សាខាកាកបាទក្រហម​កម្ពុជា​ខេត្ត​បាត់ដំបង សហការជាមួយ​លេខាធិការដ្ឋាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោកខេត្ត​នៃមន្ទីរ​សាធារណការ និងដឹកជញ្ជូន​ខេត្ត បន្តចុះ​អប់រំផ្សព្វផ្សាយ​ស្ដីពីការ​លើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក និងយុទ្ធនាការ​កាត់បន្ថយការប្រើប្រាស់​ថង់ប្លាស្ទិក ដល់សិស្សានុសិស្ស​នៅស្រុក​សង្កែ ខេត្ត​បាត់ដំបង ជាង ៣ ពាន់នាក់។ 
 
ការចុះអប់រំ​នេះ ធ្វើឡើង​រយៈពេល ២ ថ្ងៃ ពោលថ្ងៃទី១៥ និងថ្ងៃទី១៦ ខែកុម្ភៈ ដល់សិស្សានុសិស្ស នៃវិទ្យាល័យ​សង្កែ ឃុំកំពង់​ព្រៀង ស្រុក​សង្កែ ខេត្ត​បាត់ដំបង​ចំនួន ១ ១៥៣ នាក់ និង សិស្សានុសិស្ស​នៃវិទ្យាល័យ​អន្លង់វិល ស្ថិតនៅ​ឃុំ​អន្លង់វិល ស្រុក​សង្កែ ខេត្ត​បាត់ដំបង ដែលមានការចូលរួម​ពីសិស្សានុសិស្សចំនួន ២ ៣៩១នាក់។ នេះបើតាមហ្វេសប៊ុក​កាកបាទក្រហម​កម្ពុជា។ 



 
នាឱកាស​នោះ លោក យ៉ាន ឧត្តម នាយករងសាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​បាត់ដំបង បានឱ្យដឹង​ថា សកម្មភាពនេះ ក្នុងគោលដៅ​ចូលរួមលើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍ ដើម្បីធ្វើ​ការកាត់បន្ថយ​នូវអត្រាគ្រោះថ្នាក់​ចរាចរណ៍​នៅតាម ដង​ផ្លូវនានា ខណៈបញ្ហានេះ​បានក្លាយទៅ​ជាប្រធានបទមួយ​យ៉ាងសំខាន់​របស់​ប្រទេស​កម្ពុជា ដែលត្រូវទាមទារ​ឱ្យមានការ​ចូលរួម​គោរពច្បាប់​ចរាចរណ៍​ឱ្យបានគ្រប់គ្នា។

 
លោកបន្ត​ថា៖«តាមរយៈ​សកម្មភាព​ចុះអប់រំផ្សព្វផ្សាយ​ពីសុវត្ថិភាព​ចរាចរណ៍​នេះ រំពឹង​ថា នឹងជួយពញ្ញាក់​ស្មារតី​ដល់អ្នកប្រើប្រាស់ផ្លូវ​ទាំងអស់ ពិសេសសិស្សានុសិស្ស​ឱ្យមានការ​ប្រុងប្រយ័ត្ន នៅពេល​ធ្វើ​ដំណើរតាម​ដងផ្លូវ និងត្រូវចូលរួម​គោរពច្បាប់​ចរាចរណ៍​ផ្លូវគោក​ឱ្យបាន​ខ្ជាប់ខ្ជួន ដើម្បីចៀស​វាងឱ្យបាន​នូវគ្រោះថ្នាក់​ចរាចរណ៍ ដែលអាចកើតមាន​ឡើង​ជាយថាហេតុ»។  
 
លោក សល់ សុទត្ត អនុប្រធានមន្ទីរ​សាធារណការ និងដឹកជញ្ជូន​ខេត្ត​បាត់ដំបង បានសម្តែងនូវក្តី​ព្រួយបារម្ភ​អំពីគ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក និងបានសំណូមពរ​ឱ្យអ្នកប្រើប្រាស់​យានជំនិះ​គ្រប់ប្រភេទ ត្រូវចូលរួមគោរព​ច្បាប់ចរាចរណ៍​ផ្លូវគោក​ឱ្យបាន​ខ្ជាប់ខ្ជួន។ 
 
លោកបានលើកឡើង​ថា ដើម្បីកាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ សូមកុំបើកបរ​លើសល្បឿន​កំណត់ ត្រូវគោរព​សិទ្ធិអាទិភាព ហើយក្នុងពេលធ្វើ​ដំណើរត្រូវពាក់ខ្សែ​ក្រវាត់​សុវត្ថិភាព​ឱ្យបាន​ត្រឹមត្រូវ នៅពេលបើក​បររថយន្ត និងត្រូវពាក់មួក​សុវត្ថិភាពនៅពេល​ធ្វើដំណើរ​តាមម៉ូតូ។ 
  
នាយកដ្ឋាន​សុវត្ថិភាពចរាចរណ៍​ផ្លូវគោក​នៃអគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក​នៃក្រសួង​សាធារណការ និងដឹកជញ្ជូន បានឱ្យដឹង​ថា ករណីគ្រោះថ្នាក់​ចរាចរណ៍​នៅទូទាំង​ប្រទេសក្នុង​ឆ្នាំ ២០២៣ កន្លងទៅនេះ បានកើនឡើង ១១% បើធៀបនឹងឆ្នាំ ២០២២ ដែលនៅតែបង្ក​ក្តីព្រួយបារម្ភ​នៅក្នុង​សង្គម និងធ្វើឱ្យ​កម្ពុជាខាតបង់​សេដ្ឋកិច្ច​ជាង ៤០០ លានដុល្លារ​អាមេរិក​ក្នុងមួយឆ្នាំ៕