​ពង្រឹង​អភិបាលកិច្ច និង​សមត្ថ​ភាព​ស្ថាប័ន​, ការធ្វើ​ទំនើបកម្ម និង​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត​កម្មវិធីសិក្សា​។

លោកស្រី​បន្ថែមថា​៖ «​ការផ្តោត​លើ​ការ​​ពង្រឹង​អន្តរ​ភាវូបនីយកម្ម​នៃ​ការ​អប់រំ​ឧ​ត្ត​មសិ​ក្សា​, ការផ្តោត​លើ​ការពង្រឹង​ប្រសិទ្ធភាព​នៃ​ការបង្រៀន និង​រៀន​, ការពង្រឹង​ប្រព័ន្ធ​អេកូឡូស៊ី​ស្រាវជ្រាវ​នៅ​ឧ​ត្ត​មសិ​ក្សា និង​ការ​ផ្តោតលើ​ការបង្កើន​ចំនួន​និស្សិត​ចូលរៀន និង​បរិ​យា​ប័ន្ន​»​។​

​ទាក់ទង​នឹង​ការបង្កើត​មជ្ឈមណ្ឌល​ឧត្តមភាព​នៅ​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា លោកស្រី​បញ្ជាក់ថា ក្រសួង​បាននិងកំពុង​វិនិយោគ​លើ​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​ដែលមាន​សក្ដានុពល ដោយ​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ រួមមាន​អគារ​​សិក្សា អន្តេវាសិកដ្ឋាន មន្ទីរពិសោធន៍ កសិដ្ឋាន​មជ្ឈមណ្ឌល​ឌីជីថល ដើម្បី​ប្រែក្លាយជា​គ្រឹះ​ស្ថាន​ឧ​ត្ត​មសិ​ក្សា​ឈានមុខ និង​អាច​ទទួលបាន​ស្តង់ដា​តំបន់ និង​អន្តរជាតិ​។

លោកស្រី​ សេដ្ឋា​នី ឱ្យដឹងទៀតថា សម្រាប់​ការ​ផ្តោតលើ​ការពង្រឹង​ប្រសិទ្ធភាព​នៃ​ការបង្រៀន និង​រៀន​វិញ ក្រសួង​ក៏បាន​រៀបចំ​ឱ្យមាន​យន្តការ​ជំរុញ​ការសិក្សា​គម្រោង ការស្រាវជ្រាវ ពិសោធន៍ ចុះ​កម្មសិក្សា និង​ការ​ចល័ត​និស្សិត​ជាមួយ​សាកលវិទ្យាល័យ​អន្តរជាតិ ស្ថាប័ន​ដៃគូ និង​សហគ្រាស​ឯកជន និង​ឧស្សាហកម្ម​ផងដែរ​៕